ជាច្រើនឆ្នាំមកនេះ ទីក្រុងកឹងធើ បានយកចិត្តទុកដាក់ពិសេសចំពោះការត្រៀមភាសាវៀតសម្រាប់កុមារជនជាតិភាគតិច មុនពេលឈានចូលរៀនថ្នាក់ទី១។ ការពង្រឹងសមត្ថភាពភាសាវៀត មុនចូលថ្នាក់ទី១ មិនត្រឹមតែជួយឱ្យកុមារមានទំនុកចិត្តជាងក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់គុណភាពអប់រំ បង្កមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច។

សិស្សជនជាតិភាគតិចនៅទីក្រុងកឹងធើ ចូលរួមថ្នាក់រៀនត្រៀមភាសាវៀត មុនពេលឈានចូលថ្នាក់ទី១។
ជាក់ស្តែង សម្រាប់កុមារជនជាតិភាគតិច ឧបសគ្គដ៏ធំបំផុតនៅពេលឈានចូលថ្នាក់ទី១ គឺសមត្ថភាពប្រើប្រាស់ភាសាវៀត។ ការមិនទាន់ស្ទាត់ជំនាញភាសាសកលធ្វើឱ្យកុមារជួបលំបាកក្នុងការយល់និងទទួលយកមេរៀន ការប្រាស្រ័យទាក់ទងជាមួយគ្រូនិងមិត្តភក្តិ ផ្ដើមពីនោះ អាចនឹងជះឥទ្ធិពលដោយផ្ទាល់ដល់លទ្ធផលសិក្សា ព្រមទាំងស្ថានភាពផ្លូវចិត្តរបស់កុមារនៅពេលទៅសាលារៀន។ អាស្រ័យហេតុនេះ ការរៀបចំថ្នាក់រៀនត្រៀមភាសាវៀតមុនពេលចូលថ្នាក់ទី១ បានចាត់ទុកថាជាដំណោះស្រាយដ៏សំខាន់និងជាមូលដ្ឋានគ្រឹះ ដើម្បីជួយឱ្យកុមារត្រៀមលក្ខណៈបានល្អក្នុងការសម្របខ្លួនទៅនឹងបរិយាកាសសិក្សាថ្មី។
យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងទីក្រុងមានសិស្សជាង ៥១.០០០ នាក់ចូលរៀនថ្នាក់ទី១ ក្នុងនោះមានសិស្សជនជាតិភាគតិចជិត ១១.០០០ នាក់។ តាមការពិនិត្យផ្ទៀងផ្ទាត់ មានកុមារជាង ៨.០០០ នាក់ប្រាស្រ័យទាក់ទងជាភាសាវៀតនៅមានកម្រិត និងមានតម្រូវការចូលរួមថ្នាក់រៀនត្រៀមមុនពេលចូលថ្នាក់ទី១ ស្រូបអត្រាជាង ៧៤% នៃចំនួនសិស្សជនជាតិភាគតិចដែលត្រៀមចូលរៀននៅកម្រិតបឋមសិក្សា។ ផ្អែកលើស្ថានភាពជាក់ស្តែងនេះ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានចេញសេចក្តីសម្រេចចិត្តលេខ ៤៥/២០២៦/NQ-HĐND កំណត់អំពីបុគ្គលិកនិងថវិកា សម្រាប់អនុវត្តការបង្រៀននិងរៀនភាសាវៀត ចំពោះកុមារដែលជាជនជាតិភាគតិចមុនពេលចូលរៀនថ្នាក់ទី១ លើភូមិឋានទីក្រុងកឹងធើ។ នេះត្រូវបានចាត់ទុកជាមូលដ្ឋានគតិយុត្តិដ៏សំខាន់មួយ សំដៅធានាឱ្យការអនុវត្តកម្មវិធីបង្រៀននិងរៀនភាសាវៀត ប្រព្រឹត្តទៅមានរបៀបរៀបរយ ប្រសិទ្ធភាពនិងមាននិរន្តរភាព ព្រមជាមួយគ្នានេះ ក៏បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ទីក្រុងកឹងធើ ចំពោះការងារអប់រំនៅតំបន់ជនជាតិភាគតិច។
តាមការគ្រោងទុក ឆ្នាំសិក្សា ២០២៦-២០២៧ ដោយថវិកាជាង ៤,២ ពាន់លានដុងពីថវិការដ្ឋ ទីក្រុងកឹងធើនឹងបន្តរៀបចំបង្រៀនភាសាវៀតដល់កុមារជនជាតិភាគតិចប្រមាណ ៨.០៥៩ នាក់ ដោយមានគ្រូបង្រៀនចូលរួម ៣១៩ នាក់ ជាមធ្យមគ្រូម្នាក់ទទួលបន្ទុកមួយបន្ទប់។ ការងារនេះនឹងជួយឱ្យសិស្សបានស្គាល់និងសម្របខ្លួនជាមួយភាសាសកល។ លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានឱ្យដឹង ការរៀបចំបង្រៀនភាសាវៀតមុនពេលចូលថ្នាក់ទី១ នឹងជួយឱ្យកុមារជនជាតិភាគតិចត្រៀមលក្ខណៈបានល្អ ទាំងផ្នែកស្មារតីនិងជំនាញភាសា មុនពេលឈានចូលបរិយាកាសសិក្សាជាផ្លូវការ។ តាមរយៈនោះ កុមារនឹងបង្កើនសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាវៀត អាចចូលទៅសិក្សាតាមកម្មវិធីអប់រំចំណេះទូទៅកាន់តែងាយស្រួល ទន្ទឹមនឹងនោះ បង្កលក្ខណៈក្នុងការសម្របខ្លួននិងអភិវឌ្ឍខ្លួនក្នុងឆ្នាំសិក្សាបន្តបន្ទាប់។

