នៅភូមិវ៉ថាញវ៉ាំង ឃុំកូវឡាវយុង តម្លៃវប្បធម៌ខ្មែរកំពុងបានថែរក្សាផ្តើមពីទង្វើសាមញ្ញៗ។ លោកយឿងវ៉ាងអ៊ុក កំពុងព្យាយាមបង្ហាត់បង្រៀនអក្សរខ្មែរដល់ក្មេងៗ ចំណែកអ្នកស្រីឡឹមថាញហ្វា ជួយបង្ហាត់របាំប្រពៃណីដោយអស់ពីចិត្ត។ ដោយក្តីស្រឡាញ់និងការប្តេជ្ញាចិត្តដូចគ្នា ប្តីប្រពន្ធគាត់កំពុងរួមកម្លាំងយ៉ាងស្ងៀមស្ងាត់ ដើម្បីរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ខ្មែរនិងធ្វើឱ្យរីកសាយភាយក្នុងសហគមន៍។

ប្តីប្រពន្ធលោកយឿងវ៉ាំងអ៊ុកនិងអ្នកស្រីឡឹមថាញហ្វា មានការប្ដេជ្ញាចិត្តក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ។
កើតនិងធំដឹងក្តីក្នុងសហគមន៍ជនរួមជាតិខ្មែរ លោកយឿងវ៉ាំងអ៊ុក យល់ឃើញថាភាសា អក្សរសាស្ត្រគឺជាផ្នែកមួយដ៏សំខាន់បង្កើតបាននូវអត្តសញ្ញាណរបស់ជនជាតិនីមួយៗ។ ហេតុនេះ ចាប់ពីឆ្នាំ២០២៥ បន្ទាប់ពីបានកម្មាភិបាលភូមិឧទ្ទេសនាមចូលបង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរនៅភូមិភាគ។ ក្រោយសម្រាកពីការងារស្រែចម្ការ គាត់ឆ្លៀតពេលទៅបង្រៀនអក្សរខ្មែរដល់ក្មេងៗ។ សម្រាប់គាត់ ការបង្រៀនអក្សរមិនត្រឹមតែជួយឱ្យប្អូនៗចេះអាន ចេះសរសេរប៉ុណ្ណោះទេ ថែមទាំងជួយប្អូនៗស្រឡាញ់ភាសានិងវប្បធម៌របស់ជាតិខ្លួន។លោកយឿងវ៉ាំងអ៊ុក ឱ្យដឹង៖ "ខ្ញុំជាជនជាតិខ្មែរ ត្រូវចេះអក្សរនិងភាសាខ្មែរ។ខ្ញុំក៏ជួយបង្រៀនអក្សរដល់ក្មេងៗ ដើម្បីឱ្យប្អូនៗបានចេះអក្សរនិងភាសាកំណើត។ ខ្ញុំសង្ឃឹមថា អាណាព្យាបាលសិស្សក៏យកចិត្តទុកដាក់ បង្កលក្ខណៈឱ្យប្អូនៗបានចូលរៀនអក្សរខ្មែរ ដើម្បីឱ្យវប្បធម៌របស់ជាតិយើងបានអភិរក្សនិងពង្រីកបន្ថែមទៀត"។

លោកយឿងវ៉ាំងអ៊ុក ព្យាយាមបង្រៀនអក្សរខ្មែរដល់ប្អូនៗនៅភូមិភាគ។
មិនសំខាន់ទៅលើស្នាដៃ គាត់ព្យាយាមតស៊ូជាមួយថ្នាក់រៀនដោយភាពជិតស្និទ្ធនិងមានការទទួលខុសត្រូវរបស់រៀមច្បង។ ពិតមែនការសរសេរអក្សរខ្មែរដំបូងនៅក្រវិចក្រវៀន ប៉ុន្តែនៅរាល់ពេលសិក្សា ក្តីស្រឡាញ់ចំពោះភាសានិងអក្សរសាស្ត្រខ្មែរ បានកើនឡើងបន្តិចម្តងៗ។ បងថាច់សេណា ប្រជាជននៅភូមិវ៉ថាញវ៉ាំង បញ្ជាក់៖ "បងអ៊ុកអស់ពីចិត្តចំពោះការងាររួមរបស់មាមីង។ក្រៅពីគិតគូរធ្វើសេដ្ឋកិច្ចគ្រួសារ គាត់នៅទាំងឆ្លៀតពេលទៅបង្រៀនអក្សរខ្មែរដល់ក្មេងៗ ចូលរួមយ៉ាងសកម្មការងារវត្តនិងឧបត្ថម្ភក្រុមទូក-ង។ ទង្វើរបស់គាត់គួរឱ្យកោតសរសើរ រួមចំណែកថែរក្សាវប្បធម៌ប្រពៃណីនិងបង្កភាពសាមគ្គីរវាងមាមីងខ្មែរក្នុងភូមិ"។
