ប៉ុន្មានឆ្នាំជិតៗនេះ ចលនាចិញ្ចឹមគោសាច់នៅភូមិតាលោង ឃុំឡុងវិញ ខេត្តវិញឡុង បានរីកចម្រើនជាលំដាប់។ មានទម្រង់ជាច្រើនបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកដល់ការលុបបំបាត់ភាពក្រីក្រប្រកបដោយចីរភាពនៅភូមិភាគ។

លោក ង្វៀង វ៉ាំងវិញ (ខាងឆ្វេង) ប្រធានសមាគមកសិករឃុំឡុងវិញ ចុះទៅពិនិត្យ ទម្រង់ចិញ្ចឹមគោរបស់គ្រួសារលោក ស៊ើងសួង នៅភូមិតាលោង។
លោក ស៊ើងសួង នៅភូមិតាលោង បានចែករំលែកបទពិសោធន៍ការរកស៊ីរបស់គាត់៖ “កសិករយើងចង់ចិញ្ចឹមគោសាច់ ឧទាហរណ៍មួយឆ្នាំលក់ចេញ ១ ល្បះ ក្នុងមួយល្បះ ៤ ក្បាល យ៉ាងហោចណាស់ត្រូវមានផ្ទៃដីដាំស្មៅប្រមាណ ២,៥ កុង ដើម្បីធានាប្រភពស្មៅគ្រប់គ្រាន់ឱ្យគោស៊ី ទើបគោឆាប់ធំ។ មុនពេលទិញគោ ត្រូវជ្រើសរើសគោដែលមានមាឌធំខ្ពស់ ឆ្អឹងធំ ដូចជាពូជគោបង្កាត់, Droughmaster, Brahman, BBB (3B), Angus, Charolais...។ បន្ទាប់ពីទិញគោមក ត្រូវបញ្ចុះព្រូន និងសត្វអតិសុខុមប្រាណ; ចាក់វ៉ាក់សាំងការពារជំងឺរោគកកឈាម ជំងឺអុតក្តាមតាមកាលកំណត់។ នៅរដូវប្រាំង ប្រភពស្មៅស្រស់ជាទូទៅមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់គោឡើយ ដើម្បីជៀសវាងស្ថានភាពកង្វះខាតចំណី យើងតែងតែបម្រុងចំបើង។ ដើម្បីឱ្យចំបើងមានសារធាតុចិញ្ចឹមខ្ពស់ ជាទូទៅគេជ្រើសរើសវិធីផ្អាប់ចំបើងជាមួយជីអ៊ុយរ៉េ។ វិធីផ្អាប់មានដូចតទៅ៖ ចំបើង ១០ គីឡូក្រាមគឺបន្ថែមកំបោរ ១ គីឡូក្រាម ដើម្បីសម្លាប់មេរោគមុនពេលផ្អាប់ ក្រោយពេលវិនិច្ច័យរួចបន្ថែមអ៊ុយរ៉េ ២ គីឡូក្រាម, ទឹកស្ករ ១ គីឡូក្រាម រលាយជាមួយទឹក បាញ់ឱ្យសព្វលើចំបើងឱ្យជ្រាបទឹកបានល្អ រួចគ្របឱ្យជិតដោយកៅស៊ូ ទុកក្នុងរយៈពេល ១ សប្តាហ៍ ទើបយកចំបើងឱ្យគោស៊ី។ ដើមឆ្នាំ ២០២៥ សមាគមកសិករឃុំបានពិនិត្យជួយគ្រួសារខ្ញុំឱ្យបានឧបត្ថម្ភដើមទុនពីមូលនិធិគាំទ្រកសិករខេត្ត ដោយទឹកប្រាក់ចំនួន ៣០ លានដុង។ ជាមួយនឹងទឹកប្រាក់នោះ ដំបូងគ្រួសារខ្ញុំទិញបានកូនគោឈ្មោលប្រភេទ 3B ចំនួន ២ ក្បាលយកមកចិញ្ចឹមបន្ធាត់។ ក្នុងរយៈពេលជាង ៩ ខែចិញ្ចឹមបន្ធាត់ កូនគោ ២ ក្បាលរបស់គ្រួសារខ្ញុំលក់បានតម្លៃជាង ៩០ លានដុង ចំណេញពីការចិញ្ចឹមបន្ធាត់គោឈ្មោល ២ ក្បាលនោះគឺជាង ៤០ លានដុង។ ឃើញថាការចិញ្ចឹមគោបន្ធាត់នាំមកនូវប្រសិទ្ធភាព គ្រួសារខ្ញុំក៏បន្តទិញ ២ ក្បាលទៀតមកបន្ធាត់ រយៈពេលចិញ្ចឹមក៏ប្រមាណពី ៩ ទៅ ១០ ខែ គ្រួសារខ្ញុំក៏លក់បានជាង ៨០ លានដុង ក្រោយពីផាតទាត់រួចនៅចំណេញជាង ៦០ លានដុង”។