ម៉ោងរៀនផាត់ពណ៌សម្រាប់សិស្សជនជាតិភាគតិចនៅសាលាបឋមសិក្សាលីវទូ B ។
តាំងពីគោលការណ៍របស់ទីក្រុង ភូមិភាគនានាបានម្ចាស់ការផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយជាក់ស្តែងជាច្រើនសមស្របទៅនឹងលក្ខណៈជាក់ស្តែង។ ក្នុងនោះ ឃុំលីវទូគឺជាតំបន់មួយក្នុងចំណោមតំបន់ទាំងឡាយដែលមានចំណុចលេចធ្លោ ប្រកបដោយភាពបត់បែននិងមានប្រសិទ្ធភាព។ ឆ្នាំសិក្សា ២០២៦-២០២៧ ភូមិភាគគ្រោងនឹងរៀបចំថ្នាក់រៀនចំនួន ១៧ បន្ទប់ ដោយមានសិស្សជិត ៤០០ នាក់ចូលរួម។ ដោយមានការឯកភាពរបស់រដ្ឋអំណាច សាលារៀននិងអាណាព្យាបាល ថ្នាក់រៀនបានបន្តរក្សាដំណើរការមានរបៀបរៀបរយ ធានាខ្លឹមសារនិងម៉ោងសិក្សា បង្កលក្ខណៈងាយស្រួលសម្រាប់សិស្សហ្វឹកហាត់ជំនាញប្រាស្រ័យទាក់ទងជាភាសាវៀត។ លោកឡឹមសល់ ប្រធានសមាគមអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាលីវទូ B ចែករំលែក៖ "កាលពីមុន កុមារជាច្រើននៅពេលចូលថ្នាក់ទី១ មានភាពញញើតញញើម និងមិនសូវយល់ពាក្យដែលគ្រូនិយាយ។ ប៉ុន្តែឥឡូវនេះ ពួកគេបានរៀនត្រៀមជាមុន ដូច្នេះមានភាពក្លាហានជាងមុន ហើយអាណាព្យាបាលក៏មានភាពកក់ក្តៅនិងស្ងប់អារម្មណ៍ផងដែរ"។
លោកឡឹមហ្វាងណាម ចាងហ្វាងសាលាបឋមសិក្សាលីវទូ B ឱ្យដឹង៖ "ឆ្នាំសិក្សានេះ សាលាបានចាប់ផ្ដើម បើករៀននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយមានចំនួន ៣ បន្ទប់និងមានសិស្សជាង ៦០ នាក់ចូលរួម។ កម្មវិធីសិក្សានេះ មិនត្រឹមតែផ្តោតលើការហ្វឹកហាត់ភាសាប៉ុណ្ណោះទេ ថែមទាំងជួយឱ្យកុមារស្គាល់និងសម្របខ្លួនជាមួយបរិយាកាសសិក្សានៅកម្រិតបឋមសិក្សា ដូចជា បន្ទប់រៀន បណ្ណាល័យ និងកន្លែងលេងកម្សាន្តជាដើម។ តាមរយៈសកម្មភាពសិក្សានិងឆ្លងបទពិសោធន៍ កុមារចាប់ផ្តើមបង្កជំនាញមូលដ្ឋានមួយចំនួន ដូចជា ឥរិយាបថអង្គុយរៀនឱ្យបានត្រឹមត្រូវ របៀបកាន់ប៊ិក ការសរសេរអក្សរ ការផាត់ពណ៌និងការគូរតាមលេខ។ ជាមួយគ្នានេះ កុមារក៏បានណែនាំឱ្យប្រើប្រាស់ភាសាវៀតក្នុងស្ថានភាពប្រាស្រ័យទាក់ទងធម្មតាៗ ដូចជា ការសួរសុខទុក្ខ ការអរគុណនិងការសុំទោស។ ការបានអនុវត្តជាប្រចាំ ជួយឱ្យកុមារមានភាពក្លាហានក្នុងការប្រាស្រ័យទាក់ទង ចេះស្តាប់និងយល់ពីការណែនាំសាមញ្ញៗរបស់គ្រូបង្រៀន។ អាស្រ័យហេតុនេះ អារម្មណ៍ស្ទាក់ស្ទើរនិងភាពថ្មីថ្មោងដំបូង ក៏បានកាត់បន្ថយជាបណ្តើរៗ"។
អាចសង្កេតឃើញថា ផ្ដើមពីគោលការណ៍ដ៏ត្រឹមត្រូវ រហូតដល់ការអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាពនៅមូលដ្ឋាន ទីក្រុងកឹងធើកំពុងបោះជំហានជាបន្តបន្ទាប់បង្កមូលដ្ឋានគ្រឹះដ៏រឹងមាំដល់សិស្សជនជាតិភាគតិចមានទំនុកចិត្ត និងត្រៀមលក្ខណៈបានល្អនៅពេលឈានចូលថ្នាក់ទី១។ នេះមិនត្រឹមតែជាការវិនិយោគលើវិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគសម្រាប់អនាគត រួមចំណែកកសាងធនធានមនុស្សមានគុណភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ភូមិភាគ៕
ហុងទើ - ពេជ្រសឿន