ជាច្រើនឆ្នាំកន្លង កសិករតែងតែស្វែងរកទីផ្សារបន្ទាប់ពីប្រមូលផលរួច កសិករនៅឃុំផុងថាញ់ ខេត្តវិញឡុង កំពុងបង្វែរមកផលិតពូជស្រូវ ST២៥ តាមទិសដៅចងសម្ព័ន្ធជាមួយអាជីវកម្ម។ អាជីវកម្មបានរួមដំណើរក្នុងការផ្គត់ផ្គង់ពូជ សម្ភារៈកសិកម្ម បច្ចេកទេស រហូតដល់ការទទួលទិញកសិផល ជួយឱ្យកសិករផលិតស្រូវមានភាពម្ចាស់ការជាងមុនក្នុងការផលិត លើកកម្ពស់គុណភាពគ្រាប់ស្រូវ និងបង្កើនប្រសិទ្ធភាពផលិតនៅលើវាលស្រែ។

លោកឡេវ៉ាំងតៀង ដោះដូរអំពីទម្រង់ចងសម្ព័ន្ធផលិតស្រូវ ST២៥ នៅលើដីស្រែរបស់គ្រួសារលោកស៊ើងទ្រុងថាញ់ ឃុំផុងថាញ់។
គ្រួសារលោកស៊ើងទ្រុងថាញ់ នៅភូមិឫស្សីស្រុក ឃុំផុងថាញ់ មានដីស្រែ ៧ ហិកតា ជំនាញផលិតស្រូវ។ កាលពីមុន បន្ទាប់ពីប្រមូលផលស្រូវរួច គ្រួសាររបស់លោកភាគច្រើនលក់ឱ្យឈ្មួញ។ ដោយសារតម្លៃពឹងផ្អែកទៅលើទីផ្សារ ដូច្នេះ ប្រសិទ្ធភាពនៃការផលិតមិនទាន់បានខ្ពស់នៅឡើយ។
ចាប់តាំងពីចូលរួមសាខាសមាគមកសិករផលិតស្រូវគុណភាពខ្ពស់ ST២៥ មក គ្រួសាររបស់លោកបានផ្លាស់ប្តូរវិធីសាស្ត្រផលិត។ ចាប់ពីពូជ សម្ភារៈកសិកម្ម បច្ចេកទេស រហូតដល់ការលក់កសិផល សុទ្ធតែបានចងសម្ព័ន្ធជាមួយអាជីវកម្ម។ លោកថាញ់ ចែករំលែក៖ "កាលពីមុន នៅពេលប្រមូលផល គ្រួសារខ្ញុំភាគច្រើនលក់ឱ្យឈ្មួញ ដូច្នេះតម្លៃលក់មិនខ្ពស់ ហើយប្រាក់ចំណេញក៏ទាប។ ចាប់តាំងពីចូលរួមសាខាសមាគមកសិករមក បានអាជីវកម្មធានាទិញកសិផលទាំងអស់ ព្រមទាំងជួយផ្គត់ផ្គង់ពូជ ជី ថ្នាំការពាររុក្ខជាតិតាមទិសដៅកសិកម្មសរីរាង្គនិងណែនាំបច្ចេកទេស ការផលិតមានប្រសិទ្ធភាពខ្ពស់ជាងមុន"។
សាខាសមាគមកសិករផលិតស្រូវគុណភាពខ្ពស់ ST២៥ បានបង្កើតនៅដើមឆ្នាំ ២០២៦ ដោយប្រមូលផ្តុំកសិករដែលប្រកបមុខរបរដូចគ្នា ដើម្បីបង្កលក្ខណៈសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ អនុវត្តបច្ចេកទេសថ្មីៗ និងរៀបចំការផលិតតាមទិសដៅមានលក្ខណៈស៊ីសង្វាក់គ្នា។ លោកឡេវ៉ាំងតៀង ប្រធានសាខាសមាគម បានឱ្យដឹង ការបង្កើតសាខាសមាគមនេះ គឺកើតចេញពីបំណងចង់ផ្លាស់ប្តូររបៀបផលិត លើកកម្ពស់គុណភាពគ្រាប់ស្រូវ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករ។ លោកតៀង មានប្រសាសន៍៖ "ខ្ញុំបានជំរុញទឹកចិត្តបងប្អូនកសិករនៅក្នុងភូមិថា យើងត្រូវធ្វើអ្វីមួយដើម្បីលើកកម្ពស់គុណភាពគ្រាប់ស្រូវបន្ទាប់ពីប្រមូលផល និងធ្វើឱ្យជីវភាពរបស់កសិករកាន់តែប្រសើរឡើង។ បន្ទាប់មក ខ្ញុំបានស្វែងយល់ព័ត៌មាន និងទាក់ទងជាមួយក្រុមហ៊ុនធានារ៉ាប់រងមានកម្រិតសមាជិកមួយ ក្វឹកខឿង BIOFARM ដើម្បីចងសម្ព័ន្ធក្នុងការផលិត"។
តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនធានារ៉ាប់រងមានកម្រិតសមាជិកមួយ ក្វឹកខឿង BIOFARM ផ្គត់ផ្គង់ពូជ ជី ថ្នាំការពាររុក្ខជាតិតាមទិសដៅកសិកម្មសរីរាង្គ និងជួយលើការចំណាយមួយចំនួនសម្រាប់ការផលិត។ កសិករធ្វើការដាំដុះតាមដំណើរ និងបានណែនាំបច្ចេកទេស។ នៅពេលច្រូតកាត់ ស្រូវបានប្រមូលទិញដោយតម្លៃ ៨.០០០ ដុង/គីឡូក្រាម។ ចំណាយលើការវិនិយោគ ត្រូវបានទូទាត់តាមកិច្ចព្រមព្រៀង ហើយចំណែកដែលនៅសល់គឺជាប្រាក់ចំណេញរបស់កសិករ។ លោកតៀង ឱ្យដឹង៖ "នៅដំណាក់កាលដំបូង កិច្ចសន្យាតភ្ជាប់ផលិតត្រូវបានអនុវត្តលើផ្ទៃដីជិត ៣០ ហិកតា។ ដោយសង្កេតឃើញថាមានប្រសិទ្ធភាព មាមីងកសិករបានបន្តចូលរួម ហើយមកដល់ពេលនេះ ផ្ទៃដីដែលបានអនុវត្តការចងសម្ព័ន្ធផលិតបានកើនឡើងជិត ៧៥ ហិកតា"។
នៅពេលទើបបង្កើតដំបូង សាខាសមាគមមានសមាជិក ៥៧ នាក់ ជាមួយផ្ទៃដីផលិតសរុប ៦៤,៣ ហិកតា។ មកដល់ពេលនេះ សាខាសមាគមមានសមាជិក ៧៣ នាក់ ដោយមានផ្ទៃដីផលិតជាង ៧៤,៩ ហិកតា ក្នុងនោះសមាជិកជិត ៧០% ជាជនរួមជាតិខ្មែរ។ ប្រាក់ចំណេញជាមធ្យមសម្រេចបានប្រមាណ ៤០ លានដុង/ហិកតា/រដូវ។ សមាជិកទាំងអស់អនុវត្តតាមបែបបទផលិតរួម អាជីវកម្មផ្គត់ផ្គង់សម្ភារៈកសិកម្ម ណែនាំបច្ចេកទេស និងធានាទិញកសិផល។ តាមរយៈនោះ កសិករផលិតស្រូវអាចកាត់បន្ថយសម្ពាធលើការវិនិយោគ កាត់បន្ថយការផលិតរាយប៉ាយ ខ្វះការចងសម្ព័ន្ធ និងមានភាពម្ចាស់ការជាងមុនក្នុងការលក់កសិផល។
លោកឃូជីកឿង ប្រធានសមាគមកសិករឃុំផុងថាញ់ វាយតម្លៃថា ទម្រង់នេះបានរួមចំណែកផ្លាស់ប្តូររបៀបផលិតរបស់សមាជិកតាមទិសដៅចងសម្ព័ន្ធ ការប្រមូលផ្តុំ និងការរៀបចំផលិតឱ្យមានលក្ខណៈស៊ីសង្វាក់គ្នា។ តាមរយៈនោះ គុណភាពកសិផលនិងប្រាក់ចំណូលរបស់កសិករត្រូវបានលើកកម្ពស់។ លោកកឿង ឱ្យដឹង៖ "នេះគឺជាទម្រង់ដែលសម្រេចបានប្រសិទ្ធភាពក្នុងដំណាក់កាលដំបូង មានលទ្ធភាពបន្តអនុវត្ត ពង្រីកនិងអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនសមាជិក"។
ផ្ដើមពីគ្រួសារកសិករដែលធ្លាប់តែប្រមូលផលរួចលក់ស្រូវឱ្យឈ្មួញ ឥឡូវកសិករនៅឃុំផុងថាញ់ កំពុងផ្លាស់ប្តូរមករបៀបផលិតថ្មី ដោយផលិតតាមបែបបទបច្ចេកទេស ចងសម្ព័ន្ធជាមួយអាជីវកម្មនិងមានភាពម្ចាស់ការរកច្រកចេញ។ នៅពេលរបៀបផលិតបានផ្លាស់ប្តូរ គ្រាប់ស្រូវ ST២៥ ក៏មានលក្ខណៈកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពនិងតម្លៃ។ ទន្ទឹមនឹងនោះ កសិករផលិតស្រូវជាជំហានៗបង្កើនបានប្រសិទ្ធភាពផលិតលើដីស្រែរបស់ខ្លួន៕
ពេជ្រ សឿន