រយៈពេលជាច្រើនឆ្នាំកន្លង បន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ នៅភូមិចុងព្រៃ ឃុំតឹបស៊ើង ខេត្តវិញឡុង បានរក្សាការពិនិត្យ និងផ្ដល់ថ្នាំស្រុកដោយឥតគិតថ្លៃជូនប្រជាជន។ ក្នុងមួយថ្ងៃៗ ទីនេះទទួលប្រជាជនរាប់រយនាក់មកពិនិត្យ និងយកថ្នាំ; ប្រភពថ្នាំសំខាន់គឺបានមកពីមាមីងក្នុងនិងក្រៅខេត្តផ្គត់ផ្គង់ បង្ហាញពីស្មារតីចែករំលែក ជួយគ្នាទៅវិញទៅមកថែទាំសុខភាព។

គ្រូពេទ្របុរាណ ទឺធីមីហ្វែ ពិនិត្យជំងឺ ពិគ្រោះនិងផ្តល់ថ្នាំស្រុកដោយឥតគិតថ្លៃជូនប្រជាជន។
គ្រូពេទ្យបុរាណ ទឺធីមីហ្វែ ទទួលបន្ទុកផ្នែកជំនាញនៃបន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ ឱ្យដឹង៖ បន្ទប់ពិនិត្យជំងឺដំណើរការនៅរាល់ពេលព្រឹកក្នុងសប្ដាហ៍ សម្រាកតែថ្ងៃអាទិត្យប៉ុណ្ណោះ។ រាល់ពេលព្រឹក បន្ទប់ទទួលអ្នកជំងឺមកពិនិត្យ និងយកថ្នាំជាង ១០០ នាក់។ ពិសេស នៅពេលព្រឹកថ្ងៃចន្ទ ចំនួនអ្នកជំងឺមានពេលខ្លះឡើងដល់ប្រមាណ ២០០ នាក់។ ប្រជាជនមកទីនេះ ក្រោយពីបានពិនិត្យ ពិគ្រោះរួច នឹងបានទទួលយកថ្នាំស្រុកស្របតាមស្ថានភាពសុខភាព ដោយពុំចាំបាច់បង់ប្រាក់ឡើយ។ សម្រាប់អ្នកជាច្រើន ទីនេះគឺជាអាសយដ្ឋានដែលស្គាល់ច្បាស់ នៅពេលត្រូវការពនិត្យ និងព្យាបាលជំងឺដោយថ្នាំស្រុក។

ថ្នាំត្រូវបានចិញ្ច្រាំ និងហាលយ៉ាងយកចិត្តទុកដាក់នៅក្នុងរោងសំណាញ់ មុននឹងយកជូនអ្នកជំងឺ។
ប្រភពថ្នាំដែលបម្រើដល់អ្នកជំងឺ សំខាន់បានមកពីមាមីងក្នុងនិងក្រៅខេត្តផ្គត់ផ្គង់។ ប្រភេទថ្នាំផ្សេងៗ បន្ទាប់ពីបានដឹកជញ្ជូនមកដល់បន្ទប់ពិនិត្យព្យាបាល នឹងបានបែងចែក ហាលឱ្យស្ងួត កិន និងច្នៃ មុននឹងយកជូនអ្នកជំងឺ។ ដើម្បីមានប្រភពថ្នាំជាប្រចាំ ក្រៅពីការរួមចំណែកពីប្រជាជន បន្ទប់ពិនិត្យព្យាបាលក៏មានអ្នកស្ម័គ្រចិត្តមកបំពេញសប្បុរសធម៌ផងដែរ។ អ្នកខ្លះចូលរួមបេះរើសថ្នាំ អ្នកខ្លះហាលថ្នាំ អ្នកខ្លះកិន ច្នៃ និងវេចខ្ចប់ រួមចំណែកធានាប្រភពថ្នាំបានរៀបចំយ៉ាងហ្មត់ចត់ដើម្បីផ្ដល់ជូនដោយឥតគិតថ្លៃដល់អ្នកជំងឺ។
អ្នកមីង ថាច់ធីតៀង នៅឃុំឡុងហ៊ីប ឱ្យដឹង៖ គាត់បានមកបន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ ពិនិត្យ និងយកថ្នាំផឹក។ បើតាមអ្នកមីងតៀង ថ្នាំស្រុកជាទូទៅត្រូវប្រើប្រាស់ក្នុងរយៈពេលវែង ម្ល៉ោះហើយពេលអស់ថ្នាំ គាត់តែងមកបន្ទប់ពិនិត្យព្យាបាល ដើម្បីបានពិនិត្យ និងយកថ្នាំបន្តទៀត។ ភាពងាយស្រួលដែលគាត់ចាប់អារម្មណ៍ គឺដំណាក់កាលនៃការពិនិត្យ និងទទួលយកថ្នាំឥតគិតថ្លៃទាំងអស់ ស្របសមទៅនឹងអ្នកដែលមានជីវភាពលំបាក។ “ខ្ញុំមកទីនេះពិនិត្យ និងយកថ្នាំផឹកជិត ១ ឆ្នាំហើយ។ ពេលអស់ថ្នាំគឺមកពិនិត្យ និងយកថ្នាំបន្តទៀត ដោយមិនបាច់បង់ប្រាក់ឡើយ” អ្នកមីងតៀង ចែករំលែកដូច្នេះ។ ចំណែកពូ ថាច់សល នៅឃុំដូងចូវវិញ តែងនាំប្រពន្ធមកបន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ ពិនិត្យនិងយកថ្នាំជាញឹកញាប់។ ពូឱ្យដឹង៖ បន្ទាប់ពីទទួលបានថ្នាំរួច អ្នកជំងឺប្រសិនបើមានបំណង អាចចូលរួមថវិកាក្នុងប្រអប់សប្បុរសធម៌តាមសទ្ធា ដើម្បីព្រួតដៃគ្នារក្សាដំណើរការរបស់បន្ទប់ពិនិត្យព្យាបាល។ ការរួមវិភាគទានធ្វើឡើងដោយស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខំ ឬកំណត់កម្រិតទឹកប្រាក់ជាក់លាក់ណាមួយឡើយ។ តាមពូសល ដោយទង្វើនេះហើយ បានបង្កភាពងាយស្រួលដល់អ្នកជំងឺ ព្រមទាំងជួយមាមីងមានលក្ខណៈមកពិនិត្យ និងទទួលយកថ្នាំនៅពេលចាំបាច់។ ក្នុងអំឡុងពេលព្យាបាល ប្រសិនបើសុខភាពតម្រូវឱ្យគួបផ្សំជាមួយថ្នាំពេទ្យបារាំង ឬវិធីសាស្ត្រព្យាបាលផ្សេងទៀតនោះ អ្នកជំងឺក៏បានផ្តល់អនុសាសន៍ឱ្យអនុវត្តតាមការចង្អុលបង្ហាញរបស់វេជ្ជបណ្ឌិតផងដែរ។

