08/09/2026 - 14:07

ថែរក្សាអត្តសញ្ញាណម្ហូបអាហារប្រពៃណីខ្មែរ 

ចាប់​ពី​ឆ្នាំង​ទឹក​សម្ល​បញ្ឆេះ​ភ្លើង​តាំង​ពី​ម៉ោង​ ៣ ទៀប​ភ្លឺ​ នំ​បញ្ចុក​ទឹក​សម្ល​នៅ​ភូមិ​លិច​ក្ដី​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​ជា​ម្ហូប​អា​ហារ​ដែល​អ្នក​ភូមិ​និង​អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ស្គាល់​និង​ពេញ​និយម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​គ្រួ​សារ​ជា​ច្រើន​។ រស​ជាតិ​ប្រ​ហុក​ ខ្ជាយ​ ស្លឹកគ្រៃ​និង​ត្រី​ស្រែ​ បាន​ចម្អិន​តាម​ចាស់​ទុំ​ពី​ដើម​មក​ ហើយ​បន្ត​រក្សា​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ​។

នំ​បញ្ចុក​ទឹក​សម្ល​ភូមិ​លិច​ក្ដី​ ទាក​ទាញ​ភ្ញៀវ​មក​ពិ​សា​នៅ​ពេល​ព្រឹក​។

មិន​ទាន់​ដល់​ម៉ោង​ ៦ ព្រឹក​ផង​ ឆ្នាំង​ទឹក​សម្ល​នំ​បញ្ចុក​នៅ​ភូមិ​លិច​ក្ដី​ បាន​ហុយ​ផ្សែង​រួច​ទៅ​ហើយ​។ ក្លិន​ប្រ​ហុក​ លាយ​ជា​មួយ​ខ្ជាយ​និង​ស្លឹកគ្រៃ​ ទាក់​ទាញ​ភ្ញៀវ​ឱ្យ​ឈប់​ចូល​ភ្លក់​។ ផ្ដើម​ពី​មួយ​ ពីរ​គ្រួ​សារ​លក់​នំ​បញ្ចុក​នៅ​ពេល​ព្រឹក​ រហូត​មក​ដល់​បច្ចុប្បន្ន​ ភូមិ​លិច​ក្ដី​មាន​គ្រួ​សារ​ចំ​នួន​ ៥ ប្រ​កប​មុខ​របរ​នេះ​យ៉ាង​ជាប់​លាប់​។ ប្រហែល​ម៉ោង​ ៣ ទៀប​ភ្លឺ​ គ្រួ​សា​របង​ចូវ​កេង​ និង​បង​ស្រី​ត្រឹង​ធី​ស្បាន​ ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ការ​រៀប​ចំ​លក់​នំ​បញ្ចុក​ទឹក​សម្ល​។ បង​ចូវ​កេង​ ទៅ​ផ្សា​រនិង​រៀប​ចំ​គ្រឿង​ផ្សំ​ ខណៈ​ដែល​បង​ស្រី​ស្បាន​ ទទួល​បន្ទុក​ឆ្នាំង​ទឹក​សម្ល​និង​ឈរ​លក់​។ ចំ​ណែក​កូន​ៗជួយ​បម្រើ​ភ្ញៀវ​ លាង​ចាន​និង​ជួយ​មើល​ភ្លើង​ស្ល​ទឹក​សម្ល​។ ជា​រៀង​រាល់​ថ្ងៃ​ គ្រួ​សារ​នេះ​ចម្អិន​ទឹក​សម្ល​មួយ​ឆ្នាំង​ប្រ​មា​ណ​ ៦០ លី​ត្រ​ ប្រើ​នំ​បញ្ចុក​ប្រ​មា​ណ​ ៣៥ គី​ឡូ​ក្រាម​ និង​លក់​បាន​ប្រ​មា​ណ​ជាង​ ១០០ គោម​។ បន្លែ​សម្រាប់​បរិភោគ​ជា​មួយ​នំ​បញ្ចុក​ បាន​ទិញ​ពី​កសិ​ករ​ក្នុង​ភូមិ​។ ក្រោយ​ពី​ផាត់​ទាត់​រួច​ អា​ចរក​ប្រាក់​ចំ​ណេញ​បាន​ជាង​ ២០ លាន​ដុង​ក្នុង​មួយ​ខែ​ ក្លាយ​ជា​ប្រ​ភព​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​។ 

