28/08/2026 - 20:02

ថ្នាក់​បង្រៀន​របាំ​ខ្មែរ​ឥត​គិត​ថ្លៃ​នៅ​សង្កាត់​មី​ស្វៀង​ 

 ក្នុង​រដូវ​វិស្សម​កាល​កន្លង​ហើយ​ កុមា​រា​កុមារី​ជាង​ ៣០ នាក់​ នៅ​សង្កាត់​មី​ស្វៀង​ មា​នទី​លាន​កម្សាន្ត​មួយ​ប្រ​កប​ដោយ​ប្រ​យោជន៍​ តាម​រយៈ​ថ្នាក់​រៀន​របាំ​ខ្មែរ​ឥត​គិត​ថ្លៃ​។ ថ្នាក់​រៀន​នេះ​ មិន​ត្រឹម​តែ​បង្ក​បរិស្ថាន​កម្សាន្ត​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​ក្នុង​ការ​ថែ​រក្សា​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ទៀត​ផង​។

កុមា​រា​កុមារី​កំ​ពុង​ហាត់​រាំ​។

រំលឹក​ឡើង​ពី​មូល​ហេ​តុ​នៃ​ការ​បើក​ថ្នាក់​រៀន​នេះ​ បង​ស៊ើង​មិញ​ទ្រី​ នៅ​មណ្ឌល​ដៃ​ង៉ៀថាំង​ សង្កាត់​មី​ស្វៀង​ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​មើល​តាម​បណ្តា​ញសង្គម​ Facebook ឃើញ​កុមារ​តូច​ៗតាម​វត្ត​អា​រាម​ ឬ​តាម​ភូមិ​ស្រុក​ រាំ​បាន​ស្អាត​ និង​ល្វត់ល្វន់​ ទើប​ចង់​ឱ្យ​ភូមិ​យើង​មាន​ក្មេង​ៗបាន​ជួប​ជុំ​គ្នា​រៀន​របាំ​ខ្មែរ​ដូច​គេ​ដែរ​”។ ផ្ដើម​ចេញ​ពី​គំ​និត​នេះ​ បង​ទ្រី​ បាន​ចុះ​ទៅ​តាម​ផ្ទះ​នីមួយៗ​ក្នុង​ភូមិ​ស្រុក​ ដើម្បី​កៀរ​គរ​ឪ​ពុក​ម្ដាយ​សិស្ស​ ឱ្យ​បញ្ជូន​កូន​ចៅ​មក​ចូល​រៀន​។ ទន្ទឹម​នឹង​នោះ​ ប្អូន​ថា​ច់ថាញ​ប៊ិញ គឺ​ជា​អ្នក​ទទួល​បន្ទុក​ណែ​នាំ​ និង​បង្ហាត់​បង្ហាញ​ក្បាច់​រាំ​ដោយ​ផ្ទាល់​។ អា​ស្រ័យ​ដោយ​ទឹក​ចិត្ត​ខ្នះ​ខ្នែង​ និង​ការ​លះ​បង់​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​អ្នក​ទាំង​ពីរ​ ថ្នាក់​រៀន​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ និង​មាន​សិស្ស​មក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ ចាប់​ផ្តើម​ដំ​បូង​មាន​កុមារ​ត្រឹម​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ បច្ចុប្បន្ន​ថ្នាក់​រៀន​មាន​សិស្ស​រហូត​ដល់​ ៣៤ នាក់​ ដែល​មាន​អាយុ​ចាប់​ពី​ ៧ ដល់​ ១៦ ឆ្នាំ​។ ថ្នាក់​រៀន​នេះ​ បាន​រៀប​ចំ​ឡើង​នៅ​ខាង​មុខ​ទី​លាន​អា​គារ​វប្ប​ធម៌​ភូមិ​ដៃ​ង៉ៀថាំង​ ជា​រៀង​រាល់​ពេល​រសៀល​។

