ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2026 - 19:39

ម្ចាស់ការថែទាំសុខភាពសិស្សានុសិស្សចាប់ពីដើមឆ្នាំសិក្សា 

ឈានចូលឆ្នាំសិក្សា ២០២៦-២០២៧ ខេត្តអាងយ៉ាង បានអនុវត្តការពិនិត្យសុខភាពចាប់ពីដើមឆ្នាំសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សចំណេះទូទៅ ដើម្បីរកឃើញទាន់ពេលនូវបញ្ហាសុខភាព និងលើកកម្ពស់ប្រសិទ្ធ​ភាពនៃការថែទាំសុខភាពក្នុងសាលារៀន។ តាមរយៈនោះ រួមចំណែកការពារ លើកកម្ពស់សុខភាពកុមារ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ឆ្នាំសិក្សាប្រកប​ដោយ​សុវត្ថិភាពនិងប្រសិទ្ធភាព។

ខេត្តអាងយ៉ាង អនុវត្តការពិនិត្យសុខភាពដើមឆ្នាំសិក្សា ២០២៦ - ២០២៧។

អនុវត្តសារលិខិតលេខ ៣៦៣៩/UBND-KGVX ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ស្តីពីការចាត់តាំងត្រួតពិនិត្យ និងពិនិត្យសុខភាពដើមឆ្នាំសិក្សាឱ្យកុមារមត្តេយ្យ និងសិស្សចំណេះទូទៅ ឆ្នាំសិក្សា ២០២៦​- ២០២៧ មន្ទីរអប់រំនិងបណ្តុះបណ្តាល បានសហការជាមួយមន្ទីរសុខាភិបាល និងគណៈកម្មាធិការប្រជាជនបណ្តាភូមិភាគ ប្រញាប់អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ការអនុវត្តត្រូវធានាលក្ខខណ្ឌ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ការទទួលខុសត្រូវ ច្បាស់ពេលវេលា និងច្បាស់លទ្ធផល។ សកម្មភាពនេះមានអត្ថន័យជាក់ស្តែងក្នុងការថែទាំសុខភាពក្នុងសាលារៀន។ មិនត្រឹមតែជួយវាយតម្លៃស្ថានភាពសុខភាពរបស់សិស្សប៉ុណ្ណោះទេ ថែមទាំងរួមចំណែករកឃើញទាន់ពេលនូវបញ្ហាសុខភាព ជំងឺក្នុងសាលារៀន ឬសញ្ញាដែលត្រូវតាមដាន ផ្តើមពីនោះ បង្កលក្ខណៈឱ្យគ្រួសារ សាលារៀន និងផ្នែកសុខាភិបាលសហការគ្នាថែទាំសុខភាពប្អូនៗ។

តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត ផ្នែកសុខាភិបាលមានភារកិច្ចត្រៀមកម្លាំងបុគ្គលិក គ្រឿងបរិក្ខារជំនួយផ្នែកមុខជំនាញ ដើម្បីឱ្យការពិនិត្យអនុវត្តមានគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ណែនាំការតភ្ជាប់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យពិនិត្យសុខភាពដាក់ទៅក្នុងគេហទំព័រទិន្នន័យសុខភាពរបស់ក្រសួងសុខាភិបាល។ បណ្តាភូមិភាគណែនាំគ្រឹះស្ថានអប់រំឱ្យសហការជិតស្និទ្ធជាមួយផ្នែកសុខាភិបាល​ ត្រៀមបម្រុងលក្ខណៈចាំបាច់ដើម្បីអនុវត្តការពិនិត្យសុខភាព។ មន្ទីរអប់រំនិងបណ្តុះបណ្តាលមានភារកិច្ចបូកសរុបបញ្ជីឈ្មោះបណ្តាគ្រឹះស្ថានអប់រំមត្តេយ្យ និងចំណេះទូទៅលើភូមិឋានខេត្តផ្ញើទៅក្រសួងសុខាភិបាលតាមបទបញ្ញត្តិ។

អនុវត្តតាមកិច្ចចង្អុលការរបស់ខេត្ត ដំណាក់សុខាភិបាលឃុំ​ចូវថាញ់ បានរៀបចំផែនការសហការជាមួយគ្រឹះស្ថានអប់រំនានាដើម្បីអនុវត្តការពិនិត្យសុខភាពឱ្យសិស្ស ឆ្នាំសិក្សា ២០២៦​-២០២៧។ ទិសដៅគឺធានាឱ្យសិស្ស ១០០% បានពិនិត្យសុខភាពតាមកាលកំណត់ ព្រមទាំងបង្កើត និងគ្រប់គ្រងសំណុំឯកសារសុខភាពអេឡិចត្រូនិកតាមបទបញ្ញត្តិ។ តាមផែនការ លទ្ធផលពិនិត្យសុខភាពរបស់សិស្សបានធ្វើបច្ចុប្បន្នភាពសព្វគ្រប់ចូលក្នុងសំណុំឯកសារគ្រប់គ្រងសុខភាព និងសម្រេចរួចរាល់ការងារពិនិត្យសុខភាព មុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦។

