ចាប់តាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ លោក ថាច់ណយ នៅភូមិយ៉ុងត្រាញ់ ឃុំតឹបង៉ាយ ខេត្តវិញឡុង ចាប់ផ្តើមបង្វែរផ្ទៃដីស្រែចំនួន ៧ កុង ដែលមិនសូវមានប្រសិទ្ធភាព មកដាំដំណាំបន្លែបង្ការវិញ។ តាមរយៈការសាកល្បងដំណាំជាច្រើនប្រភេទ លោកបានជ្រើសដាំផ្កាស្បៃរឿងដើម្បីអភិវឌ្ឍ អាស្រ័យមានទីផ្សារប្រើប្រាស់លំនឹងបង្គួរ និងមានឈ្មួញចុះមកទិញដល់ចំការ បានជួយឱ្យគ្រួសារលោកមានប្រភពប្រាក់ចំណូលបន្ថែម។

លោក ថាច់ណយ (ខាងស្តាំ) ដោះដូរជាមួយកម្មាភិបាលភូមិភាគ។
លោក ថាច់ណយ បានឱ្យដឹង កាលពីមុន គ្រួសារលោកមានដី ៧ កុង សំខាន់គឺធ្វើស្រែ ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់នោះទេ។ ឆ្នាំ ២០១៨ ក្រោយពីបានសិក្សាស្វែងយល់ និងរៀនសូត្របទពិសោធន៍ផលិតពីកសិករមុនៗ លោកក៏បានបង្វែរពីការធ្វើស្រែមកដាំបន្លែបង្ការវិញ។ រយៈកាលដំបូង លោកបានដាំសាកល្បងដំណាំជាច្រើនប្រភេទដូចជា៖ ស្ពៃ, ស្ពៃមើម, សាឡាត់, ស្លឹកខ្ទឹម, ម្រះ និងផ្កាមួយចំនួន ដើម្បីស្វែងរកដំណាំដែលសមស្របនឹងលក្ខណៈដីធ្លី និងតម្រូវការទីផ្សារ។ តាមរយៈការផលិតជាក់ស្តែង លោកសង្កេតឃើញថា ដើមផ្កាស្បៃរឿងលូតលាស់ល្អ ចេញផ្កាស្មើនិងមានទីផ្សារប្រើប្រាស់លំនឹង ទើបលោកសម្រេចចិត្តដាំផ្កានេះរហូតមក។ ជាមួយនឹងតួនាទីជាអនុប្រធានសាខាសមាគមកសិករភូមិយ៉ុងត្រាញ់ លោកក៏បានសកម្មសិក្សាស្វែងយល់ និងរៀនសូត្របទពិសោធន៍ដើម្បីយកមកអនុវត្តក្នុងការផលិត ជាជំហានលើកកម្ពស់ប្រសិទ្ធភាពលើផ្ទៃដីរបស់គ្រួសារ។

លោក ថាច់ណយ កំពុងថែទាំផ្កាស្បៃរឿង។
តាមលោក ថាច់ណយ ផ្កាស្បៃរឿងចាប់តាំងពីដាំរហូតដល់ប្រមូលផលមានរយៈពេលប្រមាណ ២,៥ ខែ។ នៅពេលផ្ការីកក្នុងកម្រិតសមស្រប លោកកាត់និងចងជាបាច់ ក្នុងមួយបាច់មានប្រមាណ ១០ ទង ដើម្បីលក់ឱ្យឈ្មួញ។ តម្លៃលក់ជាទូទៅប្រមាណ ១០.០០០ ដុង/បាច់ អាស្រ័យលើរដូវកាលអាចខ្ពស់ជាងក៏មាន។ ជាពិសេស គឺនៅថ្ងៃសីល តម្រូវការប្រើប្រាស់ផ្កាកើនឡើង ដូច្នេះបរិមាណលក់ចេញក៏បានច្រើនជាង។ ដើម្បីមានផ្កាលក់ជាប្រចាំ លោកបានបែងផ្ទៃដីដាំជាច្រើនលើក ដោយចុះពូជដាំឆ្លាស់គ្នាជំនួសឱ្យការដាំក្នុងពេលតែមួយ។ អាស្រ័យហេតុនេះ គ្រួសារលោកមានផ្កាលក់រៀងរាល់ថ្ងៃ ឈ្មួញចុះមកទិញដល់ចម្ការ ជួយបន្ថយកម្លាំងដឹកជញ្ជូន និងងាយស្រួលដល់ការលក់ចេញ។ លោកបានឱ្យដឹង ក្នុងដំណើរការដាំ ត្រូវតាមដានការលូតលាស់ជាប្រចាំ ថែទាំនិងការពារសត្វល្អិត ដើម្បីឱ្យដើមលូតលាស់ល្អនិងឱ្យផ្កាស្អាត។ ផ្កាណាដែលរីកគ្រប់កម្រិតគឺប្រមូលផលមុន ផ្កាណារីកមិនទាន់គ្រប់កម្រិតគឺបន្តថែទាំ អាស្រ័យហេតុនេះប្រភពផ្កាត្រូវបានរក្សាជាបន្តបន្ទាប់។

