មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/09/2026 - 05:17

ខេត្តកាម៉ាវម្ចាស់ការពីដំបូង ទប់ទល់នឹងបាតុភូត El Nino 

តាមការព្យាករណ៍ឧតុនិយមនិងធារាសាស្ត្រ បាតុភូត El Nino មានការប្រែប្រួលយ៉ាងស្មុគស្មាញ មានហានិភ័យរាំងស្ងួត ខ្វះទឹក និងជ្រាបទឹកប្រៃកើនឡើង។ ចំពោះមុខការប្រែប្រួលមិនអំណោយផលទាំងនោះ ខេត្តកាម៉ាវកំពុងម្ចាស់ការអនុវត្តនូវវិធានការផ្តើមពីដំបូង ពីចម្ងាយ ដើម្បីការពារការផលិត ធានាប្រភពទឹកប្រើប្រាស់ និងបន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុតជូនប្រជាជន។

* ម្ចាស់ការទប់ទល់រហូតដល់មូលដ្ឋាន

តាមការព្យាករណ៍ឧតុនិយមនិងធារាសាស្ត្រខេត្តកាម៉ាវ បាតុភូត El Nino បានផ្លាស់មកស្ថានភាព El Nino កម្លាំងខ្លាំងមកយ៉ាងលឿន; ប្រូបាប៊ីលីតេនៃ El Nino កម្លាំងខ្លាំងមកយ៉ាងលឿនចាប់ពី​ខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៦ បានកំណត់នៅកម្រិតខ្ពស់ ក្នុងនោះ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ ២០២៦ អាចឈានដល់កម្លាំងលឿនខ្លាំង។ រដូវភ្លៀងឆ្នាំ ២០២៦ អាចឆាប់អស់ ប្រហែលចាប់ពីថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បរិមាណទឹកភ្លៀងសរុបអាចខ្វះជាង ៥០% បើប្រៀបនឹងមធ្យមភាគច្រើនឆ្នាំកន្លង; ប្រភពទឹកផ្ទៃដីថយចុះប្រមាណពី ៥០-៧០%។ កម្រិតជាតិប្រៃ ៤ ក្រាម/លីត្រ អាចជ្រាបទឹកប្រៃប្រមាណពី ៤០-៦០ គីឡូម៉ែត្រចូលវាលស្រែចាប់ពីចុងខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្រុមការងាររនៃនាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិ ក្រសួងកសិកម្ម និងបរិស្ថានពិនិត្យស្ថានភាពផលិតនៅឃុំខាញ់ប៊ិញ ខេត្តកាម៉ាវ។

លោក ង្វៀងត្រឹងធឹក ប្រធានសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិនៃមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ ឱ្យដឹង៖ ការផលិតដាំដុះរបស់ខេត្តកំពុងប្រឈមនឹងហានិភ័យរងផលប៉ះពាល់ធំពីការរាំងស្ងួត ជ្រាបទឹកប្រៃ និង El Nino។ តាមរយៈការពិនិត្យផ្ទៀងផ្ទាត់ ផ្ទៃដីមានលទ្ធភាពរងផលប៉ះពាល់ដោយសាររាំងស្ងួត និងជ្រាបទឹកប្រៃប្រមាណ ៩៥.៣១៦ ហិកតា ជាសំខាន់នៅរដូវស្រូវ - បង្កង ឆ្នាំ ២០២៦-២០២៧ និងស្រូវរដូវប្រាំង ឆ្នាំ ២០២៦-២០២៧។ ប្រការគួរចាប់អារម្មណ៍ ផ្ទៃដីភាគច្រើនស្ថិតនៅតំបន់ខាងត្បូងនៃខេត្តកាម៉ាវ ដែលជាកន្លែងផលិតស្រូវសំខាន់គឺប្រើប្រាស់ទឹកភ្លៀង គ្មានប្រភពទឹកសាបបន្ថែម។ ព្រោះហេតុនោះ ប្រសិនបើការរាំងស្ងួត និងជ្រាបទឹកប្រៃកើតឡើងឆាប់រហ័ស ហានិភ័យខ្វះទឹក ប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្រូវ និងបង្កឱ្យខូចខាតដល់ប្រជាជនគឺច្រើនណាស់។

