សំឡេង "ប៉ុកៗ" លាន់ឮកណ្ដាលចម្ការដូង ជាសញ្ញាបង្ហាញថា ទឹកផ្កាដូងដំណក់ដំបូងបានចាប់ផ្តើមហូរ។ មកដល់ Sokfarm នៅឃុំទីវកឹង ខេត្តវិញឡុង ភ្ញៀវទេសចរមិនត្រឹមតែបានឆ្លងកាត់ពិសោធន៍ "ម៉ាស្សាផ្កាដូង" ប្រមូលទឹកផ្កាដូង និងភ្លក់រសជាតិផ្អែមស្រាលពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីដំណើរលើកកម្ពស់តម្លៃដើមដូងដែលភ្ជាប់ជាមួយវប្បធម៌ខ្មែរនិងទេសចរណ៍កសិកម្ម។

Sokfarm ជាទីតាំងទេសចរណ៍កសិកម្ម ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ខ្មែរនៅឃុំទីវកឹង ខេត្តវិញឡុង។
សំឡេង "ប៉ុកៗ" លាន់ឮជាប្រចាំពីលើចុងដើមដូង ធ្វើឱ្យភ្ញៀវទេសចរទាំងអស់នាំគ្នាងើយមើលឡើងទៅលើ។ នៅលើដើមដូងខ្ពស់ បងថាច់សេរី បានច្បូតថ្នមៗនិងម៉ាស្សាផ្កាដូងម្តងមួយៗ រួចគោះថ្នមៗដើម្បីជំរុញឱ្យទឹកផ្កាដូងហូរចេញ។ បងសេរី ណែនាំ៖ "ត្រូវច្បូតនិងម៉ាស្សាផ្កាដូងថ្នមៗ ប្រហែល២-៣នាទី ហើយគោះដោយកម្លាំងល្មមកុំឱ្យផ្កាដូងជាំ ទើបទឹកផ្កាដូងអាចហូរបានស្មើល្អ"។ ខណៈពេលកំពុងពន្យល់ណែនាំ បងក៏អនុវត្តយ៉ាងរហ័សនិងស្ទាត់ជំនាញ។
ក្រោយពីទទួលបានការលើកទឹកចិត្តពីបងសេរី ខ្ញុំក៏សាកល្បងឡើងដើមដូងដើម្បីឆ្លងកាត់ពិសោធន៍ការដែលអ្នកភូមិនៅទីនេះហៅថា "ម៉ាស្សាផ្កាដូង"។ ឈរនៅត្រង់ប្រគាប់ធាងដូង ខ្ញុំបានច្បូតផ្កាដូងមួយៗដោយប្រុងប្រយ័ត្ន ហើយគោះតាមចង្វាក់និងចិតក្បាលចេញ តាមការណែនាំរបស់បងថាច់សេរី។ មិនបានប៉ុន្មាននាទីផង ដំណក់ទឹកផ្កាដូងថ្លាឈ្វេងដំបូងក៏ចាប់ផ្តើមស្រក់ចូលទៅក្នុងដបដែលព្យួរនៅក្រោមទងផ្កា។ នៅពេលលើកភ្លក់ទឹកផ្កាដូងដែលទើបប្រមូលបានមួយស្លាបព្រា រសជាតិផ្អែមស្រាល ត្រជាក់ បានសាយភាយពេញចុងអណ្តាត ផ្តល់អារម្មណ៍ប្លែកខុសពីរសជាតិផ្អែមរបស់ស្ករ ឬទឹកដូងធម្មតា។ គ្រានោះបានធ្វើឱ្យខ្ញុំយល់ថា ហេតុអ្វីបានជាមុខរបរប្រមូលទឹកផ្កាដូង បានក្លាយជាបទពិសោធន៍ដ៏ពិសេស និងទាក់ទាញភ្ញៀវទេសចរនៅពេលមកកាន់ស្រុកទីវកឹង។

ភ្ញៀវទេសចរឆ្លងកាត់ពិសោធន៍ "ម៉ាស្សាផ្កាដូង" និងប្រមូលទឹកផ្កាដូងនៅ Sokfarm។
