15/09/2026 - 05:37

អា​ស្រ័យ​កម្ម​វិធី​ឧបត្ថម្ភ ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​លំ​នៅ​ឋាន​លំ​នឹង​ 

ជា​ច្រើន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​តឹង​ឡុង ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ដាក់​ចេញ​នូវ​គោល​ការណ៍ និង​ដំ​ណោះ​ស្រាយ​ជា​ច្រើន ដើម្បី​ឧបត្ថម្ភ​លំ​នៅ​ឋាន​ទាន់​ពេល​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​ជួប​ការ​លំ​បាក។ អា​ស្រ័យ​ហេតុ​នោះ ជួយ​ប្រ​ជា​ជន​មាន​លំ​នៅ​ឋាន​លំ​នឹង ខិត​ខំ​ឈាន​ឡើង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ជា​ជំ​ហានៗ​លំ​នឹង​ជីវ​ភាព។

 កម្មា​ភិបាល​ឃុំ​មក​សួរ​សុខ​ទុក្ខ​គ្រួ​សា​របង​ស្រី​ត្រឹង​ធី​ញី (ឈរ​កណ្តាល)
ស្នាក់​នៅ​ភូមិ B១ ឃុំ​តឹង​ឡុង។

ក្នុង​ការ​រស់​នៅ អ្នក​ណា​ក៏​ប្រាថ្នា​ចង់​បាន​ផ្ទះ​រឹង​មាំ​មួយ​ខ្នង​ដើម្បី​ជ្រក​ភ្លៀង​ក្តៅ ដើម្បី​គ្រួ​សារ​មាន​ភាព​សុខ​សាន្ត និង​មាន​កន្លែង​មួយ​ដែល​ហៅ​ថា “ទ្រ​នំ​សុខ”។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ចំ​ពោះ​គ្រួ​សារ ជន​រួម​ជាតិ​ខ្មែរ​មួយ​ចំ​នួន​ដែល​មាន​ជីវ​ភាព​លំ​បាក សេច​ក្តី​ប្រាថ្នា​ដ៏​សា​មញ្ញ​នោះ​នៅ​តែ​មិន​ទាន់​ក្លាយ​ជា​ការ​ពិត​នៅ​ឡើយ។ បច្ចុប្បន្ន គ្រួ​សារ​ខ្មែរ​ជា​ច្រើន​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​នៅ​មាន​កម្រិត ប្រាក់​ចំ​ណូលមិន​លំ​នឹង ជីវ​ភាព​សំ​ខាន់​ពឹង​លើ​កម្លាំង​ពល​កម្ម​ធ្វើ​ការ​ងារ​ទូ​ទៅ ស៊ី​ឈ្នួល ឬ​បង្ក​បង្កើន​ផល​ខ្នាត​តូច។ អា​ស្រ័យ​ជីវ​ភាព​នៅ​ខ្វះ​ខាត ម្ល៉ោះហើយ​ការ​សាង​សង់​ផ្ទះ​រឹង​មាំ​មួយ​ខ្នង​ដោយ​ខ្លួន​ឯង គឺ​ជា​រឿង​ហួស​ពី​សមត្ថ​ភាព​របស់​គ្រួ​សារ។ មាន​ផ្ទះ​ខ្លះ​បាន​ទ្រុឌ​ទ្រោម ដំ​បូល​លេច ជញ្ជាំង​បណ្តោះ​អា​សន្ន មិន​ធា​នា​សុវត្ថិ​ភាព ពិ​សេស​គឺ​ក្នុង​រដូវ​ភ្លៀង​ព្យុះ។

