ឱ្យតែដល់ព្រឹកថ្ងៃអាទិត្យ ពេលគ្រួសារជាច្រើនកំពុងជួបជុំគ្នានៅអាហារពេលព្រឹកចុងសប្តាហ៍ ចំណែកសមាជិកានៃក្លឹបអនាម័យបរិស្ថានភូមិ៥ ឃុំឡុងភូ ទីក្រុងកឹងធើ តែងមានវត្តមានដោយស្ងៀមស្ងាត់តាមដងផ្លូវដើម្បីបោសសម្អាត កាប់ឆ្ការស្មៅនិងថែទាំផ្កា។ អស់រយៈកាលជិតបីឆ្នាំជាមួយនឹងការងារសាមញ្ញនេះ ពួកគាត់មិនត្រឹមតែរួមចំណែកសម្អាតផ្លូវជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយជាបណ្តើរៗនូវស្មារតីថែរក្សាបរិស្ថាន និងកសាងរបៀបរស់នៅស៊ីវិល័យក្នុងសហគមន៍។

ក្លឹបអនាម័យបរិស្ថានភូមិ៥ ឃុំឡុងភូ កំពុងបោសសម្អាតនៅតាមដងផ្លូវក្នុងភូមិ។
នៅមុខអាគារវប្បធម៌ភូមិ៥ ឃុំឡុងភូ នៅពេលព្រឹកថ្ងៃអាទិត្យដែលពន្លឺព្រះអាទិត្យ ទើបតែនឹងរះសំឡេងអំបោសបោសតាមថ្នល់លាយឡំជាមួយសំឡេងធ្វើស្មៅផងនោះ សមាជិកាជិត ២០ នាក់ក្នុងក្លឹបអនាម័យបរិស្ថានមានមុខគ្រប់គ្នា។ អ្នកខ្លះរៀបចំការុងដាក់សំរាម អ្នកខ្លះកាន់ចប កាន់កណ្តៀវ អ្នកខ្លះយួរដបទឹកតាម។ ក្រោយពេលបែងចែកការងារ ពួកគាត់បានចេញដំណើរទៅកាន់ដងផ្លូវក្នុងភូមិ ដោយចាប់ផ្ដើមការងារដែលបានដំណើរ ការអស់រយៈពេលជិតបីឆ្នាំមកហើយយ៉ាងស្ងៀមស្ងាត់។ ក្នុងមួយសប្តាហ៍ចំណាយពេលពីរបីម៉ោង ពួកគាត់បានរួមគ្នា បោសសម្អាតផ្លូវភូមិ កាប់ឆ្ការស្មៅ ប្រមូលសំរាម និងថែទាំដងផ្លូវផ្កា។
ក្លឹបអនាម័យបរិស្ថានភូមិ៥ បានបង្កើតឡើងនាឆ្នាំ ២០២៣ ដំបូងមានសមាជិកា ១៤ នាក់ ភាគ ច្រើនជានារីក្នុងភូមិ។ មកទល់ពេលនេះ ចំនួនសមាជិកាបានកើនឡើងដល់ ១៨ នាក់។ នៅពីក្រោយតួលេខនោះ គឺជាការព្យាយាមរបស់អ្នកដែលជឿជាក់ថា ប្រសិនបើចង់ផ្លាស់ប្តូរស្មារតីសហគមន៍ គឺត្រូវតែចាប់ផ្តើមពីសកម្មភាពរបស់ខ្លួនឯងជាមុនសិន។ បងស្រី ហ្វិញធីឡងលេខាសាខាបក្សភូមិ៥ ជាអ្នកទទួលខុសត្រូវលើក្លឹបអនាម័យបរិស្ថាន បានឱ្យដឹងថាក្លឹប នេះត្រូវបានបង្កើតឡើងកាលឆ្នាំ ២០២៣ ដើម្បីជម្នះស្មៅដុះ និងសំរាមដែលមិនទាន់បានសម្អាតត្រឹមត្រូវតាមការកំណត់នៅតាមដងផ្លូវមួយចំនួនក្នុងភូមិ។ ក្រោយពីដំណើរការជិតបីឆ្នាំមក មិនត្រឹមតែបានរួមចំណែកសម្អាតទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការថែរក្សាបរិស្ថានទៀតផង។
ជាសមាជិកាក្លឹបចាប់តាំងពីថ្ងៃដំបូងមកម៉្លេះ បងស្រី ហ្វិញធីឡាង តែងតែរក្សាទម្លាប់ចូលរួមបោសសម្អាតនៅព្រឹកថ្ងៃអាទិត្យ។ ទោះបីជីវភាពនៅជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែគាត់នៅតែរៀបចំពេលវេលាជាមួយបងប្អូននារី ដើម្បីរួមចំណែកថែរក្សាស្រុកភូមិឱ្យកាន់តែស្អាតបាត។ បងឡាង ឱ្យដឹង៖ “ដំបូងឡើយគិតតែពីទៅសម្អាតផ្លូវក្នុងភូមិឱ្យបានស្អាតប៉ុណ្ណោះ ប៉ុន្តែពេលធ្វើទៅទើបដឹងថា មានក្តីសប្បាយរីករាយព្រោះផ្លូវថ្នល់ស្អាតជាងមុន ហើយប្រជាជនក៏ជួយថែរក្សាល្អជាងមុនដែរ។ មានថ្ងៃខ្លះហត់នឿយដែរ ប៉ុន្តែដល់ថ្ងៃទៅបោសសម្អាតក៏ខិតខំ ទៅ។ ម្នាក់ៗចូលរួមបន្តិចបន្តួចទៅស្រុកភូមិយើងនឹងស្អាត និងល្អជាងមុនហើយ”។
ទោះបីជីវភាពតែងមានភាពមមាញឹកជាច្រើនក៏ដោយ ប៉ុន្តែសមាជិកាក្លឹបអនាម័យបរិស្ថានភូមិ៥ នៅ តែជ្រើសរើសវិធីរួមចំណែកតាមរយៈកិច្ចការសាមញ្ញបំផុត។ មិនចាំបាច់មានសកម្មភាពធំដុំ ឬរំពឹងការកត់សម្គាល់នោះទេ ពួកគាត់គ្រាន់តែបង្ហាញខ្លួនជាប្រចាំ រៀងរាល់ព្រឹកថ្ងៃអាទិត្យដើម្បីបោសសម្អាតផ្លូវនីមួយៗ រើសសំរាមនិងសម្អាតស្មៅ។ អាស្រ័យលើភាពអត់ធ្មត់នេះ ផ្លូវជនបទមិនត្រឹមតែស្អាតជាងមុនប៉ុណ្ណោះទេ ប៉ុន្តែស្មារតីការពារបរិស្ថានក៏បានដក់ជាប់បន្តិចម្តងៗក្នុងចិត្តប្រជាជនគ្រប់គ្នា បង្កបានភាពស្រស់ស្អាតសម្រាប់ជនបទមួយដែលកំពុងផ្លាស់ប្តូរថ្មីជារៀងរាល់ថ្ងៃ៕
ដាលីន