ស្ថិតនៅចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំទីវកឹង តំបន់ទេសចរណ៍កសិកម្ម Sokfarm លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលជួរដើមដូងពណ៌បៃតង។ មិនមានភាពអ៊ូអរ ឬកុះករនោះទេ ប៉ុន្តែទីនេះទាក់ទាញភ្ញៀវទេសចរ ដោយផ្លូវតូចៗ ម្លប់ដូងត្រជាក់ ស្ពានឈើ គុម្ពផ្ការីកស្រស់នៅតាមដងផ្លូវ និងផ្លាកសញ្ញាធ្វើពីបន្ទះឈើដែលត្រូវបានគូរដោយវិចិត្រករខ្មែរ លម្អដោយក្បាច់ផ្កាចាន់ប្រពៃណីខ្មែរ។ នៅច្រកចូលមានពាក្យស្វាគមន៍ "សួស្ដី" ជាភាសាខ្មែរ ដែលបង្កអារម្មណ៍កក់ក្តៅនិងរាក់ទាក់ ដូចជាការចាប់ផ្តើមដំណើរមួយដើម្បីស្វែងយល់អំពីវប្បធម៌និងអត្តសញ្ញាណរបស់អ្នកស្រុកនៅទីនេះ។ ដំណើរទស្សនារយៈពេលប្រមាណ ១,៥ - ២ ម៉ោង ភ្ញៀវទេសចរនឹងបានស្វែងយល់អំពីដំណាក់ការទាំងមូលនៃការប្រមូលទឹកផ្កាដូង ចាប់ពីការថែទាំផ្កាដូង ការប្រមូលទឹកផ្កាដូង រហូតដល់ការកែច្នៃទៅជាផលិតផលចម្រុះជាច្រើនមុខ។ គ្រប់ដំណាក់ការសុទ្ធសឹងទាមទារឱ្យមានការអត់ធ្មត់ ជំនាញ និងការថ្នមថ្នាក់ផ្កាដូងនីមួយៗយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យទឹកផ្កាដូងហូរបានស្មើរៀងរាល់ថ្ងៃ។ លាយឡំជាមួយនឹងសកម្មភាពនៃការឆ្លងកាត់ពិសោធន៍ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់នៃជនបទណាមបូ នៅទីនេះភ្ញៀវទេសចរក៏អាចស្រូបយកខ្យល់អាកាសបរិសុទ្ធ មានអារម្មណ៍ស្រស់ស្រាយក្រោមម្លប់ដូងពណ៌បៃតង។
តិចមានអ្នកដឹងថា នៅពីក្រោយដំណក់ទឹកផ្កាដូងដ៏ផ្អែមឆ្ងាញ់ទាំងនោះ គឺជាដំណើរតស៊ូអស់រយៈពេលជិត ៧ ឆ្នាំរបស់ប្ដីប្រពន្ធអ្នកស្រី ថាច់ធីចន្ធី និងលោកផាមឌិញង៉ាយ បោះបង់ទីក្រុងមករស់នៅស្រុកកំណើត ដើម្បីស្ដាររបរប្រពៃណីរបស់ជនជាតិ និងបង្កើតបានពាណិជ្ជសញ្ញា Sokfarm ប្រកបដោយភាពច្នៃប្រតិដ្ឋ។ Sokfarm បានបង្កើតនៅឆ្នាំ ២០១៩ ក្នុងបំណងលើកកម្ពស់តម្លៃដើមដូង បង្កើតមុខរបរនិងប្រាក់ចំណូលសម្រាប់ជនរួមជាតិខ្មែរ ព្រមទាំងអភិវឌ្ឍទម្រង់ "កសិកម្មសុភមង្គល" រហូតមកដល់បច្ចុប្បន្ន អង្គភាពនេះបានកសាងតំបន់វត្ថុធាតុដើមដូងសរីរាង្គប្រមាណ ៦២ ហិកតា ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ដោយសហការជាមួយកសិករប្រមាណ ១៥០ គ្រួសារ និងបង្កការងារឱ្យកម្មករក្នុងភូមិភាគ ៩០ នាក់ ក្នុងនោះប្រមាណ ៧០% ជានារីជនជាតិខ្មែរ។
