11/08/2026 - 21:38

ទឹក​ចិត្ត​របស់​លោក​គ្រូ​ទាំង​ឡាយ​ ដែលប​ណ្តុះ​អក្សរ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​ 

ជាង​ ២៤ ឆ្នាំ​មក​នេះ​ នៅ​ពេល​ឆ្នាំ​សិក្សា​បាន​បញ្ចប់​ ក៏​ជា​ពេល​ដែល​លោក​គ្រូ​អា​ចារ្យ​ និង​អ្នក​ដែល​ចេះ​អក្សរ​ខ្មែរ​ទាំង​អស់​នៅ​ភូមិ​បឹង​ធំ​ និង​ភូមិ​សុក​ម៉ើយ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ ផ្អាក​ការ​ងារ​ផ្ទាល់​ខ្លួន​ ដើម្បី​ចុះ​ទៅ​តាម​ភូមិ​ស្រុក​ ចលនា​កូន​ចៅ​ឱ្យ​មក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​។ ទោះ​បី​ជា​បង្រៀន​គ្មាន​ប្រាក់​ខែ​ក៏​ដោយ​ ប៉ុន្តែ​ លោក​គ្រូ​នៅ​តែ​ខិត​ខំ​ឈរ​ថ្នាក់​ ព្រោះ​ការ​បង្រៀន​ភា​សា​ និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បំ​ណង​ប្រាថ្នា​ដើម្បី​ថែ​រក្សា​គ្រឹះ​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​ទៀត​ផង​។

ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​សុក​ម៉ើយ។

បឹង​ធំ​ គឺ​ជា​ភូមិ​នៅ​តំ​បន់​ដាច់​ស្រយាល​ លក្ខ​ណៈធ្វើ​ដំ​ណើរ​មាន​ការ​លំ​បាក​ច្រើន​ ធ្វើ​ឱ្យ​កុមារ​តូច​ៗជា​ច្រើន​មិន​សូវ​មាន​ឱ​កាស​បាន​ទៅ​រៀន​អក្សរ​ខ្មែរ​នៅ​ឯ​វត្ត​ឡើយ​។ ដោយ​ឃើញ​កុមារ​ជា​ច្រើន​ចេះ​តែ​និយាយ​ ប៉ុន្តែ​មិន​ទាន់​ចេះ​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​ លោក​គ្រូ​នៅ​ទី​នេះ​តែង​តែ​មាន​កង្វល់​ក្នុង​ចិត្ត​។ តាំង​ពី​នោះ​ ថ្នាក់​រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នា​រដូវ​វិស្សម​កាល​ ត្រូវ​បាន​បង្កើត​ឡើង​ និង​រក្សា​បាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​។ លោក​គ្រូ​អា​ចារ្យ​ ឡឹម​គិញ ជា​អ្នក​បង្រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​បឹង​ធំ​ បាន​ចែក​រំលែក​៖ “ជាង​ ២៤ ឆ្នាំ​មក​នេះ​ ឱ្យ​តែ​សិស្ស​ឈប់​សម្រាក​រដូវ​វិស្សម​កាល​ គឺ​ខ្ញុំ​ក៏​ទៅ​ជួប​ចាង​ហ្វាង​សា​លា​ ដើម្បី​សុំ​ខ្ចី​សា​លា​រៀន​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗភ្លាម​។ ជា​រៀង​រាល់​ឆ្នាំ​ មាន​សិស្ស​ជាង​ ១២០ នាក់​មក​ចូល​រៀន​ ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៥ ហើយ​ចាប់​ផ្តើម​រៀន​ពី​ម៉ោង​ ៣ ដល់​ម៉ោង​ ៥ ល្ងាច​។ ទោះ​បី​ជា​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​ៗរៀន​សូ​ត្រ​យ៉ាង​ម៉ឺង​ម៉ាត់​ណាស់​ គ្រាន់​តែ​ប្រហែល​ ២ ខែ​ប៉ុណ្ណោះ​ គឺ​ប្អូន​ៗជា​ច្រើន​អាច​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំ​នាញ​។ ខ្ញុំ​មាន​មោទ​នភាព​ និង​កិត្តិ​យស​ណាស់​ ដោយ​បាន​រួម​ចំ​ណែក​ជួយ​ដល់​កូន​ចៅ​ខ្មែរ​នៅ​ភូមិ​បឹង​ធំ​ឱ្យ​ចេះ​អក្សរ​សាស្ត្រ​ជាតិ”។

