លោកថាច់សាង កើតនៅឆ្នាំ ១៩៤៧ នៅភូមិផ្នោរអណ្ដែត ឃុំចូវថាញ់ ខេត្តវិញឡុង ជាសិប្បករឆ្នើមម្នាក់ នឹងជាអ្នកស្នងបន្តជំនាន់ទី៤ នៃក្រុមរបាំណាងណើង ។ ក្នុងបរិការណ៍ដែលអ្នកជំនាន់មុនភាគច្រើនបានចែកឋាន ឬឈប់សម្តែង លោកនិងគ្រួសារនៅតែប្រកាន់ខ្ជាប់ការអភិរក្សក្បាច់របាំបុរាណរបស់ជនជាតិ ដោយប្តេជ្ញាចិត្តបម្រើសិល្បៈប្រពៃណីអស់មួយជីវិត។ តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌ ជំនាញក្នុងការសម្តែង និងស្នាដៃច្នៃប្រតិដ្ឋមុខខ្មុក(ក្បាលយក្ស) លោកទទួលបានកិត្តិនាមជាសិប្បករឆ្នើមកាលពីឆ្នាំ ២០១៥ ក្លាយជាមោទនភាពសម្រាប់សហគមន៍ និងមាមីងខ្មែរក្នុងតំបន់។


សិប្បករឆ្នើម ថាច់សាង កំពុងលើកបង្ហាញក្បាលយក្សដែលលោកបានធ្វើដោយផ្ទាល់ដៃ សម្រាប់ប្រើប្រាស់ក្នុងការសម្តែងរបាំបុរាណខ្មែរ។
និស្ស័យពីកុមារភាព និងសេចក្តីស្រឡាញ់ចំពោះក្បាច់របាំបុរាណ
ដោយសារជាអ្នកមាននិស្ស័យបន្តវេនពីក្រុមរបាំបុរាណ (ក្រុមរបាំណាងណើង) សេចក្តីស្រឡាញ់សិល្បៈរបស់លោក ថាច់សាង បានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅតាំងពីវ័យកុមារ។ ឱ្យតែមានក្រុមរបាំមកសម្តែងក្នុងភូមិ កុមារថាច់សាង តែងតែឈរមើលដោយជក់ចិត្ត និងចាប់ចិត្តស្រឡាញ់យ៉ាងខ្លាំងចំពោះក្បាច់រាំយក្ស និងក្បាច់រាំស្វា (ហនុមាន)។
លោកថាច់សាង ចែករំលែកថា ដើម្បីសម្តែងឱ្យបានស្ទាត់ជំនាញ អ្នកសិល្បៈត្រូវតែឆ្លងកាត់ការហ្វឹកហាត់យ៉ាងហ្មត់ចត់នូវ “ក្បាច់ឈូឆាយ” ដែលជាក្បាច់របាំ សម្រាប់ច្នៃប្រតិដ្ឋនិងបង្កើតជារបៀបរាំផ្សេងៗទៅតាមតួអង្គនីមួយៗ។ ទន្ទឹមនឹងនោះ សិល្បៈរបាំបុរាណតម្រូវឱ្យអ្នករាំផ្ដោតអារម្មណ៍ឱ្យបានល្អ ព្រមទាំងស្តាប់ និងធ្វើតាមការណែនាំរបស់គ្រូបង្ហាត់ឱ្យបានត្រឹមត្រូវ។ ធ្វើបែបនេះ ទើបអ្នករាំអាចសម្តែងបានល្អ និងធ្វើឱ្យសាច់រឿងនីមួយៗកាន់តែមានន័យគួរឱ្យចង់ទស្សនា។
សិប្បករឆ្នើម ថាច់សាង បានរំលឹក៖ “សិល្បៈរបាំខ្មែរយើងពិសេសណាស់។ អ្នកសម្តែងពេលឡើងឆាកត្រូវពាក់មុខខ្មុក ឬរក្សាទឹកមុខឱ្យស្ងៀម ដោយមិនប្រើពាក្យសំដីឡើយ។ ដូច្នេះ អារម្មណ៍ និងចិត្តគំនិតរបស់តួអង្គ ត្រូវបង្ហាញចេញតាមរយៈកាយវិការ និងចលនារាងកាយទាំងអស់។ រាល់ចលនារាំ ត្រូវចេញពីជម្រៅបេះដូង និងអារម្មណ៍ពិត ទើបធ្វើឱ្យអ្នកទស្សនាយល់ពីចិត្តតួអង្គ និងទស្សនាដោយរីករាយជក់ចិត្ត”។
