16/09/2026 - 19:39

សង្កាត់វិញចូវម្ចាស់ការរក្សាស្ថិរភាពសាលារៀន ថ្នាក់រៀន ក្រោយពីសម្រិតសម្រាំង រួមបញ្ចូល 

បន្ទាប់ពីអនុវត្តការសម្រិតសម្រាំង រួមបញ្ចូលគ្រឹះស្ថានអប់រំនៅលើភូមិឋាន កិច្ចការចាត់តាំងសាលារៀន ថ្នាក់រៀននិងការកៀរគរសិស្សចូលរៀនឆ្នាំសិក្សា២០២៦-២០២៧ នៅលើភូមិឋានសង្កាត់វិញចូវជាសារវន្តមានស្ថិរភាព ឆ្លើយតបតម្រូវការបង្រៀននិងរៀនតាំងពីថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី។

បច្ចុប្បន្ន សង្កាត់វិញចូវមានសាលារដ្ឋចំនួន៣ គឺសាលាមត្តេយ្យ ១ សាលាបឋមសិក្សា១ និងសាលាអនុវិទ្យាល័យ១ ដោយមានសាខាចំណុះចំនួន៩។ ក្រៅពីនេះ នៅលើភូមិឋានក៏មានសាលាឯកជនចំនួន២ទៀត។

ការងារកៀរគរសិស្សចូលរៀនសម្រេចបានលទ្ធផលវិជ្ជមាន។ កម្រិតមត្តេយ្យសិក្សាកៀរគរបានកុមារ ២.០៤៩នាក់ សម្រេច ១០១,៦៨% ភាគកម្រិតដែលបានប្រគល់; ក្នុងនោះមានក្មេងតូចៗ ២០៧ប្អូនផ្ញើទារកដ្ឋាននិងកុមារមត្តេយ្យ ១.៨៤២នាក់។ កម្រិតបឋមសិក្សាកៀរគរបានសិស្សានុសិស្ស ៥.៤៦១នាក់ សម្រេច ៩៩,១៤%ភាគកម្រិត; កម្រិតអនុវិទ្យាល័យកៀរគរបានសិស្សានុសិស្ស ៣.០៩០នាក់ សម្រេច ១០២,០៤% ភាគកម្រិតដែលបានប្រគល់។ ទន្ទឹមនឹងការធានាស្ថិរភាពសាលារៀន ថ្នាក់រៀន សាលានានាក៏បានម្ចាស់ការពិនិត្យឡើងវិញ ចាត់ចែងមុខជំនាញ ធានាមានគ្រូបង្រៀនគ្រប់ថ្នាក់។ ក្រោយការរួមបញ្ចូល កម្រិតមត្តេយ្យមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិកចំនួន ១៤១នាក់; កម្រិតបឋមសិក្សា ២៨៧នាក់និងកម្រិតអនុវិទ្យាល័យ ១២៣នាក់។ ធៀបនឹងមុនពេលរួមបញ្ចូល ចំនួនក្របខ័ណ្ឌថយចុះ ៤១នាក់ ប្រគល់ទៅឱ្យមន្ទីរអប់រំនិងបណ្តុះបណ្តាល។ កងជួរកម្មាភិបាល គ្រូបង្រៀន បុគ្គលិកជាសារវន្តមានស្ថិរភាព។ កម្មាភិបាល គ្រូបង្រៀន បុគ្គលិកទាំង ១០០% បានចូលរួមវគ្គហ្វឹកហាត់នយោបាយនៅរដូវវិស្សមកាល; ព្រមទាំងបានហ្វឹកហាត់កម្មវិធីអប់រំចំណេះទូទៅឆ្នាំ​២០១៨ ប្រើប្រាស់សៀវភៅមុខវិជ្ជាសិក្សាថ្មី ផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ត្រួតពិនិត្យវាយតម្លៃ អនុវត្តបច្ចេកវិទ្យាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល។ តាមរយៈនោះ រួមចំណែកលើកកម្ពស់សមត្ថភាពមុខជំនាញ ឆ្លើយតបតម្រូវការភារកិច្ចឆ្នាំសិក្សាថ្មី។ លោកគ្រូ តាំងង៉ុកថឿ ចាងហ្វាងរងសាលាបឋមសិក្សាវិញចូវ ទទួលបន្ទុកសាខាទី២ ឱ្យដឹង៖ "ក្រោយពេលសម្រិតសម្រាំង ហេដ្ឋារចនាសម្ព័ន្ធនៅសាខាសាលាឆ្លើយតបតម្រូវការបង្រៀននិងរៀន។ កងជួរគ្រូបង្រៀនបានចាត់ចែងសមស្របតាមមុខជំនាញ ធានាអនុវត្តត្រូវតាមកម្មវិធីអប់រំតាំងពីដើមឆ្នាំសិក្សា"។

