ការផ្លាស់ប្ដូរឌីជីថលកំពុងរីកសាយភាយជាបណ្តើរៗដល់តំបន់ជនជាតិភាគតិច។ ផ្ដើមពីការបង្ខិតជិតសេវា រដ្ឋតាមប្រព័ន្ធអនឡាញ រហូតដល់ការអនុវត្តបច្ចេកវិទ្យាក្នុងការផលិតនិងជីវភាពរស់នៅ ប្រជាជនជាសន្សឹមៗបានប្តូរផ្នត់គំនិតនិងបង្កើតទម្លាប់ថ្មីៗ រួមចំណែកលើកកម្ពស់គុណភាពជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

សមាជិកសម្ព័ន្ធយុវជនណែនាំប្រជាជនដំឡើងកម្មវិធីនិងប្រើប្រាស់សេវា
រដ្ឋតាមប្រព័ន្ធអនឡាញ។
ជាច្រើនឆ្នាំមកនេះ រួមជាមួយដំណើរការផ្លាស់ប្ដូរឌីជីថលរបស់ខេត្តអាងយ៉ាង ឃុំប៊ិញអាង បានផ្សព្វ ផ្សាយអនុវត្តនូវដំណោះស្រាយជាច្រើន ដើម្បីនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតប្រជាជន។ នៅតាមភូមិដែលមានជនជាតិខ្មែររស់នៅកុះករ គេតែងឃើញកម្មាភិបាល សម្ព័ន្ធយុវជនចុះដល់ផ្ទះប្រជាជន ដើម្បីណែនាំដំឡើងកម្មវិធី បង្កើតគណនីអត្តសញ្ញាណអេឡិចត្រូនិក និងជួយអនុវត្តបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។ សកម្មភាព "ចាប់ដៃបង្ហាត់ផ្ទាល់" ទាំងនេះ មិនត្រឹមតែជួយឱ្យប្រជាជនងាយស្រួលក្នុងការចូលប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរទម្លាប់បន្តិចម្ដងៗ ចាប់ពីការទៅធ្វើបែបបទដោយផ្ទាល់នៅស្ថាប័នរដ្ឋបាល មកប្រើប្រាស់វេទិកាឌីជីថលដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
លោកហ្វិញថាញស៊ើង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញអាង បានឱ្យដឹង ភូមិភាគបានកំណត់ច្បាស់ការផ្លាស់ប្ដូរឌីជីថលជាភារកិច្ចសំខាន់មួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ បម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ។ សម្រាប់ភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ ការផ្សព្វផ្សាយ ណែនាំត្រូវបានព្យាយាមអនុវត្តប្រកបដោយភាពបត់បែន និងសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាជន។ ចំណុចលេចធ្លោមួយនៃការអនុវត្តការផ្លាស់ប្ដូរឌីជីថលនៅឃុំប៊ិញអាង គឺការលើកកម្ពស់តួនាទីរបស់វត្តអារាមនៅក្នុងសហគមន៍។ ផ្ដើមពីប្រភពទុនពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឃុំបានផ្តល់កុំព្យូទ័រមួយសម្រាប់ដល់វត្តសិយាមវង្សា ស្រែសៀមចាស់ ដើម្បីបង្កលក្ខណៈឱ្យវត្តចូលរួមក្នុងដំណើរការផ្សព្វផ្សាយនិងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់ប្រជាជន។

វត្តសិយាមវង្សា ស្រែសៀមចាស់ ទទួលបានការឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រ រួមចំណែកផ្សព្វផ្សាយពីបច្ចេកវិទ្យាព័ត៌មានដល់ជនរួមជាតិខ្មែរ។
ព្រះតេជព្រះគុណ ហាវ៉ាំងពុង ព្រះចៅអធិការវត្តសិយាមវង្សា ស្រែសៀមចាស់ មានថេរដីកា ការទទួលបានកំព្យូទ័រមួយសម្រាប់នេះ មិនត្រឹមតែជួយឱ្យវត្តមានភាពងាយស្រួលក្នុងការងារផ្សព្វផ្សាយព័ត៌មាន និងការឃោសនាប៉ុណ្ណោះទេ ថែមទាំងអាចជួយដល់មាមីងពុទ្ធបរិស័ទ ជាពិសេសសិស្សានុសិស្ស យុវជន និងអ្នកដែលមិនទាន់មានលទ្ធភាពបង្ខិតជិតឧបករណ៍បច្ចេកវិទ្យា។ ឆ្លងតាមរយៈនោះ ប្រជាជនមានឱកាសកាន់តែច្រើនក្នុងការស្វែងរកព័ត៌មាន បម្រើដល់ការសិក្សា បង្កើនចំណេះដឹង និងជាសន្សឹមៗកាន់តែថ្នឹកនឹងបរិស្ថានឌីជីថល។
