ចាប់ពីរបរធ្វើនំអាកោរ នំក្រូចដើរលក់ដើម្បីចិញ្ចឹមជីវិត បងថាច់មិញញ៉ាង បានបោះជំហានម្តងមួយៗ រហូតរកឃើញទិសដៅថ្មីជាមួយមុខរបរចម្លាក់ពុទ្ធបដិមា។ អស់រយៈពេលជាង ១៥ ឆ្នាំ ដែលផ្សារភ្ជាប់ជាមួយទម្រង់រចនាបថនិងក្បូរក្បាច់រចនាខ្មែរ បងមិញញ៉ាង មិនត្រឹមតែបង្កើតមូលដ្ឋានសិប្បកម្មនិងការងារធ្វើជូនយុវជននៅភូមិភាគប៉ុណ្ណោះទេ ថែមទាំងខិតខំបន្តចំណេះជំនាញដែលបានទទួលពីឪពុក ដើម្បីរួមចំណែកថែរក្សាតម្លៃវប្បធម៌ខ្មែរនៅស្រុកកំណើត។

បងថាច់មិញញ៉ាង កំពុងផ្ចិតផ្ចង់ឆ្លាក់រូបព្រះពុទ្ធបដិមាផុស ដើម្បីឱ្យទាន់ពេលប្រគល់ឱ្យវត្ត។
មូលដ្ឋានសិប្បកម្មរបស់បងញ៉ាង នៅភូមិឡុងថើយ ឃុំតឹងហ្វា ខេត្តវិញឡុង រូបព្រះពុទ្ធបដិមាផុសដែលកំពុងឆ្លាក់បានលេចចេញទម្រង់បន្តិចម្តងៗ បង្ហាញរចនាបថយ៉ាងច្បាស់តាមរយៈថ្វៃដៃរបស់បងថាច់មិញញ៉ាង។ ធ្វើការបណ្ដើរ បងរៀបរាប់បា្រប់យើងខ្ញុំបណ្ដើរ អំពីមុខរបរនិងថ្ងៃដែលបងតាមឪពុករៀនពីដំណាក់កាលនីមួយៗនៃការចម្លាក់សូន្យរូប។ សម្រាប់បងរាល់រចនាបថដែលបញ្ចូលទៅលើរូបព្រះពុទ្ធ មិនត្រឹមតែត្រូវការភាពប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវការភាពផ្ចង់អារម្មណ៍ ការអត់ធ្មត់និងពីបេះដូងរបស់ជាង។ រូបបដិមានិងចម្លាក់ក្បូរក្បាច់រចនា សម្រាប់តុបតែងនៅតាមកុដិសាលា ព្រះវិហារ ត្រូវបានបង្កើតឡើងតាមរយៈដំណាក់កាលជាច្រើនយ៉ាងផ្ចិតផ្ចង់។ រាល់ផលិតផលត្រូវធានាទាំងបច្ចេកទេសនិងរក្សាបាននូវលក្ខណៈពិសេសនៃសិល្បៈស្ថាបត្យកម្មខ្មែរ។
មុនពេលមានសិប្បកម្មផ្ទាល់ខ្លួនដូចសព្វថ្ងៃ បងមិញញ៉ាងនិងភរិយាធ្លាប់ឆ្លងកាត់ជីវភាពលំបាក។ ដោយគ្មានដើមទុន និងមិនទាន់មានមុខរបរច្បាស់លាស់ ប្ដីប្រពន្ធបង ធ្វើនំអាកោរនិងនំក្រូចលក់ដើម្បីរកចំណូលចិញ្ចឹមជីវិត។ ចំណុចផ្លាស់ប្តូរបានកើតឡើង នៅពេលបងតាមឪពុកជួយការងារឆ្លាក់រូបព្រះពុទ្ធបដិមា។ ចាប់ពីការងារសាមញ្ញៗ បងបានរៀនបន្តិចម្តងៗពីការបង្កើតសូន្យរូប ការចាក់ពុម្ព និងការចម្លាក់ក្បូរក្បាច់រចនា។
ឆ្នាំ ២០១១ បងបានចាប់ផ្តើមប្រកបមុខរបរដោយខ្លួនឯង ហើយបន្តទទួលការបញ្ជាទិញ និងបង្កើតសិប្បកម្មនៅស្រុកកំណើត។ សម្រាប់បងមិញញ៉ាង ការរៀនមុខរបរគឺជាដំណើរការដែលគ្មានទីបញ្ចប់។ ក្រៅពីចំណេះជំនាញដែលទទួលបានពីឪពុក បងបានស្វែងរកព័ត៌មានបន្ថែមអំពីរចនាព្រះពុទ្ធបដិមាដែលមានបែបផ្សេងៗ លំនាំរចនាបថនិងវិធីសូន្យរូបបដិមាថ្មីៗតាមអ៊ីនធឺណិត ព្រមទាំងសិក្សាពីវិធីធ្វើរបស់សិប្បករចំណានៗ ដើម្បីជ្រើសរើសនិងច្នៃប្រតិដ្ឋឱ្យសមស្របនឹងផលិតផលនីមួយៗ។ បងមិញញ៉ាង បង្ហើបឱ្យដឹង៖ "ការប្រកបមុខរបរអ្វីមួយ ដំបូងត្រូវមានចិត្តស្រឡាញ់ និងការអត់ធ្មត់ ទើបមុខរបរអាចចិញ្ចឹមជីវិតយើងបាន"។
