22/09/2026 - 20:31

សារ​មន្ទីរ​ខ្នាត​តូច​កណ្ដាល​បរិវេណ​វត្ត​ខ្មែរ​ 

មាន​ឧប​ករណ៍​ប្រើ​ប្រាស់​ផ្សេង​ៗដូច​ជា​កណ្ដៀវ​ច្រូត​ស្រូវ​ នឹម​ក្រ​បី​ គ្រឿង​ឆ្នាំង​ធ្វើ​ពី​ស្ពាន់​ ចង្កៀង​ប្រេង​កាត​បុរាណ​ជា​ដើម​ ដែល​ធ្លាប់​មាន​នៅ​ក្នុង​គ្រួ​សារ​នីមួយៗ​ និង​លើ​វាល​ស្រែ​របស់​ប្រ​ជា​ជន​ខ្មែរ​ សព្វ​ថ្ងៃ​បាន​ប្រ​មូល​ដាក់​តាំង​នៅ​ក្នុង​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ ឃុំ​តឹបង៉ាយ ខេត្ត​វិញ​ឡុង​។ វត្ថុ​តាំង​ទាំង​អស់​ជាង​ ១០០ មុខ​ ក្នុង​នោះ​ វត្ថុ​ខ្លះ​មាន​អាយុ​កាល​ជាង​ ១០០ ឆ្នាំ​ មិន​ត្រឹម​តែ​បញ្ជាក់​ប្រាប់​ពី​ផ្នែក​មួយ​នៃ​ជីវ​ភាព​រស់​នៅ​របស់​ជំ​នាន់​មុន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​បង្ហាញ​ឱ្យ​បច្ឆា​ជន​ជំ​នាន់​ក្រោយ​ អាច​ស្វែង​យល់​ពី​តម្លៃ​វប្ប​ធម៌​ដែល​ធ្លាប់​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួ​យស​ហ​គម​ន៍ តាម​រយៈ​វិធី​ដ៏​សាមញ្ញ​និង​ជិត​ស្និទ្ធ​។

 

ព្រះ​តេជ​ព្រះ​គុណ​ គឹម​ម័ន (ហៅ​ ជុំ​) កំ​ពុង​ឧទ្ទេស​នាម​ពី​ដង​កណ្ដៀវ​ដែល​មាន​ក្បាច់​ចម្លាក់​លម្អ​ ជា​វត្ថុ​មួយ​ក្នុង​ចំ​ណោម​វត្ថុ​បុរាណ​ដែល​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​អភិ​រក្ស​។

នៅ​ក្នុង​បន្ទប់​ដ៏​ធំ​ទូ​លាយ​មួយ​នៃ​សម​ណ​កុដិ​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ វត្ថុ​បុរាណ​ទាំង​ឡាយ​ត្រូវ​បាន​រៀប​ចំ​និង​រក្សា​ទុក​ដោយ​ផ្ចិត​ផ្ចង់​។ ចាប់​ពី​កណ្ដៀវ​ច្រូត​ស្រូវ​ ឈើ​ច្រាន​ ស្នាច​ទឹក​ ដង​ឆក់​ នឹម​ ឈ្នាង​ រហូត​ដល់​ប្រ​អប់​កំ​បោរ​ធ្វើ​ពី​ស្ពាន់​ ឆ្នាំង​ស្ពាន់​ ចង្កៀង​ប្រេង​កាត​បុរាណ​ ចាន​ស្ដើង​ ។ល។ វត្ថុ​ទាំង​នេះ​តែង​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​កាល​ពី​ជំ​នាន់​មុន​។

