បច្ចុប្បន្ន មានកសិករជាច្រើននៅតំបន់វាលរាបទន្លេគឺវឡុង បានប្រើប្រាស់ទូរស័ព្ទវៃឆ្លាត ដើម្បីតាមដានស្រែចម្ការ កំណត់ដឹងជំងឺដង្កូវក្រាឬទទួលបានការណែនាំបច្ចេកទេសតាមរយៈបញ្ញាសិប្បនិម្មិត (AI)។ កិច្ចការនេះកំពុងបានផ្លាស់ប្តូរជាបណ្តើរៗនូវវិធីសាស្ត្របង្កបង្កើនផលបែបប្រពៃណី បង្កើនប្រសិទ្ធភាពនៃការផលិត បង្កទិដ្ឋភាពថ្មីសម្រាប់ជនបទទំនើប។

កសិករនៅភូមិកឃៀ ឃុំឡុងថាញ់ ខេត្តអាងយ៉ាង អនុវត្តឧបករណ៍ AIRRVIE ដើម្បីពិនិត្យស្ថានភាពលូតលាស់របស់ដើមស្រូវ។
ឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីកសិករ គឺកម្មវិធីជំរុញកសិកម្មមានរួមបញ្ចូលបច្ចេកវិទ្យា AI ដែលមានឈ្មោះថា AIRRVIE។ កម្មវិធីនេះ បានបង្កើតឡើងដោយមានការចូលរួមពីកសិករ សហករណ៍ កម្មាភិបាលជំរុញកសិកម្មនិងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) ដើម្បីឧបត្ថម្ភដល់អ្នកផលិតស្រូវបង្ខិតជិតព័ត៌មានបច្ចេកទេស ការព្យាករណ៍និងដំណោះស្រាយនៃការផលិតបានរហ័ស សមស្របនឹងលក្ខណៈជាក់ស្តែង។ កម្មវិធី AIRRVIE បានផ្សព្វផ្សាយនៅឃុំលីវទូ (ទីក្រុងកឹងធើ) ឃុំឡុងថាញ់(ខេត្តអាងយ៉ាង) កំពុងពង្រីកវិសាលភាពជាបណ្តើរៗដល់ទូទាំងតំបន់វាលរាបទន្លេគឺវឡុង។
យោងតាម IRRI ពីមុន ពេលដំណាំស្រូវកើតមានជំងឺនិងសត្វល្អិតបំផ្លិចបំផ្លាញឬមានសញ្ញាខុសប្រក្រតីផ្សេងៗ កសិករត្រូវចំណាយពេលយ៉ាងច្រើនដើម្បីរកកម្មាភិបាលបច្ចេកទេសឬសាកសួរយោបល់ពីដេប៉ូលក់សម្ភារៈកសិកម្ម។ ប៉ុន្តែ ឥឡូវនេះ ឱ្យតែមានទូរស័ព្ទវៃឆ្លាតមួយគ្រឿង មាមីងកសិករអាចផ្ញើរូបភាព អត្ថបទឯកសារឬថតសំឡេងដោយផ្ទាល់នៅលើកម្មវិធី តាមរយៈនោះប្រព័ន្ធ AIនឹងវិភាគទិន្នន័យ កំណត់ដឹងបញ្ហានិងផ្តល់ការណែនាំអំពីមូលហេតុបង្កជំងឺ វិធានការដោះស្រាយ ក៏ដូចជាបែបបទនៃការថែទាំសមស្របសម្រាប់កសិករ។
លោកយ័ញស៊ាង កសិករនៅភូមិកឃៀ ឃុំឡុងថាញ់ ខេត្តអាងយ៉ាង ឱ្យដឹង៖ អនុវត្តកម្មវិធី AI ទៅក្នុងស្រែចម្ការ ជួយកសិករទទួលបានព័ត៌មានឆាប់រហ័សនិងត្រឹមត្រូវជាង បំផុតគឺក្នុងដំណាក់កាលស្រូវកើតជំងឺនិងសត្វល្អិតបំផ្លិចបំផ្លាញ។ល។ ហេតុនេះ កសិករអាចជ្រើសរើសវិធីសាស្ត្រដោះស្រាយបានទាន់ពេល ជួយកាត់បន្ថយការខូចខាតនិងបង្កើនប្រសិទ្ធភាពការផលិតស្រូវ។
តាមប្រសាសន៍លោកស្រី ហ្វិញគីមឌិញ នាយិការងមជ្ឈមណ្ឌលជំរុញកសិកម្មជាតិ កម្មវិធី AI គឺជាឧបករណ៍ជំនួយការដ៏សំខាន់ ជួយកសិករទទួលបានប្រភពទិន្នន័យធំនិងការណែនាំបច្ចេកទេសយ៉ាងឆាប់រហ័ស។ ប៉ុន្តែ បច្ចេកវិទ្យាមិនអាចជំនួសតួនាទីរបស់មនុស្សទាំងស្រុងបានឡើយ។ កម្មាភិបាលជំរុញកសិកម្មនៅតែជាកម្លាំងផ្ទាល់ក្នុងការពិនិត្យបញ្ចាក់ ធ្វើបច្ចុប្បន្នភាពនិងកែសម្រួលទិន្នន័យ ដើម្បីធានាព័ត៌មាន AI ផ្តល់ជូនគឺស្របទៅនឹងលក្ខណៈនៃការផលិតជាក់ស្តែងនៅភូមិភាគនីមួយៗ។ ហេតុនោះ ការរួមបញ្ចូលរវាងបទពិសោធន៍ជាក់ស្តែងរបស់កសិករនិងការរួមដំណើរពីប្រព័ន្ធជំរុញកសិកម្មនិងបញ្ញាសិប្បនិម្មិត AI មិនត្រឹមតែបង្កឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅលើស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយមាមីងកសិករបង្កើនប្រសិទ្ធភាពក្នុងការផលិតស្រូវ បន្ថយចំណាយ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកក្នុងការកសាងទិដ្ឋភាពជនបទទំនើប បង្កើនប្រាក់ចំណូលដល់ប្រជាជននៅតំបន់វាលរាបទន្លេគឺវឡុង៕
មីហ្វា-មុនី