11/06/2026 - 22:52

ភាព​អ៊ូ​អរ​នៃ​ថ្នាក់​រៀន​អក្សរ​ខ្មែរ​រដូវវិស្សម​កាល​នៅ​ភូមិ​ស្វាយ​មីង​ 

រៀង​រាល់​រដូវវិស្សម​កាល​ ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​ស្វាយ​មីង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ តែង​មាន​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​មក​ចូល​រៀន​យ៉ាង​ច្រើន​កុះ​ករ​។  ផ្ដើម​ពី​ការ​រៀន​ព្យញ្ជនៈ​និង​ស្រៈ​ដំ​បូង​ៗ រហូត​ដល់​ការ​អាន​និង​សរ​សេរ​ ក្មួយ​ៗកំ​ពុង​បន្ត​ថែ​រក្សា​និង​លើក​ស្ទួយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ តាម​រយៈ​ថ្នាក់​រៀន​នេះ​ ភាសា​និង​អក្សរ​ខ្មែរ​ ត្រូវ​បាន​អភិ​រក្ស​និង​រក្សា​ដល់​យុវជន​ជំនាន់​ក្រោយ​ រួម​ចំ​ណែ​កប​ណ្តុះ​មោទនភាព​ចំ​ពោះ​ប្រពៃណី​វប្ប​ធម៌​ជន​ជាតិ​ក្នុង​សង្គម​ទំនើប​នា​ពេល​បច្ចុប្បន្ន​។

គ្រូ​បង្រៀន​យក​ចិត្ត​ទុក​ដាក់​ណែ​នាំ​សិស្សា​នុសិស្ស​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ​។

នៅ​ក្នុង​សា​លា​ទាន​ដ៏​សាមញ្ញ​ សូរ​សំឡេង​សិស្ស​ប្រ​កប​អក្សរ​ខ្មែរ​លាន់​ឮ​ឡើង​យ៉ាង​កង​រំ​ពង​។ ទោះ​បី​ជា​អា​កាស​ធាតុ​ក្តៅ​ស្អុះ​ស្អាប់​នារ​ដូវក្តៅ​ក៏​ដោយ​ ក៏​សិស្សា​នុសិស្ស​នៅ​តែ​ផ្ចង់​អា​រម្មណ៍​សម្លឹង​មើល​ក្តា​រខៀន​ ហាត់​អាន​ និង​ហាត់​សរ​សេរ​តាម​ការ​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​លោក​គ្រូ​។ បរិយាកាស​សិក្សា​ដ៏​សកម្ម​ រួម​ជា​មួយ​ទឹក​មុខ​ពោរ​ពេញ​ដោយ​កា​រខិត​ខំ​ប្រឹង​ប្រែង​ និង​សេ​ចក្តីស្រ​ឡាញ់​ការ​សិក្សា​ បាន​ធ្វើ​ឱ្យ​ថ្នាក់​រៀន​កាន់​តែ​មាន​ភាព​រស់​រវើក​ និង​ពោរ​ពេញ​ដោយ​ថាមពល​។

ឆ្នាំ​នេះ​ ថ្នាក់​រៀន​បាន​ទាក់​ទាញ​សិស្សា​នុសិស្ស​ជាង​ ១៣០ នាក់​ ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៣។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សិក្សា​របស់​សិស្ស​ ថ្នាក់​រៀន​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​បន្ទប់​សិក្សា​ចំ​នួន​ ៧ បន្ទប់​ ដោយ​បែង​ចែក​ជា​ ៣ វេន​ គឺ​ពេល​ព្រឹក​ ពេល​រសៀល​និង​ពេល​យប់​។ ក្នុង​នោះ​ ថ្នាក់​ពេល​ព្រឹក​និង​ពេល​រសៀល​ រៀន​នៅ​សា​លា​ទាន​ក្នុង​ភូមិ​ ចំណែក​ថ្នាក់​រៀន​ពេល​យប់​ ២ បន្ទប់​ បើក​រៀន​នៅ​សា​លា​បឋម​សិក្សា​ភូ​កឹង​ B។ សិស្សា​នុសិស្ស​ទាំង​អស់​បាន​បង្រៀន​អាន​ សរ​សេរ​អក្សរ​ខ្មែរ​ទៅ​តាម​កម្ម​វិធី​សិក្សា​ដែល​សម​ស្រប​នឹង​វ័យនីមួយៗ​។ ទោះ​បី​ជា​ថ្នាក់​រៀន​ប្រព្រឹត្ត​ទៅ​ក្នុង​រដូវវិស្សម​កាល​ក៏​ដោយ​ ក៏​ចំ​នួន​សិស្ស​ចូល​រៀន​នៅ​តែ​មាន​ស្ថិរ​ភាព​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មា​តា​បិតា​និង​អា​ណា​ព្យាបាល​ ចំ​ពោះ​ការ​អភិ​រក្ស​ភាសា​និង​អក្សរ​ខ្មែរ​។

សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ អក្សរ​សាស្ត្រ​មិន​ត្រឹម​តែ​ជា​មធ្យោបាយ​សម្រាប់​ការ​ប្រា​ស្រ័យ​ទាក់​ទង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​សម្រាប់​ការ​ថែ​រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ ដែល​បាន​បន្សល់​ទុក​ និង​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ ដោយ​សារ​ហេ​តុ​នេះ​ គ្រួ​សារ​ជា​ច្រើន​តែង​លើក​ទឹក​ចិត្ត​និង​ជំ​រុញ​ឱ្យ​កូន​ចៅ​ទៅ​រៀន​ឱ្យ​បាន​ទៀង​ទាត់​ពេញ​មួយ​វគ្គ​សិក្សា​។ អ្នក​ស្រី​ ថា​ច់ធី​សុម៉ាលី​ ជា​អា​ណា​ព្យាបាល​ដែល​មាន​កូន​ចូល​រៀន​អក្សរ​ខ្មែរ​ ចែក​រំលែក​៖ “ទោះ​បី​ជា​រវល់​ប្រ​កប​របរ​រក​ស៊ី​យ៉ាង​ណា​ក៏​ដោយ​ គ្រួ​សា​រតែង​ក្រើន​រំលឹក​និង​ជំ​រុញ​ឱ្យ​កូន​ទៅ​រៀន​ឱ្យ​បាន​ទៀង​ទាត់​ ដើម្បី​កុំ​ឱ្យ​ភ្លេច​អក្សរ​របស់​ជាតិ​ខ្លួន​”។

កុមារី​ ឡា​វ៉ី​ណា​  សិស្ស​រៀន​អក្សរ​ខ្មែរ​ថ្នាក់​ទី​ ៣ បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ រៀង​រាល់​ឆ្នាំ​ តែង​បាន​ឪ​ពុក​ម្តា​យចុះ​ឈ្មោះ​ឱ្យ​ចូល​រៀន​អក្សរ​ខ្មែរ​។ ក្រៅ​ពី​ការ​រៀន​អាន​និង​សរ​សេរ​អក្សរ​ខ្មែរ​ ប្អូន​ក៏​បាន​ចូល​រួម​សកម្ម​ភាព​សិល្បៈ​របាំ​ឆៃយ៉ាំ​ទៀត​ផង​។ កុមារី​ ឡា​វ៉ី​ណា​ ចែក​រំលែក​៖ “ខ្ញុំ​ស្រ​ឡាញ់​ការ​រៀន​អក្សរ​ខ្មែរ​ខ្លាំង​ណាស់​ ព្រោះ​នេះ​ជា​អក្សរ​របស់​ជន​ជាតិ​។ ដោយ​មាន​ការ​ណែ​នាំ​ពី​លោក​គ្រូ​ ខ្ញុំ​អាច​អាន​និង​សរ​សេរ​បាន​ល្អ​ជាង​មុន​។ ខ្ញុំ​នឹង​ខិត​ខំ​រៀន​ឱ្យ​បាន​ពូ​កែ​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​វប្ប​ធម៌​ប្រពៃណី​ខ្មែរ​”។

