រៀនសូត្រនិងធ្វើតាមបណ្តាំអ៊ំ ផ្តើមពីការងារជាក់ស្តែង យុវវ័យឃុំកូវឡាវយុង ទីក្រុងកឹងធើ បានធ្វើឱ្យជាក់ស្តែងស្មារតីឈានមុខ ស្ម័គ្រចិត្តតាមរយៈការខ្នះខ្នែងគាំទ្រ “ថ្ងៃអាទិត្យបៃតង”។ តាមរយៈសកម្មភាពសម្អាតអនាម័យ ប្រមូលសំណល់សំរាមកាប់ឆ្ការសម្អាតបរិស្ថាន សមាជិកសម្ព័ន្ធយុវជន រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកសហគមន៍ កសាងបរិស្ថានរស់នៅបៃតង - ជ្រះ - ស្អាត។

យុវវ័យកូវឡាវយុង ព្រួតដៃរក្សាទេសភាពបរិស្ថានជនបទបៃតង - ជ្រះ - ស្អាត។
រយៈពេលកន្លង គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនឃុំកូវឡាវយុង បានសហការជាមួយគណៈបញ្ជាការយោធាឃុំ ប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា ភូមិអាងហ៊ឹង និងអង្គការសហព័ន្ធន័រវែស ប្រចាំវៀតណាម (NMA-V) ចាត់តាំងចេញដំណើរអនុវត្តផ្នែកការងារផ្សេងៗដើម្បីបរិស្ថាន។ នៅលើដងផ្លូវ ៩៣៣B កងកម្លាំងនីមួយៗបានរួមគ្នាសម្អាតអនាម័យ ប្រមូលសំណល់សំរាម កាប់ឆ្ការដើមឈើនិងស្មៅព្រៅ និងសម្អាតសងខាងដងផ្លូវ។ ការងារជាក់ស្តែងទាំងនេះ រួមចំណែកបង្កទេសភាពជនបទស្រឡះស្រឡំ ស្អាតបាត ព្រមទាំងលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជនក្នុងការរក្សាអនាម័យបរិស្ថាន។
បង ង៉ោហ្វាងភុក សមាជិកសម្ព័ន្ធយុវជនឃុំកូវឡាវយុង ចែករំលែក៖ “តាមរយៈការចូលរួមសកម្មភាព “ថ្ងៃអាទិត្យបៃតង” ខ្លួនខ្ញុំផ្ទាល់ក៏មានស្មារតីភ្ញាក់រលឹកអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារបរិស្ថាន និងសង្ឃឹមថា រីកសាយភាយស្មារតីនេះដល់សាច់ញាតិ ប្រជាជនក្នុងសហគមន៍ជាមិនខាន”។
កងកម្លាំងក៏បានដំណើរការកាប់ឆ្ការ សម្អាតនិងរៀបចំមណ្ឌលកេរដំណែលសិលាចារិកជ័យជម្នះអាងហ៊ឹង។ សកម្មភាពនេះ បានរួមចំណែកការពារទេសភាពនៅមណ្ឌលកេរដំណែលផង ជួយសមាជិកសម្ព័ន្ធយុវជនលើកកម្ពស់ស្មារតីភ្ញាក់រលឹករក្សាអាសយដ្ឋានប្រវត្តិសាស្ត្រ អប់រំប្រវេណីលើភូមិស្រុកផង។ រួមដំណើរជាមួយកម្មវិធី អង្គការសហព័ន្ធន័រវែស ប្រចាំវៀតណាម (NMA-V) បានឧបត្ថម្ភសម្ភារៈបម្រើឱ្យសកម្មភាព ដូចជា៖ ការុងច្រកសំរាម ស្រោមដៃ ដង្កៀបរើសសំរាមនិងអំបោសជាដើម។ល។ តាមរយៈនោះ ផ្តល់លក្ខណៈបន្ថែមដើម្បីកងកម្លាំងចាត់តាំងសកម្មភាពងាយស្រួល និងមានប្រសិទ្ធភាព។
បង ថាយធៀងង៉ូង លេខាសម្ព័ន្ធយុវជនឃុំកូវឡាវយុង ឱ្យដឹង៖ “សម្ព័ន្ធយុវជនឃុំបានកំណត់ច្បាស់ ការពារបរិស្ថានគឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវរក្សាជាប្រចាំក្នុងសកម្មភាពស្ម័គ្រចិត្ត។ រយៈពេលខាងមុខ យើងខ្ញុំនឹងបន្តសហការជាមួយកងកម្លាំងនានា ជ្រើសរើសការងារដែលសមស្របនឹងភាពជាក់ស្តែងក្នុងភូមិភាគ ព្រមទាំងចលនាប្រជាជនឱ្យចូលរួម “ថ្ងៃអាទិត្យបៃតង” រួមចំណែករក្សាទេសភាពបៃតង - ជ្រះ - ស្អាតលើភូមិឋាន”។
ផ្តើមពីការងារដ៏សាមញ្ញប៉ុន្តែជាក់ស្តែង “ថ្ងៃអាទិត្យ បៃតង” បានរួមចំណែកនាំមកនូវការរៀនសូត្រ និងធ្វើតាមបណ្តាំអ៊ំ ឱ្យក្លាយជាសកម្មភាពជាក់ស្តែងក្នុងការរស់នៅ។ ខណៈពេលស្មារតីឈានមុខស្ម័គ្រចិត្ត បានរីកសាយភាយ សមាជិកសម្ព័ន្ធយុវជនម្នាក់ៗនឹងក្លាយជាស្នូល រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់សហគមន៍ ការពារបរិស្ថាននិងកសាងភូមិស្រុកកូវឡាវយុង ឱ្យកាន់តែបៃតង - ជ្រះ - ស្អាត និងស៊ីវិល័យ៕
ហុងទើ - លីសៀ