សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូទីក្រុងកឹងធើ មិនត្រឹមតែជាមូលដ្ឋានអប់រំមួយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្សអត្តសញ្ញាណវប្បធម៌ និងបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់ជនជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុងទៀតផង។ ឈានចូលឆ្នាំសិក្សា ២០២៦ - ២០២៧ បរិយាកាសរៀនសូត្រនៅក្នុងសាលានាំមកនូវលំហូរនៃបរិយាកាសថ្មីមួយ ជាមួយទិសដៅរវៀសរវៃ ភាពម្ចាស់ការច្នៃប្រតិដ្ឋក្នុងការងារអប់រំ និងស្មារតីសង្វាតរៀនសូត្ររបស់សមណសិស្សគ្រប់អង្គ។
ម្ចាស់ការផ្លាស់ថ្មី រវៀសរវៃពីសំណាក់សាលារៀន
នៅក្នុងផ្ទាំងគំនូរអប់រំចម្រុះពណ៌សម្បុររបស់ទីក្រុងកឹងធើ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូតែងរក្សាបាននូវតួនាទី ជាកន្លែងបួសរៀន និងហ្វឹកហាត់របស់ព្រះសង្ឃខ្មែររាប់រយអង្គនិមន្តមកពីខេត្តក្រុងនានាក្នុងតំបន់។ គោលបំណងធំបំផុតរបស់សាលាគឺដើរទន្ទឹមគ្នារវាងការបំប៉នចំណេះដឹងវប្បធម៌ទូទៅ និងអភិរក្ស ពង្រីកតម្លៃវប្បធម៌ ភាសាជាតិ។
ឆ្នាំសិក្សា ២០២៦ - ២០២៧ សាលាបានទទួលសមណសិស្សចំនួន ១៧០ អង្គ ចែកចេញជា ៦ ថ្នាក់រៀន រួមមានថ្នាក់ទី៖ ៦, ៨, ១០, ១១ និង ១២។ ក្រោយពីសំឡេងទូងស្គរ បើកបវេសនកាលបន្លឺឡើង ក៏ជាពេលដែលថ្នាក់រៀនចាប់ផ្តើមដំណើរការផងដែរ។ នៅថ្នាក់រៀនដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ខ្មែរទាំងនេះ សមណសិស្សមិនត្រឹមតែទទួលបានកម្មវិធីអប់រំទូទៅដូចសិស្សានុសិស្សដទៃទៀតប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះបណ្តាលស៊ីជម្រៅលើនិរុត្តិសាស្រ្តខ្មែរ និងភាសាបាលីផងដែរ។
ការគួបផ្សំរវាងបង្ហាត់បង្រៀនចំណេះដឹងវិទ្យាសាស្ត្រ និងភាសាជាតិ ទាមទារឱ្យមានការខិតខំប្រឹងប្រែងមួយយ៉ាងខ្លាំងពីសំណាក់កងជួរកម្មាភិបាល គ្រូបង្រៀន។ ចាប់ពីថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី ថ្នាក់ដឹកនាំសាលាបានរៀបចំផែនការបង្ហាត់បង្រៀនយ៉ាងរវៀសរវៃ ច្បាមភាពជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់កម្រិតភាសាបាលី ហ្វឹកហាត់និរុត្តិសាស្ត្រខ្មែរ និងធានាគុណភាពចំណេះដឹងទូទៅសម្រាប់សិក្ខាកាមផង។ ភាពខុសគ្នាមួយក្នុងចំណោមភាពខុសគ្នាដ៏ធំបំផុតរបស់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បើប្រៀបធៀបនឹងសាលាអនុវិទ្យាល័យ និងវិទ្យាល័យដទៃទៀតលើភូមិឋាន គឺក្របខណ្ឌពេលវេលាឆ្នាំសិក្សា។ ដោយសារលក្ខណៈពិសេសផ្នែកសាសនា និងវប្បធម៌ កាលវិភាគសិក្សារបស់សមណសិស្សត្រូវតែកែសម្រួលយ៉ាងប៉ិនប្រសប់ដើម្បីឱ្យស្របគ្នាទៅនឹងពិធីបុណ្យប្រពៃណីជាតិសំខាន់ៗរបស់ជនរួមជាតិខ្មែរ។
ចែករំលែកអំពីការងារចាត់តាំងឆ្នាំសិក្សាថ្មី លោកគ្រូ - ថាច់សុង ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “ចំពោះសាលាមធ្យមសិក្សាបំពេញវីជ្ជាបាលីណាមបូ មុនថ្ងៃបើកបវេសនកាល យើងខ្ញុំបានបើកឆ្នាំសិក្សាមុនមួយសប្តាហ៍បើប្រៀបធៀបនឹងសាលាចំណេះទូទៅដទៃទៀត។ មូលហេតុគឺមកពីសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មានថ្ងៃឈប់សម្រាកបុណ្យទានច្រើន ដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក។ល។” ការបើកបវេសនកាលមុនកាលកំណត់ជួយសាលាម្ចាស់ការលើពេលវេលា ធានាការផ្ទេរចំណេះដឹងបានពេញលេញដោយមិនប៉ះពាល់ដល់សកម្មភាពសាសនា ជំនឿរបស់សមណសិស្សដែលកំពុងសិក្សានៅនឹងសាលាឡើយ។
