(អ.ឡ) នៅព្រឹកថ្ងៃទី៦ ខែសីហា នៅសង្កាត់ភូឡើយ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ សហការជាមួយមន្ទីរជនជាតិនិងសាសនា ចាត់តាំងបើកវគ្គហ្វឹកហ្វឺនសម្រាប់គ្រូបង្រៀនអក្សរហ្វាលើភូមិឋានទីក្រុង ឆ្នាំ២០២៦។ វគ្គហ្វឹកហ្វឺននឹងប្រព្រឹត្តិឡើងក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី៦និងទី៧ ខែសីហា) នៅសង្កាត់ភូឡើយ ដោយមានសិក្ខាកាមចូលរួមជិត៨០នាក់។

អ្នកតំណាងចូលរួមវគ្គហ្វឹកហ្វឺនសម្រាប់គ្រូបង្រៀនអក្សរហ្វាលើភូមិឋានទីក្រុង ឆ្នាំ២០២៦។
ក្នុងរយៈកាល២ថ្ងៃ សិក្ខាកាមបានសិក្សាពីប្រធានបទសំខាន់ៗចំនួន៦ រួមមាន៖ ការផ្សព្វផ្សាយពីបណ្តាឯកសារចង្អុលការ គោលនយោបាយអំពីការអប់រំជនជាតិ; ណែនាំពីការចាត់តាំង គ្រប់គ្រងថ្នាក់រៀនភាសាហ្វានៅក្លិបនិងតាមសាលាក្រៅប្រព័ន្ធសាលារដ្ឋ; ទិដ្ឋភាពទូទៅនៃកម្មវិធី ផ្លាស់ថ្មីវិធីសាស្ត្របង្រៀននិងការត្រួតពិនិត្យ វាយតម្លៃ; វិធីសាស្ត្រចាត់តាំងបណ្តាសកម្មភាពបង្រៀនតាមកម្មវិធីភាសានិងអក្សរហ្វាកម្រិតបឋមសិក្សា; អនុវត្តបង្រៀនគំរូ ការគ្រប់គ្រងសំណុំឯកសារមុខជំនាញ និងផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ដើម្បីលើកកម្ពស់គុណភាពបង្រៀននិងរៀនអក្សរហ្វាលើភូមិឋាន។

អ្នកតំណាងចូលរួមវគ្គហ្វឹកហ្វឺនសម្រាប់គ្រូបង្រៀនភាសានិងអក្សរខ្មែរលើភូមិឋានទីក្រុង ឆ្នាំ២០២៦។
មុននោះ ចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា មន្ទីរអប់រំនិងបណ្តុះបណ្តាល បានសហការជាមួយមន្ទីរជនជាតិនិងសាសនា ចាត់តាំងវគ្គហ្វឹកហ្វឺនបាន៥ថ្នាក់ដល់គ្រូបង្រៀនភាសានិងអក្សរខ្មែរលើភូមិឋានទីក្រុង មានអ្នកចូលរួមជាង ៥៦០ អង្គនិងរូប។ កម្មវិធីហ្វឹកហ្វឺនភាសាខ្មែររួមមាន៦ប្រធានបទ គឺផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយអប់រំជនជាតិ; ណែនាំអំពីការចាត់តាំង គ្រប់គ្រងថ្នាក់រៀនភាសាខ្មែរនៅតាមវត្តពុទ្ធសាសនាថេរវាទខ្មែរ; ផ្លាស់ថ្មីវិធីសាស្ត្របង្រៀននិងការត្រួតពិនិត្យ វាយតម្លៃ; អនុវត្តបង្រៀនគំរូ; រួមបញ្ចូលការអប់រំវប្បធម៌ខ្មែរក្នុងថ្នាក់រៀនរដូវវិស្សមកាលនិងអនុវត្តបត់បែនវិធីសាស្ត្របង្រៀនតាមបែបបុរាណនិងសម័យទំនើប។
វគ្គហ្វឹកហ្វឺន បានរួមចំណែកធ្វើឱ្យសុក្រឹតកងជួរគ្រូបង្រៀន លើកកម្ពស់គុណភាពបង្រៀននិងរៀនអក្សរខ្មែរនិងអក្សរហ្វា ព្រមទាំងអភិរក្សនិងពង្រីកភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរនិងហ្វាលើភូមិឋានទីក្រុង៕
ថាញតឹម-មុនី