មាមីងរង់ចាំពិនិត្យជំងឺនិងយកថ្នាំនៅបន្ទប់វេជ្ជសាស្រ្តបុរាណហឹងភឿកទឺ។
គ្រូពេទ្យបុរាណ ទឺធីមីហ្វែ ឱ្យដឹង៖ សកម្មភាពផ្ដល់ថ្នាំស្រុកដោយឥតគិតថ្លៃនៅទីនេះ បានរក្សាចាប់ពីឆ្នាំ ១៩៨៩ មកម្ល៉េះ។ ក្នុងឆ្នាំដំបូង ចំនួនអ្នកដែលស្គាល់បន្ទប់ពិនិត្យព្យាបាលនៅមានតិចតួចនៅឡើយ។ រហូតដល់ឆ្នាំ ២០១៦ នៅពេលដែលគាត់ចាប់ផ្ដើមទទួលបន្ទុកផ្នែកជំនាញ ចំនួនអ្នកជំងឺមកពិនិត្យ និងយកថ្នាំកាន់តែច្រើនឡើងៗ។ មានថ្ងៃខ្លះ អ្នកជំងឺរាប់រយនាក់មកពីស្រុកភូមិជាច្រើនបានមកទីនេះ។ “ថ្នាំគឺទទួលបានពីមាមីងក្នុងនិងក្រៅខេត្តផ្គតផ្គង់ បន្ទប់ពិនិត្យព្យាបាលគ្រាន់តែជួយចេញថ្លៃសាំងសម្រាប់ដឹកជញ្ជូនប៉ុណ្ណោះ។ អ្នកជាច្រើនបន្ទាប់ពីផឹកថ្នាំហើយឃើញសុខភាពល្អជាសះស្បើយពីជំងឺ បានស្ម័គ្រចិត្តត្រឡប់មកវិញដើម្បីធ្វើការសប្បុរសធម៌ ជួយគ្នាហាល កិន និងច្នៃថ្នាំ ដើម្បីផ្ដល់ដោយឥតគិតថ្លៃដល់អ្នកដទៃទៀត” គ្រូពេទ្យបុរាណ ទឺធីមីហ្វែ ឱ្យដឹងដូច្នេះ។
មិនត្រឹមតែរួមចំណែកជួយដល់ប្រជាជនបន្ថយការចំណាយពេលព្យាបាលប៉ុណ្ណោះទេ សកម្មភាពពិនិត្យ និងផ្ដល់ថ្នាំស្រុកដោយឥតគិតថ្លៃនៅបន្ទប់វេជ្ជសាស្រ្តបុរាណ ហឹងភឿកទឺ ក៏បានរីកសាយភាយស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។ ផ្តើមពីអ្នកដែលបានបរិច្ចាគដើមឈើឱសថ រហូតដល់អ្នកដែលឆ្លៀតពេលមកធ្វើការសប្បុរសធម៌ ម្នាក់ៗបានរួមចំណែកកម្លាំងកាយចិត្តបន្តិចបន្តួចដើម្បីរក្សាសកម្មភាពដ៏មានអត្ថន័យនេះ។ តាមរយៈនោះ បន្ទប់ពិនិត្យព្យាបាលមិនត្រឹមតែឆ្លើយតបនូវតម្រូវការពិនិត្យ ព្យាបាលជំងឺដោយវេជ្ជសាស្រ្តបុរាណរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សានូវរូបមន្តថ្នាំស្រុកផង និងពង្រីកស្មារតីមនុស្សធម៌ ចែករំលែកក្នុងសហគមន៍ទៀតផង៕
ទីទុយ - លីសៀ