លោក ថាច់ណយ ថែមទាំងដាំខ្ទឹមស្លឹកនៅលើចំណែកដីដែលទំនេរសំដៅប្រើប្រាស់ឱ្យអស់ផ្ទៃដី រកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។
ក្រៅពីការដាំផ្កាស្បៃរឿង លោក ថាច់ណយ នៅទាំងដាំខ្ទឹមស្លឹកបន្ថែមលើផ្ទៃដីដែលទំនេរ សំដៅប្រើប្រាស់ឱ្យអស់ផ្ទៃដី រកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ តាមលោក ការដាំឆ្លាស់គ្នា និងដាំប្តូរវេនដំណាំជាច្រើនប្រភេទ ជួយឱ្យគ្រួសារមានប្រភពចំណូលជាប្រចាំ ព្រមទាំងបន្ថយស្ថានភាពប្រមូលផលក្នុងពេលតែមួយដោយបរិមាណច្រើន នាំឱ្យពិបាកក្នុងការលក់ចេញ និងតម្លៃមិនបានខ្ពស់។ ព្រោះហេតុនោះ លោកតែងបែងផ្ទៃដីដាំជាច្រើនលើក ចុះពូជឃ្លាតពីគ្នា ដើម្បីមានផ្កាជាប្រចាំផ្គត់ផ្គង់ឱ្យឈ្មួញ។ អស់ជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយការដាំផ្កាស្បៃរឿង លោកសង្កេតឃើញថា នេះជាប្រភេទដំណាំដែលសមស្របនឹងលក្ខណៈផលិតរបស់គ្រួសារ ជាពិសេសគឺតម្រូវការប្រើប្រាស់សព្វថ្ងៃតែងកើនឡើង។ លោកបន្តរក្សាវិធីដាំឆ្លាស់គ្នា ដើម្បីមានផ្កាលក់ជាប្រចាំ បង្កប្រភពចំណូលលំនឹងជីវភាពសម្រាប់គ្រួសារ។
លោក ថាច់សុខា ប្រធានរណសិរ្សមាតុភូមិ ភូមិយ៉ុងត្រាញ់ បានឱ្យដឹង៖ លោក ថាច់ណយ ជាកសិករម្នាក់ខិតខំរៀនសូត្របទពិសោធន៍ និងហ៊ានផ្លាស់ប្តូរដំណាំដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិត។ ទម្រង់ដាំផ្កាស្បៃរឿងរបស់លោក គឺជាទម្រង់ដំបូងគេដែលបានអនុវត្តនៅក្នុងភូមិ ជំហានដំបូងនាំមកនូវប្រសិទ្ធភាព និងអាចសិក្សាស្រាវជ្រាវដើម្បីពង្រីកបន្ថែម។ ផ្តើមពីការបង្វែរដីស្រែដែលមិនសូវមានប្រសិទ្ធភាព មកដាំដំណាំបន្លែបង្ការវិញ លោក ថាច់ណយ បានរកឃើញទិសដៅផលិតសមស្រប បង្កប្រភពចំណូលជាប្រចាំ និងជាជំហានលំនឹងសេដ្ឋកិច្ចគ្រួសារ៕
ទីទុយ-វ៉ាន់តឹន