11/09/2026 - 05:54

ត្រៀម​លក្ខ​ណៈរួច​រាល់​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ទូក​ ង 

ប៉ុន្មាន​ថ្ងៃ​នេះ​ បរិយាកាស​ត្រៀម​លក្ខ​ណៈសម្រាប់​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូ​កង​ប្រ​ពៃ​ណី​ ឆ្នាំ​ ២០២៦ របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​ ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ផុលផុស​។ នៅ​តាម​វត្ត​អា​រាម​ខ្មែរ​ ប្រ​ញាប់​បង្ហើយ​ទូ​កង​ថ្មី​ កី​ឡា​ករ​ទូ​កង​កំ​ពុង​ហាត់​សម​ អុំ​សាក​ល្បង​ល្បឿន​ទូក​ថ្មី​ ដើម្បី​ត្រៀម​លក្ខ​ណៈឱ្យ​បាន​ល្អ​សម្រាប់​ឈាន​ចូល​រដូវ​កាល​ប្រ​ណាំង​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។

​ ​ទូ​កង​វត្ត​ទឹក​ប្រៃ​អុំ​សាក​ល្បង​ល្បឿន​លើ​ដង​ព្រែក​ Máspero។

សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ទូ​កង​មិន​ត្រឹម​តែ​ជា​កី​ឡា​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ស្មារតី​សាមគ្គី​សហ​គម​ន៍។ នៅ​រាល់​រដូវ​កាល​ប្រ​ណាំង​គឺ​ជា​ឱ​កាស​ដើម្បី​វត្ត​អា​រាម​ កី​ឡា​ករ​ និង​មា​មីង​តាម​ភូមិ​ស្រុក​ ចូល​រួម​អភិ​រក្ស​និង​ពង្រីក​លក្ខ​ណៈវប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​ជាតិ​។ ដើម្បី​បោះ​បាន​ទូក​ដូច​គោល​បំ​ណង​ មាន​វត្ត​ជា​ច្រើន​ម្ចាស់​ការ​ទៅ​រក​ជ្រើស​ទិញ​ឈើ​ល្អ​ ជួល​ជាង​មាន​បទ​ពិសោធន៍​ក្នុង​ការ​បោះ​ទូក​។ ពេល​បោះ​ទូ​កង​សម្រេច​រួច​រាល់​ ក្រុម​កី​ឡា​ករ​មក​ជួប​ជុំ​គ្នា​អុំ​ហាត់​សម​ដើម្បី​សាក​ល្បង​ល្បឿន​ទូក​លើ​ដង​ព្រែក​។ បន្ទាប់​ពី​សាក​ល្បង​ល្បឿន​ម្តង​ៗ ជាង​នឹង​បន្ត​ការ​កែ​សម្រួល​ទូក​ ចំ​ណែក​គ្រូ​បង្វឹក​ ក៏​កែ​សម្រួល​បច្ចេក​ទេស​និង​គិត​គូរ​របៀប​អុំ​ឱ្យ​បាន​សម​ស្រប​ ជួយ​ឱ្យ​ទូក​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​ពេល​អុំ​ប្រ​ណាំង​។ បង​ស៊ើង​ហ្វាង​មិញ​ កី​ឡា​ករ​ទូ​កង​វត្ត​ទឹក​ប្រៃ​ នៅ​ឃុំ​ឡុង​ភូ​ ចែក​រំលែក​៖ “ខ្ញុំ​ចូល​រួម​អុំ​ទូ​កង​វត្ត​បាន​ ១៣ឆ្នាំ​ ដូច្នេះ​ មាន​កិត្តិ​យស​ និង​មោទ​នភាព​ខ្លាំង​ណាស់​ ព្រោះ​បាន​ក្លាយ​ជា​កី​ឡា​ករ​ម្នាក់​របស់​ក្រុម​ទូ​កង​។ ថ្ងៃ​នេះ​ មក​ដល់​ព្រែក​ Máspero ដើម្បី​អុំ​សាក​ល្បង​ល្បឿន​ទូក​ទើប​ជួស​ជុល​។ ឆ្នាំ​នេះ​ វត្ត​មាន​ទូ​កង​ចូល​រួម​អុំ​ប្រ​ណាំង​ ២ ទូក​ ដូច្នេះ​ បង​ប្អូន​កី​ឡា​ករ​ទាំង​អស់​អ្នក​ណា​ក៏​មាន​ភាព​ស្វា​ហាប់​ បន្ទាប់​ពី​អុំ​សាក​ល្បង​ល្បឿន​ បង​ប្អូន​នឹង​ហាត់​សម​ជា​បន្ត​។ ទិស​ដៅ​គឺ​ឈាន​ចូល​រដូវ​ កាល​ប្រ​ណាំង​ដោយ​បាន​ត្រៀម​លក្ខ​ណៈរួច​រាល់​ ប្រ​កួត​អស់​ពី​សមត្ថ​ភាព​ សាមគ្គី​និង​ប្តេជ្ញា​ចិត្ត​ដណ្តើ​មបាន​ជ័យ​លា​ភី​ខ្ពស់​”។

