ក្នុងដំណើរការកសាងគ្រួសារសុភមង្គល នារីជាជនជាតិភាគតិចកាន់តែបង្ហាញឱ្យឃើញនូវតួនាទីរបស់ខ្លួនក្នុងជីវភាពសង្គម។ ពួកគេមិនត្រឹមតែជាអ្នកថែរក្សាភាពកក់ក្តៅក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កភាពស្រស់ស្អាតសម្រាប់ “សួនផ្កា” នារីវៀតណាមក្នុងសម័យថ្មី ដោយមានការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង កឹង ធើរយៈពេលកន្លង។

អ្នកគ្រូ ត្រឹងធីមិញធឺ ជាគំរូនារីក្នុងសម័យថ្មី។
នៅក្នុងគ្រួសារនីមួយៗ នារីមិនត្រឹមតែជាអ្នករក្សាភាពកក់ក្តៅនិងសុភមង្គលក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាបង្អែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយភាពឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ និងឆន្ទៈតស៊ូ ឈានទៅមុខ នារីជនជាតិភាគតិចជាច្រើនបាននិងកំពុងបញ្ជាក់ពីតួនាទីនិងឋានៈរបស់ខ្លួនលើគ្រប់វិស័យ រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរួមរបស់ទីក្រុងកឹងធើ។ មិនត្រឹមរក្សាតម្លៃតាមប្រពៃណីប៉ុណ្ណោះទេ ស្ត្រីជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយបញ្ជាក់ពីប្រាជ្ញានិងសមត្ថភាពរបស់ខ្លួនក្នុងវិស័យជាច្រើន។ ក្នុងនោះ មាននារីដែលខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ និងទទួលបានជោគជ័យក្នុងវិស័យនានា ចាប់ពីការអប់រំ សុខាភិបាល រហូតដល់ស្ថាប័នគ្រប់គ្រងរដ្ឋ។ ជាក់ស្តែង អ្នកគ្រូត្រឹងធីមិញធឺ អនុប្រធានសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បាន បន្សល់នូវការចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយការយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ក្នុងការងារ និងរឿងរ៉ាវរបស់គ្រួសារដែលពោរពេញដោយស្មារតីតស៊ូ។ ទោះបីស្វាមីជាទាហាននិងត្រូវបំពេញភារកិច្ចនៅឆ្ងាយជាញឹកញាប់ក៏ដោយ អ្នកគ្រូនៅតែជាខ្នងបង្អែកដ៏រឹងមាំរបស់គ្រួសារ បំពេញភារកិច្ចនៅសាលានិងក្នុងគ្រួសារបានយ៉ាងល្អ ព្រមទាំងរួមជាមួយស្វាមីក្នុងការថែទាំនិងអប់រំកូនៗ។ អ្នកគ្រូ មិញធឺ ចែករំលែក៖ "ការធ្វើឱ្យមានតុល្យភាពរវាងការងារនិងគ្រួសារ គឺជាបញ្ហាដ៏លំបាកមួយ។ ទោះបីរវល់យ៉ាងណាក៏ដោយ ខ្ញុំនៅតែព្យាយាមបែងចែកពេលវេលា និងរៀបចំការងារឱ្យបានសមស្រប ដើម្បីធានាឱ្យមានភាពសុខដុមរមនារវាងការងារនិងគ្រួសារ។ ជាសំណាង ដែលស្វាមីខ្ញុំគាត់យោគយល់និងចែករំលែករាល់ការលំបាកជាមួយខ្ញុំ។ ដោយការយល់ចិត្តនិងការចែករំលែក គ្រួសារតែងរក្សាបាននូវភាពសុខដុមរមនា ពោរពេញដោយក្តីស្រឡាញ់ និងសមភាព"។ ដោយផ្អែកលើមូលដ្ឋានគ្រួសារសុភមង្គល និងការអប់រំកូនៗយ៉ាងយកចិត្តទុកដាក់ ក្នុងឆ្នាំ២០២៥ កូនប្រុសរបស់អ្នកគ្រូ គឺថាច់ត្រឹងត្វឹងយុង (កើតឆ្នាំ២០០៦) បានជាប់ជម្រើសទៅសិក្សាជំនាញវេជ្ជបណ្ឌិតពហុព្យាបាលនៅប្រទេសរុស្ស៊ី ។ អ្នកគ្រូ មិញធឺ គឺជាភស្តុតាងដ៏ជាក់ស្តែងមួយនៃនារីជនជាតិភាគតិចក្នុងសម័យថ្មី៖ ភាពប៉ិនប្រសប់ ចំណេះដឹង និងក្តីប្រាថ្នាក្នុងការឈានឆ្ពោះទៅមុខ។

