11/08/2026 - 06:13

ជីវ​ភាព​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កាម៉ាវ 

បច្ចុប្បន្ន នៅ​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​កា​ម៉ាវ ជីវ​ភាព​ថ្មី​កំ​ពុង​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដោយ​ចីរ​ភាព។ ផ្លូវ​ចរា​ចរណ៍​បាន​បើក​ទូ​លាយ បណ្ដាញ​អគ្គិ​សនី​ជាតិ​បាន​គ្រប​ដណ្តប់​ខ្វាត់​ខ្វែង សា​លា​រៀន និង​មណ្ឌល​សុខា​ភិ​បាល​បាន​វិនិ​យោគ​យ៉ាង​ទូ​លំ​ទូ​លាយ; ដំ​បូល​ផ្ទះ​ថ្មីៗ​បាន​សាង​សង់​ឡើង​ជា​បន្ត​បន្ទាប់​លាយ​ឡំ​នឹង​វាល​ស្រែ​ពណ៌​ខៀវ​ខ្ចី​និង​ស្រះ​ចិញ្ចឹម​បង្គា...។

 ជីវ​ភាព​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ​នា​ពេល​បច្ចុប្បន្ន​។

តាម​ប្រ​សាសន៍​លោក លឿង​វ៉ាំង​ផ អនុ​ប្រ​ធាន​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​កាម៉ាវ ដើម្បី​ឱ្យ​ភូមិ​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ទិដ្ឋ​ភាព និង​ជីវ​ភាព​ថ្មី​ដូច​សព្វ​ថ្ងៃ គឺ​ជា​ដំ​ណើរ​ការ​យ៉ាង​វែង​ឆ្ងាយ​អំ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស និង​រដ្ឋ​ ដែល​វិនិយោគ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ។ ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ កម្ម​វិធី​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព បាន​ជួយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​រាប់​ពាន់​លើក​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទះ​សម្បែង បុល​ទុន​អនុ​គ្រោះ ផ្ទេរ​បច្ចេក​វិទ្យា បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​អភិ​វឌ្ឍន៍​ជីវ​ភាព។ គិត​ត្រឹម​ចុង​ឆ្នាំ ២០២៥ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​នៅ​ត្រឹម ៥៥០ គ្រួ​សារ ស្រូប​អត្រា ២,០៥%; គ្រួ​សារ​ក្បែរ​ក្រ​នៅ​សល់ ៨៥០ គ្រួ​សារ ស្រូប​អត្រា ៣,១៧% ។ នេះ​គឺ​ជា​ភស្តុ​តាង​ជាក់​ស្តែង​សម្រាប់​ប្រ​សិទ្ធ​ភាព​នៃ​គោលន​យោ​បាយ​ជន​ជាតិ​នា​នា ដែល​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​លើ​ភូមិ​ឋាន​ខេត្ត​នា​ពេល​កន្លង។

