ធ្លាប់មានបទពិសោធច្រើនឆ្នាំបំពេញការងារក្នុងកងកម្លាំងនគរបាល លោកយ័ញចឿង អ្នកមានប្រិយភាព នៅភូមិអាងប៊ិញ ឃុំចូវថាញ់ ខេត្តអាងយ៉ាង តែងស្និទ្ធស្នាលជាមួយប្រជាជន និងជិតដិតជាមួយមូលដ្ឋាន។ ផ្អែកលើបទពិសោធន៍ និងការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ខ្មែរ លោកបានខ្នះខ្នែងផ្សព្វផ្សាយ ចលនានិងសម្រុះសម្រួល រួមចំណែកពង្រឹងកម្លាំងសាមគ្គី និងនាំយកគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋបានជ្រួតជ្រាបដល់ប្រជាជន។
.jpg)
លោកយ័ញចឿង អ្នកមានប្រិយភាព នៅភូមិអាងប៊ិញ ឃុំចូវថាញ់ ខេត្តអាងយ៉ាង។
កើតនៅឆ្នាំ ១៩៥៣ លោកយ័ញចឿង បានចូលរួមការងារក្រោយពីឆ្នាំ ១៩៧៥ មកម៉្លេះ។ ផ្ដើមពីកម្មាភិបាលថ្នាក់មូលដ្ឋាន លោកធ្លាប់ទទួលការងារជាប្រធានភូមិអាងប៊ិញ ហើយបន្តធ្វើជាប្រធាននគរបាលឃុំ។ ដោយស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងក្នុងការងារ លោកបានទទួលភារកិច្ចជាច្រើនទៀតក្នុងកម្លាំងនគរបាល ដោយធ្លាប់ធ្វើជាអនុប្រធាននគរបាលស្រុកចូវថាញ់ (ចាស់) និងទទួលបន្ទុកការងារសន្តិសុខផ្ទៃក្នុង តាមបន្ទាត់ព្រំដែន។ ក្នុងរយៈពេលប្រកបការងារ លោកតែងតែប្រកាន់ខ្ជាប់ការការពារសន្តិសុខនិងការរក្សាជីវភាព សុខសាន្តជូនប្រជាជនជាភារកិច្ចចម្បង។ ស្នាដៃនិងការរួមចំណែករបស់លោក បានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទទួលស្គាល់តាមរយៈទម្រង់សរសើរជាច្រើន។ ឆ្នាំ ២០១១ លោកបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ឯក និងទទួលរបបចូលនិវត្តន៍នៅឆ្នាំ ២០១២។
វិលត្រឡប់មកភូមិស្រុកកំណើត លោកយ័ញចឿង មិនជ្រើសរើសជីវិតរស់នៅសុខស្រួលឡើយ ប៉ុន្តែបានបន្តចូលរួមសកម្មភាពសង្គម។ ក្រោយពេលចូលនិវត្តន៍ លោកយ័ញចឿង បន្តចូលរួមការងាររណសិរ្ស។ លោកសកម្មឃោសនា ចលនាប្រជាជនអនុវត្តតាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រក្សាសាមគ្គីភាព លើកកម្ពស់ស្មារតីជួយជ្រោមជ្រែងគ្នា និងរួមគ្នាកសាងជីវភាពកាន់តែរីកចម្រើន។ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ លោក បានទទួលភារកិច្ចជានាយកសហករណ៍កសិកម្មភូមិអាងប៊ិញ។ ដោយធ្វើស្រែដោយផ្ទាល់លើផ្ទៃដីជិត ២ ហិកតា លោក យ័ញចឿង មានភាពជិតស្និទ្ធ និងចែករំលែកបទពិសោធផលិតជាមួយមាមីងកសិករ ព្រមទាំងចលនាប្រជាជនបង្កើនការចងសម្ព័ន្ធ រួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃការផលិតស្រូវ។ លោកត្រឹងហ្វាងត្វឹង លេខាសាខាបក្សភូមិអាងប៊ិញ វាយតម្លៃ៖ “លោកយ័ញចឿង ជាជនជាតិខ្មែរយល់ដឹងច្បាស់អំពីជីវភាព និងវប្បធម៌របស់ជនរួមជាតិផងខ្លួន ដូច្នេះលោកមានវិធីសាស្ត្រសម្របសម្រួល និងទូន្មានយ៉ាងសមហេតុសមផល បានប្រជាជនស្តាប់និងធ្វើតាម។ រៀងរាល់ឆ្នាំ លោក យ័ញចឿង ថែមទាំងសហការជាមួយកម្មាភិបាលភូមិអាងប៊ិញ សម្រុះសម្រួលជោគជ័យជាច្រើនករណីនៅភូមិភាគ ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍គ្រួសារ ជម្លោះប្រាក់កាស និងព្រំប្រទល់ដីធ្លី រួមចំណែករឹតបន្ដឹងមនោសញ្ចេតនា អ្នកភូមិផងរបងជាមួយកាន់តែស្អិតល្មួត”។
លោក យ័ញភុក នាយកមន្ទីរជនជាតិនិងសាសនា ខេត្តអាងយ៉ាង បានឱ្យដឹង អ្នកមានប្រិយភាពក្នុងជនជាតិភាគតិចមានតួនាទីយ៉ាងសំខាន់ក្នុងការឃោសនា និងចលនាប្រជាជន។ តាមរយៈការយល់ច្បាស់អំពីភូមិឋាន ទំនៀមទម្លាប់ និងមានឥទ្ធិពលក្នុងសហគមន៍ កម្លាំងនេះជាស្ពានតភ្ជាប់ជួយឱ្យគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជ្រួតជ្រាបដល់មាមីងយ៉ាងជិតស្និទ្ធ និងងាយយល់បំផុត។
តាមរយៈបទពិសោធន៍ ប្រិយភាពនិងភាពជាគំរូ លោកយ័ញចឿង បន្តលើកកម្ពស់តួនាទីជាអ្នកមានប្រិយភាពនៅភូមិភាគ។ សកម្មភាពជាក់ស្តែងរបស់លោក បានរួមចំណែកពង្រឹងកម្លាំងសាមគ្គី និងរក្សាភាពជិតស្និទ្ធក្នុងភូមិផងរបងជាមួយ។ តាមរយៈនោះ កសាងសហគមន៍កាន់តែសុខសាន្ត អភិវឌ្ឍន៍ ព្រមទាំងធ្វើឱ្យឆន្ទៈបក្សកាន់តែស្របនឹងបំណងប្រាថ្នារបស់ប្រជាជន៕
ហុងទើ - ថាច់ធី