កីឡា - ទេសចរណ៍ ទេសចរណ៍

06/08/2026 - 22:47

គៀង​លឿង ពង្រីក​កម្លាំង​ខាង​ក្នុង​ទាញ​យក​សក្ដា​នុភាព​ទេស​ចរណ៍​ 

ដោយ​មាន​ឧត្តម​ភាព​ខាង​លក្ខណៈ​ធម្ម​ជាតិ​និង​ធន​ធាន​ទេស​ចរណ៍ ឃុំ​គៀង​លឿង ខេត្ត​អាង​យ៉ាង កំ​ពុង​អនុ​វត្ត​ដំ​ណោះ​ស្រាយ​ជា​ច្រើន សំ​ដៅ​ទាញ​យក​សក្ដា​នុ​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ធ្វើ​ឱ្យ​ទេស​ចរណ៍​ក្លាយ​ជា​វិស័យ​សេដ្ឋ​កិច្ច​សំ​ខាន់ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

​  ភ្ញៀវ​ទេស​ចរ​ឆ្លង​បទ​ពិសោធន៍​ស្វែង​យល់​រូង​ភ្នំ នៅ​មណ្ឌល​រម​ណីយ​ដ្ឋាន​ភ្នំ​ថ្ម​ស។

ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល ឃុំ​គៀង​លឿង មាន​ផ្ទៃ​ដី​សរុប​ជាង ១៤.​០០០ ហិក​តា ជា​មួយ​ភូមិ​សាស្ត្រ​ទួល​ភ្នំ​ វាល​ទំ​នាប និង​ពិ​សេស​គឺ​មាន​ខ្សែ​ឆ្នេរ​សមុទ្រ​ប្រ​វែង​ប្រ​មាណ ២៩ គី​ឡូ​ម៉ែត្រ។ ការ​ប្រ​សព្វ​គ្នា​នៃ​កត្តា​ធម្ម​ជាតិ​បាន​បង្កើត ជា​ឧត្តម​ភាព​លេច​ធ្លោ ដើម្បី​អភិ​វឌ្ឍ​រូប​ភាព​ទេស​ចរណ៍​យ៉ាង​សម្បូរ​បែប ដូច​ជា ទេស​ចរណ៍​ជីវ​បរិ​ស្ថាន សម្រាក​លំ​ហែ​កាយ​នៅ​តំ​បន់​សមុទ្រ ស្វែង​យល់​រូង​ភ្នំ និង​ទេស​ចរណ៍​បែប​ជំ​នឿ​សាស​នា។

ភាព​លេច​ធ្លោ​ក្នុង​ប្រ​ព័ន្ធ​ទី​តាំង​ទាំង​នោះ​គឺ បណ្ដុំ​រម​ណីយ​ដ្ឋាន​ហង​ចុង ជា​មួយ​ភូមិ​សាស្ត្រ​ល្បីៗ ដូច​ជា កោះ​ហង​ភូ​តឺ វត្ត​ហាង (ហាយ​ស៊ើង​ទឺ) ឆ្នេរ​ខ្សាច់​បាយ​យឿង ដែល​ជា​កេរ​ដំ​ណែល​ថ្នាក់​ជាតិ។ ទី​នេះ​មិន​ត្រឹម​តែ​ទាក់​ទាញ​ដោយ​សម្រស់​ធម្ម​ជាតិ​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រ​កប​ដោយ​តម្លៃ​វប្ប​ធម៌ និង​ជំ​នឿ​សាស​នា​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ទៀត​ផង។ ទន្ទឹម​នឹង​នោះ តំ​បន់​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​និង​ទេស​ភាព​ភ្នំ​ថ្ម​ស ដែល​មាន​ប្រ​ព័ន្ធ​រូង​ភ្នំ​ធម្ម​ជាតិ​ប្លែក ផ្សារ​ភ្ជាប់​នឹង​ដាន​ប្រ​វត្តិ​សាស្ត្រ​ឆ្លង​កាត់​ជា​ច្រើន​សម័យ​កាល ក៏​រួម​ចំ​ណែក​បង្កើត​ភាព​ទាក់​ទាញ​ដោយ​ឡែក​សម្រាប់​ទេស​ចរណ៍​គៀង​លឿង​ផង​ដែរ។ ដើម្បី​ទាញ​យក​សក្ដា​នុ ភាព​ទាំង​នេះ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​រៀប​គម្រោង​ប្លង់ និង​វិនិ​យោគ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទេស​ចរណ៍។ លើស​ពី​នេះ ការ​ងារ​ផ្សព្វ​ផ្សាយ ជំ​រុញ​ការ​វិនិ​យោគ​ក៏​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា ពង្រីក​ការ​ចង​សម្ព័ន្ធ​ជា​មួយ​ភូមិ​ភាគ​នា​នា​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត ដើម្បី​ធ្វើ​ឱ្យ​ផលិត​ផល​ទេស​ចរណ៍​កាន់​តែ​សម្បូរ​បែប។