ជាង​ពីរ​ទស​វត្សរ៍​កន្លង​មក​ រួម​ដំ​ណើរ​ជា​មួយ​លោក​គ្រូ​អា​ចារ្យ​ ឡឹម​គិញ ព្រម​ទាំង​មាន​លោក​គ្រូ​ៗដែល​ចេះ​អក្សរ​ខ្មែរ​ទៀត​ផង​។ ថ្ងៃ​ធម្ម​តា​ពួក​គាត់​ឈរ​ថ្នាក់​នៅ​ឯ​សា​លា​ លុះ​ដល់​រដូវ​វិស្សម​កាល​ លោក​គ្រូ​ៗក៏​បាន​ស្ម័គ្រ​ចិត្ត​ចំ​ណាយ​ពេល​វេលា​ ដើម្បី​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្អូន​ៗទៀត​ផង​។ គ្មាន​ប្រាក់​ខែ​ គ្មាន​របប​ឧបត្ថម្ភ​ ម្នាក់​ៗតែង​តែ​ស្វ័យ​រៀប​ចំ​ បង្រៀន​ អត់​ធ្មត់​ណែ​នាំ​សិស្សា​នុសិស្ស​នូវ​របៀប​បញ្ចេញ​សំឡេង​ ផ្សំ​ប្រ​កប​ និង​ផ្ចិត​ផ្ចង់​សរ​សេរ​តួ​អក្សរ​នីមួយៗ​។ លោក​គ្រូ​ គឹម មិញ​ហាយ​ ដែល​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ​នៅ​បឹង​ធំ​ជាង​ ២៤ ឆ្នាំ​មក​ហើយ​ ឱ្យ​ដឹង​៖ ចំ​ពោះ​លោក​គ្រូ​ ការ​ឈរ​ថ្នាក់​នា​រដូវ​វិស្សម​កាល​ មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​វិធី​រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​ ដើម្បី​អភិ​រក្ស​ ភា​សា​ និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ទៀត​ផង​។ លោក​គ្រូ​ ហាយ​ បាន​រៀប​រាប់​៖ “ថ្ងៃ​ធម្ម​តា​ខ្ញុំ​បង្រៀន​នៅ​ថ្នាក់​បឋម​សិក្សា​ ដល់​រដូវ​វិស្សម​កាល​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ឈរ​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ឱ្យ​ប្អូន​ៗនៅ​តាម​ភូមិ​ស្រុក​។ ចំ​ពោះ​កុមារ​តូច​ៗ ការ​រៀន​ដំ​បូង​នៅ​មាន​ការ​ងីងើ​ ព្រោះ​មិន​ទាន់​ចេះ​អក្សរ​ ប៉ុន្តែ​តាម​រយៈ​ភាព​ជិត​ស្និទ្ធ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ផ្ទាល់​ពី​ខ្ញុំ​ ប្អូន​ៗក៏​ចាប់​ផ្តើម​ចូល​ចិត្ត​ការ​រៀន​អក្សរ​ខ្មែរ​ជា​បណ្តើ​រៗ។ ដោយ​សារ​មាន​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​ មក​ដល់​ពេល​នេះ​ កូន​ចៅ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​សុទ្ធ​តែ​ចេះ​និយាយ​ ចេះ​អាន​ និង​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​។ នោះ​គឺ​ជា​ក្តី​រីក​រាយ​ និង​សុភ​មង្គល​របស់​គ្រូ​បង្រៀន​ នៅ​ពេល​បាន​រួម​ចំ​ណែក​ជួយ​ដល់​ជំ​នាន់​ក្មេង​ៗក្នុង​ការ​អភិ​រក្ស​ភា​សា​ និង​អក្សរ​ជន​ជាតិ​”។

លោក​គ្រូ​ គឹមហាយ​ ថត​រូប​ជា​មួយ​សិស្ស​ដែល​ទទួល​អំ​ណោយ​ និង​លិខិត​បញ្ជាក់​សម្រេច​ចំ​ណាត់​ថ្នាក់​ពូ​កែ​នូវ​ពេល​បញ្ចប់​ថា្នក់រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​។

