ប៉ុន្មានថ្ងៃនេះ កសិករខ្មែរនៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ ញញឹមស្រស់ ពីព្រោះម្ទេសបានផលកាក់កប លក់បានថ្លៃ និងចំណេញបានខ្ពស់។ ពិសេស តាមរយៈទម្រង់ចងសម្ព័ន្ធផលិត កសិករទទួលបានជំនួយបច្ចេកទេស សម្ភារៈនាំចូល និងម៉ៅទិញផលិតផល លំនឹងច្រកចេញ។
ឆ្នាំនេះគឺរដូវដំបូងដែលប្រជាជនសង្កាត់ហ៊ីបថាញ់ ចូលរួមទម្រង់ចងសម្ព័ន្ធផលិតជាមួយ សហ ករណ៍ឡុកទីម។ ចូលរួមទម្រង់ កសិករបានជំនួយចាប់ពីគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិ រហូតដល់ការណែនាំពីរបៀបថែទាំ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសសមស្របទៅនឹងលក្ខណៈដាំដុះ។ ផលិតផលទាំងអស់បានសហករណ៍សន្យាប្រមូលទិញតាមតម្លៃទីផ្សារ ជួយកសិករស្ងប់ចិត្តផលិត។ បើតាមកសិករដាំម្ទេសដើមរដូវ សហករណ៍ទិញចូលក្នុងតម្លៃប្រមាណ ៧០.០០០ ដុង/គីឡូក្រាម នៅពេលចូលដល់រដូវប្រមូលផលស្រុះ តម្លៃនៅតែរក្សាបានលំនឹងក្នុងកម្រិត ៥៥.០០០ ដុង/គីឡូក្រាម។ ជាមួយទិន្នផលប៉ាន់ស្មានសម្រេចជាង ១,៥ តោន/កុង ក្រោយពីទូទាត់រួចស្រេច កសិករអាចនឹងចំណេញបានជាង ៥០ លានដុង/កុង - កម្រិតប្រាក់ចំណូលខ្ពស់បើធៀបនឹងដំណាំរួមផ្សំផ្សេងៗទៀត។

កសិករដាំម្ទេសចំណេញបានខ្ពស់។
មានដី ៣ កុង ដាំដំណាំរួមផ្សំ ពូលីហ្វាយ នៅអនុសង្កាត់យង់យឿ សង្កាត់ហ៊ីបថាញ់ បានចូលរួមទម្រង់ចងសម្ព័ន្ធ ម្ល៉ោះហើយសហករណ៍ជំនួយពូជម្ទេសដៃនាង។ អាស្រ័យបានការណែនាំបច្ចេកទេសថែទាំហ្មត់ចត់ ម្ទេសលូតលាស់ល្អ មិនសូវមានជំងឺសត្វល្អិត ផ្តល់ផ្លែស្មើ និងប្រមូលផលជាប់ៗគ្នាក្នុងរយៈពេលជាង ១ ខែ។ ពូលីហ្វាយ ឱ្យដឹង៖ “អាកាសធាតុឆ្នាំនេះអំណោយផល ម្ល៉ោះហើយម្ទេសលូតលាស់ល្អ ផ្តល់ផ្លែស្មើ។ មាមីងនៅទីនេះអ្នកណាក៏រីករាយដែរ មានអ្នកខ្លះគិតនឹងបើកទូលាយផ្ទៃដីដាំក្នុងរដូវខាងមុខទៀត។ ម្ទេសប្រមូលផលអាចនឹងអូសបន្លាយរហូតដល់ ២ ខែ ហើយចន្លោះ២ថ្ងៃប្រមូលផលម្ដង ដូច្នេះជាមួយនឹងតម្លៃនេះ ខ្ញុំក៏ចំណេញបានខ្ពស់ដែរ”។
