17/09/2026 - 05:42

ភូមិរបរត្បាញបន្ទោះប្រពៃណីរបស់ជនរួមជាតិខ្មែរនៅដាយអាង 

ផ្តើមពីបន្ទោះឫស្សី ពក មាមីងខ្មែរភូមិផ្នោសង្កែ ឃុំដាយអាង ខេត្តវិញឡុង បានបង្កើតផលិតផលត្បាញបន្ទោះជាច្រើនប្រភេទបម្រើជីវភាពប្រចាំថ្ងៃ។ របរប្រពៃណីនេះមិនត្រឹម តែរួមចំណែកបង្កការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរបានរក្សាពីជំនាន់មួយទៅជំនាន់មួយទៀតផង។

ប្រជាជនដាំដើមឫស្សី និងពក ធ្វើជាវត្ថុធាតុដើមសម្រាប់ត្បាញ។

របរត្បាញបន្ទោះមានតាំងពីយូរលង់ណាស់មកហើយនៅភូមិផ្នោសង្កែ បច្ចុប្បន្នជាភូមិផ្សារ ឃុំដាយអាង ខេត្តវិញឡុង បានមាមីងថែរក្សាជាច្រើនជំនាន់មកហើយ។ ផ្តើមពីវត្ថុធាតុដើមធ្លាប់ជួបប្រទះដូចជាឫស្សី ពក គ្រួសារនៅទីនេះមានថ្វីដៃប៉ិនប្រសប់បង្កើតបានផលិតផលជាច្រើនប្រភេទសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ទន្ទឹមនឹងនោះផ្គត់ផ្គង់ដល់ទីផ្សារខេត្ត ក្រុងជិតខាងផងដែរ។ ទោះបីប្រាក់ចំណូលមិនខ្ពស់ក៏ដោយ ប៉ុន្តែរបរត្បាញបន្ទោះរកបានប្រាក់ផ្គត់ផ្គង់ជីវភាព ក្លាយជាការងារសមស្របសម្រាប់អ្នកមានវ័យចំណាស់ និងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅភូមិភាគ។

ផលិតផលត្បាញបន្ទោះបន្ទាប់ពីប្រមូលទិញ ត្រៀមចែកចាយចេញទីផ្សារ។

តាមប្រសាសន៍របស់បងស្រី យ៉េបធីត្រាង អ្នកប្រមូលទិញផលិតផលត្បាញបន្ទោះនៅភូមិផ្សារ បច្ចុប្បន្ននៅលើភូមិឋានមានគ្រួសារប្រកបរបរត្បាញបន្ទោះនេះប្រមាណ ៤០ គ្រួសារ ភាគច្រើនជាគ្រួសារខ្មែរ។ ផលិតផលបានត្បាញពីឫស្សី ពក មានច្រើនប្រភេទណាស់ ចាប់ពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាកញ្ជើ ចង្អេរ និងល្អី... រហូតដល់ផលិតផលតូចៗទុកជាវត្ថុអនុស្សាវរីយ៍ តុបតែងហាងអាហារ និងភោជនីយដ្ឋាន។ បន្ទាប់ពីប្រមូលទិញផលិតផលមក បងស្រីទទួលបញ្ជាទិញ និងចែកចាយដល់ខេត្ត ក្រុងជិតខាង។ តាមប្រសាសន៍បងស្រីត្រាង ប្រជាជនត្បាញផលិតផលទៅតាមសមត្ថភាព និងពេលវេលារបស់គ្រួសារនីមួយៗ។ ការប្រមូលទិញផលិតផលជួយឱ្យអ្នកត្បាញមានច្រកចេញលំនឹង ឆ្លងតាមរយៈនោះ អាចឆ្លៀតពេលទំនេរដើម្បីត្បាញ និងគិតគូរបានកិច្ចការគ្រួសារផង រកបានប្រាក់ចំណូលបន្ថែមផង។

