ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី ២ កញ្ញា កន្លង ប្រជាជនយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងតំបន់វប្បធម៌ បានបង្កនូវបរិយាកាសយ៉ាងពុះពោរនៅទូទាំងខេត្តកាម៉ាវ។ ចាប់ពីចំណុចចុងប៉ូចខាងត្បូងនៃប្រទេស រហូតដល់តំបន់ទេសចរណ៍ជីវស្ថាន ទីលានមជ្ឈមណ្ឌល និងកន្លែងកម្សាន្តវប្បធម៌ ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពវប្បធម៌យ៉ាងពិសេសៗទៀតផង។ ការកើនឡើងភ្ញៀវយ៉ាងគំហុកនេះ បញ្ជាក់ពីកម្លាំងទាក់ទាញកាន់តែខ្លាំងរបស់កាម៉ាវលើផែនទីទេសចរណ៍។
យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តកាម៉ាវ ក្នុងរយៈពេល ៥ ថ្ងៃនៃការឈប់សម្រាកបុណ្យ (ចាប់ពីថ្ងៃទី ២៩ សីហា ដល់ថ្ងៃទី ២ កញ្ញា) ខេត្តកាម៉ាវទាំងមូលទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនា កម្សាន្ត និងលម្ហែកាយប្រមាណ ២១០.៤៣០ នាក់ កើនឡើង ៧៤,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ៣.៨៩០ នាក់ ចំណូលសរុបសម្រេចបានប្រមាណ ២៥០ ពាន់លានដុង កើនឡើង ៩៨,៤%។

ទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបាឡុងហោះ ខេត្តកាម៉ាវ បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកកម្សាន្ត។
ក្នុងដំណើរកម្សាន្តនៅខេត្តកាម៉ាវ តំបន់ទេសចរណ៍ដីជ្រោយ បន្តជាទីតាំងលេចធ្លោ ដោយទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៣៤.០០០ លើកនាក់ ក្នុងឱកាសបុណ្យ។ រីឯបណ្តាទីតាំងទេសចរណ៍សហគមន៍នៅតំបន់ដីជ្រោយ ក៏ទាក់ទាញភ្ញៀវបានជាង ១៣.០០០ នាក់ដែរ។ មិនត្រឹមតែមានផលិតផលទេសចរណ៍បែបធម្មជាតិ និងការស្វែងយល់តំបន់ចុងប៉ូចខាងត្បូងនៃមាតុភូមិប៉ុណ្ណោះទេ សកម្មភាពវប្បធម៌ ពាណិជ្ជកម្ម និងកម្សាន្តជាច្រើននៅតំបន់មជ្ឈមណ្ឌលក៏បង្កបានកម្លាំងទាក់ទាញយ៉ាងធំផងដែរ។ ផ្សារណាត់ពាណិជ្ជកម្ម ម្ហូបអាហារ OCOP នៅឧទ្យានថាញ់នៀង ទាក់ទាញភ្ញៀវបានជាង ១១.០០០ នាក់ ចំណែកទីលានផាងង៉ុកហៀង ទទួលស្វាគមន៍ភ្ញៀវប្រមាណ ៩.២០០ នាក់។ ពិសេស នៅទីលានហុងវឿង និងកន្លែងជិតៗនោះ ដែលជាកន្លែងសម្ដែងបង្ហាញបាឡុងហោះ ជួបជុំបេតិកភណ្ឌវប្បធម៌អរូបីបណ្តាតំបន់ និងសកម្មភាពផ្សព្វផ្សាយរបរធ្វើអំបិល គឺទាក់ទាញភ្ញៀវបានប្រមាណ ១៧.២០០ នាក់។
ទន្ទឹមនឹងនោះ បណ្តាទីតាំងទេសចរណ៍ធម្មជាតិ ដូចជា៖ ឧទ្យានជាតិអ៊ូមិញហា រមណីយដ្ឋានទេសចរណ៍ស៊ុងត្រែម បឹងធីតឿង ហឿងត្រាម ខាយឡុង កោះដាបាក... ក៏បានកត់ត្រាចំនួនភ្ញៀវកើនឡើងខ្ពស់ផងដែរ។ បងស្រីង្វៀងធីមិញត្រាង ភ្ញៀវទេសចរអញ្ជើញមកពីទីក្រុងហូជីមិញ បានចែករំលែក៖ “ខ្ញុំធ្លាប់បានឮច្រើនអំពីខេត្តកាម៉ាវ ប៉ុន្តែលុះត្រាតែបានមកដល់ទីនេះផ្ទាល់ ទើបខ្ញុំទស្សនាបានពេញលេញនូវសម្រស់ដីចុងប៉ូចខាងត្បូងមាតុភូមិ។ ធម្មជាតិនៅរក្សាភាពដើម ប្រជាជនរាក់ទាក់ ម្ហូបអាហារសម្បូរបែប និងមានសកម្មភាពវប្បធម៌ជាច្រើនសម្រាប់ឆ្លងបទពិសោធន៍។ ទីតាំងកម្សាន្តនីមួយៗសុទ្ធសឹងបន្សល់អារម្មណ៍ពិសេស នេះជាដំណើរទេសចរណ៍ដ៏អស្ចារ្យ ខ្ញុំនឹងត្រឡប់មកវិញនៅពេលក្រោយទៀតពុំខាន”។