យោង​តាម​ព្រះ​តេជ​ព្រះ​គុណ​ គឹម​ម័ន  ព្រះ​ចៅ​អធិការ​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ ការ​ប្រ​មូល​សម្ភារៈ​បុរាណ​ទាំង​នេះ​ បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​ ២០០៥។ ដោយ​ព្រះ​អង្គ​សង្កេត​ឃើញ​ថា​ គ្រួ​សារ​មា​មីង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​បាន​ចាប់​ផ្តើម​បោះ​ចោល​ ឬ​លក់​វត្ថុ​ទាំង​នេះ​ ទាំង​ដែល​ធ្លាប់​បាន​ប្រើ​ប្រាស់​ឆ្លង​កាត់​ពីរ​បី​ជំ​នាន់​។ ប្រ​សិន​បើ​មិន​បាន​រក្សា​ទុក​ទាន់​ពេល​ទេ​ វត្ថុ​ទាំង​នោះ​អាច​បាត់​បង់​ទៅ​តាម​ពេល​វេលា​។ ព្រះ​តេជ​ព្រះ​គុណ​ គឹម​ម័ន មាន​ថេរ​ដីកា​៖ "អាត្មា​ភាព​គិត​ថា​ វត្ថុ​ជាង​ ១០០ មុខ​នេះ​ ប្រ​សិន​បើ​វត្ត​មិន​ចូល​រួម​ប្រ​មូល​និង​អភិ​រក្ស​ទេ​ អាច​នឹង​បាត់​បង់​ទៅ​តាម​ពេល​វេលា​។ ម្យ៉ាង​យុវ​ជន​ជំ​នាន់​ក្រោយ​ នឹង​មិន​អាច​ស្រមៃ​ឃើញ​ពី​ជីវ​ភាព​និង​វប្ប​ធម៌​របស់​ដូន​តា​កាល​ពី​សម័យ​មុន​បាន​ទៀត​ឡើយ​"។

វត្ថុ​តាំង​ពិព័រណ៍​ទាំង​នេះ​ ភាគ​ច្រើន​គឺ​ពុទ្ធ​បរិស័ទ​យក​មក​ប្រគេន​វត្ត​។ វត្ថុ​ខ្លះ​មាន​តម្លៃ​និង​មាន​អាយុ​កាល​ជាង​ ១០០ ឆ្នាំ​ បាន​ព្រះ​តេជ​ព្រះ​គុណ​ គឹម​ម័ន ស្វែង​រក​ទិញ​យក​មក​រក្សា​ទុក​ បន្ទាប់​ពី​ព្រះ​អង្គ​ដឹង​ថា​ មា​មីង​ពុទ្ធ​បរិស័ទ​លែង​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ ហើយ​អាច​នឹង​លក់​ឱ្យ​អ្នក​ប្រ​មូល​ទិញ​អេតចាយ​។ ព្រះ​អង្គ​ក៏​បាន​អំ​ពាវ​នាវ​ដល់​មា​មីង​ពុទ្ធ​បរិស័ទ​ ប្រ​សិន​បើ​នៅ​ក្នុង​ផ្ទះ​មាន​សម្ភារៈ​ប្រើ​ប្រាស់​បុរាណ​ដែល​លែង​ប្រើ​ប្រាស់​ សូម​យក​មក​វត្ត​ដើម្បី​រួម​គ្នា​រក្សា​ទុក​។ នៅ​បន្ទប់​ដាក់​តាំង​នេះ​ មិន​ត្រឹម​តែ​មាន​ឧប​ករណ៍​កសិ​កម្ម​ និង​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រក្សា​ទុក​នូវ​ស្លាក​ស្នាម​អនុ​ស្សាវ​រី​យ៍នៃ​វប្ប​ធម៌​និង​សិល្បៈ​ប្រ​ពៃ​ណី​ខ្មែរ​។ ក្នុង​នោះ​ មាន​ឧប​ករណ៍​ភ្លេង​ខ្មែរ​ដូច​ជា​ ឃឹម​ ទ្រ​ តា​ឃេនិង​ខ្លុយ​ ព្រម​ទាំង​ឧប​ករណ៍​ភ្លេង​ដែល​ធ្លាប់​ប្រើ​ក្នុង​វង់​ភ្លេង​ឆៃយ៉ាំ​ និង​របាំង​មុខ​ មកុដ​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​សិល្បៈ​របាំ​យក្ស​រាំ​។

វត្ថុ​បុរាណ​មួយ​ដែល​មាន​អាយុ​កាល​ជាង​ ១០០ ឆ្នាំ​ ត្រូវ​បាន​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​អភិ​រក្ស​។

