26/09/2026 - 08:14

នា​រី​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផ្តើម​ពី​ចិញ្ចឹម​ជ្រូក​ 

បង​ស្រី​ ថា​ច់ធី​អ៊ុក កើត​ឆ្នាំ​ ១៩៨៤ នៅ​ភូមិ​ផ្នោរ​សង្ក្រម​ ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​ បាន​ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​ជ្រូក​ជាង​ ១០ ឆ្នាំ​មក​ហើយ​។ ផ្តើម​ពី​ចិញ្ចឹម​ជ្រូក​មេ​ ៥ ក្បាល​ ឥ​ឡូវ​គាត់​ពង្រីក​ជ្រូក​មេ​ឡើង​ដល់​១០ ក្បាល​ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​សាច់​ បង្ក​ប្រ​ភព​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​។

បង​ស្រី​ ថា​ច់ធី​អ៊ុក ពិភាក្សា​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​អំ​ពី​ទម្រង់​ចិញ្ចឹម​
ជ្រូករបស់គ្រួសារ។

បង​ស្រី​ថា​ច់ធី​អ៊ុក នៅ​ភូមិ​ផ្នោរ​សង្ក្រម​ បាន​អ្នក​ផង​ស្គាល់​ច្រើន​ដោយ​ទម្រង់​ចិញ្ចឹម​ជ្រូក​មេ​។ បង​ស្រី​ ឱ្យ​ដឹង​ កាល​ពី​ជាង​១០ឆ្នាំ​មុន​ គ្រួ​សារ​គាត់​បាន​ចិញ្ចឹម​ជ្រូក​មេ​ ៥ ក្បាល​សាក​ល្បង​មើល​។ កាល​នោះ​ បង​ស្រី​មិន​ទាន់​មាន​បទ​ពិសោធន៍​ច្រើន​ទេ​ ម្ល៉ោះហើយ​គាត់​ចិញ្ចឹម​បណ្តើ​រ ស្វែង​យល់​ពី​វិធី​ថែ​ទាំ​ជ្រូក​មេ​ កូន​ជ្រូ​កប​ណ្តើ​រ និង​បង្ការ​ជំងឺ​ដល់​ជ្រូក​។ ពេល​សង្កេត​ឃើញ​ជ្រូក​កើត​កូន​ល្អ​ ហើយ​មាន​ឈ្មួញ​មក​ទិញ​ទៀត​នោះ​ គាត់​ក៏​ចិញ្ចឹម​ជ្រូក​មេ​កើន​រហូត​ដល់​១០ក្បាល​។ ចំ​ណែក​កូន​ជ្រូក​គាត់​លក់​ខ្លះ​ ទុក​ចិញ្ចឹម​ជ្រូក​សាច់​ខ្លះ​ ដើម្បី​បង្ក​ប្រ​ភព​ប្រាក់​ចំ​ណូល​បន្ថែម​ជូន​គ្រួ​សារ​។ បច្ចុប្បន្ន​ បង​ស្រី​ចិញ្ចឹម​ជ្រូក​ ៣០ ក្បាល​ ក្នុង​នោះ​ជ្រូក​មេ​ ១០ ក្បាល​ និង​ជ្រូក​សាច់​ ២០ ក្បាល​។ ចំ​នួន​ជ្រូក​សាច់​ប្រែ​ប្រួល​អា​ស្រ័យ​ទៅ​លើ​ជ្រូក​មេ​កើត​កូន​ និង​លក់​មួយ​ល្បាស់​ៗ មាន​ពេល​ខ្លះ​បង​ស្រី​ទុក​ចិញ្ចឹម​ប្រ​មា​ណ​ ៧០ ក្បាល​។ បង​ស្រី​ឱ្យ​ដឹង​ ចិញ្ចឹម​ជ្រូក​មេ​ជួយ​ឱ្យ​គ្រួ​សារ​គាត់​ម្ចាស់​ការ​បាន​ប្រ​ភព​កូន​ជ្រូក​ ចំ​ណែក​ការ​ចិញ្ចឹម​ជ្រូក​សាច់​បន្ថែម​អា​ស្រ័យ​លើ​សមត្ថ​ភាព​ថែ​ទាំ​ និង​ថ្លៃ​ចំ​ណី​សត្វ​នៅ​ដំ​ណាក់​កាល​នីមួយៗ​។