មិនត្រឹមតែរវៀសរវៃលើពេលវេលាប៉ុណ្ណោះទេ ឆ្នាំសិក្សា ២០២៦ - ២០២៧ ក៏បានំណត់សម្គាល់ភាពផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់សាលាក្នុងការធ្វើសមាហរណកម្មជាមួយការផ្លាស់ថ្មីនៃវិស័យអប់រំទូទាំងប្រទេស។ ពិសេស ទោះបីជាសាលាដែលមានលក្ខណៈពិសេសដោយឡែកក៏ដោយ ប៉ុន្តែសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នៅតែបង្ហាញពីភាពនាំមុខក្នុងការអនុវត្តបច្ចេកវិទ្យាក្នុងការវាយតម្លៃគុណភាពរៀនសូត្រដែរ។ លោកគ្រូ ថាច់សុង - ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹងបន្ថែម៖ “ឆ្នាំនេះ យោងតាមគោលការណ៍របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល គឺនឹងធ្វើការសាកល្បងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិក្នុងបន្ទប់កុំព្យូទ័រ ហើយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបានត្រៀមខ្លួនរួចជាស្រេចចុះឈ្មោះជាមួយទីក្រុងកឹងធើ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសាកល្បងលើកុំព្យូទ័រដល់សមណសិស្ស”។ ប្តេជ្ញាចិត្តនេះបង្ហាញយ៉ាងច្បាស់អំពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់គណៈកម្មការនាយកសាលាក្នុងការបំប៉នដល់សមណសិស្ស មិនត្រឹមតែចំណេះដឹងក្នុងសៀវភៅប៉ុណ្ណោះទេ ថែមទាំងជំនាញព័ត៌មានវិទ្យា សមត្ថភាព សមស្របទៅនឹងសម័យកាលឌីជីថលទៀតផង។
ស្មារតីត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មីរបស់សមណសិស្ស

.bmp)
សមណសិស្សគ្រប់អង្គយកចិត្តទុកដាក់រៀនសូត្រក្នុងថ្នាក់។
ការយកចិត្តទុកដាក់យ៉ាងដិតដល់ពីថ្នាក់ដឹកនាំសាលា និងការអស់ពីចិត្តបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បានបំផុសស្មារតីប្តេជ្ញាចិត្តរបស់សមណសិស្សគ្រប់អង្គ។ ឈានចូលក្នុងម៉ោងរៀនភាសាខ្មែរ ឬម៉ោងរៀនវប្បធម៌ បរិយាកាសផ្តោតអារម្មណ៍ និងស្មារតីចង់ចេះចង់ដឹងតែងមានវត្តមានរាល់ថ្នាក់រៀន។ ព្រះតេជព្រះគុណ យ័ញហាវ សមណសិស្សមួយអង្គទើបតែចូលរៀនថ្នាក់ទី ៦ ចែករំលែក៖ “ឆ្នាំនេះគឺជាឆ្នាំដំបូងដែលអាត្មាភាពចូលរៀនថ្នាក់ទី ៦ នៅសាលា អាត្មាភាពនឹងខិតខំរៀនសូត្រដើម្បីប្រឡងជាប់គ្រប់មុខវិជ្ជា និងបន្តការសិក្សានៅឆ្នាំបន្តបន្ទាប់ទៀត”។
ក្នុងពេលនោះ នៅឯបន្ទប់រៀនរបស់សមណសិស្សថ្នាក់ទី ១២ បរិយាកាសរៀនសូត្រមានលក្ខណៈយ៉ាងហ្មត់ចត់។ នេះគឺជាឆ្នាំសិក្សាដែលមានលក្ខណៈជារបត់ ដែលសម្រេចជោគវាសនាអនាគតរបស់សិក្ខាកាម។ “ចំពោះអាត្មាភាព ឆ្នាំរៀនថ្នាក់ទី ១២ គឺជាឆ្នាំមានសារៈសំខាន់បំផុតដើម្បីត្រៀមខ្លួនសម្រាប់បន្តដំណើរលើផ្លូវសិក្សាកម្រិតខ្ពស់ជាងនាពេលអនាគត” - ព្រះតេជព្រះគុណ យ័ញធី សមណសិស្សថ្នាក់ទី ១២ មានថេរដីកាដូច្នេះ។ ការចែករំលែកដ៏ស្មោះត្រង់ទាំងនោះ គឺជាភស្តុតាងច្បាស់លាស់សម្រាប់ស្មារតីខ្លួនពីពឹងខ្លួន និងសេចក្តីប្រាថ្នាឆ្ពោះទៅរកកម្រិតសិក្សាខ្ពស់ជាងរបស់សមណសិស្សគ្រប់អង្គ។
ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមជាផ្លូវការនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ប្រកបដោយភាពរីករាយ និងមានក្តីសង្ឃឹម។ ភាពរវៀសរវៃ ហ្មត់ចត់ និងចក្ខុវិស័យផ្លាស់ថ្មីរបស់គណៈចាងហ្វាង កងជួរគ្រូបង្រៀន គួបផ្សំជាមួយប្រពៃណីសង្វាតរៀនសូត្រ និងស្មារតីក្រឹត្យវិន័យរបស់សមណសិស្សចំនួន ១៧០ អង្គ សន្យាថានឹងនាំមកនូវឆ្នាំសិក្សា ២០២៦ - ២០២៧ ទទួលផ្លែផ្កាច្រើនជាមិនខាន៕
ថាញហ៊ុង - លីសៀ