តាម​បង​ស្រី​ស្បាន​ រូប​មន្ត​ស្ល​ទឹក​សម្ល​បាន​បន្សល់​មក​ពី​ជី​ដូន​ជី​តា​។ ប្រ​ហុក​ក្រោយ​ពេល​ជ្រំ​រួច​ ត្រូវ​ដួស​ពពុះ​រហូត​ដល់​ទឹក​សម្ល​ឡើង​ថ្លា​។ ខ្ទឹម​ស ស្លឹកគ្រៃ​ ខ្ជាយ​និង​ម្ទេស​ត្រូវ​បុក​ឱ្យ​ម៉ត់​។ មួយ​ផ្នែក​យក​ទៅ​បំ​ពង​ឱ្យ​ឈ្ងុយ​ ខណៈ​ផ្នែក​មួយ​ទៀត​បុក​ជា​មួយ​សាច់​ត្រី​។ គ្រប់​ដំ​ណាក់​កាល​សុទ្ធ​តែ​ត្រូវ​ការ​បទ​ពិសោធន៍​ ដើម្បី​ឱ្យ​ទឹក​សម្ល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ល្មម​និង​មិន​ក្លិន​ឆ្អាប​ត្រី​។ បង​ស្រី​ស្បាន​ ចែក​រំលែក​៖ "នំ​បញ្ចុក​ឆ្ងាញ់​ ក្រៅ​ពី​បន្លែ​ស្រស់​ ទឹក​សម្ល​គឺ​ជា​ផ្នែក​សំ​ខាន់​បំ​ផុត​។ ត្រូវ​ចេះ​ផ្សំ​រស​ជាតិ​ ដើម្បី​រក្សា​រស​ជាតិ​ពិ​សេស​របស់​ប្រ​ហុក​ ខ្ជាយ​និង​សាច់​ត្រី​"។ ប្រហែល​ម៉ោង​ ៦ កន្លះ​ព្រឹក​ភ្ញៀវ​នឹង​ចាប់​ផ្តើម​មក​ជា​ហូរ​ហែ​។ សម្រាប់​បង​ស្រី​ស្បាន​ រស​ជាតិ​ប្រ​ពៃ​ណី​គឺ​ជា​ចំ​ណុច​សំ​ខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ ប៉ុន្តែ​ដើម្បី​ឱ្យ​ភ្ញៀវ​ត្រ​ឡប់​មក​វិញ​ ក៏​ត្រូវ​ចេះ​ស្តាប់​មតិ​របស់​ពួក​គាត់​ផង​ដែរ​។ បង​ស្រី​ តែង​សាក​សួរ​ភ្ញៀវ​ថា​តើ​រស​ជាតិ​ទឹក​សម្ល​ល្មម​ឬ​អត់​ ដើម្បី​កែ​សម្រួល​ការ​ចម្អិន​ឱ្យ​សម​នឹង​ចំ​ណង់​ចំ​ណូល​ចិត្ត​ភ្ញៀវ​។ បង​ស្រី​ មាន​ប្រ​សាសន៍​៖ "យើង​ត្រូវ​ដឹង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ភ្ញៀវ​ ហើយ​ត្រូវ​សាក​សួរ​ពួក​គាត់​។ ក្រៅ​ពី​រក្សា​រស​ជាតិ​ពិ​សេស​ យើង​ត្រូវ​ចេះ​ស្តាប់​ផង​ ទើប​ភ្ញៀវ​ត្រ​ឡប់​មក​វិញ​"។

 

