(អ.ឡ) - នាយករដ្ឋមន្ត្រីទើបតែប្រកាសដាក់ចេញបទបញ្ជាលេខ ៣១/CT-TTg ស្តីពីការអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដោយសំណូមពរឱ្យផ្នែកអប់រំទាំងមូល ព្រមទាំងក្រសួង ផ្នែក និងភូមិភាគនានា ផ្លាស់ថ្មីយ៉ាងខ្លាំងក្លាអំពីគំនិត និងវិធីសាស្ត្រគ្រប់គ្រង បង្វែរពី "ការគ្រប់គ្រងអប់រំ" ទៅជា "ការគ្រប់គ្រងអភិវឌ្ឍអប់រំ" ដើម្បីបង្កការវិវឌ្ឍន៍ជាក់ស្តែងនៅក្នុងឆ្នាំសិក្សាថ្មី។
បទបញ្ជាបានលើកឡើងច្បាស់ បន្ទាប់ពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល ផ្នែកអប់រំសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានកម្រិតអន់ថយមួយចំនួនដូចជា ការខ្វះសាលារៀន និងបន្ទប់រៀននៅតំបន់ដែលមានកំណើនប្រជាជនលឿន ស្ថានភាពសល់និងខ្វះគ្រូបង្រៀននៅតាមកន្លែងមួយចំនួន អំពើហិង្សាក្នុងសាលារៀនមានការវិវត្តស្មុគស្មាញ និងការចាត់តាំងប្រឡងមិនទាន់បានម៉ឺងម៉ាត់នៅកន្លែងមួយចំនួន។

សិស្សសាលាបឋមសិក្សាហ៊ឹងភូ ១ ក្នុងសកម្មភាពក្រៅថ្នាក់រៀន។
ដើម្បីកែលម្អបញ្ហានៅសេសសល់ទាំងនេះ នាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងអប់រំនិងបណ្តុះបណ្តាលបន្តធ្វើឱ្យសុក្រឹតលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់; កសាងប្រព័ន្ធសូចនាករត្រួតពិនិត្យការអភិវឌ្ឍអប់រំ; លុបបំបាត់ជំងឺយកស្នាដៃ ធានាវាយតម្លៃឱ្យចំសមត្ថភាពពិតរបស់អ្នកសិក្សា; អនុវត្តឧត្តានកម្មអប់រំបឋមសិក្សាសម្រាប់កុមារអាយុពី ៣-៥ ឆ្នាំ និងអប់រំចាប់បង្ខំចំពោះកម្រិតបឋមសិក្សា។ ធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នូវសៀវភៅមុខវិជ្ជាសិក្សាមួយសម្រាប់ឯកភាពគ្នាក្នុងទូទាំងប្រទេស មុនថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៦; ជាជំហានៗធ្វើឱ្យភាសាអង់គ្លេសក្លាយជាភាសាទីពីរ; ជំរុញល្បឿននៃការបង្រៀន ២ ពេលក្នុងមួយថ្ងៃ; ពង្រឹងការអប់រំ STEM/STEAM និងបំណិនឌីជីថល; ពិនិត្យនិងកាត់បន្ថយសម័យប្រឡង ឬការប្រឡងដែលមិនចាំបាច់; រឹតបន្តឹងវិន័យនៃការប្រឡង ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ; កាត់បន្ថយជាអតិបរមានូវសំណុំឯកសារ លិខិតស្នាមរដ្ឋបាល; កែសម្រួលកម្រិតម៉ោងធ្វើការរបស់គ្រូបង្រៀនឱ្យស្របតាមការអនុវត្តប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថល; បន្តអភិវឌ្ឍទម្រង់មធ្យមសិក្សាវិជ្ជាជីវៈ; សម្រេចការរៀបចំឡើងវិញនូវគ្រឹះស្ថានមហាវិទ្យាល័យ ដោយអាទិភាពវិនិយោគលើមុខវិជ្ជាបច្ចេកវិទ្យាមុខព្រួញ (ពាក់កណ្តាលចម្លង បន្ទះឈីប បញ្ញាសិប្បនិម្មិត AI អគ្គិសនីបរមាណូ ទិន្នន័យធំ); កសាងប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលឯកភាពគ្នា អនុវត្តសិក្ខាគារិកឌីជីថល និងសញ្ញាបត្រឌីជីថលតភ្ជាប់គ្នាលើវិសាលភាពទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃ កសាងយន្តការគ្រប់គ្រងក្របខ័ណ្ឌគ្រូបង្រៀនឱ្យមានភាពបត់បែន ប្រគល់សិទ្ធិក្នុងការជ្រើសរើស និងបញ្ចប់ស្ថានភាព "ឃុំគ្មាន" អ្នករដ្ឋការទទួលបន្ទុកផ្នែកអប់រំនៅក្នុងឆ្នាំ ២០២៦។ ក្រសួងហិរញ្ញវត្ថុ ផ្តល់អាទិភាពលើធនធានសម្រាប់វិស័យអប់រំ ទាញយកផលប្រយោជន៍ពីទីស្នាក់ការដែលសេសសល់ដើម្បីធ្វើជាគ្រឹះស្ថានអប់រំ និងលើកទឹកចិត្តឱ្យមានការឧបត្ថម្ភសៀវភៅមុខវិជ្ជាសិក្សាដោយឥតគិតថ្លៃ។ ក្រសួងនគរបាលពង្រឹងការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងបណ្តាញសង្គមនៅក្នុងសាលារៀន ការពារនិងទប់ស្កាត់អំពើហិង្សា គ្រឿងញៀន និងបារីអេឡិចត្រូនិកក្នុងសាលារៀន។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឧបត្ថម្ភអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផ្តល់អាទិភាពលើការវិនិយោគវិទ្យាសាស្ត្រ បច្ចេកវិទ្យាសម្រាប់គ្រឹះស្ថានសាកលវិទ្យាល័យសំខាន់ៗ។

សិស្សសាលាបឋមសិក្សាដងធីឌៀម ក្នុងសកម្មភាពអប់រំ STEM។
ចំពោះគណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុង នាយករដ្ឋមន្ត្រីបានសំណូមពរឱ្យអាទិភាពរៀបចំគ្រប់សព្វលក្ខខណ្ឌសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ធានាឱ្យមានសាលារៀន បន្ទប់រៀន គ្រូបង្រៀន និងសៀវភៅមុខវិជ្ជាសិក្សាគ្រប់គ្រាន់។ ភូមិភាគនានាផ្តោតការពិនិត្យ និងរៀបចំបណ្តាញសាលារៀនឡើងវិញតាមទិសដៅសម្រិតសម្រាំង ប្តូរផ្ដាច់អនុវត្តភាគកម្រិតកាត់បន្ថយពី ៣០% ទៅ ៥០% គ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងអប់រំជាប្រចាំសាលារដ្ឋ នៅលើភូមិឋានឱ្យបានមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦; ពិនិត្យនិងរំសាយសាខាសាលារៀនតូចៗដែលមិនសម្រេចបទដ្ឋាន ដើម្បីផ្តុំកម្លាំងបង្កើតសាលាអន្តេវាសិក និងអឌ្ឍអន្តេវាសិកនៅទីតាំងសាលាគោល ដោយបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សិស្សានុសិស្ស។ បណ្តាខេត្តដែលមានឃុំព្រំដែនដីគោកត្រូវផ្តល់អាទិភាពលើធនធានដើម្បីសម្រេចការសាងសង់សាលាចំណេះទូទៅអន្តេវាសិកច្រើនកម្រិតសិក្សា ដំណាក់កាលទី ១ មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦៕
បិចង៉ុក - សុផន