ជាច្រើនឆ្នាំមកនេះ ប្រជាជនជាច្រើនគ្រួសារនៅលើភូមិឋានទីក្រុងកឹងធើ បានម្ចាស់ការបង្វែរការដាំដំណាំ ពីពូជត្រប់ពណ៌ស្វាយ មកដាំត្រប់ភ្លុកវិញ ដោយសារតែងាយស្រួលដាំ ងាយថែទាំ និងដើមលូតលាស់បានល្អ ព្រមទាំងផ្តល់ទិន្នផលនិងគុណភាពខ្ពស់ជាងប្រភេទត្រប់ពណ៌ស្វាយ។

ទម្រង់ដាំត្រប់ភ្លុករបស់គ្រួសារបងស្រីគឹមធីសាវឿន នៅឃុំអាងនិញ កំពុងលូតលាស់ល្អ ។
នាំយើងខ្ញុំទៅទស្សនាទម្រង់ដាំត្រប់ភ្លុក ដែលកំពុងលូតលាស់ល្អនៅលើដីរបស់គ្រួសារបងស្រី គឹមធីសាវឿន នៅឃុំអាងនិញ បងស្រី ចែករំលែក៖ "ត្រប់ភ្លុកងាយស្រួលដាំជាងដំណាំបន្លែប្រភេទផ្សេងៗ ព្រោះវាមានភាពធន់និងលូតលាស់បាននៅលើដីដែលមិនសូវមានជីជាតិ ហើយនៅតែអាចទទួលបានទិន្នផលខ្ពស់។ ការដាំត្រប់ប្រភេទនេះមិនត្រូវការដើមទុនច្រើនទេ ប៉ុន្តែទាមទារកម្លាំងពលកម្មក្នុងការស្រោចស្រព ដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ដំណាំលូតលាស់បានល្អ។ នៅពេលអាកាសធាតុក្តៅខ្លាំង ត្រូវស្រោចទឹកឱ្យបានគ្រប់ ៣ ដងក្នុង មួយថ្ងៃ"។ លើផ្ទៃដីទំហំ ២.០០០ ម៉ែត្រការ៉េ ដែលដាំត្រប់ភ្លុក បន្ទាប់ពីថែទាំតាមបច្ចេកទេសបានត្រឹមត្រូវរយៈពេល ២ ខែ ដំណាំត្រប់នឹងផ្តល់ទិន្នផលប្រមាណ ៦ តោន ហើយរយៈពេលប្រមូលផលអាចបន្តពី៤ទៅ៥ ខែ។ បងស្រីសាវឿន ឱ្យដឹង៖ "ដល់ពេលប្រមូលផលស្រុះគ្នា ខ្ញុំអាចបេះត្រប់បានជិត ២០០ គីឡូក្រាម ហើយរយៈពេល ២ ថ្ងៃបេះម្តង ដោយតម្លៃលក់ចាប់ពី ១១.០០០ ដល់ ២០.០០០ ដុងក្នុងមួយគីឡូក្រាម។ ប្រសិនបើតម្លៃនៅលំនឹងកម្រិតនេះ សម្រាប់ផ្ទៃដី ២.០០០ ម៉ែត្រការ៉េ ក្នុងមួយរដូវខ្ញុំអាចរកបានប្រាក់ចំណេញជាង ៤០ លានដុង "។

បងថាច់សាភឿន នៅសង្កាត់វិញភឿក កំពុងថែទាំដំណាំត្រប់ភ្លុករបស់គ្រួសារ។
