ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2026 - 21:06

បន្តធ្វើឱ្យសុក្រឹតគម្រោងប្លង់រួមទីក្រុងកឹងធើ ជាមួយនឹងស្មារតីវិទ្យាសាស្ត្រ សត្យានុម័ត ការទទួលខុសត្រូវ និងបើកទូលាយចក្ខុវិស័យ 

(អ.ឡ) - នោះគឺជាមតិចង្អុលការរបស់លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នៅក្នុងកិច្ចប្រជុំប្រមូលមតិយោបល់ពីបណ្តាស្ថាប័ន អង្គការ វិទ្យាស្ថាន សាលារៀន អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអង្គភាពគ្រប់គ្រង ដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់ទីក្រុង ចំពោះសេចក្តីព្រាងឯកសារគម្រោងប្លង់រួមទីក្រុងកឹងធើ ដល់ឆ្នាំ២០៥០ ចក្ខុវិស័យដល់ឆ្នាំ២០៧៥ នាថ្ងៃទី១៦ ខែកញ្ញា។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បណ្តាការិយាល័យចំណុះក្រុមប្រឹក្សាប្រជាជនទីក្រុង មន្ទីរ គណៈ ផ្នែករបស់ទីក្រុង ព្រមទាំងអ្នកឯកទេស អ្នកវិទ្យាសាស្ត្រ វិទ្យាស្ថាន និងសាលារៀននានា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

 

នៅក្នុងកិច្ចប្រជុំ មតិយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃសេចក្តីព្រាងគម្រោងប្លង់ និងបានចំណាយពេលជាច្រើនដើម្បីពិភាក្សាអំពីទម្រង់ចាត់តាំងលំហអភិវឌ្ឍន៍តាមរូបភាព ២ ប៉ូល - ២ ច្រករបៀងខាងកើតខាងលិច - ៣ ច្រករបៀងខាងជើងខាងត្បូង និង ៦ តំបន់អភិវឌ្ឍន៍ក្នុងគម្រោងប្លង់។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ផ្តល់មតិយោបល់លើខ្លឹមសារពាក់ព័ន្ធនឹងគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងវប្បធម៌។

មតិជាច្រើនបានលើកឡើងថា ចាំបាច់ត្រូវពិនិត្យឡើងវិញនូវទិន្នន័យចំនួនប្រជាជន តម្រង់ទិសខ្លឹមសារគម្រោងប្លង់ពាក់ព័ន្ធនឹងទំហំចំនួនប្រជាជន ទិសដៅអភិវឌ្ឍន៍ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធបម្រើប្រជាជន ជាពិសេសត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សក្តានុពលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែសម្រាប់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់វាលរាបទន្លេគឺវឡុងទាំងមូលទៀតផង។

លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ស្នើឱ្យពិគ្រោះយោបល់ពិនិត្យឡើងវិញនូវភាគកម្រិតដីលំនៅឋាន និងទិសដៅរៀបចំផលិតកសិកម្មតាមទិសដៅប្រមូលផ្តុំ។

ទន្ទឹមនឹងនោះ ត្រូវរៀបចំគម្រោងប្លង់លំហទីក្រុងផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណតំបន់ព្រែកទន្លេ សិក្សាស្រាវជ្រាវគម្រោងប្លង់មជ្ឈមណ្ឌលរដ្ឋបាលឱ្យព្រមៗគ្នា ប៉ុន្តែមិនត្រូវស្ថិតនៅឆ្ងាយពេកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ព្រមទាំង ត្រូវវាយតម្លៃជារួមនូវទិសដៅគម្រោងប្លង់អាកាសយានដ្ឋានថ្មីក្នុងដំណាក់កាល២០៥០-២០៧៥ ក្នុងបរិការណ៍ដែលបរិមាណអ្នកដំណើរមាននិន្នាការថយចុះ ដោយសារការតភ្ជាប់ផ្លូវគោកជាមួយទីក្រុងហូជីមិញមានភាពរហ័សជាងមុន ហើយទំនិញមានលក្ខណៈពិសេសធ្ងន់។

សាស្ត្រាចារ្យរង បណ្ឌិត ឡេអាញត្វឹង​ នៃមហាវិទ្យាល័យធនធាននិងបរិស្ថាន សាកលវិទ្យាល័យកឹងធើ ស្នើឱ្យមានការអភិវឌ្ឍទីក្រុងប្រកបដោយភាពសុខដុមជាមួយលក្ខណៈពិសេសនៃតំបន់ព្រែកទន្លេ។