ប្រសិនបើលោកអ៊ុកជ្រើសបង្រៀនអក្សរដើម្បីរក្សាវប្បធម៌ ចំណែកអ្នកស្រីឡឹមថាញហ្វា ប្រពន្ធគាត់បែរជាជ្រើសបង្ហាត់របាំប្រពៃណី។ ក្នុងនាមជាប្រធានក្លឹបរបាំខ្មែររបស់សាខាសមាគមនារីភូមិវ៉ថាញវ៉ាំង អ្នកស្រីហ្វា បានផ្សារភ្ជាប់នឹងសកម្មភាពវប្បធម៌ សិល្បៈរបស់ភូមិភាគជាច្រើនឆ្នាំកន្លង។ដោយការស្រឡាញ់ចូលចិត្តសិល្បៈរបាំប្រពៃណីរបស់ជនជាតិខ្មែរ អ្នកស្រីហ្វា បានជួយបង្ហាត់របាំដល់ប្អូនៗដោយអស់ពីចិត្ត តាំងពីកាយវិការហូតដល់ពត់ពែនតាមចង្វាក់របាំ។ សម្រាប់អ្នកស្រី នៅពេលហ្វឹកហាត់ម្តងៗមិនត្រឹមតែជួយប្អូនៗ មានសកម្មភាពបន្ថែមសម្រាប់សួនកម្សាន្តដ៏មានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដើម្បីរបាំប្រពៃណីបន្តបង្ហាញវត្តមាននៅក្នុងជីវភាពសហគមន៍ទៀតផង។ ជាពិសេស បច្ចុប្បន្ន អ្នកស្រីហ្វានៅទាំងបើកទូលាយការបង្ហាត់របាំដល់ប្អូនៗក្នុងភូមិ។ កាយវិកាដំបូងមិនទាន់ស្ទាត់ ប៉ុន្តែឆ្លងតាមការហ្វឹកហាត់រាល់លើក ប្អូនៗបានយល់បន្តិចម្តងៗពីលក្ខណៈវិសេសនៃរបាំប្រពៃណី។ អ្នកស្រីឡឹមថាញហ្វា ចែករំលែក៖ "យើងជាជនជាតិខ្មែរ ដូច្នេះ ចង់ថែរក្សារបាំប្រពៃណីរបស់ជនជាតិ"។ ពីមុន ខ្ញុំបង្ហាត់របាំដល់ប្អូននារីក្នុងសាខាសមាគមនារី ឥឡូវនេះ ខ្ញុំពង្រីកដល់ក្មេងៗ។ ខ្ញុំសង្ឃឹមថាក្មេងៗបន្ទាប់ពីចេះរាំ ពួកគេកាន់តែយល់ច្បាស់អំពីវប្បធម៌ខ្មែរ ជួយថែរក្សានិងបន្តបង្រៀនដល់យុវវ័យជំនាន់ក្រោយ"។

អ្នកស្រីឡឹមថាញហ្វា កំពុងបង្ហាត់របាំដល់យុវវ័យជំនាន់ក្រោយដោយអស់ពីចិត្ត។
ប្អូនគីមធីញ៉ឺង៉ុក នៅភូមិវ៉ថាញវ៉ាំង រៀបរាប់៖ "ប្អូនសប្បាយចិត្តខ្លាំងណាស់ ពេលបានចូលរួមក្លឹបរបាំខ្មែរ និងបានអ្នកមីងហ្វា ជួយណែនាំដោយអស់ពីចិត្ត។ តាមរយៈការហ្វឹកហាត់ យើងខ្ញុំបានរៀននិងកាន់តែយល់ច្បាស់ពីចង្វាក់រាំប្រពៃណីរបស់ជនជាតិខ្មែរ មានដូច៖ រាំវង់ សារាវ៉ាន់ ឡាំឡាវ។ល។បច្ចុប្បន្ន យើងខ្ញុំមានឱកាសទៅសម្តែងសិល្បៈរបាំនៅក្នុងវត្តនិងកសិដ្ឋានអប្សរា ដូច្នេះ កាន់តែមានឱកាសបានហ្វឹកហាត់និងមានភាពជឿជាក់លើខ្លួនឯង ព្រមទាំងបានយល់ច្បាស់ពីវប្បធម៌របស់ជនជាតិខ្លួន"។