វត្ថុ​នីមួយៗ​ដែល​បាន​រក្សា​ទុក​ មិន​ត្រឹម​តែ​ជា​វត្ថុ​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ប្រ​វត្តិ​រឿង​រ៉ាវ​ជាប់​ទាក់​ទង​នឹង​វប្ប​ធម៌​ផង​។ ឆ្នាំង​ស្ពាន់​ អក​កំ​បោរ​ ចង្កៀង​ប្រេង​កាត​ ឬ​ឧប​ករណ៍​ផលិត​ ដែល​ធ្លាប់​មាន​នៅ​ក្នុង​គ្រួ​សារ​នីមួយៗ​ និង​នៅ​លើ​វាល​ស្រែ​ សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​ស្លាក​ស្នាម​អនុ​ស្សាវ​រី​យ៍ ដែល​ជួយ​ឱ្យ​មនុស្ស​ជំ​នាន់​ក្រោយ​អាច​ស្រមៃ​ឃើញ​កាន់​តែ​ច្បាស់​អំ​ពី​ជីវ​ភាព​រស់​នៅ​របស់​ដូន​តា​សម័យ​មុន​។ រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​អក​អំ​បុក​ ក៏​មាន​ពិ​ធី​តាំង​ពិព័រណ៍​នៅ​មណ្ឌល​វប្ប​ធម៌​គូ​ស្រះ​ស្រី​  ភូមិ​ភាគ​បាន​មក​ស្នើ​វត្ត​សុំ​យក​វត្ថុ​បុរាណ​ដែល​ដាក់​តាំង​ក្នុង​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ ដើម្បី​យក​ទៅ​ចូល​រួម​តាំង​ពិព័រណ៍​ប្រ​មា​ណ​ ៩០%។ ចាប់​ពី​កន្លែង​តាំង​បង្ហាញ​ក្នុង​បរិវេណ​វត្ត​ វត្ថុ​ទាំង​នេះ​ពេល​បាន​តាំង​ព័រ​ណ៍នៅ​មណ្ឌល​វប្ប​ធម៌​គូ​ស្រះ​ស្រី​ ការ​ផ្សព្វ​ផ្សាយ​កាន់​តែ​ទូ​លំ​ទូ​លាយ​ដល់​ពុទ្ធ​បរិស័ទ​ រួម​ចំ​ណែក​បង្ហាញ​ពី​ជីវ​ភាព​រស់​នៅ​និង​វប្ប​ធម៌​ខ្មែរ​ តាម​រយៈ​សម្ភារៈ​ដែល​មា​នល​ក្ខណៈ​ជាក់​ស្តែង​និង​ជិត​ស្និទ្ធ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

វត្ថុ​ទាំង​នោះ​មិន​មែន​គ្រាន់​តែ​ដាក់​នៅ​លើ​ធ្នើរ​តាំង​បង្ហាញ​នោះ​ទេ​។ សម្រាប់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​បែប​នោះ​ ការ​មើល​ឃើញ​នឹម​ កណ្ដៀវ​ ឬ​ឆ្នាំង​ស្ពាន់​ ក៏​អាច​ធ្វើ​ឱ្យ​រលឹក​នឹក​ឃើញ​ឡើង​វិញ​នូវ​អនុ​ស្សាវ​រី​យ៍ពី​អតីត​កាល​។ លោក​គ្រូ​ថា​ច់រី​ ជា​ព្រឹទ្ធាចារ្យ​ម្នាក់​ បាន​ឱ្យ​ដឹង​ រាល់​ពេល​មក​វត្ត​ បាន​ឃើញ​វត្ថុ​បុរាណ​ដែល​បាន​រក្សា​ទុក​ លោក​តែង​នឹក​ឃើញ​ដល់​អនុ​ស្សាវ​រី​យ៍កាល​ពី​វ័យ​កុមារ​។ លោ​កថា​ច់រី​ ចែក​រំលែក​៖ "ពេល​ឃើញ​នឹម​ ខ្ញុំ​នឹក​ឃើញ​កាល​ពី​នៅ​តូច​ ប្រហែល​ម៉ោង​ ៥ ព្រឹក​ យើង​ចាប់​ផ្ដើម​ដឹក​ក្រ​បី​ទៅ​ភ្ជួរ​ស្រែ​។ សម្ភារៈ​ប្រើ​ប្រាស់​ទាំង​នេះ​ កាល​ពី​មុន​ជិត​ស្និទ្ធ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ណាស់​ ប៉ុន្តែ​សព្វ​ថ្ងៃ​យុវ​ជន​ជំ​នាន់​ក្រោយ​តិច​មាន​ឱ​កាស​បាន​ឃើញ​វត្ថុ​ទាំង​នេះ​"។