លោកថាច់បូរាណ នៅភូមិស្វាយមីង បានឱ្យដឹង កាលពីមុន តម្លៃផ្លែដូងប្រែប្រួលជាញឹកញាប់ ធ្វើឱ្យប្រាក់ចំណូលរបស់គ្រួសារមិនសូវមានស្ថិរភាព។ ចាប់តាំងពីបានចូលរួមប្រមូលទឹកផ្កាដូងផ្គត់ផ្គង់ឱ្យ Sokfarm អស់រយៈពេលជិត ២ ឆ្នាំមកនេះ ចំនួនដើមដូងជាង ៥០ ដើមរបស់គ្រួសារលោក បានផ្តល់ប្រាក់ចំណូលជាទៀងទាត់ប្រមាណ ១០-១៨ លានដុងក្នុងមួយខែ។ លោកចែករំលែក៖ "របៀបធ្វើនេះជួយឱ្យអ្នកដាំដូងមានទំនុកចិត្តជាងមុន ព្រោះមិនសូវប៉ះពាល់ពេលតម្លៃផ្លែដូងឡើងចុះមិនលំនឹងដូចមុនទៀត"។

ភ្ញៀវទេសចរភ្លក់រសជាតិទឹកផ្កាដូងស្រស់ ដែលជាផលិតផលពិសេសរបស់ Sokfarm។
មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងខេត្តប៉ុណ្ណោះទេ Sokfarm ក៏ជាទីតាំងដែលភ្ញៀវអន្តរជាតិជាច្រើនមកសិក្សាស្វែងយល់អំពីទម្រង់កសិកម្មសរីរាង្គ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍសហគមន៍។ ជារៀងរាល់ឆ្នាំ ទីនេះទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១.០០០នាក់ មកទស្សនានិងទទួលបទពិសោធន៍ផ្ទាល់។ តាមការលើកឡើងរបស់អ្នកស្រី ថាច់ធីចន្ធី ប្រការដែលធ្វើឱ្យ Sokfarm មានមោទនភាពបំផុត មិនត្រឹមតែការលក់ផលិតផលបានកាន់តែច្រើននោះទេ ប៉ុន្តែគឺការជួយឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់អំពីផលិតផលកសិកម្មរបស់វៀតណាម និងរឿងរ៉ាវដែលស្ថិតនៅពីក្រោយដំណក់ទឹកផ្កាដូង។ បច្ចុប្បន្ន Sokfarm បានអភិវឌ្ឍផលិតផលសរីរាង្គពីទឹកផ្កាដូងចំនួន ៦ ប្រភេទ រួមមាន ទឹកផ្កាដូងស្រស់ ទឹកផ្កាដូងខាប់ ស្ករផ្កាដូង ទឹកខ្មេះផ្កាដូង ទឹកស៊ីអ៊ីវ និងផលិតផលកែច្នៃផ្សេងៗទៀត។
នៅពេលរសៀលរំលងទៅបន្តិច សំឡេង "ប៉ុកៗ" ក៏លាន់ឮម្តងទៀតពីចង្កោមផ្កាដូងមួយទៀត។ នៅពេលចាកចេញ ពី Sokfarm ខ្ញុំនៅតែចងចាំរសជាតិផ្អែមស្រាលនៃទឹកផ្កាដូងដែលទើបប្រមូលបានថ្មីៗ ហើយក៏មិនអាចបំភ្លេចពាក្យស្វាគមន៍ "សួស្ដី" ដ៏សាមញ្ញនិងកក់ក្តៅដែលបន្លឺឡើងកណ្តាលសួនដូងពណ៌បៃតងត្រជាក់ភ្នែកនោះបានដែរ។ ដំណើរកម្សាន្តលើកនេះ មិនត្រឹមតែនាំមកនូវបទពិសោធន៍ថ្មីប្លែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីរបៀបដែលប្រជាជននៅទីវកឹង កំពុងអភិរក្សនិងបន្តអភិរក្សតម្លៃវប្បធម៌ខ្មែរ លើកកម្ពស់តម្លៃដើមដូង និងនិទានរឿងរ៉ាវភូមិស្រុកជនបទសាមញ្ញៗ ប៉ុន្តែពោរពេញដោយអត្ថន័យ៕
ពេជ្រ សឿន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