ចំណែកលើដីស្រូវ - បង្កង មានផ្ទៃដីរងផលប៉ះពាល់ប្រមាណ ៥៧.៩០៥ ហិកតា ក្នុងនោះកម្រិតខ្ពស់ប្រមាណ ២១.៧៦៥ ហិកតា និងកម្រិតមធ្យមចំនួន ៣៦.១៤០ ហិកតា; ស្រូវរដូវប្រាំង មានផ្ទៃដីរងផលប៉ះពាល់ចំនួន ៦៨.៨៦៩ ហិកតា ក្នុងនោះកម្រិតខ្ពស់ប្រមាណ ២.០៧៥ ហិកតា និងកម្រិតមធ្យមចំនួន ៣៥.៣៣៦ ហិកតា… ដើម្បីបន្ថយហានិភ័យឱ្យកម្រិតទាបបំផុត ផ្នែកកសិកម្មបានបង្កើនការតាមដានអាកាសធាតុ ប្រភពទឹក ម្ចាស់ការកែសម្រួលកាលវិភាគរដូវកាល; ចាត់តាំងចុះពូជសាបព្រោះប្តូរវេនរវាងតំបន់នានាដើម្បីគ្រប់គ្រងប្រភពទឹក និងពិនិត្យកម្រិតប្រៃមុនពេលចុះពូជសាបព្រោះនៅតំបន់ស្រូវ - បង្កង។ ប្រជាជនបានផ្តល់អនុសាសន៍ឆ្លៀតប្រើប្រាស់ទឹកភ្លៀងដើម្បីជម្រះជាតិប្រៃ ប្រើពូជស្រូវធន់នឹងប្រៃ គុណភាពខ្ពស់ រយៈពេលខ្លី និងរក្សាកម្រិតទឹកសមស្របលើវាលស្រែ។

ពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិភាគ លោក ង្វៀងក្វឹកម៉ាញ់ អនុប្រធាននាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិ ក្រសួងកសិកម្ម និងបរិស្ថាន បញ្ជាក់៖ ខេត្តកាម៉ាវមានផ្ទៃដីស្រូវ - បង្កងជាង ៨០.០០០ ហិកតា ដែលជាតំបន់ផលិតសំខាន់ក្នុងទូទាំងប្រទេស។ អាស្រ័យហេតុនោះ ខេត្តគប្បីសហការរវាងគ្រប់ថ្នាក់ឱ្យបានស្អិតល្មួត ចាប់ពីមជ្ឈិមរហូតដល់ឃុំ ដើម្បីកសាងផែនការទប់ទល់លម្អិត និងជាក់ស្តែង។ កំណត់តំបន់ដែលមានហានិភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរ ផ្តើមពីនោះកសាងវិធានការទប់ទល់សមស្រប។ លោក ង្វៀងក្វឹកម៉ាញ់ ឱ្យដឹង៖ "សំខាន់គឺគប្បីសហការរលូន និងមានប្រសិទ្ធភាពចាប់ពីមជ្ឈិមរហូតថ្នាក់ខេត្ត និងថ្នាក់ឃុំ ដើម្បីកសាង និងដាក់ចេញផែនការទប់ទល់សមស្របនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ។ ចំពោះមុខ គឺការផលិតរដូវខាងមុខ ដើម្បីបន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុតជូនប្រជាជន"។

ជាក់ស្តែងបញ្ជាក់ឱ្យឃើញថា មានគ្រួសារប្រជាជនជាច្រើនមានវិធានការស៊ាំយ៉ាងមានប្រ​សិទ្ធភាព។ លោក ផាមវៀតមៀង ប្រធានគណះប្រជាជន​ភូមិចុងមី ឃុំខាញ់ប៊ិញ ឱ្យដឹង៖ "ដោយសារធ្លាប់មានបទពិសោធន៍ពីការរាំងស្ងួត និងជ្រាបទឹកប្រៃ មាមីងក្នុងភូមិបានចាត់តាំងយក និងស្តុកទុកទឹកសាបចូលប្រព័ន្ធប្រឡាយតាំងពីដើមរដូវភ្លៀង។ ទម្រង់គួបផ្សំស្រូវ - បង្កង - ក្តាម - ត្រី នៅទីនេះបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ទិន្នផលស្រូវសម្រេចបាន ៦,៤-៧ តោន/ហិកតា រកបានប្រាក់ចំណូលសរុបជិត ១០០ លានដុង/ហិកតា/ឆ្នាំ។ ប្រជាជនមានក្តីត្រេកអរ និងអនុវត្ត​តាមកាលវិភាគរដូវកាល ដើម្បីការពារសមិទ្ធផលផលិតចំពោះបាតុភូត El Nino ក្នុងពេលខាងមុខ"។

