ដោយភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងនិងមានភាពឆ្លាតវៃក្នុងការផលិត បងហាងខុមនៅភូមិកឹងឌឿក ឃុំញូយ៉ា ទីក្រុងកឹងធើ ជាជំហានៗបានឈានឡើងធ្វើមានលើស្រុកកំណើត។ នៅពេលសេដ្ឋកិច្ចគ្រួសារមានលំនឹង បងបានបន្តចលនាមាមីងបង្កើតសហករណ៍ សាមគ្កីនិងអភិវឌ្ឍន៍ ដោយតភ្ជាប់ជាមួយសហគ្រាស ប្រមូលទិញកសិផល ជួយដល់កសិករស្ងប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
.jpg)
បងហាងខុម នៅចម្ការដំណាំល្ពៅ។
កើតនៅក្នុងគ្រួសារដែលប្រកបរបរកសិកម្ម បងហាងខុម យល់ច្បាស់ពីជីវភាពរបស់កសិករ ដែលផលិតស្រូវនិងដាំដំណាំរួមផ្សំ។ ជំនួសឱ្យការពឹងផ្អែកតែលើបទពិសោធន៍តាមប្រពៃណី បងបានស្វែងយល់និងរៀនសូត្រអំពីបច្ចេកទេស ស្វែងយល់អំពីពូជដំណាំដែលសមស្រប ហើយហ៊ានផ្លាស់ប្តូររបៀបធ្វើ។ សម្រាប់ផ្ទៃដី ១ ហិកតា បងបានរៀបចំដី ៤ កុងសម្រាប់ដាំដំណាំ ចំណែកផ្ទៃដីដែលនៅសល់បងផលិតស្រូវ ចំណែកប្រពន្ធរបស់បងចិញ្ចឹមសត្វ។ ដោយសារភាពឧស្សាហ៍ព្យាយាម ចេះសន្សំសំចៃបទពិសោធន៍និងចេះគណនាក្នុងការផលិត ទម្រង់ផលិតទាំងនេះសម្រេចបានប្រសិទ្ធភាព។ ដើមទុនដែលបានសន្សំតាមរយៈរដូវផលិតនីមួយៗ បងបន្តវិនិយោគទិញដីដើម្បីពង្រីកផ្ទៃដីផលិត។ រហូតមកដល់ពេលនេះ គ្រួសាររបស់បងមានដីផលិតជាង ៧០ កុង ក្នុងនោះមានដីដាំដំណាំរួមផ្សំ ១០ កុង ហើយជីវភាពគ្រួសារកាន់តែធូរធារ។ ពិសេសក្នុងការដាំដំណាំ បងបានវិនិយោគលើប្រព័ន្ធស្រោចស្រព បាញ់ទឹកដោយស្វ័យប្រវត្តិ និងប្រើប្រាស់ផ្ទាំងកៅស៊ូ កសិកម្ម ដើម្បីសន្សំសំចៃទឹកស្រោចស្រព បន្ថយកម្លាំងពលកម្ម ជួយឱ្យដំណាំសម្រេចប្រសិទ្ធភាពនិងទិន្នផលខ្ពស់។ បងខុមចែករំលែក៖ “ចង់មានជីវភាពធូរធារ ជាដំបូងត្រូវឧស្សាហ៍រៀនសូត្រ និងហ៊ានផ្លាស់ប្តូរ។ មានដីហើយ បើនៅតែធ្វើតាមរបៀបចាស់នឹងពិបាកបង្កើនប្រាក់ចំណូល។ នៅពេលខ្លួនយើងធ្វើហើយទទួលបានប្រសិទ្ធភាព គួរតែចែករំលែកបទពិសោធន៍ដើម្បីឱ្យបងប្អូនមាមីងរួមគ្នាអនុវត្ត”។
ដោយផ្តើមពីគំនិតនោះ នៅឆ្នាំ២០២២ បងបានចលនាមាមីងកសិករបង្កើតសហករណ៍សាមគ្គីនិងអភិវឌ្ឍន៍ ដែលមានសមាជិក ៤៣ នាក់ ហើយបងធ្វើជានាយក។ ចាប់ពីពេលនោះមក បងបានវិនិយោគទិញម៉ាស៊ីនភ្ជួរដី ម៉ាស៊ីនកាប់ដីនិងម៉ាស៊ីនច្រូតស្រូវ ដើម្បីបម្រើតម្រូវការផលិត។ ហើយសហករណ៍ក៏បានក្លាយជាកន្លែងប្រមូលផ្តុំមាមីងកសិករ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជួយគ្នាផ្នែកបច្ចេកទេស ពូជស្រូវ និងរៀបចំផលិតឡើងវិញជាបណ្តើរៗ តាមទិសដៅចងសម្ព័ន្ធ។ ក្នុងនាមជានាយកសហករណ៍ បងខុម បានសកម្មក្នុងការចងសម្ព័ន្ធជាមួយអាជីវកម្ម ដើម្បីចុះកិច្ចសន្យាប្រមូលទិញស្រូវ ជួយឱ្យសមាជិកមានភាពកក់ក្តៅ និងមានទំនុកចិត្តក្នុងការផលិត។ ពូយឿងយៀន សមាជិកសហករណ៍ ឱ្យដឹង៖ “ដោយសារបងខុម បានចលនាបង្កើតសហករណ៍ ទើបបច្ចុប្បន្នមាមីងកសិករ មានភាពកក់ក្តៅក្នុងការផលិត ព្រោះមានអាជីវកម្មប្រមូលទិញស្រូវ ធ្វើឱ្យការលក់ផលិតផលមានលំនឹង។ ជាពិសេស សមាជិកទាំងអស់បានចែករំលែកបទពិសោធន៍ជាមួយគ្នា និងហ៊ានអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពផលិត។ ប្រការដែលគួរឱ្យកោតសរសើរចំពោះបងខុមនោះគឺមិនត្រឹមតែធ្វើឱ្យជីវភាពខ្លួនឯងធូរធារប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទ ពិសោធន៍ផលិត និងស្វែងរកទិសដៅសម្រាប់ផលិតផលកសិកម្ម ព្រមទាំងចងសម្ព័ន្ធកសិករជាមួយអាជីវកម្ម ជួយឱ្យសមាជិកហ៊ានវិនិយោគលើការផលិត ដើម្បីរួមគ្នាឈានឡើងធ្វើមាន”។
ផ្ដើមពីកសិករម្នាក់ដែលចុះធ្វើស្រែនិងដាំដំណាំដោយផ្ទាល់ បងហាងខុម សព្វថ្ងៃបានក្លាយជា “ស្ពានតភ្ជាប់” រវាងកសិករនិងអាជីវកម្ម។ ទម្រង់សហករណ៍ មិនត្រឹមតែស្វែងរកទិសដៅរកស៊ីប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតនៃការផលិតរបស់មាមីងកសិករខ្មែរ ពីការផលិតតូចតាចនិងរាយប៉ាយទៅជាការផ្សារភ្ជាប់និងសហការគ្នា។ ដំណើររឿងរបស់បងហាងខុម បានបង្ហាញឱ្យឃើញ នៅពេលកសិករហ៊ានផ្លាស់ប្តូរ អនុវត្តបច្ចេកទេស ចងសម្ព័ន្ធក្នុងការផលិតដីស្រែនិងចម្ការដំណាំ នៅតែជាមូលដ្ឋានដ៏រឹងមាំដើម្បីឈានឡើងធ្វើមាន៕
យ៉ីអាញ-ពេជ្រសឿន