ពី​ភូមិ​បឹង​ធំ​ ស្មារតី​ស្ម័គ្រ​ចិត្ត​បណ្តុះ​អក្សរ​ខ្មែរ​ ក៏​បាន​សាយ​ភាយ​ទៅ​ដល់​ភូមិ​សុក​ម៉ើយ។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ឱ្យ​តែ​រដូវ​វិស្សម​កាល​មក​ដល់​ គឺ​ភូមិ​បើក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ចំ​នួន​ ៥ ថ្នាក់​ ឱ្យ​ដល់​សិស្ស​ជាង​ ១២០ នាក់​នៅ​តាម​ភូមិ​ស្រុក​។ ដើម្បី​មាន​ថ្នាក់​រៀន​ទាំង​នេះ​ គឺ​ត្រូវ​ឆ្លង​កាត់​ដំ​ណើរ​ការ​ចលនា​ និង​ការ​សាមគ្គី​គ្នា​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ព្រម​ទាំង​លោក​គ្រូ​ៗដែល​ចេះ​អក្សរ​ខ្មែរ​។ លោក​គ្រូ​ ថា​ច់ ហ្វាង​ស្វឹង​ គឺ​ជា​អ្នក​ម្ចាស់​ការ​ចលនា​កូន​ចៅ​ឱ្យ​មក​ផ្ទះ​រៀន​និង​បង្រៀន​អក្សរ​ខ្មែរ​នៅ​នឹង​ផ្ទះ​តែ​ម្តង​។ តាំពី​នោះ​ ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​ស្រុក​ម៉ើយ ក៏​បាន​រក្សា​មក​ទល់​សព្វ​ថ្ងៃ​នេះ​។ លោក​គ្រូ​ ស្វឹង​ បាន​ឱ្យ​ដឹង​៖ “ឆ្នាំ​ដំ​បូង​ ខ្ញុំ​ចលនា​បាន​សិស្ស​ជាង​ ៥០ នាក់​មក​រៀន​អក្សរ​ខ្មែរ​នៅ​ឯ​ផ្ទះ​។ ដោយ​ឃើញ​ចំ​នួន​សិស្ស​មក​រៀន​កាន់​តែ​ច្រើន​ឡើង​ៗ ដូច្នេះ​អ្នក​មាន​ប្រិយ​ភាព​ នៅ​ក្នុង​ភូមិ​ បាន​ទៅ​ជួប​ចាង​ហ្វាង​សា​លា​ ដើម្បី​សុំ​ខ្ចី​សា​លា​បឋម​សិក្សា​ ឡុង​ភូ​ C និង​ចលនា​ លោក​គ្រូ​ៗដែល​ចេះ​អក្សរ​ខ្មែរ​ឱ្យ​មក​ចូល​រួម​បង្រៀន​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ លោក​គ្រូ​ៗសុទ្ធ​តែ​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​ទាំង​អស់​ ដូច្នេះ​កូន​ចៅ​ខ្មែរ​នៅ​ភូមិ​សុក​ម៉ើយ បាន​ចេះ​អាន​ និង​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​។ បាន​ឈរ​ថ្នាក់​បង្រៀន​នា​រដូវ​វិស្សម​កាល​ ខ្ញុំ​មាន​មោទ​នភាព​ណាស់​ ហើយ​នឹង​បន្ត​រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ៗ នៅ​បណ្តា​រដូវ​វិស្សកាល​បន្ត​បន្ទាប់​ទៀត​”។

ជាង​ ២៤ ឆ្នាំ​កន្លង​ បណ្តា​លោក​គ្រូ​នៅ​ភូមិ​បឹង​ធំ​ និង​ភូមិ​សុក​ម៉ើយ នៅ​តែ​បន្ត​ធ្វើ​ការ​ងារ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​នៅ​តាម​ភូមិ​ស្រុក​ដោយ​ស្ងៀម​ស្ងាត់​។ ចំ​ពោះ​ពួក​គាត់​ ក្តី​រីក​រាយ​ធំ​បំ​ផុត​ គឺ​បាន​ឃើញ​សិស្សា​នុសិស្ស​អាន​បាន​មួយ​តួ​រអក្សរ​ខ្មែរ​ សរ​សេរ​បាន​ឈ្មោះ​ខ្លួន​ឯង​ និង​យល់​ដឹង​បន្ថែម​ពី​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ ដូច្នេះ​ហើយ​ នៅ​ពេល​រសៀល​រដូវ​វិស្សម​កាល​នៅ​តាម​ភូមិ​ស្រុក​ឡុង​ភូ​ លោក​គ្រូ​ដែល​ស្ងៀម​ស្ងាត់​ទាំង​ឡាយ​នោះ​ នៅ​តែ​បណ្តុះ​អក្សរ​ បណ្តុះ​ក្តី​ស្រ​ឡាញ់​ដើម​កំ​ណើត​ ដើម្បី​ឱ្យ​ភា​សា​និង​អក្សរ​សាស្ត្រ​ខ្មែរ​ បន្ត​បាន​ការ​ថែ​រក្សា​ឆ្លង​កាត់​តាម​រយៈ​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​៕

យ្វី​អាញ​-មេ​ងលី​

ចែករំលែកអត្ថបទ