ព្រះសង្ឃមួយអង្គអនុវត្តល្អទាំងផ្លូវលោកនិងផ្លូវធម៌ ដំបូងគឺព្រះអង្គរក្សាខ្ជាប់ធម៌វិន័យ ដោយទឹកព្រះទ័យករុណា និងរស់នៅក្នុងសតិសម្បជញ្ញៈគ្រប់កាយវិការ វាចា និងទឹកព្រះទ័យ។ ព្រះអង្គសាងផ្នួសមិនត្រឹមតែស្វែងរកក្តីសុខសាន្តសម្រាប់ព្រះអង្គផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសេចក្តីក្សេមក្សាន្ត ការយល់ដឹងនិងសេចក្តីស្រឡាញ់ជូនដល់ពុទ្ធបរិស័ទទៀតផង។ នោះគឺព្រះតេជព្រះគុណ ស៊ើងង៉ុកហា ព្រះចៅអធិការវត្តព្រីងព្រំមង្គល (អម្ពប់) ភូមិលេខ ១០ ឃុំអាងឡាកថូង ទីក្រុងកឹងធើ។

ព្រះតេជព្រះគុណ ស៊ើងង៉ុកហា ព្រះចៅអធិការវត្តព្រីងព្រំមង្គល ភូមិលេខ ១០ ឃុំអាងឡាកថូង គង់ប្រជុំពិភាក្សាជាមួយគណៈកម្មការវត្ត។
ឆ្នាំ ១៩៩០ ដោយបានឪពុកម្តាយនាំចូលវត្តពោធិ៍ខ្សាច់ ឃុំកេសាត់ ដើម្បីបួសរៀន ដោយភាពឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រធម៌អាថ៌។ ឆ្នាំ ២០២០ ព្រះតេជព្រះគុណ បានការឯកភាពពីគណៈកម្មការវត្ត និងមាមីងពុទ្ធបរិស័ទវត្តព្រីងព្រំមង្គល ភូមិលេខ ១០ ឃុំអាងឡាកថូង តែងតាំងជាព្រះចៅអធិការវត្តរហូតមកទល់បច្ចុប្បន្ន។ ព្រះតេជព្រះគុណ ស៊ើងង៉ុកហា មានថេរដីកា៖ “វត្តបានកសាងឡើងនៅឆ្នាំ ១៨៤៣ ឆ្លងកាត់ការជួសជុលកែលម្អជាច្រើនឆ្នាំដំបូងឡើយវត្តគ្រាន់តែចាក់ដីលុបទីធារប៉ុណ្ណោះ អស់ថវិកាប្រមាណ ២ ពាន់លានដុង ព្រោះពីមុនមក ពេលរដូវវស្សាទឹកឡើងលិចដល់ព្រះវិហារ ជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រជុំជីវកិច្ច។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់សុទ្ធតែមានសភាពទ្រុឌទ្រោម អាស្រ័យដោយស្មារតីសាមគ្គីរបស់ព្រះសង្ឃ និងគណៈកម្មការវត្ត បានចលនាពុទ្ធបរិស័ទ សប្បុរសជនចូលរួមវិភាគទាន ចាប់តាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ដើម្បីសាងសង់សំណង់នានាក្នុងវត្តឱ្យកាន់តែធំទូលាយ ដូច៖ កសាងព្រះពុទ្ធបដិមាកម្ពស់ ២៧ ម៉ែត្រ ជាមួយថវិកា ២,៥ ពាន់លានដុង; ព្រះពុទ្ធបដិមានិព្វាន ទទឹង ១៥ ម៉ែត្រ ប្រវែង ៤២ ម៉ែត្រ ជាមួយថវិកាប្រមាណ ៤ ពាន់លានដុង; កុដិប្រមាណ ៨០០ លានដុង; សាលាឆាន់ប្រមាណ ៣ ពាន់លានដុង និងសំណង់ផ្សេងៗទៀតប្រមាណ ១ ពាន់លានដុង ដែលបានមកពីមាមីងពុទ្ធបរិស័ទជិតឆ្ងាយរួមវិភាគទានកសាង”។ ដោយបានដឹងថា ក្រៅពីកសាងសំណង់ផ្សេងៗក្នុងវត្ត ព្រះតេជព្រះគុណ ស៊ើងង៉ុកហា ថែមទាំងចលនាមាមីងពុទ្ធបរិស័ទគិតគូរដល់ការបួសរៀនរបស់ព្រះសង្ឃ។ ទន្ទឹមនឹងនោះ ស្ថាបត្យកម្មដ៏វិសេសវិសាលដែលដិតដាមអត្តសញ្ញាណរបស់វត្ត ព្រះអង្គតែងដឹកនាំក្រើនរំលឹកជាងឱ្យរចនានូវក្បូរក្បាច់ដោយផ្ចិតផ្ចង់ និងឆ្លាក់រូបសត្វមួយចំនួនដូច៖ នាគ, គ្រុឌ, រាជសីហ៍, សត្វពស់ ៧ ក្បាល, សត្វមករ និងរូបតំណាងឱ្យឆ្នាំទាំង ១២ ផង។
លោកឡឹមស៊ើង ប្រធានគណៈកម្មការវត្ត ឱ្យដឹង៖ “វត្តកសាងបានធំទូលាយដូចសព្វថ្ងៃនេះ គឺអាស្រ័យការគ្រប់គ្រងរបស់ព្រះតេជព្រះគុណ ស៊ើងង៉ុកហា ដោយបានមាមីងពុទ្ធបរិស័ទ និងគណៈកម្មការវត្តជឿទុកចិត្ត និងមានការគោរពកោតក្រែង ព្រោះព្រះតេជព្រះគុណបានកសាងសំណង់ជាច្រើនដែលគូរប្លង់ដោយព្រះអង្គផ្ទាល់។ ព្រះតេជព្រះគុណ តែងរក្សាទឹកព្រះទ័យស្រគត់ស្រគំ មិនលើសខ្វះ មិនវិវាទ ទទួលយកយោបល់និងមានអធ្យាស្រ័យល្អ។ ពេលជួបការងាយស្រួល មិនអំនួត; ពេលជួបស្ថានភាពលំបាក មិនស្តីបន្ទោស។ ការរស់នៅដោយភាពសាមញ្ញ ស្មោះត្រង់និងបរិសុទ្ធ ព្រះអង្គគឺជាព្រះសង្ឃមួយអង្គដែលគួរឱ្យគោរពនិងជាគំរូសម្រាប់អ្នកគ្រប់រូបយកតម្រាប់តាម”។
ព្រះតេជព្រះគុណ ស៊ើងង៉ុកហា អនុវត្តល្អទាំងផ្លូវ លោកទាំងផ្លូវធម៌ គឺជាអង្គដែលចេះគួបផ្សំរវាងការបួសរៀន និងការបម្រើសាសនា។ ជាព្រះសង្ឃមួយអង្គ ដែលអស់ពីព្រះទ័យជាមួយពុទ្ធបរិស័ទ និងវត្តអារាម ទង្វើដោយស្ងៀមស្ងាត់របស់ព្រះអង្គនឹងបណ្តុះនូវគ្រាប់ពូជសប្បុរសទៅក្នុងចិត្តមនុស្សគ្រប់រូប។ នោះគឺជាភាពបរិសុទ្ធនៃអ្នកបួស ដោយយកព្រះទ័យករុណាធ្វើជាមូលដ្ឋានគ្រឹះ យកការបម្រើជាក្តីរីករាយ និងយកសុភមង្គលរបស់សត្វលោកធ្វើជាសេចក្តីថ្លៃថ្នូរ៕
ដាលីន-មេងលី