ភ្ញៀវទេសចរអញ្ជើញមកទស្សនាភូមិគ្រឹះកូនសេដ្ឋីបាកលីវ។
មិនត្រឹមតែបងស្រី មិញត្រាង ប៉ុណ្ណោះទេ ក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិ ២ កញ្ញា ភ្ញៀវទេសចររាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានស្វែងរកមកកាន់ខេត្តកាម៉ាវ ដើម្បីស្វែងយល់តំបន់ដីចុងប៉ូចខាងត្បូង។ បណ្តាមណ្ឌលរមណីយដ្ឋានទេសចរណ៍ កេរដំណែលប្រវត្តិសាស្ត្រ លំហវប្បធម៌ និងសកម្មភាពឆ្លងបទពិសោធន៍នានា សុទ្ធតែមានភាពអ៊ូអរ បង្កើតជារូបភាពរស់រវើកសម្រាប់វិស័យទេសចរណ៍របស់ភូមិភាគ។ យោងតាម លោកលីវីទ្រីវយឿង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តកាម៉ាវ បានឱ្យដឹងថា ដើម្បីជំរុញតម្រូវការ និងបង្កើតចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរ ខេត្តបានម្ចាស់ការរៀបចំចង្កោមព្រឹត្តិការណ៍វប្បធម៌ កីឡា ប្រកបដោយទ្រង់ទ្រាយធំក្នុងឱកាសបុណ្យនេះ។ អ្វីដែលលេចធ្លោនោះគឺ កម្មវិធីសិល្បៈ និងការអុជកាំជ្រួចអបអរសាទរខួប ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងបុណ្យជាតិ ២ កញ្ញា; ទិវាបុណ្យវប្បធម៌បេតិកភណ្ឌ និងពិធីបុណ្យបាឡុងហោះខេត្តកាម៉ាវ លើកទី ១ ឆ្នាំ ២០២៦ ព្រមទាំងការប្រឡងដើរ "រួមដំណើរជាមួយវៀតណាមឈានឡើង" ដែលមានអ្នកចូលរួមប្រមាណ ២០.០០០ នាក់។ បង្កើតបានបរិយាកាសអ៊ូអរ និងរួមចំណែកផ្សព្វផ្សាយរូបភាពខេត្តកាម៉ាវប្រកបដោយថាមវន្ត និងពោរពេញដោយអត្តសញ្ញាណ។ លោកលីវីទ្រីវយឿង បានអះអាង៖ “ការត្រៀមរៀបចំយ៉ាងហ្មត់ចត់អំពីហេដ្ឋារចនាសម្ព័ន្ធ គុណភាពសេវាកម្ម រួមជាមួយកម្រងផលិតផលឆ្លងបទពិសោធន៍ថ្មីៗ បានជួយឱ្យខេត្តកាម៉ាវអះអាងនូវរូបភាពជាទីតាំងកម្សាន្តប្រកបដោយសុវត្ថិភាព រាក់ទាក់ ស្និទ្ធស្នាល និងទាក់ទាញ បង្កសម្ទុះលោតផ្លោះសម្រាប់វិស័យទេសចរណ៍ភូមិភាគក្នុងបណ្តាខែចុងឆ្នាំ ២០២៦”។
ចរន្តភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកកាន់តំបន់ចុងប៉ូចខាងត្បូងនៃមាតុភូមិក្នុងឱកាសបុណ្យទាន មិនត្រឹមតែនាំមកនូវតួលេខកំណើនគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់ពីកម្លាំងទាក់ទាញកាន់តែខ្លាំងក្លារបស់ខេត្តកាម៉ាវ។ តាមរយៈការវិនិយោគយ៉ាងហ្មត់ចត់ ផលិតផលឆ្លងបទពិសោធថ្មីៗ ព្រមទាំងអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួន កាម៉ាវកំពុងបើកទូលាយទ្វារស្វាគមន៍ភ្ញៀវទេសចរ ឆ្ពោះដល់ការកសាងរូបភាពទីតាំងទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល ទាក់ទាញ និងសម្បូរដោយការឆ្លងពិសោធ៕
យ្វីអាញ - ថាច់ធី