បង​ស្រី​ ថា​ច់ធី​អ៊ុក ឱ្យ​ដឹង​ ជ្រូក​មេ​មួយ​ក្បាល​អាច​កើត​កូន​បាន​២ល្បាស់​ក្នុង​មួយ​ឆ្នាំ​ មធ្យម​១០ ក្បាល​ក្នុង​មួយ​ល្បាស់​ ហើយ​មាន​ល្បាស់​ខ្លះ​ច្រើន​ជាង​។ ពេល​ជ្រូក​មាន​ទម្ងន់​ប្រ​មា​ណ​១០គី​ឡូ​ក្រាម​ គាត់​លក់​ឱ្យ​ឈ្មួញ​ដោយ​តម្លៃ​ប្រ​មា​ណ​ ១,៤ លាន​ដុង​ក្នុង​មួយ​ក្បាល​។ ចំ​ណែក​ជ្រូក​ដែល​ទុក​ចិញ្ចឹម​ជ្រូក​សាច់​ គាត់​ថែ​ទាំ​ប្រ​មា​ណ​៤ ខែ​ទើប​លក់​។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​ លក់​ជ្រូក​កូន​នាំ​មក​ប្រាក់​ចំ​ណេញ​គ្រាន់​បើ​ជាង​ជ្រូក​សាច់​ ពី​ព្រោះ​ពេល​ចិញ្ចឹម​ខ្លី​ ចំ​ណែក​ជ្រូក​សាច់​ស៊ី​ច្រើន​ ចំ​ណាយ​ទិញ​ចំ​ណី​កើន​ឡើង​រៀង​រាល់​ថ្ងៃ​។ ប៉ុន្តែ​បង​ស្រី​នៅ​តែ​ទុក​ជ្រូក​កូន​មួយ​ចំ​នួន​សម្រាប់​ចិញ្ចឹម​ ដោយ​សារ​មាន​ជ្រូក​កូន​ស្រាប់​ និង​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​នៅ​ល្បាស់​ក្រោយ​។ ព្រោះ​ហេ​តុ​នោះ​ ក្រោយ​ពី​ជ្រូក​មេ​កើត​កូន​មួយ​ល្បាស់​ៗ គាត់​គិត​គូរ​ត្រូវ​លក់​ប៉ុន្មាន​ និង​ទុក​ចិញ្ចឹម​ប៉ុន្មាន​ឱ្យ​សម​ស្រប​នឹង​ទ្រុង​ ចំ​ណី​ និង​កម្លាំង​ថែ​ទាំ​របស់​គ្រួ​សារ​។ មាន​ល្បាស់​ខ្លះ​អំ​ណោយ​ផល​ គាត់​ទុក​ជ្រូក​កូន​ចិញ្ចឹម​ច្រើន​ជាង​។ ពេល​ថ្លៃ​ចំ​ណី​កើន​ឡើង​ បង​ស្រី​អាទិ​ភាព​លក់​ជ្រូក​កូន​ ដើម្បី​ប្រ​មូល​ដើម​ទុន​វិញ​ និង​ទុក​ជ្រូក​មេ​ចិញ្ចឹម​។