* ធានាទឹកប្រើប្រាស់ មិនទុកឱ្យប្រជាជនខ្វះទឹកក្នុងរដូវប្រាំង

ជាមួយនឹងលក្ខណៈភូមិសាស្ត្របីទិសជាប់សមុទ្រ ប្រព័ន្ធព្រែកទន្លេខ្វាត់ខ្វែង រងផលប៉ះពាល់ដោយផ្ទាល់ពីទីកជោរនាច កាម៉ាវកំណត់ច្បាស់ការធានាទឹកស្អាតប្រើប្រាស់ជូនប្រជាជនជាអាទិភាពចម្បង។ តាមការត្រួតពិនិត្យ បច្ចុប្បន្នទូទាំងខេត្តមានប្រជាជនប្រមាណ ១៣.៧៧០ គ្រួសារ ដែលមានហានិភ័យខ្វះទឹកប្រើប្រាស់ ប្រមូលផ្តុំនៅតំបន់ឆ្ងាយពីសំណង់ផ្គត់ផ្គង់ទឹក តំបន់ជាប់សមុទ្រ តំបន់ធ្វើឱ្យសាប ឬតំបន់ដែលប្រភពទឹកផ្ទៃដីជ្រាបជូរប្រៃ។

ផ្នែកកសិកម្មខេត្តតែងពិនិត្យកម្រិតប្រៃលើដងទន្លេ ដើម្បីជួយប្រជាជនម្ចាស់ការផលិត។

ដើម្បីម្ចាស់ការទប់ទល់នឹងស្ថានភាពព្យាករណ៍ខាងលើ បំផុតគឺប៉ុន្មានខែក្នុងរដូវប្រាំងខាងមុខ ខេត្តកាម៉ាវកំពុងអនុវត្តព្រមៗគ្នានូវវិធានការត្រួតពិនិត្យប្រភពទឹក បង្កើនកម្រិតរចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រដើម្បីធានាជីវភាពប្រជាជន បង្ការទប់ស្កាត់រងផលប៉ះពាល់ពីការរាំងស្ងួត និងជ្រាបទឹកប្រៃ ក៏ដូចជារក្សាការផលិតកសិ - ជលផល -​ ដាំដុះ និងការពារភ្លើងឆេះព្រៃក្នុងរដូវប្រាំង… លោក តូហ្វាយភឿង នាយកមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ ឱ្យដឹង៖ ខេត្តផ្តុំកម្លាំងថែទាំ និងជួសជុលសំណង់ផ្គត់ផ្គង់ទឹកមិនលំនឹងចំនួន ៤៦ កន្លែង និងជួសជុលសំណង់ផ្គត់ផ្គង់ទឹកមិនដំណើរការចំនួន ៩២ កន្លែង ក្នុងចំណោមសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំសរុប ៣៧០ កន្លែងដែលមានស្រប់។ ទន្ទឹងនឹងនោះ ខេត្តពន្លឿនល្បឿនដំណើរការគម្រោងផ្គត់ផ្គង់ទឹកជនបទបន្ទាន់ ដំណាក់កាល ២០២៦​-២០២៨ នៅ​ឃុំ​បៀនបាច់ ខាញ់ឡឹម និងខាញ់អាង ដោយទ្រង់ទ្រាយបម្រើប្រជាជនប្រមាណ ៧.០០០ គ្រួសារ។ ចំពោះតំបន់ប្រជាជនរស់នៅរាយប៉ាយ ដែលមិនទាន់តភ្ជាប់បំពង់ រដ្ឋអំណាចភូមិភាគនឹងរៀបចំបាសាំងស្តុកទឹក ចាត់តាំងដឹកជញ្ជូនទឹកបណ្តោះអាសន្ន សហការអំពាវនាវប្រភពកម្លាំងទូទាំងសង្គម និងមូលនិធិការពារគ្រោះធម្មជាតិ ដើម្បីឧបត្ថម្ភទាន់ពេលវេលាដល់ប្រជាជនមុនពេលឈានដល់ចំណុចកំពូលនៃរដូវប្រាំង។

ចាប់ពីការព្យាករណ៍រហូតដល់សកម្មភាព ខេត្តកាម៉ាវកំពុងសន្សឹមៗប្រែពីភាពបាត់ម្ចាស់ការទប់ទប់មកម្ចាស់ការស៊ាំនឹងបាតុភូត El Nino។ ការអនុវត្តនូវវិធានការព្រមៗគ្នា ចាប់ពីដឹកនាំការផលិត គ្រប់គ្រងប្រភពទឹក រហូតដល់ការធានាសុខុមាលភាពសង្គម មិនត្រឹមតែដើម្បីបន្ថយការខូចខាតក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧ ប៉ុណ្ណោះទេ ថែមទាំងបង្កមូលដ្ឋានគ្រឹះដើម្បីភូមិភាគកសាងខឿនកសិកម្មជីវស្ថាន ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍដោយចីរភាពទៀតផង៕

យ្វីអាញ - វិមាន

ចែករំលែកអត្ថបទ