ជារៀងរាល់ពេលរសៀល នៅទីធ្លាវត្តព្រែកអណ្តើក ឃុំញូយ៉ា ទីក្រុងកឹងធើ តែងលាន់ឮរំពងសំឡេងស្គរឆៃយ៉ាំ និងភ្លេងពិណពាទ្យ។ នៅទីនេះ ក្មេងៗវ័យជំទង់ហាត់រាំឆៃយ៉ាំ យក្ស ស្វា និងហាត់លេងឧបករណ៍តន្ត្រី។ អ្នកដែលបង្ហាត់ដល់ប្អូនៗគឺប្អូនប្រុស ត្រៀវ ស៊ើងញី នៅភូមិព្រែកអណ្តើក ឃុំញូយ៉ា ថ្វីដ្បិតតែអាយុនៅក្មេងក៏ដោយ ប៉ុន្តែប្អូនចេះស្ទាត់ជំនាញឧបករណ៍តន្ត្រីជាច្រើនប្រភេទ ហើយបានបង្រៀនប្រគំតន្ត្រី និងក្បាច់រាំដល់យុវជនដែលមានចំណង់ចំណូលចិត្តដូចគ្នា។
ស៊ើងញី បានឱ្យដឹង ដំបូងឡើយ អ្នកដែលបំផុសចំណង់ចំណូលចិត្តលើវប្បធម៌ប្រពៃណីដល់ប្អូនគឺជីតាប្អូន។ លោកតាបង្រៀនប្អូនកូតទ្រសោ ក្រោយមកបងប្រុសរបស់ប្អូនក៏បានបើកថ្នាក់បង្រៀនភ្លេងពិណពាទ្យនៅវត្ត ម៉្លោះហើយប្អូនបានចូលរៀនជាមួយបងប្រុស។

ប្អូន ត្រៀវ ស៊ើងញី កំពុងស្អិតស្អាងសំលៀកបំពាក់ឱ្យមិត្តភក្តិមុនពេលសម្តែង។
ផ្តើមពីអ្វីដែលបានលោកតា និងបងប្រុសបង្ហាត់បង្រៀន ក្តីស្រឡាញ់ចំពោះវប្បធម៌ប្រពៃណីក្នុងខ្លួនរបស់ញី បានពូនផ្តុំកាន់តែខ្លាំងឡើង។ នៅឆ្នាំ ២០១៧ នៅពេលដែលវត្តព្រែកអណ្តើកបើកថ្នាក់បង្រៀនរបាំ ញីក៏បានចូលរួមរៀនផងដែរ។ ក្រោយពីហ្វឹកហាត់បានមួយរយៈ និងចេះស្ទាត់ជំនាញក្បាច់រាំ និងភ្លេងពិណពាទ្យ ប្អូនបានចាប់ផ្តើមណែនាំបង្រៀនដល់មិត្តភក្តិវិញ។

ប្អូន ត្រៀវ ស៊ើងញី កំពុងប្រគំភ្លេងពិណពាទ្យ។
ប្អូន ស៊ើង ហ្វាងអាញ់ ភូមិព្រែកឈ្វេង ឃុំញូយ៉ា ទីក្រុងកឹងធើ បានឱ្យដឹង៖ “ដំបូងឡើយពេលចូលរៀនថ្នាក់នេះ ខ្ញុំជួបការលំបាកច្រើនណាស់។ ខ្ញុំរៀនវាយស្គរឆៃយ៉ាំ និងរាំរបាំយក្ស។ ក្នុងអំឡុងពេលរៀន ត្រូវចាំក្បាច់រាំជាច្រើនស្របតាមចង្វាក់ស្គរ សំឡេងគង... ដើម្បីសម្តែងឱ្យបានល្អ។ ក្នុងពេលរៀន បងញីតែងតែយកចិត្តទុកដាក់បង្រៀនក្បាច់រាំនីមួយៗ លើកទឹកចិត្ត និងណែនាំខ្ញុំយ៉ាងយកចិត្តទុកដាក់បំផុត”។
បច្ចុប្បន្ន ថ្នាក់រៀនរាំមានសមាជិកប្រមាណ ៣០ នាក់ចូលរួម។ ចាប់ពីប្អូនៗដែលទើបតែស្គាល់ក្បាច់រាំមូលដ្ឋាន រហូតដល់ប្អូនៗដែលអាចសម្តែងដោយទំនុកចិត្តក្នុងបុណ្យទាននៅវត្ត និងភូមិភាគ គឺសុទ្ធតែបានញីណែនាំយ៉ាងយកចិត្តទុកដាក់។ ក្រៅពីថ្នាក់រៀនរាំ ញីក៏បានណែនាំបង្រៀនដល់ប្អូនៗចំនួន ៧ នាក់ទៀតរៀនភ្លេងពិណពាទ្យផងដែរ។ ភាពស្និទ្ធស្នាល និងភាពអត់ធ្មត់របស់ញី បានជួយឱ្យប្អូនៗកាន់តែស្រឡាញ់ និងផ្សារភ្ជាប់ជាមួយតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។
ព្រះតេជព្រះគុណ ឡឹម ច័ន្ទសំណាង ព្រះចៅអធិការវត្តព្រែកអណ្តើក មានសង្ឃដីកា៖ “មូលហេតុដែលវត្តបង្កលក្ខណៈបង្កើតថ្នាក់បង្រៀនទាំងនេះគឺចង់ថែរក្សានូវវប្បធម៌ប្រពៃណី ដោយសារបច្ចុប្បន្នប្រភេទសិល្បៈមួយចំនួននៅតាមវត្តខ្មែរបាននិងកំពុងសាបរលាបបន្តិចម្តងៗ។ កាលពីមុន វត្តបានអញ្ជើញគ្រូបង្រៀនមកណែនាំដល់ប្អូនៗ ក្នុងនោះមានទាំងប្អូនញីផងដែរ។ បន្ទាប់ពីរៀនចប់ ញីក៏បានបន្តឈរថ្នាក់បង្រៀនដល់ប្អូនៗផ្សេងទៀត”។
ក្នុងដំណាក់កាលបង្រៀន ប្អូនជួបការលំបាកមិនតិចទេ ប៉ុន្តែនៅតែបន្តរក្សាដោយសារតែសេចក្តីស្រឡាញ់ចំពោះវប្បធម៌ប្រពៃណី។
ប្អូន ត្រៀវ ស៊ើងញី ឱ្យដឹងបន្ថែម ប្អូនសង្ឃឹមថានឹងមានយុវជនកាន់តែច្រើននៅក្នុងភូមិស្រុកមកចូលរួមថ្នាក់រៀន ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ ប្អូនសង្ឃឹមថា ប្អូនៗនឹងមានឱកាសចូលរួមសម្តែងបម្រើជូនបងប្អូនមាមីងនៅក្នុងពិធីបុណ្យទាននានាដូចជា បុណ្យកឋិនទាន បុណ្យអកអំបុក បុណ្យភ្ជុំបិណ្ឌ (សែនដូនតា) ដើម្បីរួមចំណែកព្រួតដៃអភិរក្សវប្បធម៌របស់ជនជាតិ៕
វុឌ្ឍា -វ៉ាន់តឹន