10/09/2026 - 05:54

ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកជូន​ប្រ​ជា​ជន​ 

ដើម្បី​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​អនុ​វត្ត​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ និង​បង្កើត​ សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកជូន​ប្រ​ជា​ជន​ដែល​មាន​អាយុ​ចាប់​ពី​ ១៨ ឆ្នាំ​ឡើង​ទៅ​នៅ​លើ​ភូមិ​ឋាន​។ កម្ម​វិធី​នេះ​ មិន​ត្រឹម​តែ​បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​បាន​ពិ​និត្យ​ និង​រក​ឃើញ​បញ្ហា​សុខ​ភាព​បាន​ទាន់​ពេល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ជា​ជំ​ហាន​ៗ ដើម្បី​គ្រប់​គ្រង​និង​តាម​ដាន​សុខ​ភាព​ជា​យូរ​អង្វែង​តាម​ប្រ​ព័ន្ធ​ឌីជី​ថល​។

 ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​ជំងឺ​និង​ថែ​ទាំ​សុខ​ភាព​។

អនុវត្ត​ផែន​ការ​លេខ​ ២៨២​/KH​-UBND ចុះថ្ងៃ​ទី​ ១៦ ខែ​មិថុនា​ ឆ្នាំ​ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ស្តី​ពី​ការ​រៀប​ចំ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ឬ​ពិ​និត្យ​ ស្វែង​រក​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ឆ្នាំ​ ២០២៦ ឃុំ​ឡាយ​ហ្វា​ បាន​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វាង​ត្វឹង​ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ជូន​ប្រ​ជា​ជន​ចំ​នួន​៧.០០១ នាក់​ ដែល​ស្ថិត​ក្នុង​ក្រុម​មុខ​សញ្ញា​តាម​សេច​ក្តី​កំ​ណត់​។ ខ្លឹម​សារ​ពិ​និត្យ​ រួម​មាន​សាក​សួរ​អំ​ពី​ប្រ​វត្តិ​ជំងឺ​ ការ​វាស់​កម្ពស់​ ទម្ងន់​ សម្ពាធ​ឈាម​ គណ​នា​សន្ទស្សន៍​ BMI​ និង​សញ្ញា​សំ​ខាន់​ៗ។ ប្រ​ជា​ជន​ថែម​ទាំង​បាន​ពិ​និត្យ​រោគ​សញ្ញា​តាម​ផ្នែក​ឯក​ទេស​ផ្នែក​ជំងឺ​ក្នុង​ ក្រៅ​ សើ​ស្បែក​ ភ្នែក​ ត្រ​ចៀក​-ច្រ​មុះ​-បំពង់ក​និង​មាត់​-ធ្មេញ​- ថ្គាម​។ ការ​ធ្វើ​តេស្តមួយ​ចំ​នួន​ ដូច​ជា​ វិភាគ​កោ​សិកាឈាម​ទូ​ទៅ​ជាតិ​ស្ករ​ក្នុង​ឈាម​ Ure, Creatinine, AST, ALT វិភាគ​ទឹក​នោម​និង​ថត​កាំ​រស្មី​អិកទ្រូង​ បាន​អនុ​វត្ត​តាម​វេជ្ជ​បញ្ជា​របស់​វេជ្ជ​បណ្ឌិត​។

លោ​កថា​ច់សា​វិញ​ ប្រ​ជា​ជន​នៅ​ភូមិ​ឈូង​ធំ​ A ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “ខ្ញុំ​រីក​រាយ​យ៉ាង​ខ្លាំង​ ពេល​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​។ ជា​ពិ​សេស​អ្នក​វ័យ​ចាស់​ មាន​ឱ​កាស​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំ​ណើរ​ទៅ​ឆ្ងាយ​។ តាម​រយៈ​នេះ​ យើង​អាច​ដឹង​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​ខ្លួន​ ដើម្បី​ម្ចាស់​ការ​បង្ការ​ជំងឺ​និង​ព្យា​បាល​នៅ​ពេល​ចាំ​បាច់​”។

ក្រៅ​ពី​ការ​ពិ​និត្យ​និង​ពិ​គ្រោះ​សុខ​ភាព​ ឃុំ​ឡាយ​ហ្វា​ បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​បច្ចុប្បន្ន​ភាព​លទ្ធ​ផល​ពិ​និត្យ​សុខ​ភាព​របស់​ប្រ​ជា​ជន​ម្នាក់​ៗ ឱ្យ​បាន​ពេញ​លេញ​ទៅ​ក្នុង​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក។ ការ​ធ្វើ​ឌីជី​ថល​កម្ម​ព័ត៌​មាន​នេះ​ ជួយ​ឱ្យ​លទ្ធ​ផល​ពិ​និត្យ​ និង​ស្ថាន​ភាព​សុខ​ភាព​របស់​ប្រ​ជា​ជន​បាន​រក្សា​ទុក​ និង​តាម​ដាន​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ ព្រម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ការ​គ្រប់​គ្រង​សុខ​ភាព​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​។

លោ​កថា​ច់ច័ន្ទសុវណ្ណ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ ការ​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “ភូមិ​ភាគ​កំ​ណត់​ថា​ នេះ​ជា​កម្ម​វិធី​ជាក់​ស្តែង​សំ​ដៅ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ពិ​សេស​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ឃុំ​បាន​សហ​ការ​ពិ​និត្យ​ឡើង​វិញ​ បង្កើត​បញ្ជី​ជូន​ដំណឹង​ពេល​វេលា​ពិ​និត្យ​សុខ​ភាព​ ដើម្បី​ធា​នា​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​គ្រប់​ៗគ្នា​។ ការ​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកជា​ផ្នែក​មួយ​នៃ​ការ​ជំ​រុញ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ជួយ​ដល់​ការ​តាម​ដាន​និង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​យូរ​អង្វែង​”។

កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​នៅ​ឃុំ​ឡាយ​ហ្វា​ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ចំ​ពោះ​ការ​ងារ​ថែ​ទាំ​ ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​។ តាម​រយៈ​នេះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​បង្ការ​ជំងឺ​ដោយ​ខ្លួន​ឯង​ រក​ឃើញ​ជំងឺ​បាន​ទាន់​ពេល​ព្រម​ទាំង​ជា​ជំ​ហាន​ៗកសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​សុខ​ភាព​ ដើម្បី​បម្រើ​ការ​ងារ​គ្រប់​គ្រង​និង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​៕

                           ហុង​ទើ - ទីទុយ​

ចែករំលែកអត្ថបទ