17/09/2026 - 05:42

ដាំបន្លែបង្ការជួយឱ្យកសិករមានជីវភាពលំនឹង 

ប៉ុន្មានឆ្នាំជិតៗនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំបាននាំមកនូវប្រ​សិទ្ធភាពជាក់ស្តែង​សម្រាប់​គ្រួសារ​ជាច្រើននៅក្នុងភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ ផ្តើមពីផ្ទៃដី​ផលិត​ដែល​មានប្រសិទ្ធភាពទាប កសិករបានផ្លាស់ប្តូរទៅដាំប្រភេទ​ដំណាំរួមផ្សំដែល​សម​ស្របនឹង​លក្ខណៈ​ដីធ្លី អាកាស​ធាតុ និងតម្រូវការទីផ្សារ។ អាស្រ័យហេតុនេះ ប្រាក់ចំណូល​តែងបាន​​លើកកម្ពស់ជាបណ្តើរៗ រួមចំណែកជួយឱ្យប្រជាជនមានជីវភាពលំនឹង។

ពីមុន ជីវភាពរបស់មាមីងកសិករជាច្រើននៅជួបការលំបាក ដោយ​សារការ​ផលិត​ពឹងលើលក្ខណៈអាកាសធាតុ ផ្ទៃដីធ្វើស្រែមួយចំនួនមាន​ប្រសិទ្ធភាព​ទាប និងតម្លៃលក់មិនលំ​នឹង។ ដោយមើលសង្កេតឃើញថា ដាំដំណាំមានរយៈពេលលូតលាស់ខ្លី ដើមទុន​វិនិ​យោគសមស្រប និងអាចដាំឆ្លាស់ដំណាំបានច្រើនរដូវក្នុងមួយឆ្នាំ មាមីង​នៅភូមិផ្នោរកញ្ជើបាននាំយក​ដំណាំ​គ្រប់​ប្រភេទទៅក្នុងការផលិតដូចជា៖ ខ្ទឹម​ស្លឹក គូឆាយ ម្ទេស ត្រសក់ ស្ពៃតឿ សាឡាត់ ស្ពៃចង្កឹះ ស្ពៃខៀវ ។ល។​ដំណាំរួមផ្សំទាំងនេះសមស្របនឹងទៅនឹងលក្ខណៈដីធ្លីនៅតំបន់នេះ ដោយនាំមកនូវទិន្នផល​ខ្ពស់ និងមានទីផ្សារលក់ចេញបានលំនឹង។

បងត្រឹងថាញ់ឡុង(ខាងស្តាំដៃ) នៅភូមិផ្នោរកញ្ជើ ឃុំង៉ុកតូរួមជាមួយរដ្ឋអំណាចភូមិភាគទស្សនាទម្រង់ដាំគូឆាយរបស់គ្រួសារ។