នៅ​ភូមិ B១ នៅ​ពេល​ផ្ទះ​ផ្តល់​ជូន​គ្រួ​សារ​លំ​បាក បាន​ចាប់​ផ្តើម​សាង​សង់ មា​មីង​ក្នុង​ភូមិ​តែង​យក​ចិត្ត​ទុក​ដាក់ ចែក​រំលែក និង​រួម​កម្លាំង​តាម​សមត្ថ​ភាព​របស់​ខ្លួន។ ចំ​ពោះ​អ្នក​ផង​ទាំង​ឡាយ នោះ​គ្រាន់​តែ​ជា​ការ​ងារ​តូច​តាច ប៉ុន្តែ​ចំ​ពោះ​គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​វិញ ការ​រួម​កម្លាំង​គ្នា​នោះ​មាន​អត្ថ​ន័យ​ធំ​ធេង​ណាស់។ បង​ស្រី​ត្រឹង​ធី​ញី នៅ​ភូមិ B១ ឃុំ​តឹង​ឡុង ឱ្យ​ដឹង៖ “គ្រួ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល មាន​តែ​ដី​បន្តិច​បន្តួច​ដើម្បី​សង់​ផ្ទះ ម្ល៉ោះ​ហើយ​ជីវ​ភាព​មាន​ការ​លំ​បាក​ខ្លាំង។ ឆ្នាំ​២០២៥ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់ ៤៤ លាន​ដុង ដើម្បី​សង់​ផ្ទះ រួម​ជា​មួយ​ទឹក​ប្រាក់ ៨០ លាន​ដុង​ខ្ចី​បន្ថែម​ពី​ញាតិ​មិត្ត គ្រួ​សារ​ក៏​សង់​បាន​ផ្ទះ​រឹង​មាំ។ មាន​លំ​នៅ​ឋាន​លំ​នឹង គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ មិន​បា​រម្ភ​ពី​រឿង​ភ្លៀង​ក្តៅ និង​មាន​កម្លាំង​ចល​ករ​បន្ថែម​ដើម្បី​ខិត​ខំ​រក​ស៊ី​លំ​នឹង​ជីវ​ភាព”។

ក្នុង​ឆ្នាំ​២០២៥ ឃុំ​តឹង​ឡុង​មាន​ផ្ទះ​ចំ​នួន ៧ ខ្នង បាន​ឧបត្ថម្ភ​សាង​សង់​ជូន​គ្រួ​សារ​ក្រី​ក្រ​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ដោយ​មាន​ទឹក​ប្រាក់​សរុប​ចំ​នួន ៤២០ លាន​ដុង។ ការ​ងារ​គិត​គូរ​លំ​នៅ​ឋាន​បន្ត​បាន ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ឆ្នាំ​២០២៦។ តាម​ទិស​ដៅ​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តឹង​ឡុង ដំ​ណាក់​កាល ២០២៥​-២០៣០ ភូមិ​ភាគ​ខិត​ខំ​ឧបត្ថម្ភ​សាង​សង់​ថ្មី​ពី​២០​-២៥ ខ្នង​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​មាន​ជីវ​ភា​ពលំ​បាក។ លោក​ថាច់ហឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹង​ឡុង ឱ្យ​ដឹង៖ “ការ​គិត​គូរ​អំ​ពី​លំ​នៅ​ឋាន គឺ​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជួយ​គ្រួ​សារ​ក្រី​ក្រ​លំ​នឹង​ជីវ​ភាព។ រយៈ​ពេល​ខាង​មុខ អង្គ​ភាព​បន្ត​សហ​ការ​ចលនា​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​ចំ​មុខ​សញ្ញា រួម​ចំ​ណែក​អនុ​វត្ត​ទិស​ដៅ​សង់​ផ្ទះ​មហា​សាមគ្គី ២០- ២៥ ខ្នង​ដំ​ណាក់​កាល ២០២៥​-២០៣០”។

ផ្ទះ​មួយ​ខ្នងៗ​ដែល​បាន​សាង​សង់​រួច គឺ​មាន​បន្ថែម​គ្រួ​សារ​មា​នល​ក្ខណៈ “រស់​នៅ​សុខ​សាន្ត”។ ខាង​ក្រោយ​ទ្រ​នំ​សុខ​ទាំង​នោះ មិន​ត្រឹម​តែ​ជា​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ចែក​រំលែក​ពី​សហ​គមន៍​ទៀត​ផង។ តាម​រយៈ​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន ការ​រួម​ដំ​ណើរ​របស់​រណ​សិរ្ស​និង​អង្គ​ការ​មហា​ជន​នា​នា​ផ្ទះ​ទាំង​នោះ កំ​ពុង​បន្ត​ផ្តល់​ទំ​នុក​ចិត្ត​បន្ថែម​ដើម្បី​គ្រួ​សារ​ក្រ​បាន​លំ​នឹង ជីវ​ភាព​និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ៕

​                                    ដា​លី​ន - លី​សៀ​

ចែករំលែកអត្ថបទ