នៅ​លើ​ទំ​ព័រ​សៀវភៅ​ដែល​នៅ​មាន​ក្លិន​ក្រ​ដាស​ថ្មី​ៗ សិស្សា​នុសិស្ស​កំ​ពុង​ផ្ចិត​ផ្ចង់​សរ​សេរ​អក្សរ​ខ្មែរ​ ដោយ​មាន​ការ​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​បង្រៀន​។ សិស្ស​ជា​ច្រើន​ ទោះ​បី​ទើប​តែ​ចាប់​ផ្តើ​មរៀន​ក៏​ដោយ​ ប៉ុន្តែ​បន្ទាប់​ពី​សិក្សា​បាន​ប៉ុន្មាន​សប្តា​ហ៍ ពួក​គេ​អាច​អាន​និង​សរ​សេរ​ប្រ​យោគ​សាមញ្ញ​ៗបាន​។ លោក​គ្រូ​ ថា​ច់ ហង​  ជា​គ្រូ​បង្រៀន​ផ្ទាល់​នៅ​ថ្នាក់​រៀន​នេះ​បាន​ឱ្យ​ដឹង​ថា​ ថ្នាក់​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវវិស្សម​កាល​ ត្រូវ​បាន​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​បាន​ទាក់​ទាញ​សិស្សា​នុសិស្ស​ចូល​រៀន​កាន់​តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​គ្រូ​មាន​ក្តីរីក​រាយ​បំផុត​ គឺ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​របស់​សិស្ស​តាម​រយៈ​វគ្គ​សិក្សា​នីមួយៗ​។ លោក​គ្រូ​ ថា​ច់ហង​ មាន​ប្រ​សាសន៍​៖ “សិស្ស​ខ្លះ​នៅ​ពេល​ចាប់​ផ្តើ​មរៀន​ មិន​ទាន់​ចេះ​អាន​និង​សរ​សេរ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​សិក្សា​បាន​តែ​ប៉ុន្មាន​សប្តា​ហ៍ ពួក​គេ​អាច​ប្រ​កប​អក្សរ​ និង​សរ​សេរ​ប្រ​យោគ​សាមញ្ញ​ៗបាន​។ នេះ​បង្ហាញ​ថា​ ក្មួយ​ៗពិត​ជា​ស្រ​ឡាញ់​ភាសា​ និង​អក្សរ​របស់​ជាតិ​ខ្លួន​”។

លោ​កថា​ច់ឡឹប​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ស្វាយ​មីង​ បាន​វាយ​តម្លៃ​ថា​ ការ​ចាត់​តាំង​ថ្នាក់​រៀន​អក្សរ​ខ្មែរ​រដូវវិស្សម​កាល​ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ និង​ជាក់​ស្តែង​ចំ​ពោះ​ការ​ងារ​អភិ​រក្ស​និង​លើក​ស្ទួយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ ថ្នាក់​រៀន​នេះ​ មិន​ត្រឹម​តែ​បង្ក​បរិយាកាស​សិក្សា​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​កុមារ​និង​យុវជន​ក្នុង​ពេល​សម្រាក​វិស្សម​កាល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែ​កប​ណ្តុះ​សេ​ចក្តីស្រ​ឡាញ់​ស្រុក​កំ​ណើត​ និង​លើក​កម្ពស់​ស្មារតី​ថែ​រក្សា​ភាសា​ និង​អក្សរ​សាស្ត្រ​ខ្មែរ​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀត​ផង​។ ដោយ​មាន​កា​រស​ហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ គ្រូ​បង្រៀន​និង​អា​ណា​ព្យាបាល​ សកម្ម​ភាព​នេះ​តែង​ទទួល​បាន​ការ​គាំ​ទ្រ​និង​ចូល​រួម​យ៉ាង​សកម្ម​ពី​សិស្សា​នុសិស្ស​ជា​រៀង​រាល់​ឆ្នាំ​។

រាល់​តួ​អក្សរ​ខ្មែរ​ដែល​កុមារ​សរ​សេរ​នៅ​ថ្ងៃ​នេះ​ មិន​ត្រឹម​តែ​ជា​មេ​រៀន​ភាសា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ខ្សែ​ចំណង​ចង​ភ្ជាប់​ពួក​គេ​ទៅ​នឹង​ឫស​គល់​និង​អត្ត​សញ្ញា​ណ​ជន​ជាតិ​របស់​ខ្លួន​។ ផ្ដើម​ចេញ​ពី​ថ្នាក់​រៀន​តូច​មួយ​នៅ​ភូមិ​ស្វាយ​មីង​ សេ​ចក្តីស្រ​ឡាញ់​ចំ​ពោះ​វប្ប​ធម៌​ខ្មែរ​ កំ​ពុង​បាន​បន្ត​និង​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​យ៉ាង​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​។ នេះ​គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​និង​លើក​ស្ទួយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ ឱ្យ​ស្ថិត​ស្ថេរ​គង់​វង្ស​នា​បច្ចុប្បន្ន​និង​អនាគត​យូរ​អង្វែង​ផង​៕

អត្ថ​បទ​, រូប​ថត​៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