06/08/2026 - 07:59

រដូវ​វិស្សម​កាល​របស់​ប្អូន​ៗជន​រួម​ជាតិ​ខ្មែរ​នៅ​កាម៉ាវ 

ជា​រៀង​រាល់​រដូវ​វិស្សម​កាល នៅ​តាម​វត្ត​ខ្មែរ​លើ​ភូមិ​ឋាន​ខេត្ត​កា​ម៉ាវ តែង​មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មក​ចូល​រៀន​អក្សរ​ខ្មែរ។ ស្ថិត​ក្នុង​បរិ​យា​កាស​ដ៏​ស្ងប់​ស្ងាត់​នៃ​ទី​វត្ត​អា​រាម សូរ​សំ​ឡេង​សិស្ស​អាន​អក្សរ​ខ្មែរ​លាន់​ឮ​កង​រំ​ពង​យ៉ាង​ទៀង​ទាត់ ដូច​ជា​ការ​បន្ត​ចរន្ត​អភិ​រក្ស ពង្រីក​ភា​សា​និង​អក្សរ​ខ្មែរ​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់។

ព្រះ​តេជ​ព្រះ​គុណ ថាច់​ហ្វាង​ត្វឹង គង់​វត្ត​បុប្ផា​រាម កំ​ពុង​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស​រដូវ​វិស្សម​កាល។

ពេល​សិស្សា​នុសិស្ស​ឈប់​សម្រាក​រដូវ​វិស្សម​កាល ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​បុប្ផា​រាម ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ ក៏​ចាប់​ផ្តើម​បើក​បង្រៀន​អក្សរ សកម្ម​ភាព​នេះ​បាន​រក្សា​ជា​ច្រើន​ឆ្នាំ​មក។ ជា​រៀង​រាល់​ថ្ងៃ ព្រះ​សង្ឃ​និង​គ្រូ​បង្រៀន​បង្គាប់ សិស្ស​ហាត់​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ។ ព្រះ​តេជ​ព្រះ​ គុណ​ថាច់​ហ្វាង​ត្វឹង គង់​នៅ​វត្ត​បុប្ផា​រាម មាន​ថេរ​ដី​កា៖ “ការ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​គឺ​ជា​សកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ ដើម្បី​ជួយ​កូន​ចៅ​ខ្មែរ​មិន​ភ្លេច​ភា​សា​កំ​ណើត​និង​បង្ក ជា​បរិស្ថាន​លេង​កម្សាន្ត​វិជ្ជ​មាន​ក្នុង​រដូវ​វិស្សម​កាល។ ប្អូនៗ​មក​រៀន​ក្នុង​វត្ត​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ជូន​អាវ​សៀវ​ភៅ ប៊ិក​។ល។ ផ្តល់​កម្លាំង​ចិត្ត​ដល់​សិស្សា​នុសិស្ស​មក​ចូល​រៀន​យ៉ាង​ច្រើន​កុះ​ករ។ អា​ត្មា​ភាព​មាន​មោទ​នភាព ពេល​បាន​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​មា​មីង​ខ្មែរ​កុំ​ឱ្យ​ភ្លេច​ដើម​កំ​ណើត”។

រដូវ​វិស្សម​កាល​ឆ្នាំ​នេះ វត្ត​បុប្ផា​រាម​បើក​រៀន​បាន ៣ ថ្នាក់ ចាប់​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៣ ដោយ​មាន​សិស្ស​ចូល​រៀន​១៧៣ នាក់។ មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្រៀន​ពី​សីល​ធម៌​គោ​រព​យាយ​តា ឪ​ពុក​ម្តាយ​និង​ចាស់​ទុំ ពី​របៀប​រស់​នៅ ការ​ចូល​រួម​ពិ​ធី​បុណ្យ​និង​ការក្សា​សាម​គ្គី​ភាព​ក្នុង​សហ​គមន៍។ ប្អូន​ង្វៀង​មិញ​ហាយ​ឱ្យ​ដឹង៖ “ប្អូន​ចូល​ចិត្ត​មក​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​រដូវ​វិស្សម​កាល។ នេះ​ជា​រដូវ​វិស្សម​កាល​ទី​៣ ដែល​ប្អូន​បាន​ចូល​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត ប្អូន​ចេះ​អាន​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ត្រឹម​ត្រូវ និង​បាន​យល់​ដឹង​ពី​សីល​ធម៌ របៀប​សំ​ពះ​ដែល​ជា​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ ដូច្នេះ កាន់​តែ​រៀន​ប្អូន​កាន់​តែ​ស្រ​ឡាញ់​ចូល​ចិត្ត”។

