ផ្តើមពីកសិករក្រីក្រម្នាក់ដែលធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមជីវិត លោកថាច់ភី នៅភូមិឡងមី ឃុំង៉ាយទឺ ខេត្តវិញឡុង បានខិតខំស្វែងរកទិសដៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងដើមទុនដែលបានសន្សំ លោកបានវិនិយោគលើការចិញ្ចឹមគោបន្ធាត់ ផ្គួបផ្សំនឹងដាំស្មៅ ឆ្លៀតប្រើចំបើងនិងចិញ្ចឹមកង្កែប បង្កបានប្រភពចំណូលបន្ថែម ជាជំហានឈានឡើងលំនឹងជីវភាព។

លោកថាច់ភី កំពុងឱ្យចំណីគោ។
លោកថាច់ភី បានឱ្យដឹង កាលពីមុន គ្រួសារមានដីស្រែចំនួន ៤ កុង ប៉ុន្តែការផលិតស្រូវមិនសូវមានប្រសិទ្ធភាពខ្ពស់ទេ។ ដើម្បីមានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់នឹងជីវភាពគ្រសារ លោកបានដើរធ្វើការឈ្នួល។ ក្រោយពីសន្សំបានដើមទុនមួយចំនួន លោកបានចាប់ផ្តើមស្វែងរកទិសដៅផលិតដែលសមស្របនឹងលក្ខណៈគ្រួសារ ព្រមទាំងទាញយកប្រយោជន៍ពីផ្ទៃដីដែលមានស្រាប់ និងបង្កើនប្រាក់ចំណូលឃើញថាជីវភាពស្ថេរភាពជាងមុន។ តាមរយៈការស្វែងយល់ពីភាពជាក់ស្តែង និងការរៀនសូត្រពីបទពិសោធន៍ពីគ្រួសារចិញ្ចឹមគោដែលមានប្រសិទ្ធភាព លោកភី បានសម្រេចចិត្តវិនិយោគទិញគោបារាំង និងគោស៊ីនចំនួន ៥ ក្បាលមកចិញ្ចឹមពិសោធន៍។ នៅដំណាក់កាលដំបូង លោកថែទាំហ្វូងគោ ទាំងស្វែងយល់បន្ថែមអំពីបច្ចេកទេសចិញ្ចឹម វិធីសាស្ត្រជ្រើសរើសចំណី និងតាមដានដំណើរការធាត់ធំរបស់គោ។ ឃើញហ្វូងគោឆាប់ធំ គាត់ក៏សម្រេចចិត្តឈប់ធ្វើការឈ្នួល ហើយនៅផ្ទះផ្តោតលើការផលិតនិងចិញ្ចឹមសត្វ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដើម្បីធានាបាននូវប្រភពចំណីសម្រាប់គោ នៅលើផ្ទៃដីស្រែជាង ៤ កុង គាត់បានបែងចែក ២ កុងសម្រាប់ដាំស្រូវ ដើម្បីទទួលបានទាំងស្បៀងអាហារ និងអាចយកចំបើងក្រោយពេលច្រូតកាត់រួចមកធ្វើជាចំណីគោរួមចំណែកបន្ថយការចំណាយលើការចិញ្ចឹមគោ។ ចំណែកដីស្រែ ២ កុងទៀត គាត់បានដាំស្មៅដើម្បីបំពេញបន្ថែមនូវប្រភពចំណីបៃតងសម្រាប់ហ្វូងគោ។ យោងតាមលោកភី វិធីសាស្ត្រនេះជួយឱ្យគ្រួសាររបស់គាត់មានភាពម្ចាស់ការលើប្រភពចំណី បន្ថយការចំណាយ និងប្រើប្រាស់ផ្ទៃដីផលិតបានយ៉ាងមានប្រសិទ្ធភាព។
យោងតាមលោកភី ការចិញ្ចឹមគោបន្ធាត់ត្រូវការពេលថែទាំ ទើបអាចលក់បាន។ ហេតុដូច្នេះហើយ ក្នុងអំឡុងពេលរង់ចាំហ្វូងគោធំធាត់ដល់ទម្ងន់សមស្រប លោកបានផ្គួបផ្សំការចិញ្ចឹមកង្កែប ដើម្បីទទួលបានប្រភពចំណូលបន្ថែម។ ជាមួយនឹងរយៈពេលចិញ្ចឹមប្រហែល ៣ ខែអាចប្រមូលផលបានទម្រង់ចិញ្ចឹមកង្កែប ជួយឱ្យគ្រួសារមានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកភីបានឱ្យដឹង ការរួមបញ្ចូលគ្នានូវទម្រង់ផ្សេងៗជួយឱ្យគ្រួសារមានប្រភពចំណូលក្នុងរយៈពេលខ្លី ខណៈដែលហ្វូងគោត្រូវបានថែទាំដើម្បីបង្កប្រភពចំណូលក្នុងរយៈពេលវែង។

លោកថាច់ភីកំពុងដាក់ចំណីឱ្យកង្កែប។
បច្ចុប្បន្ន លោកភីបានវិនិយោគទឹកប្រាក់ប្រមាណ ១១០ លានដុង ដើម្បីទិញគោចំនួន ៥ ក្បាល ក្នុងតម្លៃប្រមាណ ២២ លានដុងក្នុងមួយក្បាល។ បន្ទាប់ពីយកមកចិញ្ចឹមបន្ធាត់ប្រមាណ ៩ ខែ អាចលក់ចេញបាន អាស្រ័យលើទម្ងន់ និងការធំធាត់របស់គោ។ តាមការគ្រោងទុកប្រមាណ ៣ ខែទៀត ហ្វូងគោនឹងដល់ពេលលក់ចេញ។ ជាមួយនឹងតម្លៃគោបច្ចុប្បន្ន គឺពី ៤៥ ដល់ ៥៥ លានដុងក្នុងមួយក្បាល អាស្រ័យលើទម្ងន់ បើទីផ្សាររក្សាតម្លៃកម្រិតនេះ គោ ៥ ក្បាលអាចផ្ដល់ប្រភពចំណូលយ៉ាងច្រើន បន្ទាប់ពីទូទាត់រាល់ការចំណាយរួច អាចរកបានប្រាក់ចំណេញរាប់សិបលានដុង។ ទោះបីជាដើមទុន វិនិយោគដំបូងមានចំនួនច្រើនបន្តិចក៏ដោយ ប៉ុន្តែដោយសារការឆ្លៀតយកចម្បើងដែលធ្វើស្រែរាល់រដូវ រួមផ្សំជាមួយការដាំស្មៅដើម្បីម្ចាស់ការលើចំណី ទើបគ្រួសារអាចបន្ថយបានការចំណាយមួយភាគលើការចិញ្ចឹមសត្វ។
ផ្តើមពីកសិករម្នាក់ដែលតែងធ្វើការឈ្នួលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ លោកថាច់ភីបានផ្លាស់ប្តូរវិធីសាស្ត្រធ្វើជាបណ្តើរៗ និងខ្នះខ្នែងប្តូរទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ការរួមបញ្ចូលគ្នារវាងការចិញ្ចឹមគោបន្ធាត់និងការដាំស្មៅ ឆ្លៀតយកចំបើង និងការចិញ្ចឹមកង្កែប បានជួយលោកទាញយកប្រយោជន៍បានល្អពីធនធានដែលមានស្រាប់ បង្កប្រាក់ចំណូលបន្ថែម និងលំនឹងជីវភាពជាបណ្តើរៗ៕
ទីទុយ-ដាលីន