ជាក់ស្តែងដូចជានៅក្នុងការសម្តែងជាតួអង្គក្រុងរាពណ៍ (ស្ដេចយក្សក្នុងរឿងរាមកេរ្តិ៍)៖ ក្នុងស្ថានការណ៍ធម្មតា រាល់កាយវិការ និងឥរិយាបថត្រូវមានភាពស្ងប់ស្ងាត់ មានឫទ្ធិនិងមានអំណាច។ ប៉ុន្តែនៅពេលមានហេតុការណ៍ប្រែប្រួល ឥរិយាបថត្រូវផ្លាស់ប្តូរភ្លាមៗទៅជាកាចសាហាវ ដោយបញ្ចេញការខឹងសម្បារតាមរយៈការជាន់ជើងខ្លាំងៗ ចលនារហ័សរហួន និងការផ្លាស់ប្តូរទិសដៅរាងកាយទៅតាមចង្វាក់ភ្លេង។ លក្ខណៈពិសេសនៃសិល្បៈរបាំបុរាណ ទាមទារឱ្យបច្ចេកទេស ចង្វាក់ដង្ហើម និងអារម្មណ៍តួអង្គ ស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះ។
មិនត្រឹមតែជាតួសម្តែង និងជាគ្រូបង្ហាត់អស់ពីចិត្តប៉ុណ្ណោះទេ លោកថាច់សាង ក៏ជាសិប្បករមានស្នាដៃច្នៃប្រតិដ្ឋក្នុងការបង្កើតមុខខ្មុក ក្បាលយក្ស ក្បាលស្វា និងមុខឆៃយ៉ាំដោយផ្ទាល់ដៃ ដើម្បីបម្រើឱ្យការសម្តែង និងឆ្លើយតបតម្រូវការជីវភាពវប្បធម៌ក្នុងតំបន់។ ដើម្បីទាក់ទាញជំនាន់ក្រោយ លោកបានបង្កើតបរិយាកាសពោរពេញដោយការទាក់ទាញ តាមរយៈកាយវិការទន់ភ្លន់ ភាពស្អាតបាតនៃសម្លៀកបំពាក់ គ្រឿងអលង្ការ ម្កុដពាក់លើក្បាល រួមជាមួយនឹងការលើកទឹកចិត្តពីចាស់ព្រឹទ្ធាចារ្យនិងប្រជាពុទ្ធបរិស័ទ។
ផ្សារភ្ជាប់សហគមន៍ និងការលើកស្ទួយជំនាន់ក្រោយ
ទឹកចិត្ត និងការលះបង់របស់សិប្បករឆ្នើម ថាច់សាង ទទួលបានការគោរព និងការកោតសរសើរយ៉ាងជ្រាលជ្រៅពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ។
ព្រះតេជព្រះគុណ ឋានកម្មោ ទ្រីវិជ័យ ព្រះចៅអធិការវត្តពោធិទេពចេតិយារាម (ផ្នោរអណ្ដែត) មានថេរដីកា៖ “សិប្បករឆ្នើម ថាច់សាង ជាអ្នកមានភាពអត់ធ្មត់ មានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការថែរក្សាបេតិកភណ្ឌរបាំយក្សដែលបុព្វបុរសបន្សល់ទុកមក។ ទន្ទឹមនឹងនោះ លោកជាសមាជិកគណៈកម្មការវត្តមួយរូប ដែលតែងតែសកម្មក្នុងកិច្ចការអភិរក្សទំនៀមទម្លាប់ប្រពៃណី។ រាល់ពេលមានពិធីបុណ្យទាន លោកតែងតែដឹកនាំក្រុមឆៃយ៉ាំ និងក្រុមរបាំយក្សមកសម្តែងបម្រើជូនប្រជាពុទ្ធបរិស័ទ រួមចំណែកធ្វើឱ្យបរិយាកាសក្នុងវត្ត និងភូមិស្រុកកាន់តែរីករាយ។ នេះជាមោទនភាពយ៉ាងធំធេងរបស់ពុទ្ធបរិស័ទវត្តផ្នោរអណ្ដែតទាំងមូល”។
រូបភាពសិប្បករវ័យចំណាស់ ថាច់សាង ដែលកំពុងផ្ចិតផ្ចង់ធ្វើក្បាលស្វា ក្បាលយក្ស ឬខិតខំបង្រៀនកុមារតូចៗនូវក្បាច់របាំនីមួយៗនៅទីធ្លាវត្ត បានក្លាយជានិមិត្តរូបដ៏ស្រស់ស្អាតនៃក្តីសង្ឃឹមក្នុងការអភិរក្សវប្បធម៌។
ក្នុងបរិការណ៍ដែលតម្លៃប្រពៃណីជាច្រើនកំពុងប្រឈមនឹងការបាត់បង់ សិប្បករឆ្នើម ថាច់សាង ប្រៀបដូចជា “ដើមឈើធំ” ផ្តល់ម្លប់ និងបណ្តុះគ្រាប់ពូជសិល្បៈសម្រាប់ជំនាន់ក្រោយ។ លោកសក្តិសមជាអ្នកថែរក្សា “ព្រលឹង” បេតិកភណ្ឌរបាំបុរាណ និងជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់សហគមន៍ជនជាតិខ្មែរណាមបូទាំងមូល៕
ថាច់ធី