ផ្តើមពីប្រសិទ្ធភាពជំហានដំបូង ទម្រង់ដាំដំណាំរួមផ្សំកំពុងឆ្ពោះទៅរកទិស​សមស្របសម្រាប់​កសិករ​ឃុំង៉ុកតូក្នុងដំណើរការអភិវឌ្ឍផលិត។ មិនត្រឹមតែរួមចំណែកលើកកម្ពស់ប្រាក់​ចំណូល​ប៉ុណ្ណោះទេ ដំណាំរួមផ្សំថែមទាំងជួយឱ្យប្រជាជនម្ចាស់ការក្នុងការផលិត ជាជំហានកែ​លម្អ​គុណភាពនៃការរស់នៅ និងជម្រុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើនតាម​ទិស​ដៅ​មានប្រ​សិទ្ធ​ភាព និងចីរភាព។ បងត្រឹងថាញ់ឡុង នៅភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ បានដាំដំណាំរួមផ្សំ​លើដីជុំវិញ​ផ្ទះ​ជាង១០ឆ្នាំ។ ជាមួយនឹងផ្ទៃដីប្រមាណ២.០០០ម៉ែត្រការ៉េ បង​ឡុងដាំបន្លែរួមផ្សំឆ្លាស់គ្នា​រាល់​ឆ្នាំ។ ដោយសារ​យល់ដឹងពីតម្រូវការទីផ្សារ ទើបបន្លែលក់ចេញ​បានលំនឹង។ បងឡុង បានចែករំលែក៖ តំបន់នេះជាដីខ្សាច់សមស្របនឹងប្រភេទបន្លែដូចជា ខ្ទឹម គូឆាយ សាឡាត់ ស្ពៃចង្កឹះ ស្ពៃខៀវ។ បច្ចុប្បន្នលើផ្ទៃដីប្រមាណ២.០០០ម៉ែត្រការ៉េ ខ្ញុំដាំគូឆាយ ធម្មតា​ប្រហែល​៣ថ្ងៃ ខ្ញុំអាចកាច់ផ្កាម្តងបានប្រមាណ៤០គីឡូក្រាម ហើយនៅពេល​គូឆាយ​ចេញផ្កា​ច្រើន ខ្ញុំកាច់​​បានប្រមាណ៧០គីឡូក្រាម តម្លៃបច្ចុប្បន្នលក់ឱ្យម៉ូយ​ប្រមាណ​ ៣៥.០០០ដុង/គី​ឡូ​ក្រាម។ ដាំគូឆាយបើចេះថែទាំល្អ អាចប្រមូលផលបានជាប់ៗគ្នាជិត២ឆ្នាំ ទើបគាស់ចេញ​ដាំដំ​ណាំផ្សេងទៀត ដោយសារទម្រង់ដាំដំណាំរួមផ្សំ ជួយឱ្យជីវភាព​គ្រួសារខ្ញុំធូរ​ធារ​ជាងមុននិង​គិត​អានឱ្យកូនៗបានរៀនសូត្រត្រឹមត្រូវ ។

ក្នុងដំណើរការបង្កបង្កើនផល កសិករកាន់តែយកចិត្តទុកដាក់លើការ​អនុវត្តវិទ្យា​សាស្ត្រ​បច្ចេក​ទេស ជ្រើស​រើសពូជ ជីសមស្រប  និងម្ចាស់ការក្នុងការ​បង្ការជំងឺ​និងកម្ចាត់​ដង្កូវ។ ការដាំចម្រុះដំណាំមិនត្រឹមតែជួយ​ទាញយកប្រយោជន៍​បានល្អពីផ្ទៃដី​ប៉ុណ្ណោះទេ ថែម​ទាំងបង្ក​ប្រភពចំណូលសម្រាប់គ្រួសារទៀតផង។ បងឡឹមសឿង នៅភូមិផ្នោរកញ្ជើ ឃុំង៉ុកតូបានជ្រើសរើសពូជដាំម្ទេស ត្រសក់ និងសាឡាត់។ ប្រភេទដំណាំ​រួមផ្សំទាំងនេះ​មានរយៈពេលខ្លី ប៉ុន្តែដោយឧស្សាហ៍ព្យាយាមថែទាំ ការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស​ចូលក្នុងការផលិតនិងក្តាប់បានតម្រូវការទីផ្សារ ដូច្នេះរាល់រដូវចុះពូជបងសឿងសុទ្ធតែ ​ទទួលបានប្រាក់ចំណេញខ្ពស់។ បងសឿងបានឱ្យដឹង៖ ខ្ញុំឃើញថាតំបន់ដីនេះ​សមស្រប​នឹងការដាំដំណាំរួមផ្សំ ផ្ទៃដីជុំវិញផ្ទះខ្ញុំមានជិត២.០០០ម៉ែត្រការ៉េ បច្ចុប្បន្នខ្ញុំដាំ​ត្រសក់​១.៥០០ម៉ែត្រការ៉េ បានប្រមូលផលរួចរាល់និងដំណាំម្ទេសលើផ្ទៃដីប្រមាណ​៥០០ម៉ែត្រការ៉េ កំពុងប្រមូលផលជារៀងរាល់ថ្ងៃបានពី៣០ដល់៤០គីឡូក្រាម ពេលផ្លែកុះឡើងដល់៧០​គីឡូ​ក្រាម ហើយតម្លៃបច្ចុប្បន្នគឺប្រមាណ៣០.០០០ដុង/គីឡូក្រាម។ ការដាំម្ទេស​នៅរដូវវស្សា​បាន​តម្លៃខ្ពស់ជាងរដូវប្រាំង ប៉ុន្តែវាជួបប្រទះជំងឺស្អុយដើម រលាកផ្លែនិងអុចស្លឹក ដោយសារបាន​រដ្ឋអំណាចភូមិភាគអញ្ជើញទៅចូលរួមវគ្គ​បណ្តុះបណ្តាលបច្ចេក​ទេសដាំដុះ ទើបខ្ញុំ​​អនុវត្ត​ក្នុងការផលិតទទួលបានទិន្នផលខ្ពស់ និងចេះវិធីបង្ការ​ជំងឺ​លើដំណាំ ។

