កងជួរគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំយ៉ាហ្វា ទីក្រុងកឹងធើ បានអនុវត្តយ៉ាងសកម្មនិងមានប្រសិទ្ធភាពនូវការងារពិនិត្យ ព្យាបាលជំងឺ រួមចំណែកជាបណ្តើរៗក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឆ្លើយតបកាន់តែល្អចំពោះភារកិច្ចថែទាំសុខភាពដំបូងជូនប្រជាជននៅតំបន់ជនជាតិភាគតិច។

កម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលឃុំយ៉ាហ្វាពិនិត្យជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិតឯកទេសកម្រិត១ ទ្រឿងផាងថាយវិញ នាយកដំណាក់សុខាភិបាលឃុំយ៉ាហ្វា ឱ្យដឹង៖ “បច្ចុប្បន្ន ចាត់តាំងពិនិត្យជំងឺនៅមូលដ្ឋានចំនួនទាំងពីរ គឺនៅទីតាំងដំណាក់សុខាភិបាលផ្ទាល់ និងនៅទីតាំងសាខាមួយកន្លែងទៀត ជាមធ្យមក្នុងមួយថ្ងៃដំណាក់ពិនិត្យជំងឺជូនប្រជាជនជិត ១០០ នាក់ មានដូចជាជំងឺ៖ ក្អកផ្តាសាយ គ្រុនក្តៅ ហៀរសំបោរ ជំងឺលើសឈាម ឈឺចុកចាប់សន្លាក់ដៃ-ជើងជាដើម។ ពិសេស ក្នុងឆ្នាំ២០២៤ ដំណាក់បានធ្វើការជួសជុល បំពាក់បន្ថែមសម្ភារៈបរិក្ខារពេទ្យដើម្បីបម្រើដល់ការងារថែទាំសុខភាពដំបូងជូនប្រជាជន។ បច្ចុប្បន្ន ដំណាក់បានបញ្ជូនបុគ្គលិកពេទ្យ ២ រូប ទៅសិក្សាថ្នាក់ វេជ្ជបណ្ឌិត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឯកទេសកម្រិតខ្ពស់ ឆ្លើយតបតម្រូវការពិនិត្យនិងព្យាបាលជំងឺ។ បុគ្គលិកពេទ្យនៃដំណាក់តែងទទួលអ្នកជំងឺដោយរាក់ទាក់ជិតស្និទ្ធនិងពិគ្រោះដោយអស់ពីចិត្តជូនប្រជាជននៅពេលមកពិនិត្យជំងឺ។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ អត្រាកុមារអាយុក្រោម ១ ឆ្នាំត្រូវបានចាក់វ៉ាក់សាំងសម្រេចទាំង ១០០% តាមការកំណត់ កុមារអាយុក្រោម៣ឆ្នាំទាំង ១០០% បានផឹកវីតាមីន A និងទទួលការពិគ្រោះយោបល់អំពីអាហារូបត្ថម្ភ ស្ត្រីមានផ្ទៃពោះត្រូវបានពិនិត្យផ្ទៃពោះ តាមកាលកំណត់ ចាក់ថ្នាំបង្ការជំងឺតេតាណូសដល់ទារកទើបកើត និងផឹកថ្នាំបន្ថែមជាតិដែកដើម្បីការ ពារជំងឺខ្វះឈាម”។
បច្ចុប្បន្ន ដើម្បីបម្រើការងារថែទាំសុខភាពជូនប្រជាជនឱ្យបានល្អ នៅម៉ោង៧ព្រឹក គឺកម្មាភិបាលពេទ្យមានវត្តមានពិនិត្យ ព្យាបាលជំងឺ។ ទោះបីចំនួនអ្នកជំងឺមកពិនិត្យមានចំនួនច្រើន ប៉ុន្តែដំណាក់សុខាភិបាលបានរៀបចំកៅអីនិងចាប់លេខរៀងតាមលំដាប់លំដោយហេតុនេះការពិនិត្យជំងឺក៏មានភាពងាយស្រួលផងដែរ។ វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ មានទឹកមុខរីករាយ ព្រមទាំងណែនាំដោយអស់ពីចិត្តដល់អ្នកជំងឺឱ្យចេះថែទាំសុខភាពខ្លួនឯង។ អ្នកមីងស៊ើងធីវែន ភូមិដៃអំពូ ឱ្យដឹង៖ “ខ្ញុំឈឺចុកចាប់សន្លាក់ដៃ សន្លាក់ជើងពិបាកដើរណាស់ ដោយសារ មានប័ណ្ណធានារ៉ាប់រងសុខាភិបាលដែលរដ្ឋផ្តល់ជូន ទើបពេលមកព្យាបាលនៅដំណាក់មិនបង់ប្រាក់ទេ។ វេជ្ជបណ្ឌិតបានពិគ្រោះ ពិនិត្យជំងឺ និងឱ្យថ្នាំផឹកក្នុងរយៈពេលមួយសប្តាហ៍។ ក្រោយពេលព្យាបាលបាន ជាងមួយខែ ខ្ញុំអាចដើរបានជាធម្មតា។ ហេតុនេះ ខ្ញុំមានជំនឿទុកចិត្តនិងស្ងប់អារម្មណ៍ក្នុងការសម្រាកព្យាបាលនៅដំណាក់សុខាភិបាលនេះ”។
ចំណុចគួរឱ្យកត់សម្គាល់របស់ដំណាក់សុខាភិបាលឃុំយ៉ាហ្វា គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេវាបច្ចេកទេសតាមកម្រិតបច្ចេកទេស និងបញ្ជីបច្ចេកទេសក្នុងការពិនិត្យព្យាបាលជំងឺ ធានាអនុវត្តការសង្គ្រោះដំបូងធម្មតា។ លើកកម្ពស់យ៉ាងសកម្មនូវការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន ពិសេស គឺអ្នកក្រីក្រ ចាស់ជរា ចាស់គ្មានទីពឹង និងគ្រួសារជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ កម្មាភិបាលនិងបុគ្គលិកម្នាក់ៗតែងលើកកម្ពស់ស្មារតីក្រមសីលធម៌គ្រូពេទ្យ ណែនាំអ្នកជំងឺដោយយកចិត្តទុកដាក់ និងអនុវត្តបានល្អនូវការទំនាក់ទំនងចំពោះអ្នកជំងឺ។ អាស្រ័យហេតុនេះ ដំណាក់បានក្លាយជាអាស័យដ្ឋានគួរទុកចិត្តសម្រាប់ប្រជាជននៅភូមិភាគមកពិនិត្យជំងឺ និងតាមដានសុខភាពជាប្រចាំ។
មិនត្រឹមតែអនុវត្តល្អការងារពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ដំណាក់សុខាភិបាលក៏បានអនុវត្តល្អការងារឃោសនា ដើម្បីឱ្យប្រជាជនមានចំណេះដឹងក្នុងការថែទាំសុខភាព និងបង្ការទប់ស្កាត់ជំងឺគ្រប់ប្រភេទ។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ ក៏មានកម្មវិធីសុខាភិបាលជាតិ ដូច៖ចាក់វ៉ាក់សាំងឱ្យកុមារក្នុងវ័យកំណត់ ឱ្យកុមារផឹកវីតាមីនA ស្ត្រីមានផ្ទៃពោះទាំងអស់បានទទួលការចាក់វ៉ាក់សាំង និងពិនិត្យផ្ទៃពោះតាមកាលកំណត់... សុទ្ធសឹងអនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិត៕
ដាលីន