ដំណាក់សុខាភិបាលឃុំចូវថាញ ចាត់តាំងការពិនិត្យសុខភាពដល់សិស្ស។

អ្នកស្រី ត្រឹងធីយីមមី នាយករងដំណាក់សុខាភិបាល​ឃុំ​ចូវថាញ់ បានឱ្យដឹង៖ “ឆ្នាំសិក្សានេះ នៅលើភូមិឋានឃុំ មានសិស្សជាង ១០.០០០ នាក់ នៅទីតាំងសាលារៀនចំនួន ៦ កន្លែង ចូលរួមការពិនិត្យសុខភាពចាប់ពីថ្ងៃទី ១៤ ដល់ ២៥ ខែកញ្ញា ឆ្នាំ ២០២៦។ ដំណាក់សុខាភិបាលឃុំបានសហការជាមួយសាលារៀននានាដើម្បីពិនិត្យបញ្ជីឈ្មោះ រៀបចំកាលវិភាគពិនិត្យឱ្យសមស្រប ចាត់តាំងបុគ្គលិក ថ្នាំពេទ្យ សម្ភារៈនិងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីធានាឱ្យដំណើរការពិនិត្យប្រព្រឹត្តទៅដោយរលូននិងមានសុវត្ថិភាព”។

ទន្ទឹមនឹងដំណាក់សុខាភិបាល គ្រឹះស្ថានអប់រំនានា ក៏បានម្ចាស់ការសហការឯកភាពលើកាលវិភាគពិនិត្យ ត្រៀមបម្រុងមូលដ្ឋានសម្ភារៈ និងលក្ខណៈចាំបាច់ផ្សេងៗ បង្កលក្ខណៈងាយស្រួលឱ្យសិស្សបានចូលរួមគ្រប់សព្វ។ សាលារៀនក៏បានផ្សព្វផ្សាយដល់អាណាព្យាបាលសិស្សអំពីអត្ថន័យនៃការពិនិត្យសុខភាពតាមកាលកំណត់។ តាមរយៈនោះ លើកកម្ពស់ស្មារតីម្ចាស់ការក្នុងការថែទាំសុខភាពជូនប្អូនៗ។ លោកយ័ញភឿក អ្នកមានប្រិយភាពនៅភូមិមិញតឹង បានចែករំលែក៖ “ការពិនិត្យសុខភាពនៅដើមឆ្នាំសិក្សាជាការងារជាក់ស្តែង ជួយឱ្យអាណាព្យាបាលដឹងពីស្ថានភាពសុខភាពរបស់កូនចៅខ្លួនដើម្បីមានទិសដៅថែទាំសមស្រប។ នៅ​ពេលសាលារៀន និងដំណាក់សុខាភិបាលចាត់តាំងការពិនិត្យ ខ្ញុំក៏បានផ្សព្វផ្សាយ ចលនាប្រជាជនឱ្យនាំកូនចៅមកចូលរួមឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺ គ្រួសារដែលមានជីវភាពលំបាកខ្វះខាត ដើម្បីឱ្យកុមារបានពិនិត្យសុខភាពទាន់ពេលវេលា”។

បន្ទាប់ពីពិនិត្យសម្រេចរួចរាល់ លទ្ធផលនឹងបានធ្វើបច្ចុប្បន្នភាពចូលក្នុងកម្មវិធីគ្រប់គ្រង និងសំណុំឯកសារសុខភាពអេឡិចត្រូនិករបស់សិស្ស។ នេះជាមូលដ្ឋានគ្រឹះដើម្បីផ្នែកសុខាភិ​បាល និងសាលារៀនតាមដានស្ថានភាពសុខភាពរបស់ប្អូនៗ អនុវត្តការបែងប្រភេទ ប្រឹក្សាការបង្ការជំងឺ និងណែនាំបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើចំពោះករណីចាំបាច់ ព្រមទាំងបន្តគ្រប់គ្រងសុខភាពក្រោយពេលពិនិត្យ។

ផ្តើមពីគោលការណ៍រួមរបស់ខេត្ត រហូតដល់ការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន ការងារពិនិត្យសុខភាពដើមឆ្នាំសិក្សាកំពុងរួមចំណែកលើកកម្ពស់គុណភាពថែទាំសុខភាពក្នុងសាលារៀន។ តាមរយៈនោះ ជួយរកឃើញទាន់ពេល តាមដាន និងគ្រប់គ្រងបញ្ហាសុខភាពរបស់សិស្សា​នុសិស្ស បង្កមូលដ្ឋានគ្រឹះដើម្បីឱ្យប្អូនៗស្ងប់ចិត្តក្នុងការសិក្សារៀនសូត្រ លត់ដំនិងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ៕

ហុងទើ-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