នៅ​រដូវ​វិស្សម​កាល​នេះ​ដែរ ក្រៅ​ពី​បើក​បង្រៀន​អក្សរ​ខ្មែរ​២​ថ្នាក់ វត្ត​សុរិយា​រាម នៅ​ឃុំ​ហឹង​ហោយ ក៏​មាន​បើក​ថ្នាក់​បង្រៀន​ភ្លេង​ពិណ​ពាទ្យ របាំ​ប្រ​ពៃ​ណី របាំ​ឆៃ​យ៉ាំ ដល់​សិស្ស​ខ្មែរ​៣០​នាក់។ ថ្នាក់​បង្រៀន​របាំ​និង​ភ្លេង​ពិណ​ពាទ្យ ចាត់​តាំង​ឡើង​ដោយ​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ។ ប្អូន​ស៊ើង​ខាញ់​ដូន ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ថ្ងៃ ឱ្យ​តែ​ដល់​វេលា​ម៉ោង​១៤ ប្អូន ទៅ​វត្ត​រៀន​អក្សរ នេះ​ជា​ឆ្នាំ​ទី​៣​ដែល​ប្អូន​ចូល​រៀន​អក្សរ​ខ្មែរ ដូច្នេះ ឥ​ឡូវ​នេះ ប្អូន​ចេះ​អាន ចេះ​សរ​សេរ អក្សរ​ខ្មែរ​បាន​ច្រើន។ រដូវ​វិស្សម​កាល​ឆ្នាំ​នេះ​របស់​ប្អូន​ពិត​ជា​សប្បាយ​រីក​រាយ​បំ​ផុត ពី​ព្រោះ​ក្រៅ​ពី​រៀន​អក្សរ​ខ្មែរ ពេល​យប់​ប្អូន​ឆ្លៀត​មក​រៀន​ភ្លេង​ពិណ​ពាទ្យ និង​របាំ​ឆៃ​យ៉ាំ​ជា​មួយ​មិត្ត​ភក្តិ ដូច្នេះ ប្អូន​ពេញ​ចិត្ត​ខ្លាំង​ណាស់”។

ទន្ទឹម​នឹង​នោះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោយ នៅ​ទាំង​សហ​ការ​ជា​មួយ​វត្ត​អា​រាម​ខ្មែរ ដើម្បី​ជំនួយ​សៀវ​ភៅ​សិក្សា សៀវ​ភៅ​សរ​សេ​រនិង​ប៊ិក​ដល់​សិស្ស ព្រម​ទាំង​អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​សម្រាប់​គ្រូ​បង្រៀន​តាម​សេច​ក្តី​កំ​ណត់។ តាម​រយៈ​នោះ ផ្តល់​កម្លាំង​ចិត្ត​ដល់​គ្រូ​បង្រៀន​និង​ព្រះ​សង្ឃ​ក្នុង​ការ​បង្ហាត់​បង្រៀន ក៏​ដូច ជា​ជំ​នួយ​កម្លាំង​ដល់​វត្ត​អា​រាម ដើម្បី​បន្ត​ការ​បើក​ថ្នាក់ បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល។ ថ្នាក់​រៀន​រដូវ​វិស្សម​កាល​ក្នុង​វត្ត​មិន​ត្រឹម​តែ​រក្សា​ភា​សា​និង​អក្សរ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់៕

                             លី​ធាន​-មុនី

ចែករំលែកអត្ថបទ