តំណាងអង្គការមហាជន ដោះដូរអំពីបច្ចេកទេសចិញ្ចឹមគោជាមួយគ្រួសារលោក
ស៊ើងសួង។
លោក ង្វៀង វ៉ាំងវិញ ប្រធានសមាគមកសិករឃុំឡុងវិញ បានឱ្យដឹង៖ “ការចិញ្ចឹមគោគឺជាមុខរបរដែលសមាជិក និងកសិករនៅទីនេះផ្សារភ្ជាប់ជាយូរមកហើយ ប៉ុន្តែភាគច្រើនសមាជិក និងកសិករចិញ្ចឹមតាមបែបប្រពៃណី មិនទាន់ខិតជិតវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការចិញ្ចឹមឡើយ។ ព្រោះហេតុនោះ សមាគមបានចលនាបង្កើតទម្រង់ចិញ្ចឹមគោ ដើម្បីបង្កលក្ខណៈជួយសមាជិក និងកសិករបានខិតជិតប្រភពទុន និងវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន.។ល។ នាពេលខាងមុខ សមាគមនឹងបន្តពិនិត្យមើលសមាជិកដែលចិញ្ចឹមគោ បង្កលក្ខណៈជួយសមាជិកបុលទុនពង្រីកហ្វូងគោ និងទ្រុង ដើម្បីឱ្យទម្រង់ចិញ្ចឹមគោបន្តពង្រីកប្រសិទ្ធភាព។ ភូមិតាលោងមាន ១២២ គ្រួសារជាជនជាតិខ្មែរ ដោយមានប្រជាជនចំនួន ៤២៥ នាក់ ទូទាំងភូមិបច្ចុប្បន្នមានគោជាង ១៥០ ក្បាល។ ការចលនាចិញ្ចឹមគោបានរីកចម្រើនយ៉ាងខ្លាំងក្លានៅប៉ុន្មានឆ្នាំជិតៗនេះ នេះគឺជាទម្រង់បំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រមានប្រសិទ្ធភាព បច្ចុប្បន្នភូមិនៅសល់ត្រឹមតែ ៣ គ្រួសារក្រីក្រ និង ៤ គ្រួសារក្បែរក្រប៉ុណ្ណោះ។ នាពេលខាងមុខ ភូមិនឹងពង្រីកទម្រង់នេះបន្ថែមទៀត”។
ដើម្បីលើកកម្ពស់តម្លៃ និងអភិវឌ្ឍចីរភាពរបរចិញ្ចឹមគោ មានមតិជាច្រើនបានចាត់ទុកថា ត្រូវតែបង្កើតជាខ្សែសង្វាក់តម្លៃ ចាប់តាំងពីការផ្គត់ផ្គង់ច្រកចូល ការផលិត ការប្រមូលទិញ ការកែច្នៃ និងចុងក្រោយគឺការលក់ផលិតផលដល់អ្នកប្រើប្រាស់។ ជាពិសេស ត្រូវជំរុញការចងសម្ព័ន្ធ “ផ្ទះទាំង៤” អភិវឌ្ឍការចិញ្ចឹមសត្វតាមការរៀបចំផែនការ និងចិញ្ចឹមលក្ខណៈទ្រង់ទ្រាយធំដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ វិនិយោគព្រមៗគ្នានូវបច្ចេកវិទ្យា ឧបករណ៍ ពូជ និងចំណី៕
ស៊ើង ម៉ាល័យ - វ៉ាន់តឹន