នៅ​វត្ត​ពាម​បួន​ថ្មី​ សង្កាត់​ភូ​ឡើយ​ ក៏​មា​នប​រិយាកាស​អ៊ូ​អរ​ ពេល​មា​មីង​ពុទ្ធ​បរិស័ទ​មក​ទស្សនា​ទូក​ ងថ្មី​។ បន្ទាប់​ពី​ ២០ ឆ្នាំ​អវត្ត​មាន​លើ​ខ្សែ​ទឹក​អុំ​ប្រ​ណាំង​ ឆ្នាំ​នេះ​វត្ត​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​បោះ​ទូ​កង​ថ្មី​ ដើម្បី​វិល​មក​រដូវ​កាល​ប្រ​ណាំង​។ មា​មីង​កាន់​តែ​មាន​ក្តី​រីក​រាយ ​ពេល​មាន​ឱ​កាស​បន្ត​រួម​កម្លាំង​ថែ​រក្សា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ ដើម្បី​ត្រៀម​លក្ខ​ណៈឱ្យ​បាន​ល្អ​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ វត្ត​ក៏​បាន​ជ្រើស​ រើស​កី​ឡា​ករ​មក​ហាត់​សម​សម្រាប់​ការ​អុំ​ប្រ​ណាំង​។ ព្រះ​តេជ​ព្រះ​គុណ​ ឌិញហ្វាង​សឺ​ ព្រះ​ចៅ​អធិការ​វត្ត​ពាម​បួន​ថ្មី​ សង្កាត់​ភូ​ឡើយ​ មាន​ថេរ​ដីកា​៖ “មាន​ទូក​ថ្មី​ ព្រះ​សង្ឃ​និង​មា​មីង​ពុទ្ធ​បរិស័ទ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ចូល​រួម​អុំ​ប្រ​ណាំង​គឺ​ដើម្បី​រួម​ចំ​ណែក​ថែ​រក្សា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នៅ​រាល់​រដូវ​កាល​ប្រ​ណាំង​ មា​មីង​កាន់​តែ​យល់​ច្បាស់​ ហើយ​រឹត​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​កី​ឡា​ទូ​កង​ជា​វប្ប​ធម៌​ជន​ជាតិ​។ ហេ​តុ​នេះ​ ទោះ​បី​ប្រ​ណាំង​នៅ​ទី​ណា​ លទ្ធ​ផល​យ៉ាង​ដូច​ម៉្តេច ក្រុម​ទូ​កង​នៅ​តែ​រក្សា​ស្មារតី​សាមគ្គី​ ប្តេជ្ញា​ចិត្ត​អុំ​ប្រ​ណាំង​អស់​ពី​សមត្ថ​ភាព​ រួម​ចំ​ណែក​ជំ​រុញ​កី​ឡា​ប្រ​ណាំង​ទូ​កង​កាន់​តែ​ផុលផុស​”។

ផ្តើម​ពី​ទូក​ថ្មី​ រហូត​ដល់​សំឡេង​កញ្ចែ​បន្លឺ​ឡើង​កង​រំ​ពង​ស្រប​តាម​ចង្វាក់​អុំ​របស់​កី​ឡា​ករ​ អ្វី​ៗទាំង​អស់​កំ​ពុង​បង្ក​ជា​បរិយាកាស​យ៉ាង​ផុលផុស​មុន​រដូវ​កាល​ប្រ​ណាំង។ ក្រុម​នីមួយៗ​សុទ្ធ​តែ​នាំ​យក​ក្តី​មោ​ទនភាព​និង​ការ​រំ​ពឹង​ទុក​របស់​វត្ត​អា​រាម​ របស់​មា​មីង​ភូមិ​ ស្រុក​ ត្រៀម​លក្ខ​ណៈរួច​រាល់​សម្រាប់​ការ​ប្រ​ណាំង​ដោយ​មាន​ស្មារតី​សាមគ្គី​ រួម​ចំ​ណែក​ជំ​រុញ​កី​ឡា​ប្រ​ពៃ​ណី​កាន់​តែ​រីក​សាយ​ភាយ​និង​អភិ​រក្ស​នូវ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ក្នុង​ជីវ​ភាព​បច្ចុប្បន្ន​៕

                                          យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