នៅព្រឹកថ្ងៃទី៤ ខែកញ្ញា សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង ខេត្តវិញឡុង មានបរិយាកាសអ៊ូអររីករាយ ខណៈសិស្សានុសិស្សបានវិលត្រឡប់មកសាលារៀនវិញ។ សិស្សានុសិស្សបានចូលថ្នាក់រៀន រៀបចំសណ្តាប់ធ្នាប់ និងរួមជាមួយគ្រូបង្រៀនសម្អាតបន្ទប់រៀន បរិវេណសាលា ដើម្បីត្រៀមលក្ខណៈសម្រាប់ថ្ងៃបើកបវេសនកាល។
តាំងពីព្រឹកព្រលឹម បរិវេណសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង មានភាពអ៊ូអរជាងថ្ងៃធម្មតា។ បន្ទាប់ពីរដូវវិស្សមកាល សិស្សានុសិស្សបានវិលត្រឡប់មកសាលាវិញ ដោយទឹកមុខសប្បាយរីករាយនិងមានអារម្មណ៍រំភើប។ សម្រាប់សិស្សមួយចំនួនដែលទើបចូលរៀននៅសាលាអន្តេវាសិកលើកដំបូង ហាក់នៅមានអារម្មណ៍ថ្មោងថ្មីមិនទាន់ស៊ាំ ទោះជាយ៉ាងនេះក៏ដោយ ប្អូនៗនឹងបានឆាប់សម្របខ្លួននៅពេលបានជួបគ្រូបង្រៀននិងមិត្តភក្តិ។ រួមជាមួយគ្រូបង្រៀន សិស្សានុសិស្សបានចូលរួមបោសសម្អាតបន្ទប់រៀន សម្អាតបរិវេណសាលា រៀបចំតុកៅអី និងថែរក្សាបរិស្ថានជុំវិញសាលាឱ្យមានសោភណភាព។ សិស្សម្នាក់ៗទទួលធ្វើការងារផ្សេងៗគ្នា តាមរយៈនោះ ប្អូនៗមិនត្រឹមតែបានស្គាល់និងសម្របខ្លួនជាមួយបរិយាកាសថ្មីប៉ុណ្ណោះទេ ថែមទាំងចាប់ផ្តើមបង្កើតទម្លាប់និងសណ្តាប់ធ្នាប់ក្នុងការរស់នៅជាក្រុម។ សម្រាប់សិស្សអន្តេវាសិក ការងារសាមញ្ញទាំងនេះ ក៏ជាមេរៀនអំពីភាពម្ចាស់ការលើខ្លួនឯងនិងការទទួលខុសត្រូវ ជួយឱ្យប្អូនៗចេះផ្តួចផ្តើមធ្វើការងារនិងចេះចែករំលែកការងារជាមួយសមូហភាព។
ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សាលាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង មានសិស្សសរុប ៤៨៦ នាក់ សិក្សានៅ ១៤ បន្ទប់។ សាលាមានសំណង់សំខាន់ៗ រួមមាន អគារសិក្សា បន្ទប់មុខវិជ្ជា អន្តេវាសិកដ្ឋាន អាហារដ្ឋាន និងសំណង់ផ្សេងៗសម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់សិស្សានុសិស្ស។ អន្តេវាសិកដ្ឋានរបស់សាលាមាន ៧២ បន្ទប់ អាចឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅ និងហូបចុករបស់សិស្សានុសិស្ស។ មុនពេលឈានចូលឆ្នាំសិក្សាថ្មី បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានបោសសម្អាត រៀបចំឱ្យមានសណ្តាប់ធ្នាប់ និងត្រៀមលក្ខណៈដើម្បីឱ្យសិស្សានុសិស្សអាចសម្រាកសិក្សាប្រកបដោយស្ថិរភាព។ ចំណែកផ្ទះបាយសមូហភាពរបស់សាលា ក៏បានត្រៀមរៀបចំរួចជាស្រេច ដើម្បីបម្រើអាហារប្រចាំថ្ងៃឱ្យសិស្សានុសិស្ស។

សិស្សានុសិស្សរួមគ្នាសម្អាតបរិវេណសាលា រួមចំណែកបង្កបរិយាកាសសិក្សាបៃតង ស្អាត និងត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី។
លោកគ្រូគឹមវ៉ាំងសែន ចាងហ្វាងរងសាលា បានឱ្យដឹង ការងារត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី ត្រូវបានអនុវត្តតាំងពីដំណាក់កាលដំបូង ដោយផ្តោតលើការធានាសន្តិសុខ សុវត្ថិភាព អនាម័យនៅតំបន់អន្តេវាសិកដ្ឋាន និងការរៀចំសណ្តាប់ធ្នាប់សម្រាប់សិស្សានុសិស្សឱ្យបានល្អប្រសើរ។ សាលាបានសហការចាត់តាំងពិនិត្យសុខភាពសិស្សនៅដើមឆ្នាំសិក្សា និងអនុវត្តសកម្មភាពថែទាំសុខភាពសិស្ស។ ក្រៅពីការធានាលក្ខណៈនៃការស្នាក់នៅនិងការហូបចុក សកម្មភាពជាក្រុម ការលំហាត់ប្រាណ ការអប់រំបំណិនជីវិត និងបំណិនម្ចាស់ការលើខ្លួនឯងត្រូវបានបន្តអនុវត្តជាប្រចាំ ដើម្បីជួយឱ្យសិស្សានុសិស្សសម្របខ្លួនបានល្អជាមួយជីវភាពរស់នៅឆ្ងាយពីគ្រួសារ។