ប្អូន​ថា​ច់ថាញ​ប៊ិញ កំ​ពុង​កែ​តម្រូវ​ក្បាច់​រាំ​ជូន​កុមារ​។

នៅ​ទី​នេះ​ កុមារ​តូច​ៗបាន​ហាត់​រៀន​ក្បាច់​រាំ​សាមញ្ញ​ៗ ដូច​ជា​ ចង្វាក់​សា​រ៉ា​វ៉ា​ន់ រាំ​វង់​ និង​ឆា​ឆា​ជា​ដើម​។ ការ​បង្រៀន​កុមារ​តូច​ៗទាម​ទារ​មាន​ភាព​អត់​ធ្មត់​ខ្ពស់​ ព្រោះ​ក្មេង​ៗចូល​ចិត្ត​លេង​ច្រើន​ និង​ឆាប់​ភ្លេច​ចង្វាក់​។ និយាយ​អំ​ពី​ដំ​ណើរ​ការ​បង្ហាត់​បង្រៀន​ ប្អូន​ថា​ច់ថាញ​ប៊ិញ នៅ​មណ្ឌល​តឹមកៀង​ សង្កាត់​មី​ស្វៀង​ បាន​ចែក​រំលែក​៖ “បង្រៀន​ក្មេង​ៗពិ​បាក​ជាង​មនុស្ស​ធំ​ ព្រោះ​ពួក​ប្អូន​ចូល​ចិត្ត​លេង​ច្រើន​ និង​ពិ​បាក​ចាំ​ក្បាច់​រាំ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ខិត​ខំ​អត់​ធ្មត់​កែ​តម្រូវ​បន្តិច​ម្តង​ៗ”។

មាន​សេច​ក្តី​រីក​រាយ​ពេល​ចូល​រួម​ថ្នាក់​រៀន​ កុមារ​ឡឹម​មិញ​ជី​ (អាយុ​ ១២ ឆ្នាំ​) នៅ​មណ្ឌល​ដៃ​ង៉ៀថាំង​ សង្កាត់​មី​ស្វៀង​ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​ចូល​ចិត្ត​មក​រៀន​ណាស់​ ព្រោះ​បាន​ជួប​ជុំ​និង​លេង​ជា​មួយ​មិត្ត​ភក្តិជា​ច្រើន​”។ ចំ​ណែក​ឯ​ឪ​ពុក​ម្ដាយ​សិស្ស​វិញ​ ក៏​បាន​គាំ​ទ្រ​ថ្នាក់​រៀន​នេះ​យ៉ាង​ពេញ​ទំ​ហឹង​ ព្រោះ​បាន​ជួយ​ឱ្យ​កូន​ចៅ​ចៀស​ឆ្ងាយ​ពី​ការ​ញៀន​ទូរស័ព្ទ​ដៃ​ និង​បាន​យល់​ដឹង​បន្ថែម​អំ​ពី​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​។

ទោះ​បី​ថ្នាក់​រៀន​បាន​បើក​ដោយ​ឥត​គិត​ថ្លៃ​ទាំង​ស្រុង​ក៏​ដោយ​ ប៉ុន្តែ​ក្រុម​របាំ​នៅ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ជំនួយ​ឧបត្ថម្ភ​ពី​សហ​គម​ន៍។ កាល​ពី​ពេល​ថ្មី​ៗនេះ​ ក្រុម​របាំ​កុមារ​បាន​ក្រុម​ហាត់​យោ​គៈ (Yoga) ឧបត្ថម្ភ​សម្លៀកបំ​ពាក់​សម្តែង​ទាំង​ស្រុង​ ដែល​ជួយ​ឱ្យ​ប្អូន​ៗកាន់​តែ​មាន​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​។ បច្ចុប្បន្ន​ ក្រុម​កំ​ពុង​ខិត​ខំ​ហាត់​រាំ​យ៉ាង​សកម្ម​ ដើម្បី​រៀប​ចំ​សម្តែង​បង្ហាញ​មុខ​នៅ​វត្ត​ស្រ​ឡូង​ នា​ឱ​កាស​បុណ្យ​សែន​ដូន​តា​នា​ពេល​ខាង​មុខ​។

អាច​ឃើញ​ថា​ ថ្នាក់​រៀន​របាំ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​សង្កាត់​មី​ស្វៀង​ គឺ​ជា​សកម្ម​ភាព​មួយ​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ និង​ជ្រាល​ជ្រៅ​យ៉ាង​ខ្លាំង​។ ថ្នាក់​រៀន​នេះ​ មិន​ត្រឹម​តែ​បង្ក​ទី​លាន​កម្សាន្ត​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ និង​ល្អ​ប្រសើរ​សម្រាប់​កុមារ​តូច​ៗនា​ឱ​កាស​វិស្សម​កាល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​បណ្តុះ​ពន្លក​ និង​ផ្ទេរ​ចំ​ណេះ​ដឹង​សិល្បៈ​របាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ជូន​ដល់​ជំ​នាន់​ក្រោយ​ៗបន្ត​ទៀត​។ ទន្ទឹម​នឹង​នេះ​ ព្រឹត្តិ​ការណ៍​នេះ​ក៏​ជា​ភ័ស្ដុតាង​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​អ្នក​ផ្តួច​ផ្តើម​ និង​អ្នក​ឈរ​ថ្នាក់​បង្រៀន​ផ្ទាល់​ ក្នុង​ការ​ព្រួត​ដៃ​គ្នា​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​៕

វុឌ្ឍា - ថា​ច់ធី​

ចែករំលែកអត្ថបទ