មិនត្រឹមតែបង្រៀនអក្សរនិងរបាំប៉ុណ្ណោះទេ ប្តីប្រពន្ធគាត់នៅទាំងខ្នះខ្នែងចូលរួមសកម្មភាពក្នុងវត្ត។ គ្រួសារគាត់រួមជាមួយមាមីងចលនា រួមវិភាគទានសាងសង់សំណង់បម្រើការប្រជុំជីវភាពសហគមន៍ ដូចជា៖ សាលា របងនិងជួរសំណង់សំខាន់ៗជាច្រើនទៀត។ ជាពិសេស នៅរាល់រដូវកាលប្រណាំងទូករបស់វត្តកោះទុង។ ចាប់តាំងពីការរួមវិភាគទាន ដើរចលនា រហូតដល់ការឧបត្ថម្ភសកម្មភាពហាត់សម ប្តីប្រពន្ធគាត់តែងចូលរួមអស់ពីចិត្ត។លោកយឿងវ៉ាំងអ៊ុក ឱ្យដឹង៖ "ទូកវត្តកោះទុងតែងចូលប្រកួតជារៀងរាល់ឆ្នាំ មាមីងអ្នកណាមានលទ្ធភាពក៏រួមវិភាគទានម្នាក់បន្តិចៗ។ គ្រួសារខ្ញុំចង់រួមកម្លាំងដើម្បីក្រុមកីឡាករទូក ងមានលក្ខណៈបន្ថែមសម្រាប់ហាត់សមនិងអុំប្រណាំង។ នេះជាសកម្មភាពកីឡានិងជាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូច្នេះ យើងត្រូវព្រួតដៃថែរក្សា"។
អ្នកស្រី ង្វៀងធីតឺយ ប្រធានសមាគមសហព័ន្ធនារីឃុំកូវឡាវយុង ឱ្យដឹង៖ "គ្រួសារលោកយឿងវ៉ាំងអ៊ុក ខ្នះខ្នែងចូលរួមបណ្តាចលនានៅភូមិភាគ ពិសេសគឺក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ។ លោកអ៊ុកបង្រៀនអក្សរដល់ក្មេងៗ បងស្រីហ្វារក្សាក្លឹបរបាំខ្មែរនិងបង្ហាត់របាំដល់ក្មេងៗ។ ប្រការនេះគួរឱ្យស្ងើចសរសើរ ប្តីប្រពន្ធគាត់ខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសកម្មភាពចូលរួមការងារសហគមន៍ ការងារវត្តអារាមនិងឧបត្ថម្ភក្រុមកីឡាករទូក ង។ ទង្វើទាំងនេះ បានរួមចំណែកធ្វើឱ្យសាយភាយស្មារតីសាមគ្គីនិងស្មារតីថែរក្សាវប្បធម៌ខ្មែរក្នុងសហគមន៍"។
ផ្តើមពីទង្វើទាំងនេះ វប្បធម៌ខ្មែរបានបន្តបង្រៀនជាហូរហែមក ពីអ្នកវ័យចាស់ដល់ក្មេងៗ ពីគ្រួសារដល់សហគមន៍។ រឿងរ៉ាវរបស់ប្តីប្រពន្ធលោកយឿងវ៉ាំងអ៊ុកនិងអ្នកស្រីឡឹមថាញហ្វា បង្ហាញឱ្យឃើញថា ពេលគ្រួសារនីមួយៗព្រួតដៃគ្នា តម្លៃវប្បធម៌ប្រពៃណីនឹងរស់រានជានិច្ច ដើម្បីអភិរក្ស ពង្រីកនិងរីកសាយភាយពីមួយជំនាន់ទៅមួយជំនាន់៕
ហុងទើ-មុនី