បង​ស្រី​ ថា​ច់ធី​អ៊ុក ថែ​ទាំ​ និង​ឱ្យ​ចំ​ណី​ជ្រូក​។

ដើម្បី​ថែ​ទាំ​ជ្រូក​មេ​ បង​ស្រី​ថា​ច់ធី​អ៊ុក តែង​បបរ​ គួប​ផ្សំ​កន្ទក់​ និង​ចំ​ណី​សត្វ​ ដើម្បី​ធា​នា​សារ​ធា​តុ​ចិញ្ចឹម​។ ចំ​ពោះ​ជ្រូក​កូន​ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​នៅ​ដំ​ណាក់​កាល​ទើប​កើត​ បើ​ឃើញ​ជ្រូក​ណា​ខ្សោយ​ ថែ​ទាំ​ឱ្យ​បាន​សម​ស្រប​។ ទន្ទឹម​នឹង​ឱ្យ​ជ្រូក​ស៊ី​ គាត់​តែង​សម្អាត​ទ្រុង​ រក្សា​កន្លែង​ចិញ្ចឹម​ស្អាត​បាត​ និង​ចាក់​វ៉ា​ក់សាំង​បង្ការ​ជំងឺ​អុត​ក្តាម​ និង​ជំងឺ​ផ្សេង​ទៀត​ដល់​ជ្រូក​។ បង​ស្រី​ឱ្យ​ដឹង​ ចិញ្ចឹម​ជ្រូក​មាន​ហា​និភ័យ​ច្រើន​ដែរ​ បំ​ផុត​នៅ​ពេល​ជ្រូក​ឈឺ​ ឬ​តម្លៃ​ចុះ​ថោក​។ បើ​ថែ​ទាំ​មិន​បាន​ហ្មត់​ចត់​ទេ​ អ្នក​ចិញ្ចឹម​អាច​ខាត​។ ព្រោះ​ហេ​តុ​នោះ​ ទោះ​បី​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​នេះ​ជាង​ ១០ ឆ្នាំ​ហើយ​ក៏​ដោយ​ បង​ស្រី​នៅ​តែ​បន្ត​រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​។ រៀង​រាល់​ថ្ងៃ​ បង​ស្រី​ចំ​ណាយ​ពេល​វេលា​សង្កេត​ហ្វូង​ជ្រូក​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ស៊ី​ចំ​ណី​ ធំ​ធាត់​ ដើម្បី​វិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា​ពេល​មាន​បញ្ហា​។ បង​យល់​ថា​ ថែ​ទាំ​ជ្រូក​កុំ​ឱ្យ​គ្មាន​ជំងឺ​ គឺ​ជា​វិធី​សំ​ខាន់​ដើម្បី​កាត់​បន្ថយ​ការ​បង់​ខាត​ និង​រក្សា​ការ​ចិញ្ចឹម​បាន​យូរ​អង្វែង​។

លោក​ ថា​ច់យឹង ប្រ​ធាន​ភូមិ​ផ្នោរ​សង្ក្រម​ បញ្ជាក់​៖ បង​ស្រី​ ថា​ច់ធី​អ៊ុក គឺ​ជា​នា​រី​ឧស្សា​ព្យា​យាម​ ទ្រាំ​លំ​បាក​ ចូល​ចិត្ត​រៀន​សូ​ត្រ​។ ផ្តើម​ពី​ជ្រូក​មេ​ ៥ ក្បាល​ដំ​បូង​ គាត់​ពង្រីក​ជ្រូក​មេ​ និង​ជ្រូក​សាច់​ មាន​ពេល​ខ្លះ​រក​បាន​ប្រាក់​ចំ​ណេញ​រាប់​សិប​លាន​ដុង​។ ទោះ​បី​តម្លៃ​ និង​ជំងឺ​រាល​ដាល​គឺ​ជា​ប្រ​ការ​ដែល​អ្នក​ចិញ្ចឹម​ត្រូវ​គិត​គូរ​ ប៉ុន្តែ​បង​ស្រី​ថា​ច់ធី​អ៊ុក នៅ​តែ​ផ្សារ​ភ្ជាប់​ការ​ងារ​នេះ​ជា​ច្រើន​ឆ្នាំ​។ ប្រាក់​ចំ​ណូល​ពី​ចិញ្ចឹម​ជ្រូក​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​គ្រួ​សា​របង​ស្រី​មាន​ជីវ​ភា​ពលំ​នឹង​ជា​បណ្តើ​រៗ៕

 ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