បង​ស្រី​ត្រឹង​ធី​ស្បាន​ កំ​ពុង​ចាប់​នំ​បញ្ចុក​បម្រើ​ជូន​ភ្ញៀវ​។

លោ​កថា​ច់ធៀង នៅ​កូវ​កែ​ ដែល​ធ្លាប់​ធ្វើ​ជា​ចុង​ភៅ​អា​ជីព​អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​នៅ​សណ្ឋា​គារ​មួយ​ក្នុង​ទី​ក្រុង​ហូជី​មិញ​ រាល់​ពេល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ តែង​ឆៀង​ចូល​ហូប​នំ​បញ្ចុក​ទឹក​សម្ល​ភូមិ​លិច​ក្ដី​។ លោក​ធៀង វាយ​តម្លៃ​៖ "នំ​បញ្ចុក​ទឹក​សម្ល​នៅ​ទី​នេះ​ មាន​ក្លិន​ឈ្ងុយ​របស់​ខ្ជាយ​ រស​ជាតិ​ឆ្ងាញ់​ និង​មិន​ក្លិន​ត្រី​"។ មិន​ត្រឹម​តែ​អ្នក​ដែល​ស្គាល់​និង​ចូល​ចិត្ត​ម្ហូប​អា​ហារ​ប៉ុណ្ណោះ​ទេ​ អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ភូមិ​លិច​ក្ដី​ជា​ច្រើន​ ក៏​បាន​ទាក់​ទាញ​ដោយ​ក្លិន​ឈ្ងុយ​ពិ​សេស​ពី​ឆ្នាំង​ទឹក​សម្ល​។ លោក​ង្វៀង​វ៉ាំង​ឡា​ នៅ​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​ថា​ រាល់​ពេល​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទីវ​កឹង​ លោក​តែង​តែ​ស្វែង​រក​កន្លែង​នេះ​ ដើម្បី​ពិ​សា​នំ​បញ្ចុក​ទឹក​សម្ល​។  លោក​និយាយ​៖ "គ្រាន់​តែ​ក្លិន​ប្រ​ហុក​និង​ខ្ជាយ​ ក៏​មាន​អា​រម្មណ៍​ចង់​ហូប​ទៅ​ហើយ​"។

ក្នុង​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​នេះ​ នៅ​ពេល​ដែល​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៦០ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ប្រ​ជា​ជន​មួយ​ចំ​នួន​ដែល​មាន​ផ្ទះ​នៅ​តាម​ដង​ផ្លូវ​ បាន​ចាប់​ផ្តើម​ប្រ​កប​មុខ​របរ​លក់​នំ​បញ្ចុក​ទឹក​សម្ល​។ ពី​ដំ​បូង​មាន​តែ​គ្រួ​សារ​មួយ​ពីរ​គ្រួ​សារ​ប៉ុណ្ណោះ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ នៅ​ភូមិ​លិច​ក្ដី​មាន​ ចំ​នួន​៥ គ្រួ​សារ​បាន​ប្រ​កប​របរ​នេះ​យ៉ាង​ជាប់​លាប់​។ លោក​កៀង​ភឿង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​លិច​ក្ដី​ បាន​ឱ្យ​ដឹង​ របរ​លក់​នំ​បញ្ចុក​ទឹក​សម្ល​មិន​ត្រឹម​តែ​បំ​ពេញ​តម្រូវ​ការ​ហូប​ចុក​របស់​ប្រ​ជា​ជន​ និង​អ្នក​ដំ​ណើរ​ឆ្លង​កាត់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​បង្ក​ការ​ងារ​ និង​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​ជា​ច្រើន​។ តាម​ប្រ​សាសន៍​លោក​ភឿង ហាង​នំ​បញ្ចុក​ទឹក​សម្ល​គឺ​ជា​មុខ​របរ​តូច​មួយ​ ប៉ុន្តែ​មាន​ទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ ហើយ​ក៏​រួម​ចំ​ណែក​ថែ​រក្សា​រស​ជាតិ​ម្ហូប​ប្រ​ពៃ​ណី​របស់​ភូមិ​ភាគ​។ លោក​ភឿង ឱ្យ​ដឹង​៖ "មុខ​របរ​នេះ​ ទោះ​បី​ជា​មាន​ការ​លំ​បាក​និង​ត្រូវ​ក្រោក​ពី​ព្រលឹម​ក៏​ដោយ​ ប៉ុន្តែ​ប្រ​សិន​បើ​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​មុខ​របរ​ក៏​នៅ​តែ​អា​ចរក​បាន​ចំ​ណូល​លំ​នឹង​។ ចំ​ណុច​ពិ​សេស​នោះ​គឺ​ នំ​បញ្ចុក​ទឹក​សម្ល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ស្និទ្ធ​ស្នាល​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​មា​មីង​ ហើយ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់​"។