ថ្វីដៃរបស់បងមិញញ៉ាង ត្រូវបានបង្ហាញតាមរយៈសំណង់ជាច្រើន ក្នុងនោះមានព្រះវិហារវត្តស្លែងចាស់ នៅឃុំ តឹបស៊ើង។ លំនាំក្បូរក្បាច់រចនានៅទីនេះ ត្រូវបានតាក់តែងឡើងតាមរចនាបថស្ថាបត្យកម្មខ្មែរ និងក្លាយជាចំណុចលេចធ្លោរបស់ព្រះវិហារ។ ព្រះតេជព្រះគុណ ថាច់សាវឿន ព្រះចៅអធិការវត្តស្លែងចាស់ មានថេរដីកាឱ្យដឹង ព្រះវិហារមានលក្ខណៈស្ថាបត្យកម្មខ្មែរយ៉ាងច្បាស់ ជាពិសេសគឺលំនាំស្ថាបត្យកម្មដែលបានបង្កើតឡើងយ៉ាងផ្ចិតផ្ចង់បង្ហាញពីប្រណីតភាព។ ថ្វៃដៃប៉ិនប្រសប់របស់ជាង ក្នុងនោះមានបងថាច់មិញញ៉ាង បានរួមចំណែកបង្កើត សោភណភាពដ៏ពិសេសរបស់សំណង់ព្រះវិហារនេះ។
ក្រៅពីទទួលការជាវពីវត្តនានា មូលដ្ឋានសិប្បកម្មរបស់លោកមិញញ៉ាង ក៏ផលិតតាមរដូវកាលដែលហាងធំៗជាង ១០ កន្លែង នៅខេត្តវិញឡុងនិងទីក្រុងកឹងធើបញ្ជាទិញ។ ផលិតផលភាគច្រើនជាព្រះពុទ្ធបដិមានិងចម្លាក់ក្បូរក្បាច់រចនាសម្រាប់តុបតែងទីកន្លែងគោរពបូជា។ ការមានទីផ្សារ បានជួយឱ្យសិប្បកម្មរបស់បង រក្សាបានការងារធ្វើជូនយុវជននៅភូមិភាគជិត ២០ នាក់ ដោយមានចំណូលប្រមាណ ១០ - ១២ លានដុងក្នុងមួយខែ។ បងថាច់ក្វឹកខាង ធ្វើការនៅសិប្បកម្មនេះជាង ១០ ឆ្នាំ បានឱ្យដឹង មុខរបរនេះបានជួយឱ្យបងមានការងារធ្វើ និងរកបានប្រាក់ចំណូលលំនឹងនៅស្រុកកំណើត។ បងក្វឹកខាង រៀបរាប់៖ "ដោយសារបានបងមិញញ៉ាង គាត់បង្រៀនមុខរបរ ទើបខ្ញុំមានការងារធ្វើនិងរកបានប្រាក់ចំណូល មិនចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះ។ បានរៀនមុខរបរនិងមានការងារធ្វើនៅស្រុកកំណើត មានទាំងចំណូលនិងងាយស្រួលមើលថែគ្រួសារ"។

បងស្រី ថាច់ធីសុភានារី ភរិយារបស់បងញ៉ាង កំពុងរៀបចំផលិតផលដើម្បីផ្ញើជូនអតិថិជន។
អ្នកស្រីថាច់ធីច័ន្ទសុខា ប្រធានគណៈប្រជាជនភូមិឡុងថើយ បានឱ្យដឹង មូលដ្ឋានសិប្បកម្មរបស់បងថាច់មិញញ៉ាង បានបង្កការងារជាក់ស្តែងជូនពលករនៅភូមិភាគ ជាពិសេសយុវជននៅជនបទ។ ការបង្រៀនមុខរបរក៏ជួយឱ្យយុវជនមានចំណេះជំនាញបន្ថែម និងមានឱកាសបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតនៅស្រុកកំណើតរបស់ខ្លួន។
អស់រយៈពេលជាង ១៥ ឆ្នាំដែលភ្ជាប់ខ្លួនជាមួយមុខរបរដែលទទួលបានពីឪពុក បងថាច់មិញញ៉ាង មិនត្រឹមតែបង្កើតបានសិប្បកម្មផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើជូនយុវជននៅស្រុកកំណើត។ សម្រាប់បង ការបន្តរក្សាមុខរបរមិនមែនមានន័យត្រឹមតែបន្តសូន្យរូប ចម្លាក់រូបព្រះពុទ្ធបដិមា ឬក្បូរក្បាច់រចនាខ្មែរនោះទេ ប៉ុន្តែជាការបន្តផ្ទេរចំណេះជំនាញ បង្កើតមុខរបរចិញ្ចឹមជីវិត និងធ្វើឱ្យមុខរបរបន្តគង់វង្សយូរអង្វែង ដើម្បីឱ្យតម្លៃវប្បធម៌ខ្មែរស្ថិតស្ថេរតាមរយៈសំណង់នីមួយៗ និងតាមរយៈយុវជនជំនាន់ក្រោយ៕
ពេជ្រ សឿន