លោក យឿងវុាំងញុឹក កើតឆ្នាំ១៩៤៣ នៅភូមិផ្សារ ឃុំដាយអាង គឺជាម្នាក់ក្នុងចំណោមអ្នកផ្សារភ្ជាប់នឹងរបរត្បាញបន្ទោះប្រពៃណីជាច្រើនឆ្នាំ។ គាត់ឱ្យដឹង របរនេះបានដូនតាជំនាន់មុនបង្រៀនតៗមក។ តាំងពីនៅក្មេង គាត់បានរៀនពីរបៀបពុះឫស្សី បិតបន្ទោះ និងត្បាញផលិតផលបម្រើជីវភាព។ មកដល់ពេលនេះ ទោះបីមានវ័យចំណាស់ក៏ដោយ គាត់នៅតែត្បាញជាបន្តបន្ទាប់ដូចជាទម្លាប់ក្នុងជីវភាពប្រចាំថ្ងៃ។ តាមប្រសាសន៍លោកញឹក របរត្បាញបន្ទោះទោះបីចំណូលមិនខ្ពស់ក៏ដោយ ប៉ុន្តែមានការងារធ្វើលំនឹង អាចធ្វើបានគ្រប់ពេល ហើយមិនទាមទារកម្លាំងច្រើនពេកទេ។ ធ្វើបានប៉ុន្មាន គេប្រមូលទិញអស់ប៉ុណ្ណឹង ជួយប្រជាជនស្ងប់ចិត្ត​រក្សារបរ។ ចំពោះលោក នេះមិនត្រឹមតែជាការងាររកចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងជារបរប្រពៃណីរបស់គ្រួសារ និងប្រជាជនក្នុងភូមិទៀតផង។

មាមីងកំពុងត្បាញផលិតផលប្រពៃណីដោយក្តីរីករាយ។

កាលពីមុន របរត្បាញបន្ទោះនៅភូមិភាគមានច្រើនអ្នកចូលរួមណាស់ ចាប់ពីមនុស្សចាស់រហូតដល់យុវជន។ ប៉ុន្តែបច្ចុប្បន្ន កម្លាំងពលកម្មវ័យក្មេងភាគច្រើនទៅធ្វើការនៅក្រុមហ៊ុនអស់ហើយ ម្ល៉ោះហើយរបរត្បាញបន្ទោះនៅតែអ្នកមានវ័យចំណាស់នៅផ្សារភ្ជាប់ប៉ុណ្ណោះ។ ទោះបីដូច្នោះក្តី ផលិតផលត្បាញបន្ទោះនៅតែបានរក្សា ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាព តុបតែង និងទុកជាវត្ថុអនុស្សាវរីយ៍។ ចំណុចពិសេសរបស់របរត្បាញបន្ទោះគឺមិនត្រូវការវិនិយោគម៉ាស៊ីនទំនើប ប្រជាជនអាចប្រើប្រាស់ពេលនៅផ្ទះដើម្បីត្បាញ។ ចំពោះអ្នកមានវ័យចំណាស់ នេះគឺជាការងារសមស្របនឹងកម្លាំង ជួយឱ្យពួកគាត់មានប្រាក់ចំណូលបន្ថែម រក្សាភាពស្វាហាប់ និងផ្សារភ្ជាប់ជាមួយសហគមន៍។ ផលិតផលដែលច្នៃឡើងពីដៃដ៏ប៉ិនប្រសប់ ក៏បង្ហាញពីការឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋរបស់ប្រជាជននៅទីនេះ។

របរត្បាញបន្ទោះប្រពៃណីនៅភូមិផ្សារ មិនត្រឹមតែនាំមកនូវចំណូលជូនគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាតម្លៃវប្បធម៌ដែលបានបន្តរក្សាជាច្រើនជំនាន់ទៀតផង។ ផលិតផលពីឫស្សី ពកនីមួយៗផ្ទុកនូវភាពប៉ិនប្រសប់ ហ្មត់ចត់ និងបទពិសោធន៍របស់អ្នកធ្វើរបរ។ នេះគឺជាលក្ខណៈប្រពៃណីដ៏ល្អគប្បីបានយកចិត្តទុកដាក់រក្សា ពង្រីក បំផុតគឺក្នុងបរិការណ៍កម្លាំងពលកម្មវ័យក្មេងមានជម្រើសការងារថ្មីៗកាន់តែច្រើន។

ដើម្បីរបរត្បាញបន្ទោះបន្តអភិវឌ្ឍ ការរក្សាច្រកចេញផលិតផល ពង្រីកទីផ្សារប្រើប្រាស់ និងលើកទឹកចិត្តយុវវ័យជំនាន់ក្រោយស្វែងយល់ រៀនរបរ គឺជាកត្តាដ៏សំខាន់។ តាមរយៈនោះ របរប្រពៃណីរបស់ជនរួមជាតិខ្មែរនៅដាយអាង មិនត្រឹមតែបានរក្សាក្នុងជីវភាពសព្វថ្ងៃប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈដើម្បីបន្តទៅអនាគតទៀតផង៕

ទីទុយ - វិមាន

ចែករំលែកអត្ថបទ