ដូចគ្នានេះដែរ ដោយមានបទពិសោធន៍ដាំត្រប់ភ្លុកអស់រយៈពេល ៦ ឆ្នាំមកហើយ បងថាច់សាភឿន នៅសង្កាត់វិញភឿក ឱ្យដឹង៖ "ត្រប់ភ្លុកអាចដាំបានពេញមួយឆ្នាំ ដាំរដូវវស្សាមិនសូវចំណាយកម្លាំងស្រោចទឹក ហើយដំណាំក៏ លូតលាស់ល្អ ប៉ុន្តែសត្វល្អិតបំផ្លាញខ្លាំងជាងរដូវប្រាំង។ ក្នុងចំណោមសត្វល្អិតទាំងនោះ ដង្កូវចោះផ្លែគឺជាប្រភេទសត្វល្អិតដែលគួរឱ្យយកចិត្តទុកដាក់បំផុត"។ លោកភឿន បន្តថា៖ "ដូច្នេះ នៅរដូវវស្សា អ្នកដាំត្រប់ត្រូវតែយកចិត្តទុកដាក់ថែទាំជាប្រចាំ និងការពារកម្ចាត់ដង្កូវចោះផ្លែ ដោយបាញ់ថ្នាំនៅពេលឃើញដំណាំរងការវាយប្រហារពីដង្កូវ។ ទន្ទឹមនឹងនេះ ត្រូវរួមផ្សំជាមួយការសម្អាតនិងកម្ចាត់ស្មៅជុំវិញ ដើម្បីកាត់បន្ថយសត្វល្អិតញាស់កូននិងរីករាលដាលបង្កខូចខាតដល់ដំណាំត្រប់។ បន្ទាប់ពីប្រមូលផលរួចក្នុងមួយលើកៗ ត្រូវកាត់រំលស់មែកនិងស្លឹកចាស់ៗ ដើម្បីឱ្យដើមត្រប់ប្រមូលសារធាតុចិញ្ចឹមសម្រាប់ការចេញផ្កានៅលើកបន្ទាប់"។ ដោយអនុវត្តវិធានការបច្ចេកទេសខាងលើ ទើបទម្រង់ដាំត្រប់ភ្លុករបស់បងភឿន លូតលាស់ល្អ។ លើផ្ទៃដីទំហំ ១.០០០ ម៉ែត្រការ៉េ ផ្ដល់ទិន្នផលប្រមាណ ៣ តោនក្នុងមួយរដូវ។ បន្ទាប់ពីទូទាត់លើការចំណាយផ្សេងៗ ដូចជា ថ្នាំកសិកម្ម ជី ពូជ និងចំណាយផ្សេងៗទៀត បងភឿន អាចរកបានប្រាក់ចំណេញប្រមាណ ២០ លានដុងក្នុងមួយរដូវ។ "សម្រាប់កសិករ ការរកបានប្រាក់ចំណូលលំនឹងពីដំណាំដែលងាយស្រួលថែទាំ និងមិនត្រូវការដើមទុនច្រើនដូចជាត្រប់ភ្លុក គឺជាជម្រើសមួយដែលមានសុវត្ថិភាពនិងសមស្រប។ តាមរយៈការដាំដំណាំប្រភេទនេះ គ្រួសារកសិករជាច្រើននៅសង្កាត់វិញភឿក មានប្រាក់ចំណូលបន្ថែម និងអាចធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាព" លោកង្វៀងវ៉ាំងឌាង ប្រធានសមាគមកសិករសង្កាត់វិញភឿក បានឱ្យដឹងដូច្នេះ។
អាចនិយាយបានថា ត្រប់ភ្លុក គឺជាដំណាំមួយប្រភេទដែលផ្តល់ប្រសិទ្ធភាព រួមចំណែកបង្កើនសេដ្ឋកិច្ច លើកកម្ពស់ប្រភពចំណូលដល់ប្រជាជនលើភូមិឋានទីក្រុងកឹងធើ នារយៈពេលកន្លង។ សម្រាប់តំបន់ដីដែលខ្សោះជីជាតិ ការដាំត្រប់ភ្លុកគឺជាជម្រើសដ៏សមស្របមួយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់កសិករដាំដំណាំនៅលើតំបន់ដីដែលមិនសូវមានជីជាតិ ប៉ុន្តែនៅតែផ្ដល់ទិន្នផលខ្ពស់៕
ថាញវ៉ាង-ពេជ្រសឿន