ទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” បានផ្សព្វផ្សាយនៅវត្តពោធិផ្តោក ឃុំកេសាត់ ទីក្រុងកឹងធើ កំពុងបង្ហាញឱ្យឃើញប្រសិទ្ធភាពពិតប្រាកដ។ មិនត្រឹមតែរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹក អនុវត្តច្បាប់របស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ទម្រង់ថែមទាំងក្លាយជាស្ពានតភ្ជាប់រវាងរដ្ឋអំណាច កម្លាំងនគរបាលជាមួយប្រជាជន រួមចំណែកបន្ថយរាល់ទបទល្មើស រក្សាភាពសុខសាន្តភូមិស្រុកទៀតផង។

កម្មាភិបាលនគរបាលឃុំកេសាត់ឃោសនាច្បាប់នៅវត្តពោធិផ្តោក ឃុំកេសាត់។
ផ្តើមពីដងផ្លូវកៅស៊ូទូលាយរហូតដល់ដងផ្លូវបេតុងរាបស្មើរចូលទៅកាន់ភូមិស្រុកនានារបស់ជនរួមជាតិខ្មែរនៅឃុំកេសាត់ ទីក្រុងកឹងធើ សងខាងដងផ្លូវគឺជាវត្តយ៉ាងស្អាត ជួរដើមឈើបៃតងចោលម្លប់ត្រជាក់និងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ជនបទមួយកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
មានអ្នកតិចណាស់ដែលដឹងថា នៅពីក្រោយភាពសុខសាន្តនោះគឺការព្រួតដៃពីប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ពិសេស វត្តអារាមខ្មែរ ដែលធ្លាប់ជាមជ្ឈមណ្ឌលប្រជុំវប្បធម៌ ជំនឿសាសនារបស់ជនរួមជាតិខ្មែរ បច្ចុប្បន្នក្លាយជាថ្នាលរីកសាយភាយស្មារតីភ្ញាក់រលឹកអនុវត្តច្បាប់ រួមចំណែកកសាងភូមិស្រុកសុខសាន្ត។ ព្រះតេជព្រះគុណ ចូវវ៉ាំងតៀង ព្រះចៅអធិការរងវត្តពោធិផ្តោក មានថេរដីកា៖ "រៀងរាល់ថ្ងៃសីល ថ្ងៃបុណ្យទានផ្សេងៗ មាមីងពុទ្ធបរិស័ទមកវត្ត បានស្តាប់ព្រះសង្ឃនិងលោកអាចារ្យផ្សព្វផ្សាយគោលនយោបាយ ច្បាប់ ដើម្បីមាមីងក្តាប់ច្បាស់ពីព័ត៌មានជាផ្លូវការ បទបញ្ញត្តិថ្មីរបស់បក្ស រដ្ឋ"។
តាមការវាយតម្លៃរបស់រដ្ឋអំណាចភូមិភាគ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិឋានឃុំកេសាត់ ប៉ុន្មានឆ្នាំកន្លង ជាសារវ័ន្តបានរក្សារឹងមាំ។ ថ្វីដ្បិតតែដូច្នោះ រួមជាមួយការអភិវឌ្ឍន៍របស់សង្គម បទល្មើសផ្សេងៗដូច៖ ចោរកម្ម ឆក់ប្លន់ គ្រឿងញៀន ឥណទានខុសច្បាប់ ឬការបំពានផ្លូវភេទ នៅតែបង្កប់ហានិភ័យចូលមកតំបន់ជនបទ តំបន់ជនជាតិភាគតិច។ ផ្តើមចេញពីភាពជាក់ស្តែងនោះ ឆ្នាំ ២០១៩ ទម្រង់ "ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់" បានផ្សព្វផ្សាយនៅវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយពោធិផ្តោក។ នេះក៏ជាទម្រង់ដំបូងគេរបស់ភូមិភាគពង្រីកតួនាទីរបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់។ ដើម្បីទម្រង់ពង្រីកមានប្រសិទ្ធភាព កម្លាំងនគរបាលបានសហការជាមួយរដ្ឋអំណាចភូមិភាគបង្កើតគណៈគ្រប់គ្រង ព្រមទាំងក្រុមទទួលការខុសត្រូវ ២ ក្រុម ក្រុមឃោសនា និងក្រុមធានាសន្តិសុខសណ្តាប់ធ្នាប់។ សមាជិកនៃក្រុមទាំងនេះ សុទ្ធតែជាអ្នកមានប្រិយភាពក្នុងសហគមន៍ ដូចជា លោកអាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទ។
