មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/09/2026 - 08:15

វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ - អស់​ពី​ចិត្ត​នៅ​ដំ​ណាក់​សុខា​ភិបាល​មូល​ដ្ឋាន​ លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​សុខ​ភាព​សហ​គម​ន៍ 

អនុ​វត្ត​តាម​ការ​ប្រៀន​ប្រ​ដៅ​របស់​លោក​ប្រ​ធាន​ ហូជី​មិញ​ “គ្រូ​ពេទ្យ​ប្រៀប​ដូច​ជា​វិសុទ្ធ​មា​តា​” វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ នា​យក​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ ទី​ក្រុង​កឹង​ធើ​ តែង​តែ​ជិត​ស្និទ្ធ​  និង​លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​លះ​បង់​របស់​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​រូប​នេះ​ បាន​រួម​ចំ​ណែក​បង្ក​ទំនុក​ចិត្ត​ ដើម្បី​ឱ្យ​មា​មីង​នៅ​ភូមិ​ស្រុក​ស្ងប់​ចិត្ត​ពេល​មក​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​។

វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ នា​យក​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ អស់​ពី​ចិត្ត​នៅ​ដំ​ណាក់​សុខា​ភិបាល​មូល​ដ្ឋាន​។

កើត​ឆ្នាំ​ ១៩៨៥  វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ បាន​ចាប់​ផ្តើម​ឈាន​ជើង​ចូល​ទៅ​ក្នុង​អា​ជីព​សុខា​ភិបាល​ចាប់​ពី​ឆ្នាំ​ ២០០៧។ ជិត​ ២០ ឆ្នាំ​បម្រើ​ការ​ងារ​ គឺ​ជា​ដំ​ណើរ​យ៉ាង​ស្វិតស្វាញ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​បណ្តា​ញសុខា​ភិបាល​ជួរ​មុខ​។ ចាប់​ពី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ (ចាស់​) ដំ​ណាក់​សុខា​ភិបាល​វៀង​អាង​ វៀង​បិញ រហូត​ដល់​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ត្រឹង​ដេ វេជ្ជ​បណ្ឌិត​ ហ្វា​ តែង​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ទទួល​ភារ​កិច្ច​នៅ​តាម​ទី​កន្លែង​ដែល​ប្រ​ជា​ជន​ត្រូវ​ការ​។ ពេល​បាន​ចាត់​កាន់​តំ​ណែង​ជា​នា​យក​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ លោក​បន្ត​ពង្រីក​សមត្ថ​ភាព​ និង​ស្មារតី​គំ​រូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​មួយ​រូប​។

នៅ​ក្នុង​អង្គ​ភាព​មាន​កម្មា​ភិបាល​សុខា​ភិបាល​ចំ​នួន​ ១៧ រូប​ វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ តែង​តែ​ជា​ស្នូល​នៃ​ភាព​សាមគ្គី​ កសាង​សមូហ​ភាព​រឹង​មាំ​ទាំង​ខាង​ជំ​នាញ​ផង​ ទាំង​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ផង​។ គិត​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន​ ដំ​ណាក់​បាន​ទទួល​ប្រ​ជា​ជន​ប្រ​មា​ណ​ ៤.០០០ លើក​នាក់​មក​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​។ ចំ​ពោះ​ករ​ណី​ណា​ដែល​ហួស​ពី​សមត្ថ​ភាព​ជំ​នាញ​ ដំ​ណាក់​រក្សា​បន្ត​នីតិ​វិធី​សង្គ្រោះ​ដំ​បូង​ តាម​ដាន​ និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដោយ​សុវត្ថិ​ភាព​ជា​មធ្យម​ប្រ​មា​ណ​ ៥០ ករ​ណី​ក្នុង​មួយ​ខែ​ៗ ដោយ​មិន​ទុក​ឱ្យ​កើត​មាន​កំ​ហុស​ឆ្គង​ខាង​វេជ្ជ​សាស្ត្រ​ឡើយ​។