ក្តីរីករាយរបស់កសិករមិនត្រឹមតែរដូវប្រមូលផលកាក់កបប៉ុណ្ណោះទេ ថែមទាំងមកពីការផ្លាស់ប្តូរក្នុងវិធីសាស្ត្រផលិតផងដែរ។ ផ្តើមពីការផលិតខ្នាតតូច ស្វែងរកច្រកចេញដោយខ្លួនឯង ឥឡូវនេះកសិករបានចូលរួមខ្សែសង្វាក់ស្វយ័ត មានការរួមដំណើរពីសហករណ៍ក្នុងដំណាក់កាលផលិត។ អ្នកមីង ត្រឹងធីផាត់ នៅអនុសង្កាត់យង់យឿ ឱ្យដឹង៖ “កាលពីមុន ដីជាងមួយចំហៀងកុង ខ្ញុំដាំដំណាំរួមផ្សំគ្រប់ប្រភេទដូច៖ ស្ពៃឆួល ស្ពៃខៀវ។ល។ ដល់ថ្ងៃប្រមូលផលយកទៅលក់ឯផ្សារដោយខ្លួនឯង មិនអាចជៀសផុតពីស្ថានភាពតម្លៃឡើងចុះទេ។ នៅពេលចូលរួមចងសម្ព័ន្ធជាមួយសហករណ៍ឡុកទីម ខ្ញុំទទួលបានឧបត្ថម្ភជី ថ្នាំការពាររុក្ខជាតិ និងណែនាំបច្ចេកទេស ជួយដល់ការថែទាំងាយស្រួលជាង។ ឆ្នាំនេះ ម្ទេសមានផ្លែស្មើ ល្អ លក់បានតម្លៃ ៥៥.០០០ ដុង/គីឡូក្រាម ម្ល៉ោះហើយសប្បាយចិត្តណាស់!។ មានសហករណ៍ម៉ៅទិញ យើងខ្ញុំកាន់តែស្ងប់ចិត្តផលិត”។

ក្តីរីករាយរបស់កសិករពេលម្ទេសលក់បានថ្លៃ។
បើតាមបង ស៊ើង-ថ តំណាងសហករណ៍ឡុកទីម បច្ចុប្បន្នអង្គភាពបានចុះកិច្ចសន្យាចងសម្ព័ន្ធផលិតជាមួយប្រជាជន ១៣គ្រួសារ លើផ្ទៃដីប្រមាណ ២ហិកតា។ សហករណ៍រួមដំណើរជាមួយប្រជាជនចាប់ពីដំណាក់កាលទិញចូលរហូតដល់ច្រកចេញ ណែនាំអនុវត្តបច្ចេកទេសជឿនលឿន ដើម្បីបង្កើនទិន្នផល និងគុណភាពផលិតផល ព្រមទាំងសន្យាម៉ៅទិញម្ទេសក្នុងតម្លៃចាប់ពី ៥០.០០០ - ៧០.០០០ ដុង/គីឡូក្រាមរហូតដល់ចុងរដូវ។ បងស៊ើង-ថ ឱ្យដឹង៖ “រយៈពេលខាងមុខ យើងខ្ញុំនឹងបន្តបើកទូលាយទ្រង់ទ្រាយចងសម្ព័ន្ធ ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រមូលផ្តុំ បង្កបង្កើនផលិតផលមានគុណភាពបម្រើទីផ្សារ។ ការចងសម្ព័ន្ធផលិតនឹងជួយមាមីងស្ងប់ចិត្តផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព”។
ភាពជោគជ័យនៃរដូវម្ទេសឆ្នាំនេះ មិនត្រឹមតែនាំមកប្រាក់ចំណូលគួរកត់សម្គាល់ដល់ប្រជាជនសង្កាត់ហ៊ីបថាញ់ ប៉ុណ្ណោះទេថែមទាំងបើកទិសដៅថ្មីក្នុងការចាត់តាំងចងសម្ព័ន្ធផលិតទៀតផង។ នៅពេលវិទ្យាសាស្ត្រ និងបច្ចេកទេសចូលទៅដល់វាលស្រែ សហករណ៍ក្លាយជាស្ពានតភ្ជាប់រវាងការផលិត និងទីផ្សារ នេះគឺមូលដ្ឋានគ្រឹះដើម្បីកសិករសង្កាត់ហ៊ីបថាញ់ បន្តផ្សព្វផ្សាយទូលាយទម្រង់ចងសម្ព័ន្ធសម្រាប់ដំណាំរួមផ្សំផ្សេងៗទៀត ជាជំហានពង្រីកឧត្តមភាពនៃតំបន់ដាំដំណាំរួមផ្សំធំបំផុតក្នុងខេត្តកាម៉ាវ ឆ្ពោះទៅរកវិស័យកសិកម្មដោយចីរភាព៕
យ្វីអាញ - លីសៀ