គំរូវេជ្ជបណ្ឌិតឯកទេសកម្រិត២ យឿងធីហ្វាងអៀង អស់ពីចិត្តនិងមានការទទួលខុសត្រូវចំពោះអ្នកជំងឺ។
ប្រសិនបើក្នុងវិស័យអប់រំ នារីជនជាតិភាគតិចបានរួមចំណែកបណ្តុះគ្រាប់ពូជចំណេះដឹង នោះក្នុងវិស័យសុខាភិ បាល ពួកគេក៏កំពុងខិតខំថែទាំ និងការពារសុខភាពជូនសហគមន៍ជារៀងរាល់ថ្ងៃ។ វេជ្ជបណ្ឌិតឯកទេសកម្រិត២ យឿងធីហ្វាងអៀង ប្រធានផ្នែកពិនិត្យនិងព្យាបាលជំងឺ នៃមន្ទីរពេទ្យសម្ភពនិងកុមារសុកត្រាំង គឺជាគំរូដ៏លេចធ្លោម្នាក់ក្នុងចំណោមនោះ។ ការងារជាវេជ្ជបណ្ឌិត តែងប្រឈមនឹងកម្លាំងសម្ពាធជាច្រើន។ ជារៀងរាល់ថ្ងៃ នៅពីក្រោយទ្វារបន្ទប់ពិនិត្យ គឺមានអ្នកជំងឺដែលម្នាក់ៗនាំមកជាមួយនូវក្តីបារម្ភ ស្ថានភាពនិងដំណើរជីវិតខុសៗគ្នា។ វេជ្ជបណ្ឌិត ហ្វាងអៀង ចែករំលែក៖ "សម្រាប់ខ្ញុំ រាល់ពេលជួបនិងពិភាក្សាជាមួយអ្នកជំងឺ មិនមែនគ្រាន់តែជាការពិនិត្យជំងឺមួយលើកប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីផ្ដល់ការចែករំលែកនិងផ្តល់ទំនុកចិត្ត។ ដូច្នេះ ក្នុងរាល់វេនប្រចាំការនិងរាល់ការពិនិត្យ ខ្ញុំតែងចាត់ទុកការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈដើរទន្ទឹមគ្នាជាមួយការយកចិត្តទុកដាក់។ ព្រោះនៅពីក្រោយអ្នកជំងឺម្នាក់ៗ គឺមានគ្រួសារមួយកំពុងរង់ចាំ និងមានអ្នកជាទីស្រឡាញ់ដែលសង្ឃឹមថា អ្នកដែលពួកគេស្រឡាញ់នឹងឆាប់បានជាសះស្បើយ"។ ដោយការអស់ពីចិត្តនេះ ធ្វើឱ្យវេជ្ជបណ្ឌិតរូបនេះ កាន់តែជិតស្និទ្ធនិងទទួលបានការជឿទុកចិត្តពីអ្នកជំងឺ។ មិនត្រឹមតែបំពេញភារកិច្ចជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ហ្វាងអៀងក៏បានរួមចំណែកផ្សព្វផ្សាយស្មារតីមនុស្សធម៌ ជួយឱ្យអ្នកជំងឺកាត់បន្ថយការឈឺចាប់ និងមានជំនឿចិត្តបន្ថែមទៀតចំពោះជីវិត។ "មានវិជ្ជាជីវៈច្បាស់លាស់ អនុវត្តល្អភារកិច្ចដែលបានប្រគល់ មានភាពសាមញ្ញក្នុងជីវភាពរស់នៅ រួសរាយរាក់ទាក់ និងជិតស្និទ្ធជាមួយមិត្តរួមការងារ ព្រមទាំងអស់ពីចិត្តចំពោះអ្នកជំងឺ"។ វេជ្ជបណ្ឌិត ជុងតឹងឌិញ នាយកមន្ទីរពេទ្យសម្ភពនិងកុមារសុកត្រាំង បានវាយតម្លៃអំពីវេជ្ជបណ្ឌិត ហ្វាងអៀងដូច្នេះ។
ផ្ដើមពីគ្រួសារសុភមង្គល ការប្តេជ្ញាចិត្តរបស់បញ្ញវន្តវ័យក្មេងនៅតាមស្ថាប័ន អង្គភាពនានា រហូតដល់ការលះបង់ក្នុងបេសកកម្មថែទាំសុខភាពប្រជាជន។ ទាំងអស់នេះបានរួមចំណែកបង្កើតជារូបភាពដ៏ស្រស់ស្អាត និងភាពចម្រុះពណ៌របស់នារីជនជាតិភាគតិចនៅទីក្រុងកឹងធើក្នុងសម័យថ្មី។ ពួកគេគឺជា “កម្លាំងស្នូល” ក្នុងការតភ្ជាប់ក្តីស្រឡាញ់ ខិតខំថែរក្សានិងបន្តព្រលឹងវប្បធម៌ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់វិបុលភាពរួមរបស់ទីក្រុង ដើម្បីកសាងទីក្រុងកឹងធើឱ្យកាន់តែស៊ីវិល័យ ទំនើប ពោរពេញដោយមនោសញ្ចេតនានិងអត្តសញ្ញាណវប្បធម៌៕
ថាញវ៉ាង - ពេជ្រសឿន