លោកស្រី ង្វៀងធីហ្វាប៊ិញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ មកពិនិត្យសាលាបឋមសិក្សាវិញចូវសាខាទី២។

ចំពោះហេដ្ឋារចនាសម្ព័ន្ធសាលារៀន ថ្នាក់រៀននិងសម្ភារៈបរិក្ខារបង្រៀនជាសារវន្តបានធានា ឆ្លើយតបតម្រូវការបង្រៀននិងរៀន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីវាយតម្លៃឱ្យបានជិតដិតនឹងលក្ខណៈជាក់ស្តែងក្រោយពេលសម្រិតសម្រាំង រួមបញ្ចូល ថ្នាក់ដឹកនាំសង្កាត់បានចាត់តាំងពិនិត្យការងារត្រៀមបម្រុងនាដើមឆ្នាំសិក្សានៅសាលានានានៅលើភូមិឋាន។ តាមរយៈការពិនិត្យ សរុបមក សាលានានាបានម្ចាស់ការត្រៀមគ្រប់លក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មី; បន្ទប់រៀន តុកៅអីនិងសម្ភារៈបរិក្ខារបង្រៀនជាសារវន្តឆ្លើយតបតម្រូវការ។ ប៉ុន្តែនៅតាមសាខាសាលាមួយចំនួននៅតែមានការលំបាក ជាពិសេសក្នុងរដូវភ្លៀង។ បន្ទប់រៀនមួយចំនួនមានផ្ទៃចង្អៀតចង្អល់ ទីលានសាលាលិចទឹក អាចប៉ះពាល់ដល់ការចាត់តាំងបង្រៀននិងសកម្មភាពរបស់សិស្សានុសិស្ស។

"សាលានានាគប្បីបន្តពិនិត្យឡើងវិញយ៉ាងពេញលេញនូវហេដ្ឋារចនាសម្ព័ន្ធ បន្ទប់រៀន តុកៅអីនិងសម្ភារៈបរិក្ខារបម្រើការបង្រៀន។ ចំពោះផ្នែកណាខូចខាតបន្តិចបន្តួច អាចជួសជុល កែលម្អបាន សាលានានាត្រូវម្ចាស់ការអនុវត្តដើម្បីធានាលក្ខណៈសិក្សាឱ្យបានល្អបំផុតសម្រាប់សិស្សានុសិស្ស។ ព្រមទាំងបានក្រើនរំលឹកដល់សាលានានាបង្កើនការអនាម័យបរិស្ថាន ប្រមូលសំរាម រក្សាទេសភាពសាលារៀន បន្ទប់រៀន; ត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងសាលាដែលនៅជួបការលំបាក ជាពិសេសគឺបន្ទប់រៀននិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីមានដំណោះស្រាយកែលម្អទាន់ពេលវេលា" លោកស្រី ង្វៀងធីហ្វាប៊ិញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ បានសង្កត់ធ្ងន់ដូច្នេះ។

ការរក្សាបានល្អការងារកៀរគរសិស្ស ធានាស្ថិរភាពកងជួរនិងម្ចាស់ការពិនិត្យឡើងវិញ កែលម្អភាពនៅមានកម្រិតអំពីហេដ្ឋារចនាសម្ព័ន្ធតាំងពីដើមឆ្នាំសិក្សា មានអត្ថន័យសំខាន់ចំពោះសាលានានាក្រោយការសម្រិតសម្រាំង រួមបញ្ចូល។ តាមរយៈនោះ សង្កាត់វិញចូវជាជំហានៗធានាបរិយាកាសបង្រៀននិងរៀនមានសុវត្ថិភាព ងាយស្រួល បង្កលក្ខណៈឱ្យគ្រូបង្រៀនស្ងប់ចិត្តបង្រៀន សិស្សានុសិស្សសិក្សាបានល្អ រួមចំណែកអនុវត្តមានប្រសិទ្ធភាពភារកិច្ចឆ្នាំសិក្សា​២០២៦-២០២៧៕

ថាញហ៊ុង - សុផន

ចែករំលែកអត្ថបទ