មិនត្រឹមតែឃោសនាច្បាប់ប៉ុណ្ណោះទេ សមាជិកទាំងឡាយថែមទាំងបានចូលរួមល្បាតដោយផ្ទាល់ និងជួយរក្សាសន្តិសុខក្នុងឱកាសពិធីបុណ្យសាសនា ក៏ដូចជាពិធីបុណ្យរបស់ជនរួមជាតិខ្មែរ ដែលមានប្រជាជនមកវត្តយ៉ាងច្រើនកុះករ។ វរសេនីយ៍ទោ ង្វៀងហ្វាងទ្រុង អនុប្រធាននគរបាលឃុំកេសាត់ ឱ្យដឹង៖ "តាមទស្សនៈរបស់ភូមិភាគ គឺផ្នែកនគរបាលតែងសហការជាប្រចាំជាមួយគណៈគ្រប់គ្រង ក៏ដូចជាគណៈកម្មការវត្ត ដើម្បីចាត់តាំងការឃោសនា និងហ្វឹកហាត់លើកកម្ពស់ជំនាញដល់ក្រុមទាំងពីរ៖ ក្រុមឃោសនា និងក្រុមធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងវត្ត ដើម្បីរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹក ក៏ដូចជាស្មារតីលើកកម្ពស់ស្វ័យគ្រប់គ្រង ស្វ័យការពារក្នុងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគនិយាយរួម និងក្នុងតំបន់ជនជាតិភាគតិច និងវត្តពោធិផ្តោកនិយាយដោយឡែក"។
ក្រោយរយៈពេលជាង ៥ ឆ្នាំអនុវត្ត ទម្រង់បាននាំមកលទ្ធផលវិជ្ជមានជាច្រើន។ គណៈគ្រប់គ្រង និងក្រុមទទួលបន្ទុកបានចាត់តាំងឃោសនាចំនួន ២២៥ លើក មានពុទ្ធបរិស័ទចូលរួមជាង ៨.០០០ នាក់ តាមរយៈរូបភាពផ្សេងៗ ដូចជា៖ ឃោសនាផ្ទាល់មាត់ ចែកខិត្តប័ណ្ណ ផ្សាយសំឡេង និងការបញ្ចូលក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។

គណៈកម្មការវត្តពោធិផ្តោក ឃុំកេសាត់ ថ្លែងអំណរគុណដល់នគរបាលឃុំកេសាត់ ដែលបានឃោសនាច្បាប់ដល់វត្ត។
ជាក់ស្តែងបង្ហាញថា ចាប់តាំងពីទម្រង់នេះបានផ្សព្វផ្សាយ ស្ថានភាពចោរកម្ម ឆក់ប្លន់ ប្រមូលផ្តុំគ្នាបង្កភាពវឹកវរក្នុងតំបន់ បានថយចុះយ៉ាងច្បាស់លាស់។ អ្វីដែលសំខាន់ជាងនោះ គឺស្មារតីភ្ញាក់រលឹកគោរពច្បាប់របស់ប្រជាជនកាន់តែបានលើកកម្ពស់។ មាមីងម្ចាស់ការចូលរួមបរិហារពីបទល្មើស ពង្រីកស្មារតីស្វ័យគ្រប់គ្រង ស្វ័យការពារ និងរួមគ្នាកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព។ លោកថាច់បូវ ពុទ្ធបរិស័ទវត្តពោធិផ្តោក ឃុំកេសាត់ ទីក្រុងកឹងធើ ឱ្យដឹង៖ "អនុវត្តត្រូវតាមគោលការណ៍ គោលនយោបាយរបស់រដ្ឋ គឺភូមិស្រុកបានរីកចម្រើន ជឿនលឿនជាងមុន។ ក្នុងភូមិស្រុកមានភាពសុខសាន្ត រឿងរ៉ាវដូចជាចោរកម្ម និងឆក់ប្លន់បានថយចុះយ៉ាងច្បាស់"។
អាចឃើញថា ទម្រង់ “ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” ដែលបានផ្សព្វផ្សាយនៅវត្តពោធិផ្តោក ឃុំកេសាត់ ទីក្រុងកឹងធើ បានរីកសាយភាយក្លាយជាកម្លាំងរបស់សហគមន៍ទាំងមូលក្នុងការរក្សាភាពសុខសាន្តភូមិស្រុក៕
អត្ថបទ រូបថត៖ ដាលីន - លីសៀ