ស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ណាមបូ វត្តផ្នោអំពូង លេចធ្លោដោយស្ថាបត្យកម្មខ្មែរប្លែកពីគេ រួមជាមួយសំណង់ព្រះពុទ្ធសាសនាជាច្រើនគួរឱ្យចាប់អារម្មណ៍។ មិនត្រឹមតែជាកន្លែងប្រតិបត្តិជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តបានក្លាយជាកន្លែងទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់អំពីវប្បធម៌ និងទេសចរណ៍ផ្លូវចិត្ត។

ព្រះបដិមាសាវ័ក ៨០ អង្គគង់សមាធិ។
វត្តផ្នោអំពូង បានកសាងលើផ្ទៃដីប្រមាណ ២,៥ ហិកតា ស្ថិតនៅឃុំឡុងហ៊ីប ខេត្តវិញឡុង ដោយមានលក្ខណៈស្ថាបត្យកម្មព្រះពុទ្ធសាសនាថេរវាទខ្មែរ។ ដំបូលវត្តមានរាងកោង ក្បូរក្បាច់ចម្លាក់ដ៏ប្រណីត និងលាបពណ៌មាសភ្លឺចែងចាំង មានសោភ័ណភាពលេចធ្លោក្នុងបរិយាកាសបៃតងនៃជនបទ។ ឆ្នាំ ២០១៦ វត្តផ្នោអំពូង បានទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ នេះមិនត្រឹមតែជាមោទនភាពរបស់ជនរួមជាតិខ្មែរភូមិភាគប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីពិសេសរបស់ជនរួមជាតិខ្មែរណាមបូ។
ចំណុចទាក់ទាញបំផុតរបស់វត្ត គឺព្រះបដិមាសាវ័ក ៨០ ព្រះអង្គ គង់សមាធិកសាងក្នុងបរិវេណ វត្តគួរជាទីគោរព។ បដិមាមួយព្រះអង្គៗមានព្រះភក្ត្រខុសៗគ្នា បង្ហាញពីភាពប៉ិនប្រសប់នៃសិល្បៈចម្លាក់និងជម្រៅវប្បធម៌ព្រះពុទ្ធសាសនាខ្មែរ។ ទន្ទឹមនឹងនោះ ព្រះពុទ្ធបដិមាទ្រង់បរិនិព្វានដ៏ធំ ក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា គោរពបូជានិងថតរូបអនុស្សាវរីយ៍។ មិនត្រឹមតែមានស្ថាបត្យកម្មពិសេសប៉ុណ្ណោះទេ វត្តផ្នោអំពូងនៅទាំងនាំមកអារម្មណ៍សុខសាន្ត ដោយមានបរិវេណធំទូលាយ ខ្យល់អាកាសបរិសុទ្ធនិងមានដើមឈើបៃតងជុំវិញ។ មកទីនេះ ភ្ញៀវទេសចរអាចស្វែងយល់បន្ថែមអំពីជីវភាពរស់នៅ វប្បធម៌ ជំនឿសាសនានិងប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ក្នុងឱកាសពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ វត្តផ្នោអំពូងកាន់តែមានភាពអ៊ូអរ ជាមួយសកម្មភាពវប្បធម៌ពិសេសជាច្រើន។ នេះជាពេលវេលាដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករនៅក្នុងនិងក្រៅខេត្ត មកទស្សនាស្វែងយល់បរិយាកាសពិធីបុណ្យ និងសោភណភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ជាមួយនឹងសោភណភាពស្ថាបត្យកម្មពិសេស តម្លៃប្រវត្តិសាស្ត្រដ៏យូរអង្វែងនិងបរិយាកាសស្ងប់ស្ងាត់ វត្តផ្នោអំពូង បានក្លាយជាកន្លែងទេសចរណ៍វប្បធម៌ផ្លូវចិត្តដ៏ទាក់ទាញ រួមចំណែកផ្សព្វផ្សាយរូបភាពភូមិស្រុក និងអត្តសញ្ញាណវប្បធម៌ខ្មែរណាមបូដល់ភ្ញៀវទេសចរជិតឆ្ងាយ៕
ទីទុយ