ចូវ​ឡង់​ឌី រួម​ជា​មួយ​គ្រួ​សារ​រក្សា​មុខ​របរ​លក់​នំ​បញ្ចុក​ទឹក​សម្ល​ប្រ​ពៃ​ណី​។

សម្រាប់​បង​ស្រី​ស្បាន​ ការ​រក្សា​មុខ​របរ​នេះ​ ដំ​បូង​គឺ​ត្រូវ​រក្សា​បាន​របៀប​ស្ល​ដែល​ជី​ដូន​ជី​តា​បាន​បន្សល់​ទុក​។ ប្រ​ការ​ដែល​ធ្វើ​ឱ្យ​បង​ស្រី​មាន​ក្តី​សប្បាយ​ចិត្ត​ជាង​នេះ​ គឺ​អ្វី​ដែល​បង​ស្រី​បាន​រៀន​ចេះ​មក​ពី​ចាស់​ទុំ​ជំ​នាន់​មុន​ ឥ​ឡូវ​នេះ​មាន​អ្នក​បន្ត​វេន​។ កន្លង​មក​ធ្លាប់​ទៅ​រក​ស៊ី​នៅ​ឆ្ងាយ​ ប្អូន​ចូវ​ឡង់​ឌី បាន​ត្រ​ឡប់​មក​ជួយ​ឪ​ពុក​ម្តាយ​ លក់​នំ​បញ្ចុក​ទឹក​សម្ល​។ ថ្មី​ៗនេះ​ ឡង់​ឌី បាន​ទទួល​បន្ទុក​ដោយ​ផ្ទាល់​ក្នុង​ការ​ស្ល​ទឹក​សម្ល​ ដែល​ជា​ដំ​ណាក់​កាល​សំ​ខាន់​ក្នុង​ការ​រក្សា​រស​ជាតិ​ពិ​សេស​របស់​នំ​បញ្ចុក​ទឹក​សម្ល​ក្នុង​គ្រួ​សារ​។ ការ​ត្រ​ឡប់​វិល​មក​របស់​ប្អូន​ឡង់​ឌី បាន​ធ្វើ​ឱ្យ​បង​ស្រី​ស្បាន​  កាន់​តែ​មាន​ភាព​ជឿ​ជាក់​ថា​ មុខ​របរ​របស់​គ្រួ​សារ​នឹង​មាន​អ្នក​បន្ត​វេន​។  "ខ្ញុំ​សប្បាយ​ចិត្ត​ ព្រោះ​ក្រៅ​ពី​រក​បាន​ប្រាក់​ចំ​ណូល​ យើង​ក៏​អាច​រក្សា​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ ពេល​ភ្ញៀវ​សរ​សើ​រថា​ឆ្ងាញ់​ ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ត​ធ្វើ​ និង​បន្ត​បង្រៀន​ដល់​កូន​ចៅ​នៅ​ថ្ងៃ​ក្រោយ​" បង​ស្រី​ស្បាន​ បាន​បង្ហាញ​ក្តី​រំភើប​ចិត្ត​ដូច្នេះ​។

ផ្ដើម​ពី​ឆ្នាំង​ទឹក​សម្ល​បញ្ឆេះ​ភ្លើង​តាំង​ពី​ម៉ោង​ ៣ ទៀប​ភ្លឺ​ នំ​បញ្ចុក​ទឹក​សម្ល​ភូមិ​លិច​ក្ដី​បាន​ក្លាយ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​រួម​ចំ​ណែក​អភិ​រក្ស​ផ្នែក​មួយ​នៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី​ខ្មែរ​។ រូប​មន្ត​ដែល​ជី​ដូន​ជី​តា​បាន​បន្សល់​ទុក​ ត្រូវ​បាន​ឪ​ពុក​ម្តាយ​ថែ​រក្សា​ ហើយ​បន្ត​ផ្ទេរ​ទៅ​កូន​ៗដែល​បន្ត​មុខ​របរ​។ រៀង​រាល់​ព្រឹក​ នៅ​ពេល​ក្លិន​ឈ្ងុយ​ប្រ​ហុក​និង​ខ្ជាយ​ ផាតតាម​ជំនោរ​ខ្យល់​ជា​មួយ​ផ្សែង​ពី​ឆ្នាំង​ទឹក​សម្ល​នៅ​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​ ៦០ ធ្វើ​ឱ្យ​នំ​បញ្ចុក​ទឹក​សម្ល​នៅ​ភូមិ​លិច​ក្ដី​ មិន​ត្រឹម​តែ​នាំ​មក​នូវ​រស​ជាតិ​នៃ​ស្រុក​កំ​ណើត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណើរ​រឿង​នៃ​មុខ​របរ​មួយ​ដែល​បាន​បន្ត​ថែ​រក្សា​នៅ​ក្នុង​គ្រួ​សារ​ ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​មុខ​របរ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​៕

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