បច្ចុប្បន្ន នៅ​ទូ​ទាំង​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ខេត្ត ផ្ទះ​ទ្រុឌ​ទ្រោម​ទាំង​អស់​កំ​ពុង​បាន​ជំ​នួស ដោយ​ផ្ទះ​រឹង​មាំ​ជា​បណ្តើរៗ។ លោក​ថាច់​វ៉ាំង​វូយ នៅ​ភូមិ​ដុង​តឹម ឃុំ​ដឹម​យ៉ើយ បាន​ទទួល​ស្វា​គមន៍​យើង ខ្ញុំ​ដោយ​រួស​រាយ​រាក់​ទាក់ និង​មោទ​នភាព​នៅ​ពេល​រៀប​រាប់​អំ​ពី​ផ្ទះ​ធំ​ទូ​លាយ​របស់​ខ្លួន។ លោក​វូយ រៀប​រាប់៖ កាល​ពី​មុន ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក​ណាស់ ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​ជិត ១ ហិក​តា​តែង​បរា​ជ័យ ចំ​ណូល មិន​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​ឡើយ។ ឆ្នាំ ២០០៨ ពីរ​នាក់​ ប្តី​ប្រ​ពន្ធ​នាំ​គ្នា​ទៅ​ខេត្ត​ប៊ិញយឿង​ធ្វើ​កម្ម​ករ ផ្ញើ​កូន​ឱ្យ​ជី​ដូន​ចិញ្ចឹម។ ក្រោយ​ពេល​ធ្វើ​ការ​អស់​រយៈ​ពេល​ជិត ១០ ឆ្នាំ ខ្ញុំ​សន្សំ​បាន​ប្រាក់​មួយ​ចំ​នួន​ក៏​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ រួច​វិនិ​យោគ​ចិញ្ចឹម​បង្គា​លើ​ផ្ទៃ​ដី​ជិត ១ ហិក​តា។ ពេល​នោះ បាន​ភូមិ​ភាគ​ឧបត្ថម្ភ​បុល​ទុន​ចំ​នួន ៥០ លាន​ដុង និង​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​បង្គា ទើប​ខ្ញុំ​ហាន​វិនិ​យោគ។ ស្រះ​ធំ​ចិញ្ចឹម​បង្គា ក្តាម​និង​គ្រែង​រី​ឯ​លើ​ភ្លឺ​ខ្ញុំ​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ​ដើម្បី​លក់​រក​ចំ​ណូល​បន្ថែម។ ដោយ​សារ​ចេះ​គិត​គូរ ប្រឹង​ប្រែង​ធ្វើ​ការ និង​អនុ​វត្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត ជីវ​ភាព​គ្រួ​សារ​ក៏​បាន​លំ​នឹង​ជា​បណ្តើរៗ។ ឥ​ឡូវ​នេះ ខ្ញុំ​សង់​បាន​ផ្ទះ​យ៉ាង​ធំ​ទូ​លាយ និង​មាន​ទំ​នុក​ចិត្ត​នៅ​ស្រុក​ប្រ​កប​របរ​ដើម្បី​ធ្វើ​មាន។ ចំ​ណែក​លោក​ហឿថាំង នៅ​ភូមិ​ធី​ត្រឹង B ឃុំ​ហ្វា​ប៊ិញ ក៏​ជា​គ្រួ​សារ​មួយ​បាន​ពុះ​ពារ​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ ដោយ​ប្រ​ភព​ដើម​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​។ លោក​ថាំង ឱ្យ​ដឹង៖ “ឆ្នាំ ២០២៤ រដ្ឋ​បាន​សង់​ផ្ទះ​ជូន​និង​ឧបត្ថម្ភ​ដើម​ទុន ៣០ លាន​ដុង ខ្ញុំ​បាន​វិនិ​យោគ​ដាំ​ល្ហុង​ចំ​នួន ២ កុង។ ដោយ​សារ​ដើម​ល្ហុង​ងាយ​ដាំ មិន​សូវ​ចំ​ណាយ​កម្លាំង​ថែ​ទាំ និង​ដើម​ទុន​វិនិ​យោគ​តិច ប៉ុន្តែ​ដល់​ពេល​ប្រ​មូល​ផល​ថ្ងៃ ណា​ក៏​មាន​ផ្លែ​បេះ​យក​ទៅ​លក់​ឯ​ផ្សារ​ដែរ ហើយ​តម្លៃ​ក៏​លំ​នឹង​ទៀត​ផង។ អា​ស្រ័យ​ហេតុ​នោះ ខ្ញុំ​មាន​ចំ​ណូល​ជុំ​ឆ្នាំ ម៉្លោះ​ហើយ​ជីវ​ភាព​ក៏​កាន់​តែ​លំ​នឹង​ជា​បណ្តើរៗ”។

លោក​លឿង​វ៉ាំង​ផ បញ្ជាក់៖ ការ​ពុះ​ពារ​ឈាន​ឡើង​របស់​លោក​ថាច់​វ៉ាំង​វូយ និង​លោក​ហឿ​ថាំង​ គឺ​ជា​ភស្តុ​តាង​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ពេល​បាន​ឧបត្ថម្ភ​ប្រ​ភព​ដើម​ទុន មា​មីង​ខ្មែរ​ម្ចាស់​ការ​ស្វែង​រក​ទិស​ដៅ​ធ្វើ​ការ​រក​ស៊ី ជ្រើស​រើស​ទម្រង់​សម​ស្រប​ដើម្បី​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​ឈាន​ឡើង​ធូរ​ធារ។ នៅ​ពេល​ដែល​គោ​លន​យោ​បាយ​វិនិ​យោគ​ត្រឹម​ត្រូវ​និង​ទាន់​ពេល បាន​បំ​ផុស​ស្មារតី​ម្ចាស់​ការ​និង​ក្តី​ប្រាថ្នា​ឈាន​ឡើង​ធ្វើ​មាន​របស់​មា​មីង​ខ្មែរ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ​នា​ពេល​បច្ចុប្បន្ន កាន់​តែ​សម្បូរ​សប្បាយ​ សុខ​ដុម​រម​នា និង​សុភ​មង្គល៕

                                    យ្វី​អាញ​-មេង​លី​

ចែករំលែកអត្ថបទ