ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2026 - 21:06

ជំរុញការអនុវត្តផ្លាស់ប្ដូរឌីជីថលនិងកសាងទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង 

(អ.ឡ) - នាថ្ងៃទី១៦ ខែកញ្ញា នៅទីក្រុងកឹងធើ វិទ្យាស្ថានមេគង្គចំណុះសាកលវិទ្យាល័យកឹងធើ អធិបតី​និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្លាស់ប្ដូរឌីជីថល ឆ្ពោះដល់​ការអភិវឌ្ឍប្រកបដោយចីរភាពតំបន់មេគង្គ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពីការកសាងថ្នាលទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង។

អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំ។

ការអនុវត្តផ្លាស់ប្ដូរឌីជីថល បច្ចេកវិទ្យាទំនើបនិងវិធីសាស្ត្រចេញសេចក្តីសម្រេចផ្អែកលើភស្តុ តាងដែលបានរំពឹង រួមចំណែកលើកកម្ពស់សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ និងភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង ក្នុងការឆ្លើយតបនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ។

ទោះជាយ៉ាងណា បច្ចុប្បន្ន​ ការតភ្ជាប់និងការចែករំលែកទិន្នន័យរវាងស្ថាប័ន អង្គការ និងភាគីពាក់ព័ន្ធនានានៅមានកម្រិត។ ទិន្នន័យវិទ្យាសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច-សង្គម និងការផលិតបានរក្សាទុកនៅក្នុងប្រព័ន្ធផ្សេងៗគ្នាជាច្រើន មានទម្រង់និងស្តង់ដារមិនទាន់ព្រមៗគ្នារវាងភូមិ​ភាគ និងអង្គភាពនានា ព្រមទាំងនៅខ្វះយន្តការសម្រាប់ការចែករំលែកនិងប្រើប្រាស់ទិន្ន​ន័យ​រួមគ្នា។

នៅក្នុងកិច្ចប្រជុំ អ្នកតំណាងជាច្រើនបានលើកឡើង ចាំបាច់ត្រូវកសាងថ្នាលទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង ដោយមានយន្តការសហការព្រមៗគ្នានិងមានភាពជិតដិតរវាងក្រសួង ស្ថាប័ន ភូមិភាគនិងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងភ្ជាប់ជាមួយការជំរុញការផ្លាស់ប្ដូរឌីជីថល សំដៅដល់ការរួមបញ្ចូលដោយស្វ័យប្រវត្តិ និងស្វែងរកទិន្នន័យតភ្ជាប់គ្នា បំប្លែងទិន្នន័យទៅជាចំណេះដឹងសម្រាប់ប្រើប្រាស់រួម។ តាមរយៈនោះ រួមចំណែកយ៉ាងសកម្មដល់ការផ្តល់យោបល់លើគោលនយោបាយ ការគ្រប់គ្រងធនធានក្នុងតំបន់ និងជួយឱ្យភាគីពាក់ព័ន្ធធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការវិនិយោគ ផលិត ធ្វើអាជីវកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់វាលរាបទន្លេគឺវឡុងនិងទូទាំងទន្លេមេគង្គ។

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្លាស់ប្ដូរឌីជីថល ឆ្ពោះដល់​ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ។

តំណាងក្រសួង ស្ថាប័ន ភូមិភាគ អាជីវកម្ម វិទ្យាស្ថាន សាលារៀននិងអង្គការអន្តរជាតិ បានឧទ្ទេសនាមនិងចែករំលែកនូវទម្រង់ ដំណោះស្រាយជាក់ស្តែងជាច្រើន ដើម្បីជំរុញការផ្លាស់ប្ដូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅតំបន់វាលរាបទន្លេគឺវឡុង; ព្រមទាំងដំណោះស្រាយសម្រាប់តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍប្រភពធនធានមនុស្សឌីជីថល និងកសាងថ្នាលទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង។

អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍នៅក្នុងកិច្ចប្រជុំ។

យោងតាមវិទ្យាស្ថានមេគង្គចំណុះសាកលវិទ្យាល័យកឹងធើ ដោយការឧបត្ថម្ភរបស់ស្ថា​ប័ន​សហ​ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វិទ្យាស្ថានមេគង្គកំពុងអនុវត្តការកសាងមជ្ឈមណ្ឌល ទាញយកទិន្នន័យ និងគាំទ្រការផលិតប្រកបដោយចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង - Knowledge Hub (គំរូទី១២)។ Knowledge Hub ត្រូវបានអភិវឌ្ឍដូចជាថ្នាលឌីជីថលរួមបញ្ចូល ដើម្បីគាំទ្រការងាររៀបចំផែនផ្អែកលើទិន្នន័យ ពង្រឹងការចូលរួមរបស់ភាគីពាក់ព័ន្ធ និងជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យនានា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

វិទ្យាស្ថានមេគង្គរំពឹងថា នាពេលខាងមុខ ក្រសួង ស្ថាប័ន ភូមិភាគ អង្គភាព អាជីវកម្ម និងអង្គការអន្តរជាតិ នឹងបង្កើនការតភ្ជាប់ សហប្រតិបត្តិការនិងគាំទ្រ ដើម្បីអភិវឌ្ឍថ្នាល Knowledge Hub ឆ្ពោះដល់​ការតភ្ជាប់ទិន្នន័យក្នុងតំបន់ ជួយឱ្យការចែករំលែកនិងប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ វាលរាបទន្លេគឺវឡុង៕

ខាញ់ទ្រុង - ពេជ្រសឿន

ចែករំលែកអត្ថបទ