មិនត្រឹមតែជួយឱ្យប្រជាជនងាយស្រួលក្នុងការចូលប្រើសេវារដ្ឋប៉ុណ្ណោះទេ ការផ្លាស់ប្ដូរឌីជីថល ថែមទាំងបង្កការផ្លាស់ប្តូរជាវិជ្ជមានក្នុងការផលិត និងការធ្វើអាជីវកម្មរបស់ប្រជាជន។ នៅឃុំឡាយហ្វា ទីក្រុងកឹងធើ មានទម្រង់ "កសិករឌីជីថល" កំពុងនាំមកប្រសិទ្ធភាពជាក់ស្តែង ជួយដល់សមាជិកកសិករ ក្នុងនោះមានជនរួមជាតិខ្មែរជាច្រើន ឱ្យផ្លាស់ប្តូរជាបណ្តើរៗនូវរបៀបផលិតនិងការជួញដូរ។ ទម្រង់នេះអាស្រ័យសមាគមកសិករឃុំ សហការជាមួយសាខាសម័្ពន្ធយុវជនតាមភូមិ និងក្រុមហ៊ុនទូទាត់តាមអនឡាញសុកត្រាំងបានអនុវត្ត ដោយផ្តោតលើការណែនាំសមាជិកឱ្យបើកគណនីធនាគារ ប្រើប្រាស់វិធីទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ព្រមទាំងចូលប្រើកម្មវិធីឌីជីថលដើម្បីបម្រើជីវភាពរស់នៅ។ តាមរយៈវគ្គបណ្តុះបណ្តាលនិងការណែនាំដោយផ្ទាល់ ប្រជាជនបានស្គាល់ពីជំហានមូលដ្ឋាននៃការវេរប្រាក់ ការទូទាត់ថ្លៃអគ្គិសនី ថ្លៃទឹក និងការទិញ លក់ទំនិញតាមអនឡាយ។
លោកថាច់សាដា សមាជិកកសិករនៅភូមិឈូងធំ ចែករំលែក៖ "កាលពីមុន ការលក់ដូរភាគច្រើនពឹងផ្អែកលើឈ្មួញ ឬអតិថិជនដែលស្គាល់គ្នា ដូច្នេះទីផ្សារនៅមានកម្រិត។ បច្ចុប្បន្ន ដោយប្រើប្រាស់កម្មវិធីឌីជីថល ខ្ញុំអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើន ហើយការទូទាត់ក៏មានភាពរហ័សនិងងាយស្រួលជាងមុន។ ការអនុវត្តបច្ចេកវិទ្យាមិនត្រឹមតែជួយសន្សំពេលវេលាប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈឱ្យខ្ញុំបង្ខិតជិតទីផ្សារកាន់តែទូលំទូលាយ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចគ្រួសារ"។ លោកក្វាច់វ៉ាំងដែប ប្រធានសមាគមកសិករឃុំឡាយហ្វា បានឱ្យដឹង ទិសដៅរបស់ទម្រង់ "កសិករឌីជីថល" មិនត្រឹមតែជួយឱ្យប្រជាជនចេះប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ឬការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះទេ ថែមទាំងឆ្ពោះដល់ការប្រើប្រាស់បច្ចេកវិទ្យាមកអនុវត្តក្នុងការផលិតនិងការធ្វើអាជីវកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិត ផ្សព្វផ្សាយពីផលិតផលពង្រីកទីផ្សារ និងបង្កើនប្រាក់ចំណូលសម្រាប់សមាជិកកសិករ។
អាចនិយាយបានថា ការផ្លាស់ប្ដូរឌីជីថលនៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ មិនត្រឹមតែជាការនាំយកបច្ចេកវិទ្យាមកអនុវត្តក្នុងជីវភាពរស់នៅនោះទេ ថែមទាំងជាដំណើរការនៃការផ្លាស់ប្តូរផ្នត់គំនិត ជាសន្សឹមៗក្លាយជាបំណិនឌីជីថលសម្រាប់ប្រជាជន។ នៅពេលដែលប្រជាជនម្ចាស់ការបង្ខិតជិត និងប្រើប្រាស់បច្ចេកវិទ្យា ការផ្លាស់ប្ដូរឌីជីថលនឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងរួមចំណែកកសាងតំបន់ជនជាតិភាគតិច កាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ហុងទើ - ពេជ្រសឿន