ចំ​ពោះ​វេជ្ជ​បណ្ឌិត​ ហ្វា​ ធ្វើ​ការ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ មិន​មែន​ត្រឹម​តែ​ជា​សកម្ម​ភាព​ពិ​និត្យ​ជំងឺ​ និង​ចេញ​វេជ្ជ​បញ្ជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ចំ​ណុច​ស្នូល​គឺ​ដំ​ណើរ​ការ​បង្ក​នូវ​ទំនុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។ “ធ្វើ​ការ​ងារ​សុខា​ភិបាល​មូល​ដ្ឋាន​ គឺ​ត្រូវ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ យល់​ពី​ប្រ​ជា​ជន​ និង​ស្ដាប់​ប្រ​ជា​ជន​។ ពេល​មា​មីង​ទុក​ចិត្ត​មក​ពិ​និត្យ​ជំងឺ​ យើង​ត្រូវ​ខិត​ខំ​ធ្វើ​ឱ្យ​បាន​ល្អ​បំ​ផុត​តាម​សមត្ថ​ភាព​ជំ​នាញ​ ព្រម​ទាំង​ផ្តល់​ប្រឹក្សា​ ណែ​នាំ​ដើម្បី​ឱ្យ​អ្នក​ជំងឺ​យល់​និង​សហ​ការ​ព្យា​បាល​” - វេជ្ជ​បណ្ឌិត​ ហ្វា​ បាន​ចែក​រំលែក​។

ចំ​ណុច​លេច​ធ្លោ​រមួយ​ក្នុង​ការ​ងារ​សុខា​ភិបាល​លើ​ភូមិ​ឋាន​ថា​ញ់ថើយ​អាង​ គឺ​អត្រា​គ្រប​ដណ្តប់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ បច្ចុប្បន្ន​សម្រេច​បាន​ ១០០%។ លទ្ធ​ផល​នេះ​ គឺ​ផ្តើម​ចេញ​ពី​ដំ​ណើរ​ការ​ព្យា​យាម​ផ្សព្វ​ផ្សាយ​ និង​ចលនា​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ក្នុង​នោះ​មាន​តួ​នា​ទី​យ៉ាង​សកម្ម​របស់​កង​ជួរ​កម្មា​ភិបាល​សុខា​ភិបាល​មូល​ដ្ឋាន​ ដែល​វេជ្ជ​បណ្ឌិត​ ហ្វា​ គឺ​ជា​កត្តា​គំ​រូ​។

ដោយ​យល់​អំ​ពី​ស្ថាន​ភាព​របស់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ដែល​មាន​ការ​លំ​បាក​ខាង​សេដ្ឋ​កិច្ច​ វេជ្ជ​បណ្ឌិត​ ហ្វា​ តែង​ចាត់​ទុក​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ប្រៀប​ដូច​ជា​ “អាវ​ពោង​សង្គ្រោះ​ជីវិត​”។ វេជ្ជ​បណ្ឌិត​តែង​តែ​វិភា​គជា​ប្រ​ចាំ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​ផល​ប្រ​យោជន៍​ពេល​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ តាំង​ពី​ការ​បាន​ខិត​ជិត​ថ្នាំ​សង្កូវ​ បច្ចេក​ទេស​ព្យា​បាល​មូល​ដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ​ ឬ​ចំ​ណាយ​ទាប​បំ​ផុត​ រហូត​ដល់​ការ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​នូវ​ពេល​ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ថ្នាក់​លើ​។ អា​ស្រ័យ​ហេ​តុ​នេះ​ មា​មីង​លែង​បា​រម្ភ​ពី​រឿង​អស់​ប្រាក់​ច្រើន​ ហើយ​ម្ចាស់​ការ​មក​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ បណ្តា​ជំងឺ​រ៉ាំ​រ៉ៃ​ដូច​៖ លើស​សម្ពាធ​ឈាម​ បេះ​ដូង​ ទឹក​នោម​ផ្អែម​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​ជូន​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ លោក​គ្រូ​ពេទ្យ​ខ្មែរ​រូប​នេះ​ នៅ​ទាំង​បាន​សកម្ម​បញ្ជូលការ​ណែ​នាំ​បង្ការ​ជំងឺ​តាម​រដូវ​ អនុ​វត្ត​សុវត្ថិ​ភាព​អនា​ម័យម្ហូប​អា​ហារ​ ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ​សម្រាប់​កុមារ​ និង​លុប​បំ​បាត់​ទម្លាប់​ឱន​ថយ​ ទំនៀម​ទម្លាប់​ហួស​សម័យ​ដែល​ប៉ះ​ពាល់​អាក្រក់​ដល់​សុខ​ភាព​។

វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ ផ្តល់​ប្រឹក្សា​ និង​ណែ​នាំ​ប្រ​ជា​ជន​ថែ​ទាំ​សុខ​ភាព​។

អ្នក​មីង​ ថា​ច់ ធី​ឡា​ង ប្រ​ជា​ជន​នៅ​ភូមិ​អាង​ហ្វា​ ២ ឃុំ​ថា​ញ់ថើយ​អាង​ បាន​ឱ្យ​ដឹង​៖ “វេជ្ជ​បណ្ឌិត​ ហ្វា​ ជា​ជន​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​ជិត​ស្និទ្ធ​នឹង​មា​មីង​ណាស់​។ ពេល​ប្រ​ជា​ជន​មក​ពិ​និត្យ​ វេជ្ជ​បណ្ឌិត​ និង​បុគ្គលិក​សុខា​ភិបាល​បាន​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​សួរ​នាំ​យ៉ាង​ល្អិត​ល្អន់​អំ​ពី​ស្ថាន​ភាព​ជំងឺ​។ យើង​ខ្ញុំ​ស្ងប់​ចិត្ត​ និង​មាន​ទំនុក​ចិត្ត​ពេល​មក​ពិ​និត្យ​នៅ​ដំ​ណាក់​សុខា​ភិបាល​នេះ​”។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ ហាយ​ក្វឹង​ ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​ - សង្គម​ឃុំ​ថា​ញ់ថើយ​អាង​ បាន​ឱ្យ​ដឹង​៖ វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​  គឺ​ជា​កម្មា​ភិបាល​ដែល​ច្រើន​ឆ្នាំ​បម្រើ​ការ​ងារ​នៅ​ថ្នាក់​មូល​ដ្ឋាន​ មាន​បទ​ពិសោធន៍​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​។ វេជ្ជ​បណ្ឌិត​តែង​តែ​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​ដំ​ណាក់​សុខា​ភិបាល​។ ជា​ពិ​សេស​ នៅ​លើ​ភូមិ​ឋាន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ការ​ដែល​កម្មា​ភិបាល​សុខា​ភិបាល​គឺ​ជា​ជន​ជាតិ​ខ្មែរ​ យល់​ដឹង​ច្បាស់​អំ​ពី​ទំនៀម​ទម្លាប់​ នឹង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ម្ចាស់​ការ​ថែ​ទាំ​សុខ​ភាព​ ខិត​ជិត​ និង​ប្រើ​ប្រាស់​បណ្តា​សេ​វា​សុខា​ភិបាល​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ បាន​ទទួល​ស្គាល់​ជា​បក្ខ​ជន​សម្រេច​ភារ​កិច្ច​ឆ្នើម​ និង​ទទួល​បាន​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ជា​ច្រើន​ពី​គ្រប់​លំ​ដាប់​ថ្នាក់​។

ការ​លះ​បង់​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​វេជ្ជ​បណ្ឌិត​ លី​ មិញ​ហ្វា​ មិន​ត្រឹម​តែ​សាយ​ភាយ​នូវ​រូប​ភាព​ដ៏​ល្អ​របស់​កង​ជួរ​គ្រូ​ពេទ្យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​បញ្ជាក់​ពី​តួ​នា​ទី​របស់​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ ក្នុង​បុព្វ​ហេ​តុ​គិត​គូរ​ជីវ​ភាព​ និង​សុខ​ភាព​ជូន​ប្រ​ជា​ជន​; តាម​រយៈ​នោះ​ ពង្រឹង​ ទំនុក​ចិត្ត​របស់​ជន​រួម​ជាតិ​ បង្កើន​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​រួម​កម្លាំង​កសាង​ស្រុក​ភូមិ​កឹង​ធើ​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ឡើង​៕

 ហុង​ទើ - មេ​ងលី​

ចែករំលែកអត្ថបទ