ប្អូនថាច់ខាញ់បាំង សិស្សថ្នាក់ ទី១១A១ បានឱ្យដឹង ក្នុងអំឡុងពេលសម្រាកវិស្សមកាល ប្អូនបានឆ្លៀតពេលជួយឪពុកម្តាយមើលហាងលក់ដូរ កាត់ស្មៅនិងមើលថែហ្វូងគោ។ ពេលត្រឡប់មកចូលរៀនវិញ ប្អូនមានអារម្មណ៍សប្បាយរីករាយដោយបានជួបលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី។ "ប្អូនឃើញលោកគ្រូ អ្នកគ្រូ បានត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់។ បន្ទប់រៀន អន្តេវាសិកដ្ឋាន និងអាហារដ្ឋានស្អាតបាត និងមានសណ្តាប់ធ្នាប់ល្អ។ ប្អូនមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានត្រឡប់មកចូលរៀនវិញ ហើយប្អូននឹងខិតខំរៀនសូត្រឱ្យបានល្អជាងមុន" ខាញ់បាំង បានចែករំលែកដូច្នេះ។

បន្ទប់រៀនត្រូវបានបោសជូតសម្អាត និងរៀបចំយ៉ាងមានរបៀបរៀបរយមុន
ចូលឆ្នាំសិក្សាថ្មី។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង មានអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ១០០% ហើយមានសិស្សទទួលបានលទ្ធផលជាសិស្សពូកែថ្នាក់ខេត្តចំនួន ៣ នាក់។ លទ្ធផលនេះ បានបង្កជាកម្លាំងចលករនិងជំរុញឱ្យសាលាបន្តលើកកម្ពស់គុណភាពអប់រំ ពិសេសគឺការអប់រំឈានមុខ។ ឈានចូលឆ្នាំសិក្សា ២០២៦-២០២៧ សាលាបន្តកំណត់គោលដៅរក្សាសាលាសម្រេចបទដ្ឋានជាតិកម្រិត ២ ព្រមទាំងបន្តលើកកម្ពស់គុណភាពអប់រំនិងកសាងបរិស្ថានអប់រំមួយដែលមានសុវត្ថិភាពនិងវិជ្ជមាន។
តាមប្រសាសន៍លោកគ្រូ ថាច់ថាញហ្វាង ចាងហ្វាងសាលា បានឱ្យដឹង ក្នុងឆ្នាំសិក្សានេះ សមូហភាពថ្នាក់ដឹកនាំ គ្រូបង្រៀននិងបុគ្គលិករបស់សាលា បានកំណត់លើប្រធានបទ៖ "ផ្លាស់ថ្មីផ្នត់គំនិត - ផ្លាស់ប្តូរយ៉ាងខ្លាំងក្លា - លទ្ធផលជាក់ស្តែង"។ សាលានឹងបន្តអនុវត្តកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨ ឱ្យមានប្រសិទ្ធភាព; ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ការធ្វើតេស្ត និងការវាយតម្លៃ ព្រមទាំងលើកកម្ពស់ភាពសកម្ម ភាពម្ចាស់ការ និងការច្នៃប្រតិដ្ឋរបស់សិស្ស។ ទន្ទឹមនឹងនោះ សាលានឹងជំរុញការផ្លាស់ប្ដូរឌីជីថល សិក្ខាគារិកឌីជីថល ការអប់រំសមត្ថភាពឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិតឱ្យសមស្របក្នុងការបង្រៀននិងរៀន។ ការអប់រំសីលធម៌ បំណិនជីវិត ស្មារតីគោរពវិន័យ និងសមត្ថភាពរស់នៅម្ចាស់ការលើខ្លួនឯង ក៏បានសាលាយកចិត្តទុកដាក់ពិសេសផងដែរ។ លោកគ្រូ ថាច់ថាញហ្វាង ចែករំលែក៖ "យើងខ្ញុំចង់បំផុសឱ្យប្អូនៗឈានឆ្ពោះទៅមុខ ប៉ប្លែងលំបាកឱ្យទៅជាកម្លាំងចិត្តសម្រាប់ការសិក្សា។ សេចក្តីរីករាយរបស់សិស្សានុសិស្ស នៅពេលត្រឡប់មកចូលរៀនវិញ ក៏ជាសេចក្តីរីករាយរបស់លោកគ្រូ អ្នកគ្រូ។ យើងខ្ញុំនឹងបន្តរួមដំណើរដើម្បីឱ្យប្អូនៗមានទំនុកចិត្តក្នុងការសិក្សានិងអភិវឌ្ឍន៍ខ្លួន"។
ចាប់ពីការងារសាមញ្ញៗ ដែលសិស្សានុសិស្សបានចូលរួមអនុវត្តនៅថ្ងៃទី៤ ខែកញ្ញា រហូតដល់ការត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់លើការសិក្សា ការស្នាក់នៅ ការហូបចុកនិងជីវភាពប្រចាំថ្ងៃ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង បានត្រៀមលក្ខណៈរួចរាល់សម្រាប់ឈានចូលឆ្នាំសិក្សាថ្មី ដោយប្តេជ្ញាបន្តលើកកម្ពស់គុណភាពអប់រំ និងរួមដំណើរជាមួយសិស្សានុសិស្សលើដំណើរឆ្ពោះទៅរកការរីកចម្រើន៕
ពេជ្រ សឿន