បងឡឹមថាញឡុង កើតឆ្នាំ ១៩៩២ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង ផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោជាច្រើនឆ្នាំមកហើយ គាត់បន្តអភិវឌ្ឍចិញ្ចឹមគោមេ ចិញ្ចឹមគោបន្ធាត់ គួបផ្សំនឹងចិញ្ចឹមជ្រូក និងដាំក្រូចពោធិ៍សាត់។ ទម្រង់ផលិតរួមផ្សំនេះ ជួយឱ្យគ្រួសារបងមានប្រភពចំណូលបន្ថែម ហើយជីវភាពឈានឡើងធូរធារជាបណ្តើរៗ។

បងឡឹមថាញឡុង ដាក់ចំណីឱ្យគោ។
បងឡឹមថាញឡុង ឱ្យដឹង៖ គ្រួសារគាត់ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ។ តាំងពីតូចមក គាត់ធ្លាប់នឹងការងារថែទាំគោ ជ្រូក និងធ្វើការងារស្រែចម្ការជាមួយឪពុកម្តាយ។ របរចិញ្ចឹមគោនេះ បានគ្រួសារចិញ្ចឹមជាយូរមកហើយ ពេលធំដឹងក្តី គាត់ក៏ស្នងបន្តបទពិសោធន៍របស់ឪពុកម្តាយ ដើម្បីពង្រីកហ្វូងគោមេ។ ថ្វីដ្បិតដូច្នេះក្តី ពីមុនគ្រួសារចិញ្ចឹមតាមបទពិសោធន៍ប្រពៃណីជាសំខាន់ ដូច្នេះប្រសិទ្ធភាពមិនខ្ពស់។ បន្ទាប់ពីស្វែងយល់ និងប្រមែប្រមូលបទពិសោធន៍ គាត់សង្កេតឃើញថា បើចង់ចិញ្ចឹមគោទទួលបានប្រសិទ្ធភាព គប្បីយកចិត្តទុកដាក់ដល់ផ្នែកជ្រើសរើសពូជ ថែទាំ និងតាមដានសុខភាព រហូតដល់ធានាប្រភពចំណីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ផ្តើមពីនោះមក គាត់ម្ចាស់ការអនុវត្តរបៀបថែទាំសមស្របជាងមុន តែងតាមដានហ្វូងគោជាប្រចាំ និងយកចិត្តទុកដាក់ដល់ការបង្ការជំងឺ។ អាស្រ័យហេតុនោះ ហ្វូងគោរបស់គាត់ធំធាត់ល្អ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដល់គ្រួសារជាបណ្តើរៗ។ ទន្ទឹមនឹងចិញ្ចឹមគោមេ គាត់នៅទាំងចិញ្ចឹមជ្រូក និងដាំក្រូចពោធិ៍សាត់ ដើម្បីប្រើប្រាស់អស់ផ្ទៃដី កម្លាំងពលកម្ម បង្កប្រភពចំណូលបន្ថែម។


បងឡឹមថាញឡុង ត្រៀមបម្រុងចំបើង ស្មៅ រួមផ្សំនឹងចំណីសត្វបន្ធាត់គោ។
បច្ចុប្បន្ន គ្រួសារបងឡុង កំពុងចិញ្ចឹមគោបន្ធាត់ ៥ ក្បាល។ រៀងរាល់ឆ្នាំ គ្រួសារគាត់លក់ពី ២ - ៣ ក្បាល ដោយតម្លៃពី ៤៥ - ៥៥ លានដុងក្នុងមួយក្បាល អាស្រ័យលើទម្ងន់ និងដំណាក់កាលលក់។ បងឡុង ឱ្យដឹង៖ “បើចង់ឱ្យគោឆាប់ធំ ត្រូវឱ្យចំណីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សមស្របនឹងដំណាក់កាលគោធំធាត់នីមួយៗ”។ ចំណីឱ្យគោជាសំខាន់គឺចំបើង និងស្មៅ រួមផ្សំចំណីសត្វបន្ថែម ដើម្បីធានាសារធាតុចិញ្ចឹម។ តាមប្រសាសន៍របស់បង ពេលប្រភពចំណីបានផ្គត់ផ្គង់គ្រប់គ្រាន់ គោនឹងឆាប់ធំ ឡើងទម្ងន់រហ័ស និងមានសុខភាពល្អ។ ទន្ទឹមនឹងចិញ្ចឹមគោមេ គាត់នៅទាំងចិញ្ចឹមជ្រូកទៀតផង។ បច្ចុប្បន្ន គ្រួសារបងចិញ្ចឹមជ្រូកបាន ៣៥ ក្បាល ក្នុងនោះមានជ្រូកមេ ៥ ក្បាល និងជ្រូកសាច់៣០ក្បាល ត្រៀមនឹងលក់។ ការចិញ្ចឹមសត្វច្រើនប្រភេទ ជួយឱ្យគ្រួសារបងមានប្រភពចំណូលបន្ថែម និងម្ចាស់ការជាងទៀតក្នុងការផលិត។
ក្រៅពីចិញ្ចឹមសត្វ គ្រួសារបងឡុង នៅទាំងដាំក្រូចពោធិ៍សាត់ប្រមាណ ៥ កុង។ បងឱ្យដឹង ការគួបផ្សំដំណាំជាមួយនឹងចិញ្ចឹមសត្វ ជួយប្រើប្រាស់អស់ផ្ទៃដី និងកម្លាំងពលកម្ម។ ក្នុងដំណើរការផលិត គាត់យកចិត្តទុកដាក់ថែទាំដើមក្រូច។ តាមប្រសាសន៍របស់បង ធ្វើកសិកម្មបើចង់ទទួលបានប្រសិទ្ធភាពល្អ ត្រូវតែទ្រាំលំបាក អត់ធ្មត់ និងរៀនសូត្របទពិសោធន៍ជាប្រចាំ។ គាត់យល់ថា គ្រួសារនីមួយៗសុទ្ធតែមានលក្ខណៈដីធ្លី ដើមទុន និងកម្លាំងពលកម្មខុសៗគ្នា ហេតុនោះគប្បីជ្រើសរើសទម្រង់ឱ្យបានសមស្រប វិនិយោគជាសន្សឹមៗ និងមិនឱ្យហួសពីសមត្ថភាព។ ពិសេស ក្នុងការចិញ្ចឹមសត្វ ក្រៅពីកូនពូជ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់លើប្រភពចំណីសត្វ សម្អាតទ្រុង និងបង្ការជំងឺ។ ពេលថែទាំសត្វបានល្អ ជួយបន្ថយហានិភ័យផង និងលើកកម្ពស់ប្រសិទ្ធភាពផលិតផង។
ជាមួយស្មារតីទ្រាំលំបាកពលកម្ម មានបទពិសោធន៍ និងម្ចាស់ការស្វែងរកទិសដៅផលិតសមស្រប បងឡុង កំពុងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗផ្តើមពីលក្ខណៈដែលមានស្រាប់។ ការងារចិញ្ចឹមគោមេ គួបផ្សំចិញ្ចឹមជ្រូក និងដាំក្រូចពោធិ៍សាត់របស់បង គឺជារបៀបធ្វើដែលប្រជាជនអាចស្វែងយល់ រៀនសូត្របទពិសោធន៍ និងជ្រើសរើសទិសដៅអភិវឌ្ឍសមស្របនឹងលក្ខណៈជាក់ស្តែងរបស់គ្រួសារនីមួយៗ៕
ទីទុយ - វិមាន