ក្រៅពីនេះ ត្រូវផ្តោតសំខាន់លើការរៀបគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ការទាញយកផលពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដងទន្លេហូវ យកចិត្តទុកដាក់លើការបូមស្តារមាត់សមុទ្រ បើកច្រកកំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភ័ស្តុភា បម្រើដល់ការនាំចេញទំនិញរបស់តំបន់ទាំងមូល។ ចាំបាច់ត្រូវរៀបគម្រោងប្លង់តភ្ជាប់តំបន់ឧស្សាហកម្មនានាដោយផ្ទាល់ទៅនឹងប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវជាតិក្នុងភូមិឋាន ដើម្បីទាក់ទាញការវិនិយោគឱ្យមានប្រសិទ្ធភាព។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរឱ្យមន្ទីរសំណង់និងអង្គភាពពិគ្រោះយោបល់ទទួលយកមតិយោបល់ចូលរួម។

មានប្រសាសន៍សរុបសេចក្តីក្នុងកិច្ចប្រជុំ លោកទ្រឿងកាញ់ត្វៀង បានប្រគល់ភារកិច្ចឱ្យមន្ទីរសំណង់ជាស្ថាប័នដើមទង ទទួលបន្ទុកសហការជាមួយអង្គភាពពិគ្រោះយោបល់ និងមន្ទីរ គណៈ ផ្នែកនានា រួសរាន់ប្រមូលផ្តុំមតិយោបល់ទាំងអស់នៅក្នុងកិច្ចប្រជុំ។ ត្រូវបែងប្រភេទឱ្យច្បាស់លាស់នូវខ្លឹមសារដែលទទួលបាន ខ្លឹមសារបកស្រាយ និងខ្លឹមសារដែលមិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ ព្រមទាំងអមជាមួយនូវមូលដ្ឋានជាក់លាក់។ ពិនិត្យឡើងវិញ និងឯកភាពលើប្រព័ន្ធទិន្នន័យចំនួនប្រជាជន កម្លាំងពលកម្ម ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ។ ធ្វើឱ្យសុក្រឹតនូវតារាងផ្ទៀងផ្ទាត់ជាមួយគម្រោងប្លង់ថ្នាក់លើ។ ធ្វើឱ្យសុក្រឹតនូវការវាយតម្លៃបរិមាណចំពោះជម្រើសដែលនៅបើកចំហ។ ពិនិត្យឡើងវិញនូវខ្លឹមសារអំពីទឹក ការជន់លិច ការស្រុតដី ការជ្រាបចូលនៃទឹកប្រៃ ដីកសិកម្ម បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានបញ្ជាក់៖ គម្រោងប្លង់ទីក្រុងកឹងធើដល់ឆ្នាំ២០៥០ ចក្ខុវិស័យដល់ឆ្នាំ២០៧៥ គឺជាគម្រោងប្លង់មានសារៈសំខាន់ពិសេស កំណត់រូបរាងលំហអភិវឌ្ឍន៍របស់ទីក្រុងក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ ដូច្នេះ សំណូមពរដែលបានដាក់ចេញគឺត្រូវកសាងគម្រោងប្លង់មួយដែលមានចក្ខុវិស័យ ប៉ុន្តែមិនមែនជាការស្រមើស្រមៃ មានសេចក្តីប្រាថ្នា ប៉ុន្តែត្រូវមានលក្ខណៈដែលអាចអនុវត្តបាន បង្កើតលំហអភិវឌ្ឍន៍ ប៉ុន្តែមិនត្រូវដោះដូរជាមួយនឹងបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនឡើយ អភិវឌ្ឍន៍ទីក្រុងប៉ុន្តែត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណតំបន់ព្រែកទន្លេ ចម្ការសួន និងតម្លៃមានលក្ខណៈពិសេសរបស់កឹងធើ។

អាស្រ័យហេតុនោះ អង្គភាពពិគ្រោះយោបល់និងស្ថាប័នពាក់ព័ន្ធត្រូវទទួលយកមតិយោបល់នានាដោយត្រឹមត្រូវ បន្តធ្វើឱ្យសុក្រឹតនូវឯកសារក្នុងស្មារតីវិទ្យាសាស្ត្រ សត្យានុម័ត ការទទួលខុសត្រូវ និងបើកទូលាយចក្ខុវិស័យ​។ ទិសដៅចុងក្រោយមិនមែនត្រឹមតែការបញ្ចប់នូវឯកសារមួយច្បាប់ដើម្បីដាក់ជូនសុំការពិនិត្យវាយតម្លៃនោះទេ ប៉ុន្តែគឺដើម្បីកសាងឧបករណ៍គ្រប់គ្រងនិងអភិវឌ្ឍន៍ដែលមានតម្លៃពិតប្រាកដ ជាមូលដ្ឋានគ្រឹះសម្រាប់ទីក្រុងកឹងធើឆ្ពោះទៅរកការអភិវឌ្ឍលឿនរហ័ស ចីរភាព ជីវស្ថាន បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងកាន់តែបញ្ជាក់ពីតួនាទីជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង៕

មិញហ្វៀង - ថាច់ធី

ចែករំលែកអត្ថបទ