យោង​តាម​ស្ថិតិ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គៀង​លឿង ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ ភូមិ​ភាគ​ទទួល​ភ្ញៀវ​ទេស​ចរ​ជាង ៩៦.​០០០ នាក់ ចំ​ណូល​ពី​ទេស​ចរណ៍​សម្រេច​ជាង ២,២ ពាន់​លាន​ដុង។ ដោយ​ឡែក​ក្នុង​ខែ​មិថុ​នា ឆ្នាំ ២០២៦ ដែល​ជា​ចំ​ណុច​កំ​ពូល​នៃ​ទេស​ចរណ៍​រដូវ​វិស្សម​កាល ឃុំ​ទទួល​ភ្ញៀវ​ប្រ​មាណ​ជាង​ ២៤.​០០០ នាក់ ចំ​ណូល​សម្រេច​បាន​ជាង ៥៦៣ លាន​ដុង។ លទ្ធ​ផល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​នៃ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​លើ​ភូមិ​ឋាន។ អ្នក​ទេស​ចរ​ទ្រីវ​ធី​ថាវ អញ្ជើញ​មក​ពី​ទី​ក្រុង​កឹង​ធើ បាន​ចែក​រំលែក ថា គៀង​លឿង​មាន​ទេស​ភាព​ធម្ម​ជាតិ​ប្លែកៗ ពិ​សេស គឺ​ការ​គួប​ផ្សំ​រវាង​ភ្នំ​និង​សមុទ្រ​ដ៏​កម្រ​មាន។ ភូមិ​ភាគ គប្បី​បន្ត​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​បណ្ដា​តម្លៃ​វប្ប​ធម៌ និង​ប្រ​វត្តិ​សាស្ត្រ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍ តាម​រយៈ​នោះ លើក​កម្ពស់​ស្មារតី សហ​គមន៍​ក្នុង​ការ​ថែ​រក្សា​ទេស​ភាព​បរិ​ស្ថាន សំ​ដៅ​កសាង​រូប​ភាព​តំ​បន់​ទេស​ចរណ៍​ប្រ​កប​ដោយ​ភាព​ស្និទ្ធ​ស្នាល និង​ស៊ី​វិល័យ។

លោក​ត្រឹង​ប៊ិញ​ទ្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គៀង​លឿង បាន​ឱ្យ​ដឹង​ថា ដើម្បី​បង្ក​ជា​កម្លាំង​ស្ទុះ​សម្រាប់​ផ្នែក​ទេស​ចរណ៍ រយៈ​ពេល​កន្លង ភូមិ​ភាគ​បាន​ផ្តោត​លើ​ការ​ទាក់​ទាញ​អា​ជីវ​កម្ម​វិនិ​យោគ​ លើ​វិស័យ​ទេស​ចរណ៍​និង​សេ​វា​កម្ម។ មាន​មូល​ដ្ឋាន ស្នាក់​នៅ​ភោជ​នីយ​ដ្ឋាន និង​សណ្ឋា​គារ​ជា​ច្រើន​ ត្រូវ​បាន​វិនិ​យោគ បង្កើន​កម្រិត​ជា​ជំ​ហានៗ​ឆ្លើយ​តប​តម្រូវ​ការ​របស់​ភ្ញៀវ​ទេស​ចរ។ ទន្ទឹម​នឹង​នោះ ឃុំ​លើក​ទឹក​ចិត្ត​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍ ផ្សារ​ភ្ជាប់​ជា​មួយ​ស​មុទ្រ កោះ រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ និង​ទេស​ចរណ៍​វប្ប​ធម៌ - ជំនឿ​សាស​នា ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​និង​ជួស​ជុល​បណ្ដា​តំ​បន់​ទេស​ចរណ៍​និង​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ ក្នុង​គោល​បំ​ណង​លើក​កម្ពស់​គុណ​ភាព​បម្រើ​សេ​វា​កម្ម​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ៕    

                 ហុង​ទើ - ថាច់ធី​

ចែករំលែកអត្ថបទ