មណ្ឌល​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជាង​ ១០០ មុខ​ នៅ​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ ដែល​ជា​កន្លែង​រក្សា​ទុក​នូវ​ស្លាក​ស្នាម​អនុ​ស្សាវ​រី​យ៍ជា​ច្រើន​នៃ​ជីវ​ភាព​រស់​នៅ​និង​វប្ប​ធម៌​ខ្មែរ​កាល​ពី​សម័យ​មុន​។

មិន​ត្រឹម​តែ​អ្នក​វ័យ​ចាស់​ប៉ុណ្ណោះ​ទេ​ ដែល​បា​នរក​ឃើញ​អនុ​ស្សាវ​រី​យ៍ពី​អតីត​កាល​ ប៉ុន្តែ​កន្លែង​នេះ​ក៏​បាន​បើក​បង្ហាញ​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​បាន​ឃើញ​និង​ស្វែង​យល់​ពី​វប្ប​ធម៌​ខ្មែរ​។ យុវ​ជន​ ថា​ច់ហាយ​យ៉ី បាន​ឱ្យ​ដឹង​ រាល់​ពេល​មក​វត្ត​ ប្អូន​តែង​ចូល​ទៅ​កាន់​កន្លែង​ដាក់​តាំង​បង្ហាញ​ ដើម្បី​ទស្សនា​វត្ថុ​បុរាណ​និង​ស្វែង​យល់​បន្ថែម​អំ​ពី​វប្ប​ធម៌​ខ្មែរ​។ វត្ថុ​ទាំង​នេះ​ភាគ​ច្រើន​ប្អូន​មិន​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច​ជា​ កណ្ដៀវ​ ឈើ​ច្រាន​ ដង​ឆក់​ជា​ដើម​។ តាម​ប្អូន​យ៉ី ការ​ដែល​វត្ត​មាន​កន្លែង​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​បែប​នេះ​ ពិត​ជា​មាន​ន័យ​ណាស់​ ព្រោះ​យុវ​ជន​មាន​កន្លែង​បន្ថែម​ទៀត​ដើម្បី​ស្គាល់​ពី​សម្ភារៈ​ប្រើ​ប្រាស់​ និង​តម្លៃ​វប្ប​ធម៌​ដែល​ធ្លាប់​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​របស់​ជំ​នាន់​មុន​។ ថា​ច់ហាយ​យ៉ី រៀប​រាប់​៖ "ពេល​ឃើញ​សម្ភារៈ​ដែល​ប្រើ​ប្រាស់​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​និង​ពល​កម្ម​កាល​ពី​សម័យ​មុន​ ខ្ញុំ​កាន់​តែ​មាន​អា​រម្មណ៍​ថា​ ដូន​តា​របស់​យើង​ពិត​ជា​មាន​ភាព​ច្នៃ​ប្រ​តិដ្ឋ​ខ្លាំង​ណាស់​"។

អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​នៃ​ការ​ប្រ​មូល​រក្សា​ទុក​ វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ ជា​ជំ​ហាន​ៗបាន​បន្ត​ធ្វើ​ឱ្យ​ក្លាយ​ជា​កន្លែង​មួយ​សម្រាប់​រក្សា​ទុក​អនុ​ស្សាវ​រី​យ៍នៃ​វប្ប​ធម៌​ខ្មែរ​។ តាម​រយៈ​សម្ភារៈ​ប្រើ​ប្រាស់​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ចាស់​គំ​រឹល​ ប៉ុន្តែ​ជា​ដំ​ណើរ​រឿង​នៃ​ការ​ពល​កម្ម​ផលិត​ ជីវ​ភាព​រស់​នៅ​ និង​សិល្បៈ​ប្រ​ពៃ​ណី​ ត្រូវ​បាន​រៀប​រាប់​ឡើង​តាម​រយៈ​វត្ថុ​ជាក់​ស្តែង​និង​ជិត​ស្និទ្ធ​។ ទាំង​នេះ​ជួយ​ឱ្យ​ជំ​នាន់​ក្រោយ​ យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ជីវ​ភាព​រស់​នៅ​របស់​ដូន​តា​ និង​ចេះ​ឱ្យ​តម្លៃ​ចំ​ពោះ​បេតិក​ភណ្ឌ​វប្ប​ធម៌​ដែល​បាន​ថែ​រក្សា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​តាម​កាល​វេលា​៕

 ពេជ្រ​សឿន​

ចែករំលែកអត្ថបទ