បងឡឹមសឿង នៅភូមិផ្នោរកញ្ជើ ឃុំង៉ុកតូកំពុងប្រមូលផលម្ទេសរបស់គ្រួសារ។

លោកថាយហ៊ុង - អនុលេខាសាខាបក្ស និងជាប្រធានគណៈការងាររណសិរ្សភូមិផ្នោរកញ្ជើ បានឱ្យដឹង៖ បច្ចុប្បន្ន ប្រជាជនក្នុងភូមិកំពុងអភិវឌ្ឍការដាំបន្លែគ្រប់ប្រភេទជិត ១០០ ហិកតា ដូចជា៖ សាឡាត់ ស្ពៃចង្កឹះ ស្ពៃខៀវ ម្ទេស ត្រសក់ ខ្ទឹមស្លឹក គូឆាយ ស្ពៃតឿ...។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ គ្រួសារកសិករជាច្រើនបានខ្នះខ្នែងផ្លាស់​ប្ដូរផ្ទៃដីធ្វើស្រូវមួយភាគដែល​មានប្រសិទ្ធភាពទាប មកដាំដំណាំរួមផ្សំនិងជ្រើសរើសពូជសមស្រប អនុវត្តបច្ចេកទេស​ដាំដុះ ព្រមទាំងម្ចាស់ការក្នុងការបង្ការជំងឺនិង​កម្ចាត់ដង្កូវធ្វើឱ្យទិន្នផលដំណាំ​កើនឡើង​យ៉ាង​ច្បាស់។ ពិសេស ការប្រើប្រាស់​ជីកសិកម្មសមស្រប សន្សំសំចៃទឹក និងកាត់​បន្ថយការ​ប្រើប្រាស់​ថ្នាំការពាររុក្ខជាតិ ក៏ជួយកាត់​បន្ថយការចំណាយក្នុងការផលិត ការពារបរិស្ថាន​និង​បង្កើត​បាន​ជា​កសិផល​ប្រកប​ដោយសុវត្ថិ​ភាព​ រួមចំណែកបង្កើនប្រាក់​ចំណូល​សម្រាប់គ្រួសារ ។

ការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែងសម្រាប់គ្រួសារជាច្រើនក្នុងភូមិផ្នោរកញ្ជើ។ ដោយសារភាពឧស្សាហ៍ព្យាយាមក្នុងពលកម្ម និងការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសជឿនលឿនចូលទៅក្នុងការផលិត ទម្រង់ដាំបន្លែបានប្រ​ជាជនអនុវត្តយ៉ាង​ទូលំ​ទូលាយ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជា​ជននៅក្នុងភូមិសាស្រ្ត៕

ដាលីន

ចែករំលែកអត្ថបទ